បិទភ្នែក ខ្ញុំព្រមឱ្យអ័ព្ទខ្មៅគ្របដណ្តប់លើ លេបត្របាក់បញ្ចូលជាភាវៈតែមួយ ទៅជាភាវៈគ្មានរូប ផ្តាច់ចេញពីជាតិជាមនុស្ស ប៉ុន្តែ... វាឈឺ? លំញ័រនៅលើកំភួនជើងមកពីការប៉ះទង្គិចនិងភាពឈឺចាប់រោលរាលដូចភ្លើងឆេះសាច់ខ្ញុំពីខាងក្នុងរួចបន្តរោលរាលមកក្រៅ។ មាត់ខ្ញុំចង់ស្រែកក្រែងបណ្តេញភាពឈឺចាប់បាន តែថ្គាមខ្ញុំរឹង។ ភ្នែកខ្ញុំបើកហើយ តែរូបភាពទាំងអស់គឺងងឹតស្លុបព្រោះវាលង់នៅក្នុងបឹងនៃទឹកភ្នែកដែលចេះតែបង្ហូរមក។
ខ្ញុំខាំមាត់ទទួលយកភាពឈឺចាប់ ខ្លួនខាងក្នុងក្តៅផ្ទុយពីភាពត្រជាក់តក់ៗលើផ្ទៃមុខ រហូតដល់គ្រប់យ៉ាងទៅជាស្ងាត់ដូចខ្ញុំបានឈរធ្លាក់ក្នុងទីងងឹតមួយដែលគ្មានផ្ទៃសម្រាប់ជាន់ ឆ្វេងស្តាំលើនិងក្រោមគឺទទេហើយធំ ប៉ុន្តែលំញ័រនៅលើដងខ្លួនរបស់ខ្ញុំនៅក្នុងលំហខ្មៅងងឹតនោះ វាធ្វើឱ្យខ្នងរបស់ខ្ញុំមានអារម្មណ៍ទន់ៗដូចកំពុងទប់ដោយសំឡី។ ដៃរបស់ខ្ញុំកំពុងកាន់វត្ថុមូលទ្រវែងត្រជាក់។
ខ្ញុំមានជើង?
ខ្ញុំមានភ្នែក?
ខ្ញុំមានត្រចៀក?
ឯណាដៃ?
ម្រាមដៃហោះកាត់ផ្ទៃស បន្ទាប់មកគឺដើមដៃដែលខ្ញុំអាចបង្វិលបានបីរយហុកសិបដឺក្រេប្រសិនបើខ្ញុំងើបឈរឬងើបអង្គុយ។
ត្រូវហើយ! ងើបអង្គុយ! ខ្ញុំកំពុងអង្គុយលើគ្រែទេ!
ពិភពលោករបស់ខ្ញុំបានផ្លាស់ប្តូរ មិនមែនជាផ្ទៃសស្គុស តែមានគ្រឿងសង្ហារិម គ្មានបង្អួចតែមានទ្វារ។ ខ្ញុំអាចស្តាប់ឮ។ សំឡេងពីតៗ... សំឡេងវឺៗ... និងសំឡេងដកដង្ហើមរបស់ខ្លួនឯង ប៉ុន្តែដៃខាងស្តាំ... វានៅខាងស្តាំដៃខ្ញុំហើយទេ។ ទេវាប្រាកដជាអាចកម្រើកបាន។
ESTÁS LEYENDO
ផ្តាច់ចេញពីគន្លង
Historia Cortaក្មេងប្រុសម្នាក់មិនពេញចិត្តនឹងទៅរៀន ហើយបម្រុងរត់ចេញពីផ្ទះដើម្បីដេញតាមក្តីស្រម៉ៃរបស់គេក្នុងការក្លាយជាជាងគំនូរ។ I planned this story to trash on the educational system in Cambodia, but it felt wrong because it was not the s...