ភាគទី២"ជម្រើសល្អបំផុត"

18 2 0
                                    

ជម្រើសល្អបំផុត
................
    ពេលនេះខ្ញុំបានដឹងហើយថា ខ្ញុំគឺជាអ្វី? ជំនួបរវាងពួកយើងទាំងពីរ ហាក់បីដូចជាមានអត្ថន័យបង្ហាញពីគម្លាតរវាងពួកយើងទៅវិញ។ តើស្នេហាឯណាកើតឡើងចំពោះគូស្នេហ៍ ដែលកម្រនឹងបានជួបគ្នានោះ? មួយឆ្នាំទៅមួយឆ្នាំ ខ្ញុំគ្រាន់តែបានដឹងថាគាត់ជាប់រវល់ធ្វើការ និងអង្គុយជាប់ជាប្រចាំនៅមុខអេក្រង់កុំព្យូទ័រ  តែខ្ញុំមិនបានដឹងថាគាត់បែរជាមាន...មានទំនាក់ទំនងជាមួយនារីម្នាក់ផ្សេងទៅវិញ!
    បេះដូងកំព្រាមួយនេះ តើនឹងត្រូវរងរបួសប៉ុណ្ណាទៅ! វិនាទីនេះ ទើបខ្ញុំយល់ថា បងមាឃសាន្តចាត់ទុកខ្ញុំត្រឹមជាប្អូនស្រីប៉ុណ្ណោះ! ខ្ញុំខុសដែលចាប់ផ្តើមសន្យានេះឡើង ខ្ញុំខុសដែលទុកចិត្តគាត់ ខ្ញុំខុសព្រោះខ្ញុំតែងតែទុកឱកាសឱ្យគាត់ ប៉ុន្តែតើខ្ញុំសម្រេចចិត្តត្រូវដែរទេ បើខ្ញុំសុំគាត់បែក? ពាក្យបែកមួយម៉ាត់ តាមពិតទៅវាពិបាកនឹងហាស្តីទៅកាន់មនុស្សដែលខ្ញុំស្រឡាញ់ណាស់  ដ្បិតថាក្នុងបេះដូងពេញព្រៀបដោយក្តីស្រឡាញ់មិនប្រួលប្រែ គួរឱ្យស្តាយដែរ ដែលបេះដូងគេបែរជាមានតែពាក្យថាប្អូនស្រី!
    ខ្ញុំអង្គុយនៅមាត់បង្អួច សម្លឹងមើលទៅឯនាយឆ្ងាយសន្លឹម តែបែរជារមៀលធ្លាក់ទឹកភ្នែកមកជំនួសស្នាមញញឹមទៅវិញ។  សម្លឹងមើលទៅទីណា ក៏ទីនោះមានតែរូបបង តែបែរជាឃើញរូបបងនៅជាមួយអ្នកថ្មី។ ឱ្យខ្ញុំធ្វើយ៉ាងណា? តើគួរធ្វើបែបណា បើពួកយើងមិនទាន់ទាំងច្បាស់ថាពួកយើងត្រូវជាអ្វីនឹងគ្នាសោះ?
    សៀវភៅកំណត់ហេតុស្នេហ៍ ចារចាំជំនួបមួយឆ្នាំម្តងរវាងយើង វាលែងមានន័យសម្រាប់ខ្ញុំទៀតហើយ! ស្នាមស្នេហ៍កន្លង បងបែរផ្តល់ឱ្យខ្ញុំវិញជាសេចក្តីទុក្ខ ទុក្ខរួមរឹតចិត្តខ្ញុំឱ្យឈឺទ្វេ! រាល់ពេលដែលខ្ញុំបានឃើញបង ខ្ញុំតែងប្រាថ្នាក្នុងចិត្តឱ្យបងមានក្តីសុខ តែពេលនេះក៏ខ្ញុំនៅតែដដែល គឺសូមឱ្យបង និងគេ...ស្រឡាញ់គ្នា!
    ទីង!!
    សំឡេងសារបានលោតឡើងលើទូរសព្ទ ទាញចំណាប់អារម្មណ៍ខ្ញុំឱ្យបែរទៅរកប្រភពសំឡេងយ៉ាងលឿន  ផ្តាច់អស់អារម្មណ៍អណ្តែតអណ្តូង។ ខ្ញុំងាកមើលលើអេក្រង់ទូរសព្ទ ហើយក៏ឃើញថាវាជាសាររបស់បងមាឃសាន្ត។ ឃើញឈ្មោះនេះហើយ ខ្ញុំស្ទើរទប់ទឹកភ្នែកមិនបាន ព្រោះខ្ញុំទើបតែឃើញគាត់កៀកកើយនឹងស្រីណាម្នាក់នៅចំពោះមុខខ្ញុំមុននេះសោះ!
    ដៃខ្ញុំញ័រអស់ហើយ ខ្ញុំស្ទើរតែចាប់កាន់អ្វីលែងជាប់ទៅហើយ តែខ្ញុំនៅតែប្រឹងត្រដរលើកកាន់ទូរសព្ទដើម្បីចូលមើលសារមួយនោះ។
    ចង់រៀបការ? ខ្ញុំបានឃើញពាក្យនេះហើយ ខ្ញុំនឹកចង់អស់សំណើចនឹងគាត់ ដ្បិតថាគាត់ពោលពាក្យលលេងថាចង់រៀបការ! តើរៀបការនឹងអ្នកណា? ជាមួយខ្ញុំ ឬជាមួយនារីម្នាក់នោះ? ពេលនេះ គ្រប់យ៉ាងដែលចេញមកពីមាត់ ឬតាមសំណេររបស់គាត់ លែងជាពាក្យពិតទៀតឡើយ! ពេលខ្លះពាក្យស្រឡាញ់ គ្រាន់តែជាពាក្យវាចាហើរចោលឱ្យរួចពីមាត់! ពាក្យបងស្រឡាញ់អូន ពេលខ្លះក៏ប្រែមកជាបងក្បត់អូន ក្បត់ទំនុកចិត្តអូនឱ្យរលាយត្រឹមមួយប៉ប្រិចភ្នែក។
ដៃរញីរញ័រកាន់ទូរសព្ទរកវាយអក្សរតបគាត់  តែបេះដូងដែលប្រេះស្រាំកំពុងតែស្រែកហាមឃាត់មកពីក្នុងទ្រូង  ដ្បិតវាហាក់ខ្លបខ្លាចចាញ់ស្នេហ៍ក្លែងក្លាយ។


រឿង ជំនួបចុងក្រោយWhere stories live. Discover now