ផ្តើមរឿង

81 1 0
                                    

      ទីក្រុង ព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង
     
      ទឺត! ទឺត!
      ទូរស័ព្ទលើតុនៅជ្រុងម្ខាងនៃតុធ្វើការរបស់លោករដ្ឋមន្រ្តីនៃសាធារណរដ្ឋកូរ៉េខាងជើងចាប់រោទិ៍ឡើងជាបន្តបន្ទាប់រហូតបុរសចំណាស់រត់ចូលមកលើកទទួល។
      « ហាឡូ! តើលុយនោះយ៉ាងម៉េចហើយ? » លោក លី សុងយន្ត លើកទូរស័ព្ទដាក់ត្រចៀកដោយទឹកមុខព្រួយបារម្ភ ព្រោះលុយជាច្រើនរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងកំពុងជាប់គាំងនៅឯប្រទេសកូរ៉េខាងត្បូង។
      « លោកនាយ លុយរបស់ប្រទេសយើងត្រូវរដ្ឋាភិបាលកូរ៉េខាងត្បូងរឹតអូសយកហើយ ព្រោះពួកគេនិយាយថាវាជាលុយខុសច្បាប់ »
      ដុក!
      គ្រាន់តែលឺកូនចៅរាយការណ៍មកបែបនេះ លោក សុងយន្ត ក៏របូតទូរស័ព្ទធ្លាក់ពីក្នុងដៃភ្លាម។ រដ្ឋាភិបាលកូរ៉េខាងជើង ប្រាកដជាមិនលើកលែងទោសឲ្យលោកទេ ព្រោះលោកបានធ្វើឲ្យបានបោះបង់លុយសម្រាប់ប្រទេសជាតិច្រើនខ្លាំងណាស់។
      « មិនបានទេ! » លោក សុងយន្ត រហ័សរកវិធីដោះស្រាយដោយលើកទូរស័ព្ទលើតុមកចុចខលទៅអ្នកមានអំណាចជាច្រើនឲ្យជួយលោក តែក៏ទាក់ទងនរណាម្នាក់មិនបានសោះ។
      ផាំង!
      « អ្ហាយ! លោកប្តី! ហ៊ឹក! » អ្នកស្រី លី និងកូនប្រុសវ័យ១៨ឆ្នាំនាំគ្នារត់ចូលមកបន្ទប់ធ្វើការរបស់លោក សុងយន្ត បន្ទាប់ពីត្រូវក្រុមទាហានឡើងព័ន្ធផ្ទះរបស់នាងជិត។
      « លោកប៉ា តើមានរឿងអ្វីកើតឡើង? » សុងហុន រត់ចូលមកសួរលោកប៉ាដែលកំពុងក្តាប់ទូរស័ព្ទក្នុងដៃណែនដោយទឹកមុខប្រែជាស្លេកស្លាំងមើលមិនឃើញឈាមមួយដំណក់។
      ប្រាវ!
