ភាគ១

31 0 0
                                    

“ ទេពអប្សរក្លែងក្លាយ ”

ទីង! ទីង!

   សំឡេងកណ្ដឹងក្នុងសាលារោទិ៍ជាសញ្ញាឲ្យសិស្សទាំងអស់នាំគ្នាចូលក្នុងថ្នាក់រៀន ទើបបរិវេណសាលាទាំងមូលប្រែជាស្ងប់ស្ងាត់នៅពេលដែលនាយកម្លោះសិស្សថ្មីដែលទើបមកដល់សាលាក្រោយគេ ព្រោះតែរវល់ប្តូរសម្លៀកបំពាក់ដែលប្រឡាក់ដោយសារតែត្រូវឡានរបស់ស្រីក្រមុំឆ្នាសឆ្នើមម្នាក់ធ្វើឲ្យប្រឡាក់។ សុងហុន ដើរចូលសាលារៀននិងសំដៅទៅកាន់ការិយាល័យគ្រូបង្រៀនមុនគេ។
   « សួស្តី » សុងហុន មកដល់មុខការិយាល័យគ្រូបង្រៀនដែលបើកចំហរទ្វាជាស្រេច គេក៏អោនគោរពយ៉ាងគួសមដាក់លោកគ្រូអ្នកគ្រូគ្រប់គ្នា។
   « ឯងជាសិស្សថ្មីមែនទេ? » លោកគ្រូ ចាង ជាគ្រូគណិតដែលល្បីថាមុឺងម៉ាត់ក្នុងថ្នាក់រៀនជាងគេនិងមិនដែលខ្លាចអំណាចរបស់ឪពុកម្តាយសិស្សចេញមកសួរ សុងហុន។
   « បាទ លោកគ្រូ » សុងហុន ឆ្លើយតបយ៉ាងគួសមទៅវិញ។
   « មកតាមខ្ញុំមក ចៃដន្យអីខ្ញុំទៅបង្រៀននៅថ្នាក់ឯងរល្មម » លោក ចាង ប្រាប់ សុងហុន ហើយក៏ដើរនាំមុខគេចេញទៅទើបនាយកម្លោះដើរទៅតាម។

បន្ទប់លេខ១ថ្នាក់ទី១២

   បន្ទប់លេខ១ថ្នាក់ទី១២ ជាបន្ទប់ដែលល្បីជាងគេប្រចាំសាលាហាន់រីមនេះ ដោយសារតែបន្ទប់មួយនេះជាបន្ទប់ដែលកូនស្រីលោកប្រធានាធិបតីរបស់ប្រទេសកូរ៉េបច្ចុប្បន្នកំពុងរៀន តែសិស្សទាំងអស់នៅក្នុងសាលាមិនដឹងទេថាបន្ទប់នេះគួឲ្យខ្លាចប៉ុណ្ណា ព្រោះបន្ទប់លេខ១ជាថ្នាក់រៀនដែលមានសិស្សគ្រប់ប្រភេទ មិនថាជាសិស្សពូកែ សិស្សខូចខិល រឺក៏សិស្សដែលអាងអំណាចរបស់ឪពុកម្តាយនោះទេ។ ឆេរីន ជាសិស្សស្រីល្បីប្រចាំសាលារៀននិងបន្ទប់រៀនមួយនេះ ហើយនាងក៏ជាប្រធានថ្នាក់និងជាសិស្សពូកែចំណាត់លេខមួយប្រចាំសាលាមួយនេះផងដែរ បើមើលមួយភ្លែតច្បាស់ណាស់ថាមិនមានអ្វីដែលចម្លែកទេ ដែលនាងរៀនពូកែបែបនេះព្រោះជាកូនស្រីអ្នកមានច្បាស់ជាបានជួលគ្រូល្អៗទៅបង្រៀនដល់ផ្ទះហើយ ប៉ុន្តែផ្ទុយស្រឡះពីការគិតរបស់មនុស្សគ្រប់គ្នា ព្រោះចំណាត់លេខមួយប្រចាំសាលាដែលនាងទទួលបានរាល់ខែតាមពិតបានមកពីលុយដែលលោកប្រធានាធិបតីឧបត្ថម្ភសាលាជារៀងរាល់ខែទៅវិញទេ ព្រោះលោកនាយកមិនចង់បាត់បង់ប្រាក់ឧបត្ថម្ភទើបត្រូវយកចិត្ត ឆេរីន ។
   ទោះបីជាដល់ម៉ោងចូលរៀនក្តី តែបន្ទប់រៀនលេខមួយនៅតែរញេរញៃគ្មានសណ្តាប់ធ្នាប់ដូចម៉ោងចេញលេងដដែល មូលហេតុមកពីគ្រូមិនទាន់មកដល់ហើយប្រធានថ្នាក់ដល់ស្រស់ស្អាតក៏មិនទាន់មកដល់ទៀត ព្រោះនាងរវល់តែជួយសិស្សដទៃទៀតរើសសំរាមនៅទីធ្លាខាងក្រោយសាលា ដោយសារតែមានកម្មវិធីទូរទស្សន៍មកថតដល់វិទ្យាល័យ ទើប ឆេរីន ត្រូវនឿយហត់បន្តិច ដើម្បីឲ្យខ្លូនឯងក្លាយជាទេពអប្សរក្នុងភ្នែកមនុស្សមួយប្រទេស។
   « អ៊ួយ! ធុញខ្លាំងណាស់ ទើបតែចូលរៀនបានមួយខែកម្មវិធីទូរទស្សន៍មកថតដល់សាលាយើងបួនដងទៅហើយ » ហាន់ ស៊ុកជុន សិស្សប្រុសមុខមាត់សង្ហាមានចរិកគួឲ្យស្រលាញ់ គេស្រលាញ់ខាងតន្រ្តីនិងចង់ក្លាយជាតារាkpop ទើបតែងគេចម៉ោងរៀនទៅរៀនតន្រ្តីជាញឹកញាប់។ ស៊ុកជុន ដាក់កាសនឹងត្រចៀកគេងដាក់មុខលើតុមើលទៅក្រៅតាមបង្អួចកញ្ចក់រួចក៏រអ៊ូទាំងធុញទ្រាន់ម្នាក់ឯងពេលបានឃើញកម្មវិធីទូរទស្សន៍ដែលកំពុងថតនៅទីធ្លាខាងក្រោយសាលាហើយ។
   ផាំង!
   នៅសុខៗស្រាប់តែមានសំឡេងទាត់តុបន្លឺឡើង ទើបគេដោះកាសនឹងត្រចៀកងាកទៅមើលប្រភពសំឡេង ឃើញថាក្រុមរបស់កាង ជីយូន កំពុងតែសម្លុតសិស្សស្រីឈ្មោះ ចូ ហាយ៉ុន ទៀតហើយ។ ទោះជាគ្រប់គ្នាបានឃើញថា  ជីយូន កំពុងធ្វើបាប ហាយ៉ុន តែគ្មាននរណាម្នាក់ហ៊ានចូលទៅជួយឡើយ ព្រោះនរណាក៏ដឹងថាប៉ារបស់ ជីយូន ក៏ជាអ្នកមានអំណាចម្នាក់ដែរ ទោះលោកបានបរាជ័យក្នុងការបោះឆ្នោតក្លាយជាប្រធានាធិបតីក៏ដោយ។ នៅក្នុងសាលាមួយនេះអ្នកមានអំណាចតែងឈ្នះអ្នកដែលក្រទន់ខ្សោយជាងនិច្ច ទើបគ្មាននរណាម្នាក់ហ៊ានចូលទៅជួយ ហាយ៉ុន ឡើយ។
