.........
នៅក្នុងទីងងឹតស្លុប ត្រចៀកខ្ញុំ ស្តាប់ឮតែសំឡេងមនុស្សពីរនាក់និយាយគ្នា ប៉ុន្តែខ្ញុំមិនអាចកំណត់បានទេថាជាសំឡេងអ្នកណា ដ្បិតថាពេលនេះខ្ញុំហាក់គ្មានស្មារតីក្នុងខ្លួនទាល់តែសោះ។ យូរៗទៅសំឡេងទាំងនោះក៏ស្ងាត់ទៅ បន្សល់តែក្លិនប្រេងខ្យល់នៅជាប់ចុងច្រមុះ។ ស្មារតីដែលបានបាត់បង់ទៅហាក់ចាប់មានឡើងសាជាថ្មី ហើយបែរមកស្តាប់ឮសូរសៀងខ្សាវៗរបស់បុរសម្នាក់។
“នាងមិនគួរស្គាល់មនុស្សដូចជាគេសោះ!”
ក្រោយពីបន្លឺសំឡេងឱ្យខ្ញុំឮហើយ សំឡេងដកដង្ហើមធំក៏ចាប់ឮឡើងតាមក្រោយ។ ខ្ញុំប្រឹងប្រមូលស្មារតីដែលមាននៅក្នុងខ្លួន ដើម្បីបើកភ្នែកប្រឆាំងនឹងត្របកភ្នែក ដែលធ្ងន់ដូចជាភ្នំ។ ម្រាមដៃខ្ញុំ ចាប់ផ្តើមកម្រើកតិចៗ ស្របពេលដែលភ្នែករបស់ខ្ញុំបើកព្រឹមៗ មើលឃើញអ្វីៗនៅក្នុងភាពស្រពេចស្រពិលទាំងអស់ ព្រមទាំងមុខបុរសដែលអង្គុយជិតខ្ញុំដែរ។ ឆ្លៀតឱកាសដែលគេមិនចាប់អារម្មណ៍ ខ្ញុំព្យាយាមនៅស្ងៀមសម្ងំយកកម្លាំងបន្តិច និងសម្រួលការបិទបើកភ្នែកឡើងវិញ ហើយទីបំផុត ខ្ញុំក៏មានអារម្មណ៍ថាប្រសើរឡើងមែន។ ខណៈពេលនោះដែរ ស្រាប់តែនរៈដែលអង្គុយជិតខ្ញុំនោះ ងាកមកមើលខ្ញុំទាំងអាការៈអរភើត រួចសន្សឹមចាប់ក្តោបម្រាមដៃខ្ញុំតិចៗ មុននឹងនិយាយ៖
“កេនរី! ទីបំផុតនាងដឹងខ្លួនហើយ! អេស៍! កុំទាន់អាលងើបទៅណា នៅសម្រាកសិនទៅ ចង់បានអ្វីអាចប្រាប់ខ្ញុំបាន!” អ្នកកំលោះពោលឡើងយ៉ាងរម្យទម ពេលដែលឃើញខ្ញុំបម្រុងនឹងងើបខ្លួនឡើង។ បុរសម្នាក់នោះ បើខ្ញុំមិនបានប្រាប់អ្នកទាំងអស់គ្នា ក៏ប្រហែលជាអ្នកទាំងអស់គ្នាបានដឹងរួចរាល់បាត់ទៅហើយ! គឺគ្មានអ្នកណាក្រៅពីលោកគ្រូឋានន្តរ៍ទេ!
វិនាទីនេះ អ្វីៗផ្លាស់ប្តូរស្ទើរទាំងអស់ សូម្បីតែអ្នកដែលនៅជិតខ្ញុំ។ នៅវេលានេះគួរតែជារូបបងមាឃសាន្ត តែពេលនេះវាបែរប្រែទៅជាលោកឋានន្តរ៍ទៅវិញ។ តែវាមិនអីទេ...
ខ្ញុំគេងសម្លឹងមុខគេធ្មឹងទាំងមិនដឹងខ្លួន ដោយក្នុងចិត្តនៅតែនឹកគិតពីបុរសម្នាក់ទៀត។ ឃើញអាកប្បកិរិយាប្លែកៗរបស់ខ្ញុំបែបនេះ លោកឋានន្តរ៍ក៏វាចាបញ្ជាក់ឡើងភ្លាម ហាក់ជាសញ្ញាដាស់អារម្មណ៍ខ្ញុំឱ្យមានឡើងវិញ។
YOU ARE READING
រឿង ជំនួបចុងក្រោយ
Romanceល្អូនល្អិនឬល្អក់កករគឺអាស្រ័យលើទង្វើរបស់អ្នក! សូមកុំបំផ្លាញទំនុកចិត្តរបស់អ្នកដទៃដោយព្យាយាមកុហកម្តងហើយម្តងទៀត កុំសាងកំហុសច្រំដែលឱ្យកើតជាទម្លាប់ ព្រោះថ្ងៃណាមួយអ្នកនឹងលែងមានឱកាសនឹងទទួលបានការអភ័យទោស! កុំសន្យាហើយធ្វើមិនបាន! បើត្រឹមសន្យាខ្យល់ យល់ល្អកុំសន្យ...