      លោក សុងយន្ត មិនទាន់និងបានតបជាមួយកូនប្រុសផង ទាហានកូរ៉េខាងជើងក៏បានទម្លុះទ្វាបន្ទប់ចូលមកភ្ជង់គ្រួសាររបស់លោកជាប់។
      « សមមិត្ត សុង លោកត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិហើយ ឆាប់ទៅជាមួយពួកយើងតាមសម្រួលទៅ » មេទាហានម្នាក់និយាយឡើង។
      « ឈប់សិន ឲ្យខ្ញុំនិយាយជាមួយលោកនាយករដ្ឋមន្រ្តីសិនមក » លោក សុងយន្ត ព្យាយាមអង្វរករមេក្រុមទាហាន ព្រោះលោកមិនចង់នាំប្រពន្ធកូនទៅស្លាប់ជាមួយលោកទាំងបែបនេះទេ កូនប្រុសរបស់លោកគេនៅក្មេងនៅឡើយ គេមិនទាន់នឹងពេញវ័យផងហេតុអ្វីត្រូវមានទោសជាប់ខ្លួនទៅហើយ?។
      « លោកនាយករដ្ឋមន្ត្រីកំពុងនៅជាលោកប្រធានាធិបតី គ្មានពេលជួបលោកនោះទេ ឆាប់ចូលទៅចាប់ពួកគេទាំងអស់គ្នាទៅ » មេទាហានឆ្លើយបដិសេធនឹងសំណើររបស់លោក សុងយន្ត ហើយក៏បញ្ជាឲ្យកូនចៅទៅចាប់លោក សុងយន្តនិងគ្រួសារ។
      « លែង! លែង! លោកប៉ា អ្នកម៉ាក់! » សុងហុន ព្យាយាមរើសពេលទាហានចូលមកចាប់ខ្លួនរបស់គេព្រមជាមួយអ្នកម៉ាក់និងលោកប៉ារបស់គេ។
      « សូមអង្វរឲ្យខ្ញុំជួបលោកនាយកបន្តិចទៅ » លោក សុងយន្ត ព្យាយាមស្រែកអង្វរក្រុមទាហានទាំងទឹកភ្នែករលីងរលោង ព្រោះលោកដឹងថាបើបណ្តោយឲ្យពួកគេយកលោកនិងគ្រួសារទៅច្បាស់ណាស់ថាពួកគេនិងសម្លាប់លោកនិងប្រពន្ធកូនចោល ទើបលោកប្រឹងស្រែកអង្វរដល់ពួកគេឲ្យលោកបានជួបលោកនាយករដ្ឋមន្ត្រី ព្រោះលោកនឹងនិយាយបញ្ចុះបញ្ចូលឲ្យលោកនាយកឲ្យព្រមទុកជីវិតឲ្យលោកនិងគ្រួសារ។
      ទឺត!
      សំឡេងសញ្ញាចេញពីអេកូរបស់នាយទាហាន ធ្វើឲ្យពួកគេប្រញាប់លើកមកនិយាយ។
      « គោរពទាន »
      « សម្លាប់ពួកគេចោលទៅ » សំឡេងក្រលរមានអំណាចបន្លឺឡើងតាមអេកូ ធ្វើឲ្យលោក សុងយន្ត ចំណាំបានយ៉ាងច្បាស់ថាជាសំឡេងរបស់លោកនាយករដ្ឋមន្រ្តី ទើបលោករហ័សស្រែកឡើង។
      « លោកនាយក ផ្តល់ឱកាសឲ្យខ្ញុំម្តងទៀតទៅ ខ្ញុំសន្យាថានឹងយកលុយនោះមកវិញឲ្យបាន សូមអង្វរលោកនាយក » លោក សុងយន្ត រើសចេញពីដៃរបស់នាយទាហានហើយក៏លុតជង្គង់ដល់ដីអង្វរករដល់អ្នកដែលនៅម្ខាងទៀត។