   « ថ្លង់ខ្លាំងណាស់ » សាំង ជុនវ៉ុន មេក្រុមក្មេងទំនើងប្រចាំសាលា ព្រោះតែគេធុញទ្រាន់នឹងថ្នាក់រៀនស្រាប់ផងហើយនៅមកអង្គុយមើលស្រីៗវាយគ្នាទៀត ទើបគេនាំគ្នីគ្នារបស់គេចេញពីថ្នាក់គេចម៉ោងរៀនតែម្តង។
   « ហាយ៉ុន ហា៎! មុននេះខ្ញុំប្រាប់នាងថាម៉េច! ខ្ញុំប្រាប់ហើយថាកុំឲ្យដាក់ស្ករម៉េចក៏ឯងនៅតែទិញមកផ្អែមបែបនេះទៀត » ជីយូន អង្គុយចុះពីមុខ ហាយ៉ុន ដែលអង្គុយផ្ទាល់លើឥដ្ផការ៉ូដោយក្នុងដៃមានកាន់កែវកាហ្វេផង។
   « ខ្ញុំសុំទោស ចាំខ្ញុំទៅទិញថ្មីមកឲ្យឯងក៏បាន » ហាយ៉ុន ព្យាយាមសុំអង្វរ ជីយូន មិនឲ្យធ្វើបាបនាងទៀត។
   « ឯងមានលុយទិញសងយើងដែរទេ? កាហ្វេមួយកែវនេះស្មើរឯងធ្វើការក្រៅម៉ោងមួយថ្ងៃដឹងទេ? ខ្ញុំដឹងហើយឯងគ្មានលុយទិញនោះទេ អញ្ចឹងក៏មិនដែលផឹកវាដែលត្រូវទេ? »
   « ហ៊ឹក!
   « ហាសហា » មិត្តភក្តិពីរនាក់ទៀតរបស់ ជីយូន ក៏សើចឡើងពេលឃើញមិត្តរបស់ខ្លួនមើលងាយដល់ ហាយ៉ុន ឡើងនាងអង្គុយយំគួឲ្យអាណិត ។
   « នាងយំហើយ សង្ស័យអាណិតខ្លួនឯងខ្លាំងពេកទេដឹង? »
   « ខ្ញុំគិតថាឲ្យនាងផឹកកាហ្វេនេះបន្តិចទៅ »
   មិត្តពីរនាក់របស់ ជីយូន បន្ថែមមកម្តងម្នាក់ ទើប ជីយូន លើកកែវកាហ្វេចាក់ដាក់ក្បាលរបស់ ហាយ៉ុន ធ្វើឲ្យទឹកកាហ្វេហូរស្រោចជោកសក់ ប្រឡាក់អាវនិងសំពត់របស់រាងតូចកំសត់ពេញខ្លួន។
   « ហាយ៉ុនហា៎ តើឆ្ងាញ់ដែរទេ? កាហ្វេមួយកែវនេះឯងមិនបាច់សងខ្ញុំទេ ព្រោះទុកថាខ្ញុំដាក់ទានឲ្យឆ្កែទៅចុះ » ជីយូន ក្រោកឈរឡើងពេញជំហរវិញ ព្រមទាំងជូតដៃដែលប្រឡាក់កាហ្វេតិចតួចនឹងកាតាបរបស់ ហាយ៉ុន ដែលទុកនៅលើតុ រួចក៏អោបដៃដើរចូលទៅតុរបស់នាងវិញ ធ្វើដូចគ្មានរឿងអ្វី។
   ចំណែក ហាយ៉ុន ក៏មិនអាចធ្វើអ្វីបានក្រៅពីដើរទៅយកក្រណាត់និងអំបោសមកសម្អាតទឹកកាហ្វេដែលប្រឡាក់លើឥដ្ផការ៉ូ។
