រត់បណ្តើរទឹកភ្នែកខ្ញុំស្រក់បណ្តើរ ស្របពេលដែលចិត្តកំពុងតែខ្ទេចខ្ទាំជាបំណែក។ ខ្ញុំបានឃើញច្បាស់ហើយ ច្បាស់នឹងភ្នែកទាំងពីរថានាង និងគាត់ពិតជាទាក់ទងនឹងគ្នាមែន។ ទំនាក់ទំនង៦ឆ្នាំមកនេះ ចុងក្រោយវាបន្សល់ត្រឹមទឹកភ្នែកឬ? ៦ឆ្នាំ យើងជួបគ្នាបានតែ៦ដង តែបងបានធ្វើឱ្យ៦ដងនោះ ប្រែជាទុក្ខសោក។ បងមិនបានដឹងពីលំហូរនៃទឹកភ្នែកខ្ញុំទេ បងមិនដែលដឹងពីការឈឺចាប់របស់ខ្ញុំទេ ហើយបងក៏មិនបានយកចិត្តទុកដាក់នឹងជំនួបរបស់យើងដែរ ព្រោះថាបងមិនបានស្រឡាញ់ខ្ញុំទេ!កំពុងតែបោះជំហានរត់ទាំងទឹកភ្នែក ស្រាប់តែមាននរណាម្នាក់ស្ទុះមកចាប់ដៃខ្ញុំពីក្រោយ ធ្វើឱ្យរាងកាយរបស់ខ្ញុំនឹងថ្កល់នៅមួយកន្លែង។ ខ្ញុំមិនចង់ងាកទេ ព្រោះកាលណាដែលងាកខ្ញុំខ្លាចថានឹងបានជួបមុខរបស់បងមាឃសាន្ត ដូច្នេះខ្ញុំបានត្រឹមតែឈរយំយ៉ាងស្ងៀមស្ងាត់។
"កេនរី! នាង...មិនអីទេហ្អី?" កាលបើឮសំឡេងរបស់ឋានន្តរ៍ភ្លាម ខ្ញុំហាក់ធូរទ្រូងបន្តិច តែក៏ខ្មាសគេខ្លាំង ដែលខ្ញុំបានបំផ្លាញបរិយាកាសដែលសប្បាយអស់។ ខ្ញុំលួចជូតទឹកភ្នែកខ្លួនឯងបន្តិច រួចក៏សន្សឹមបែរទៅនិយាយជាមួយគេ ទាំងដែលនៅដក់ទឹកភ្នែកនៅក្នុងកែវភ្នែកដដែល។
"ខ្ញុំមិនអីទេ! ខ្ញុំស៊ាំហើយ...ឱ្យខ្ញុំសូមទោសជំនួសបងមាឃសាន្តផង!"
ខ្ញុំនិយាយមិនទាន់ចប់ពីមាត់ស្រួលបួលផង ឋានន្តរ៍ស្រាប់តែស្ទុះមកឱបខ្ញុំទាំងកម្រោល ធ្វើឱ្យខ្ញុំស្រឡាំងកាំងនិយាយមិនចេញ។
"ខ្ញុំដឹងថានាងប្រាកដជាឈឺចាប់! គេនោះមិនសមនឹងនាងទេ កេនរីគួរកាត់ចិត្តពីគេទៅចៀសវាងធ្វើឱ្យខ្លួនឯងឈឺជាងនេះ!" នរៈពោលបណ្តើរយកដៃអង្អែលក្បាលខ្ញុំបណ្តើរ ប៉ុន្តែ...ប៉ុន្តែបែរទៅមើលស្ថានភាពជាក់ស្តែង គឺពេលនេះមានមនុស្សកំពុងសម្លឹងមើលពួកយើងច្រើនណាស់។ មុននេះទឹកភ្នែកខ្ញុំរៀបនឹងស្រក់ដែរ តែពេលដែលឃើញបែបនេះ វាបែរជាធ្វើឱ្យខ្ញុំខ្មាសគេទៅវិញ។ ខ្ញុំសន្សឹមដកខ្លួនចេញពីរង្វង់ដៃរបស់គេ រួចក៏ស្រដីឡើងទាំងរអៀសខ្លួន។
YOU ARE READING
រឿង ជំនួបចុងក្រោយ
Romanceល្អូនល្អិនឬល្អក់កករគឺអាស្រ័យលើទង្វើរបស់អ្នក! សូមកុំបំផ្លាញទំនុកចិត្តរបស់អ្នកដទៃដោយព្យាយាមកុហកម្តងហើយម្តងទៀត កុំសាងកំហុសច្រំដែលឱ្យកើតជាទម្លាប់ ព្រោះថ្ងៃណាមួយអ្នកនឹងលែងមានឱកាសនឹងទទួលបានការអភ័យទោស! កុំសន្យាហើយធ្វើមិនបាន! បើត្រឹមសន្យាខ្យល់ យល់ល្អកុំសន្យ...