      « សូមអង្វរលោកទុកឱកាសឲ្យលោកប៉ាខ្ញុំម្តងទៀតទៅ ពួកខ្ញុំនឹងស្មោះត្រង់និងរដ្ផាភិបាលដល់ថ្ងៃស្លាប់ » សុងហុន ស្ទុះមកលុតជង្គង់ក្បែរលោកប៉ាស្រែកអង្វរករដល់នាយករដ្ផមន្រ្តីមិនឲ្យសម្លាប់គ្រួសាររបស់គេ។ នៅក្នុងខណៈនេះក្រៅពីចង់មានជីវិតរស់នៅបន្តជាមួយគ្រួសារ គេមិនចង់បានអ្វីទៀតទេ ទើបគេហ៊ានស្បថគ្រប់យ៉ាងឲ្យតែអាចជួយសង្គ្រោះជីវិតរបស់ខ្លួនឯងនិងអ្នកមានគុណទាំងពីរនាក់បាន។
      « ទុកជីវិតរបស់ពួកគេសិនទៅ យើងគិតថាពួកគេនៅមានប្រយោជន៍ដល់យើងក្នុងការយកលុយពីប្រទេសកូរ៉េខាងត្បូងមកវិញ » សំឡេងក្រលរប្រាប់មកនាយទាហានដែលឈរកាន់អេកូចាំស្តាប់ រួចក៏កាត់ផ្តាច់ទៅវិញភ្លាមៗ។
      « អរគុណលោកនាយក » លោក សុងយន្ត អោនក្បាលដល់ដីត្រេកអររហូតស្រក់ទឹកភ្នែក ព្រោះតែបានរួចផុតពីជ្រោះមរណមកវិញ។
      « ហ៊ឹក...!លោកប្តី! » ម្តាយឪពុកនិងកូនទាំងបីនាក់ស្ទុះចូលមកអោបគ្នាយ៉ាងណែនក្រោយដឹងថាខ្លួនមិនស្លាប់ទៀតទេ។
     
      ៦ខែកន្លងផុតទៅ
      ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
     
      “ ព្រឹកនេះក្រុមការងារកម្មវិធីទូរទស្សន៍របស់ពួកយើងបានមកដល់សាលាវិទ្យាល័យ ហាន់រីម ហើយបាទ សាលារៀនដែលជាប់ចំណាត់លេខមួយទាំងខាងបរិស្ថាននិងការវាយតម្លៃលើកម្រិតសិក្សារបស់សិស្ស សាលារៀនហាន់រីម ជាសាលាដែលមានសិស្សពូកែច្រើនបំផុតនៅទីក្រុងសេអ៊ូលនេះបាទ ” សំឡេងទូរទស្សន៍ផ្សាយពីសាលាវិទ្យាល័យ នៅក្នុងហាងអាហារមួយកន្លែងដែលមានរាងខ្ពស់ស្រស់សង្ហាកំពុងជូតតុនិងបោសសម្អាតនៅក្នុងហាង។
      « ធុញខ្លាំងណាស់ មួយថ្ងៃៗគ្មានសាលាផ្សេងផ្សាយទេឬបានជាផ្សាយតែសាលារៀនមួយនេះ » លោកយាយវ័យចំណាស់ជាម្ចាស់ហាងដើររអ៊ូម្នាក់ឯង ព្រោះធុញនឹងកម្មវិធីទូរទស្សន៍ដែលផ្សាយដែលសាលារៀន ហាន់រីម ស្ទើររាល់ថ្ងៃ។
      « អ្នកម៉ាក់រអ៊ូអីទៅ ព្រោះជាសាលាដែលកូនស្រីលោកប្រធានាធិបតីរៀន ទើបគេផ្សាយកោតសរសើររាល់ថ្ងៃចឹងណា » ស្ត្រីវ័យ៤០ឆ្នាំជាងដែលកំពុងអង្គុយបកខ្ទឹមតបទៅកាន់អ្នកម៉ាក់ចាស់របស់នាងវិញ ទើបលោកយាយងាយទៅចាប់អារម្មណ៍នាយកម្លោះដែលមកជួលបន្ទប់លើដំបូលរបស់លោកយាយស្នាក់នៅហើយក៏សុំធ្វើការងារសម្អាតហាងនៅទីនេះដើម្បីយកលុយរៀន។