   « លោកគ្រូមកហើយ » ស៊ុកជុន ស្រែកឡើងពេលឃើញលោកគ្រូ ចាង ដើរមកពីចម្ងាយ ក្នុងទ្រូងរបស់គេក៏រាងធូរស្រាលបន្តិចព្រោះមិនចាំបាច់នៅអង្គុយមើល ជីយូន ធ្វើបាប ហាយ៉ុន តទៅទៀត។
   « ក្លិនកាហ្វេ អ្នកណាធ្វើកំពប់ហា៎ » លោកគ្រូចាងមកដល់ក៏ស្រែកសួរសិស្សនៅក្នុងថ្នាក់។
   « គឺខ្ញុំជាអ្នកធ្វើឲ្យវាកំពប់ ចាំខ្ញុំសម្អាតចេញលោកគ្រូ » ហាយ៉ុន ចេញមុខទទួលកំហុសគ្រប់យ៉ាង ព្រោះបើនាងហ៊ានរាយការណ៍រឿងដែលបានកើតឡើងទៅកាន់លោកគ្រូ ចាង ថ្ងៃក្រោយនាងរឹតតែត្រូវ ជីយូន ធ្វើបាបខ្លាំងជាងនេះទៅទៀត។
   « ហើយចុះហេតុអ្វីថ្ងៃនេះថ្នាក់យើងសិស្សតិចម្លេះ? »
   « ជីវ៉ូ ស៊ូរីនិងឆេរីន នៅថតកម្មវិធីនៅខាងក្រៅ » ស៊ុកជុន រាយការណ៍ប្រាប់លោកគ្រូ ចាង ដោយមិនភ្លេចចង្អុលទៅខាងក្រៅបង្អួចកន្លែងដែលកំពុងថតកម្មវិធីទូរទស្សន៍។
   « ហើយចុះ ដាអុីន? » លោក ចាង សួរបន្តព្រោះសិស្សស្រីសំណព្វចិត្តរបស់លោកក៏មិនឃើញនៅក្នុងបន្ទប់រៀនដែរ ។ ដាអុីន ជាសិស្សពូកែតាមធម្មតានាងមិនដែលគេចម៉ោងរៀនទេ។
   « ដាអុីន មិនមករៀនតាំងពីថ្ងៃចេញចំណាត់ថ្នាក់ប្រចាំខែមកម្លេះ » ស៊ុកជុន រាយការណ៍បន្ត។
   « សង្ស័យអន់ចិត្តរឿងចំណាត់ថ្នាក់ហើយ ព្រោះខំរៀនដល់ស្លាប់ទៀតក៏មិនអាចបានលេខមួយដែរ » ជីយូន បន្ទរពីក្រោយ ព្រោះតែនាងចង់ឲ្យគ្រប់គ្នានៅក្នុងសាលាដឹងថាចំណាត់ថ្នាក់លេខមួយនេះ គួបានទៅអ្នកណាពិតប្រាកដ យ៉ាងណានាងមិនចង់ឃើញគ្រប់គ្នាសរសើរ ឆេរីន ទេ ទើបចង់បើករបាំងមុខទេពអប្សរក្លែងក្លាយរបស់ ឆេរីន ចេញ។
   « បានហើយ ឈប់និយាយទៅ »
   « លោកគ្រូ សុំចូល »
   លោកគ្រូ ចាង និយាយមកដល់ត្រង់នេះ សិស្សទាំងបីដែលជាប់រវល់ថតកម្មវិធីទូរទស្សន៍នៅខាងក្រៅមុននេះក៏មកដល់រល្មមនិងបានសុំលោកចូលទៅអង្គុយតុរៀងខ្លួន។
   « មកជុំគ្នារល្មម ថ្ងៃនេះថ្នាក់យើងមានសិស្សថ្មីប្តូរចូលមកណា  សុងហុន ឆាប់ចូលមក » លោកគ្រូ ចាង ស្រែកហៅអ្នកដែលឈរនៅខាងក្រៅបន្ទប់រៀនជាយូឲ្យចូលមកខាងក្នុងបន្ទប់រៀន។
