"ម៉េចក៏គិតបែបនេះកូន?" នេះជាអ្វីដែលបានចេញពីបបូរមាត់របស់គាត់ ក្រោយខ្ញុំបានស្វាគមន៍គាត់ឱ្យចូលមក។ ញើសស្រកពីចង្ការរបស់គាត់មកលើឥដ្ឋនៃបន្ទប់ទទួលភ្ញៀវ។ ខ្ញុំក៏មិនដឹងថាគួរតបយ៉ាងម៉េចដែរ។ វាដូចជាចាប់ផ្តើមពីអារម្មណ៍អណ្តែតអណ្តូងមួយ... ខ្ញុំលេបទឹកមាត់ បន្សើមករួចបែរទៅរកគាត់។ គ្រាន់តែខ្សែភ្នែករបស់យើងទាំងពីរបានធ្លាក់មកលើគ្នា ពាក្យពេចន៍ដែលខ្ញុំបានរៀបចំយ៉ាងស្អាតបាតនៅក្នុងចិត្ត វារអិលចុះពីខួរ ដូចច្រួចទឹកនៅលើស្វ៊ែរ ច្របូកច្របល់ជាមួយអារម្មណ៍ខ្មាសអៀននិងភាពងឿងឆ្ងល់។ ធ្មេញលើរបស់ខ្ញុំសង្កៀតនឹងបបូរមាត់ក្រោមដោយខ្លួនឯង ជាអំពើសភាវគតិដែលខ្ញុំមិនបានផ្ចង់អារម្មណ៍នឹងវាខ្លាំងទេ។ ខ្ញុំជូតផ្ទៃមុខដែលស្ងួតពីទឹកភ្នែក គិតថាទំនប់នឹងបែកជាលើកទីពីរ។ អស់រយៈពេលប្រាំមួយឆ្នាំហើយដែលខ្ញុំបានសន្យាថានឹងមិនយំនៅចំពោះមុខអ្នកណាទាំងអស់ សូម្បីតែម៉ាក់ប៉ា សមាជិកគ្រួសារ ឬមិត្តភក្តិ... ពួកគេចាត់ទុកខ្ញុំជាមិត្តភក្តិ? ទាំងដែលយើងមិនដែលធ្វើអ្វីទាំងអស់ ក្រៅពីចែកកិច្ចការផ្ទះគ្នាចម្លង និងញញឹមដាក់គ្នានៅពេលជីវិតរបស់ពួកយើងបានប្រទាក់ក្រឡាគ្នា?
កម្តៅឧណ្ហៗនិងកម្លាំងដ៏ទន់ភ្លន់បានទម្លាក់មកលើស្មាខាងស្តាំរបស់ខ្ញុំ។ "ក្រែង តិមា កូន មើលមុខគេទៅភ័យនិយាយមិនចេញ។ អ៊ីចឹងកុំមើលមកខ្ញុំ ហើយនិយាយមក។ ខ្ញុំចាំស្តាប់គ្រប់យ៉ាង" សម្តីរបស់គាត់ធ្វើឱ្យទ្រូងខ្ញុំអួល ឯភ្នែកខ្ញុំកើនកម្តៅបន្តិច។
"សុំពេលបន្តិច លោកគ្រូ!" ដង្ហើមដែលខ្ញុំបានដកចូលក្នុងការត្រៀមលក្ខណៈនេះ ស្តាប់ទៅដូចកំពុងដង្ហក់ទៅវិញ។ "អូខេ... គឺថា... គឺថា...!"
YOU ARE READING
ផ្តាច់ចេញពីគន្លង
Short Storyក្មេងប្រុសម្នាក់មិនពេញចិត្តនឹងទៅរៀន ហើយបម្រុងរត់ចេញពីផ្ទះដើម្បីដេញតាមក្តីស្រម៉ៃរបស់គេក្នុងការក្លាយជាជាងគំនូរ។ I planned this story to trash on the educational system in Cambodia, but it felt wrong because it was not the s...