      « អាល្អិត ក្រែងឯងរៀននៅសាលានោះដែរមែនទេ? ថ្ងៃមុនយើងឃើញឯងទិញឯកសណ្ផានសាលារៀនមួយនោះ »
      « បាទ » សុងហុន ងើបមុខឆ្លើយតបជាមួយលោកយាយដោយសំឡេងស្រទន់មួយម៉ាត់ រួចក៏អោនជូតតុបន្ត។
      « ពិតមែនទេ? តែសាលានោះថ្លៃណាស់ ឯងមានលុយបង់ដែរមែនទេ? » ស្រ្តីចំណាស់លាន់មាត់ឡើង ព្រោះមិនគួឲ្យជឿថាក្មេងប្រុសដែលជួលផ្ទះលើដំបូលរបស់ខ្លួនមានលុយរៀននៅសាលាមួយនោះ។
      « បាទ » សុងហុន ឆ្លើយតបជាមួយស្រ្តីចំណាស់មួយម៉ាត់ដូចដើម ហើយការងាររបស់គេក៏ចប់រល្មម ទើបគេប្រញាប់ឡើងទៅបន្ទប់ជួលខាងលើដើម្បីផ្លាស់សម្លៀកបំពាក់ទៅសាលារៀនព្រោះថ្ងៃនេះជាថ្ងៃចូលរៀនដំបូងរបស់គេផង។
      រាងខ្ពស់ស្រស់សង្ហាក្នុងកម្ពស់១.៨០ម៉ែត្ររៀបចំផ្លាស់សម្លៀកបំពាក់ឈុនសិស្សសាលាវិទ្យាល័យ ហាន់រីម រួចរាល់ គេក៏ដើរចូលមកឈរសម្លឹងរូបថតគ្រួសារដែលព្យួរជាប់ជញ្ជាំង ដោយកែវភ្នែកពេញដោយទុកកង្វល់។
      « លោកប៉ា អ្នកម៉ាក់ អ្នកទាំងពីរត្រូវតែអត់ធ្មត់រងចាំខ្ញុំ មិនយូទេខ្ញុំនិងទៅរកលោកទាំងពីរវិញ ព្រមជាមួយលុយទាំងអស់នោះ » សុងហុន លើកដៃទៅប៉ះថ្នមៗលើរូបថតអ្នកមានគុណទាំងពីរនាក់ រួចទើបលើកកាតាបស្ពាយដើរចេញទៅ។
      សុងហុន ទៅសាលាដោយជិះកង់ ព្រោះសាលានៅមិនឆ្ងាយពីកន្លែងដែលគេស្នាក់នៅប៉ុន្មានទេ។ ថ្ងៃនេះជាថ្ងៃទីមួយដែលគេបានទៅសាលារៀននិងស្លៀកឈុនសិស្សវិទ្យាល័យរបស់ប្រទេសកូរ៉េខាងត្បូង។ ទីនេះខុសពីមាតុភូមិរបស់គេឆ្ងាយណាស់ ខុសគ្នាប្រៀបដូចជាពិភពលោកពីរផ្សេងគ្នាអ៊ីចឹង មកដល់ទីនេះធ្វើឲ្យគេមានអារម្មណ៍ថាខ្លួនឯងដូចជាបានកើតមកម្តងទៀត ប៉ុន្តែទោះជាយ៉ាងណាគេក៏មិនអាចភ្លេចឪពុកម្តាយដែលជាប់នៅក្នុងប្រទេសកំណើតនោះដែរ គេមកទីនេះព្រោះតែភារកិច្ចរបស់រដ្ផាភិបាលដែលប្រគល់ឲ្យធ្វើ ហើយបើគេធ្វើមិនសម្រេចទេលោកប៉ានិងអ្នកម៉ាក់របស់គេនឹងត្រូវរដ្ឋាភិបាលសម្លាប់ចោលមិនខាន ដូច្នេះគេមិនអាចបណ្តោយខ្លួនឲ្យសប្បាយរីករាយនឹងប្រទេសដ៏ស្រស់ស្អាតមួយនេះរហូតភ្លេចពីភារកិច្ចនោះទេ។
      ពីត! ពីត!
      សំឡេងស៊ីផ្លេឡានធ្វើឲ្យនាយកម្លោះដែលរវល់ភ្លឹកគិតម្នាក់ឯង រហ័សអែបម្ខាងជៀសផ្លូវឡាន តែ...
     ខ្វាច់!
     ទឹកដក់ក្បែរចិញ្ចើមផ្លូវត្រូវកង់ឡានកិនធ្វើឲ្យជះទឹកភក់មកពេញខ្លួនរបស់ សុងហុន ទើបនាយកកម្លោះបានត្រឹមអោនមើលឈុនវិទ្យាល័យរបស់គេដែរប្រឡាក់ដោយភក់ចំណែកឡានដែលបើកធ្វើឲ្យជះទឹកភក់មកលើគេមុននេះក៏កំពុងតែឈប់ភ្លើងស្តុបនៅខាងមុខដូចគ្នា។
      « អ្នកនាងមុននេះយើងធ្វើឲ្យខ្ទាតទឹកត្រូវសិស្សម្នាក់ហើយ » អ្នកបើកឡានរហ័សងាកទៅរាយការណ៍ប្រាប់ស្រីក្រមុំក្នុងឈុនវិទ្យាល័យដែលអង្គុយនៅក្នុងឡានខាងក្រោយ។
      « អ្នកណាឲ្យគេជិះកង់មករៀនទៅ ប្រឡាក់បែបនឹងសមមុខហើយ » សំឡេងស្រួយពិរោះឆ្លើយតបជាមួយអ្នកបើកឡានវិញទាំងនៅបិទភ្នែកដាក់កាសជាប់ត្រចៀកនៅឡើយ។
      « ខ្ញុំថាពួកយើងគួតែចុះទៅមើលគេបន្តិចល្អទេ គេដូចជាសិស្សនៅហាន់រីមដែរ »
      « ស្ងាត់មាត់ទៅ ខ្ញុំថាមិនបាច់គឺមិនបាច់ហើយ! » ស្រីស្រស្រ់បើកភ្នែកឡើងដោះកាសចេញពីត្រចៀកស្រែកឲ្យអ្នកបើកឡានរបស់នាងដែលរអ៊ូមិនឈប់ គ្រាន់តែបើកឡានជះទឹកដាក់សិស្សវិទ្យាល័យម្នាក់សោះចាំបាច់អីត្រូវខ្វល់ចិត្តដល់ថ្នាក់នេះ ឬក៏ភ្លេចហើយថានាងអ្នកណា នាងគឺ ផាក ឆេរីន កូនស្រីរបស់លោកប្រធានាធិបតីនៅសាធារណរដ្ឋកូរ៉េខាងត្បូងបច្ចុប្បន្ន ហេតុអ្វីត្រូវឲ្យនាងខ្វល់ជាមួយសិស្សវិទ្យាល័យម្នាក់នោះដែរ?
      « បាទ អ្នកនាងខ្ញុំដឹងហើយ » អ្នកបើកឡានឆ្លើយតបជាមួយ ឆេរីន ទាំងសំឡេងញ័រ ព្រោះនៅភ័យនឹងសំឡេងស្រែកឲ្យរបស់នាងមុននេះមិនទាន់បាត់ ហើយក៏រហ័សបើកឡានចេញទៅទាំងមិនបានមើលឲ្យច្បាស់ ទើបស្ទើរតែបុកនឹងគូទឡាននៅខាងមុខ សំណាងចេះជាន់ហ្វ្រាំងទាន់។
      « អ្ហាយ! បើកឡានយ៉ាងម៉េចនឹង! » ឆេរីន ស្រែកសម្លុតម្តងទៀត តែលើកនេះនាងមិនបានស្រែកឲ្យអ្នកបើកឡានរបស់នាងទេ តែនាងបែរជាអើតកតាមកញ្ចក់ឡានស្រែកឲ្យអ្នកបើកឡានខាងមុខវិញ។
      « អ្នកនាងពួកយើងជាអ្នកខុសទេ » អ្នកបើកឡានព្យាយាមនិយាយឲ្យអ្នកនាងរបស់គេចូលមកអង្គុយក្នុងឡានស្រួលវិញកុំឲ្យអើតកស្រែកឲ្យគេបែបនេះ។
      « ហេតុអ្វីយើងជាអ្នកខុស? ភ្លើងសញ្ញាចរាចរណ៍លោតហើយម្តេចមិនបើកឲ្យលឿនទៅ » ឆេរីន មិនព្រមស្តាប់អ្នកបើកឡានហើយនៅបន្តស្រែកទាំងដែលអ្នកខាងមុខមិនបានខ្វល់ជាមួយនាងផង។
      « អ្នកបើកឡានរបស់នាងជាអ្នកខុស ហេតុអ្វីក៏ត្រូវស្រែកឲ្យអ្នកដទៃ? » សុងហុន ឈរមើលទើសចិត្តពេកទើបបណ្តើរកង់មកក្បែរឡានរបស់ ឆេរីន ហើយក៏ថាឲ្យនាងវិញ។
      « លោកជាអ្នកណា? » ឆេរីន ងាកមុខទៅតាមសំឡេងក្រលរ ទើបប្រទះភ្នែកនឹងរង្វង់មុខស្រស់សង្ហា តែគេបែរជាកំពុងសម្លឹងនាងដោយភាពសោះកក្រោះទៅវិញ។
      « គឺអ្នកដែលអ្នកបើកឡានរបស់អ្នកនាងធ្វើឲ្យទៅជាបែបនេះនោះមិនអី » សុងហុន បង្ហាញអាវដែលប្រឡាក់ឲ្យស្រីក្រមុំឆ្នាសឆ្នើមបានឃើញថាអ្នកបើកឡានរបស់នាងបានធ្វើឲ្យអាវរបស់គេប្រឡាក់សុទ្ធតែភក់ហើយមិនគិតមកសុំទោសគេសូម្បីតែបន្តិច។
      « អរខ្ញុំដឹងហើយ ចង់បានលុយសំណងមែនទេ? » ឆេរីន ញញឹមស្រស់បែបឌឺដងដាក់អ្នកដែលឈរនៅក្បែរឡានរបស់នាងហើយក៏ដកលុយពីកាបូបហុចទៅឲ្យគេ។
      « មិនគិតសោះថាប្រទេសមួយនេះមានសុទ្ធតែមនុស្សដែលប្រើលុយដើម្បីដោះស្រាយបញ្ហាបែបនេះ » សុងហុន មិនទទួលលុយពីក្នុងដៃស្រឡូនហើយក៏បណ្តើរកង់ចេញទៅធ្វើប្រងើយ ទើបធ្វើឲ្យ ឆេរីន ត្រូវគាំងមួយកន្លែងព្រោះចង់តបជាមួយគេបន្តក៏មិនទាន់ ព្រោះអ្នកបើកឡានរបស់គេក៏បើកចេញទៅមុខដែររល្មម។
      « គេម្នាក់នោះរៀននៅសាលា ហាន់រីម ដែរ តិចគេនាំរឿងឲ្យអ្នកនាងទៅ » អ្នកបើកឡាននិយាយដោយការព្រួយបារម្ភឡើង។
      « ក្នុងសាលារៀនខ្ញុំជាទេពអប្សអ្នកណាទៅជឿសម្តីអត់បានការរបស់គេទៅ លុយមិនយកក៏ហីទៅ គិតថាខ្លួនឯងជាអ្នកណាទើបមកលេងខ្លួនជាមនុស្សថ្លៃថ្នូរដាក់ខ្ញុំ » ឆេរីន ដាក់លុយចូលកាតាបរៀនវិញហើយក៏ស្តាប់កាសគេងក្នុងឡានបន្ត។
             រងចាំភាគបន្ត
     
     

បញ្ឆោតស្នេហ៍ក្រមុំមុខពីរ♡(ឈប់សរសេរ)Where stories live. Discover now