   រាងខ្ពស់ស្រស់សង្ហាឈានជើងចូលមកក្នុងបន្ទប់ឈរនៅពីមុខសិស្សគ្រប់គ្នាធ្វើឲ្យស្រីៗក្នុងថ្នាក់នាំគ្នាចំហរមាត់ឡើងជាពិសេសគឺ ឆេរីន ព្រោះនាងមិននឹកស្មានថាប្រុសម្នាក់នេះត្រូវមករៀនថ្នាក់ជាមួយនាងដែរ។
   « គឺគេ! » ឆេរីន លាន់មាត់ឡើងធ្វើឲ្យ ស៊ូរី ដែលជាមិត្តរួមតុងាកទៅសួរនាង។
   « ឯងស្គាល់គេដែរមែនទេ? »
   « អត់ទេ » ឆេរីន បដិសេធទាំងមិនហ៊ានមើលមុខមិត្តចំព្រោះខ្លាច ស៊ូរី ចាប់បានថានាងកុហក។
   « មុខមាត់បែបនេះ ខ្ញុំថារៀនមិនបានមួយខែទេ ច្បាស់ទេប្តូរសាលា » ជីវ៉ូ កម្លោះស្រស់សង្ហាកូនលោកនាយកបន្លឺសំឡេងឡើងពីចំហៀងតុរបស់ ឆេរីន ។
   « បិទមាត់ឯងទៅ » ស៊ូរី ងាកទៅប្រាប់មិត្តឲ្យបិទមាត់ ព្រោះមិនចង់ឲ្យគេមករំខានអារម្មណ៍មើលប្រុសសង្ហារបស់នាង។
   « ឆេរីន ជួយណែនាំវិន័យដល់គេផង »
   « ចាស » ឆេរីន ឆ្លើយតបជាមួយលោកគ្រូ ចាង ជាមួយទឹកមុខធុញទ្រាន់។
   « សុងហុន ទៅអង្គុយតុជាមួយ ស៊ុកជុន ទៅ »
  
   ម៉ោងចេញលេង
  
   ស្រីស្រស់ ឆេរីន ដើរអោបដៃនាំកម្លោះសិស្សថ្មីដើរមើលបរិវេណសាលាក៏ដូចជាប្រាប់គេពីវិន័យខ្លះៗ។
   « នៅសាលារៀនរបស់យើងក៏មានម៉ោងពិសេសផងដែរ តែសម្រាប់តែសិស្សពូកែប៉ុណ្ណោះ បើលោកចង់ចូលរៀនម៉ោងពិសេសដែរក៏ចូលទៅសុំក្រដាសតេស្តសមត្ថភាពពីលោកនាយកទៅ » ឆេរីន ឈប់មួយកន្លែងពេលនិយាយមកដល់ត្រង់នេះ រួចក៏ងាកទៅរកមើលអ្នកដែលដើរតាមក្រោយ តែបែរជាមិនបានឃើញគេនោះទេ ទើបនាងក្រឡេករកមើលជុំវិញខ្លួនក៏ឃើញថាគេកំពុងនៅឈរសម្លឹងតារាងចំណាត់ថ្នាក់ប្រចាំខែដែលបិទនៅលើជញ្ជាំងនៅវិញ។
   « ណេ! មុននេះលោកមានស្តាប់ខ្ញុំនិយាយដែរទេ? » នាងដើរចូលមករកគេ ជាមួយសំឡេងសួរដោយភាពមួរម៉ៅ។
   « អ្នកនាងមែនទេ ផាក ឆេរីន នោះ » គេសួរមកនាងវិញដោយកែវភ្នែកមុតទាំងគូនៅសម្លឹងក្រដាសចំណាត់ថ្នាក់មិនព្រមងាកមកសម្លឹងមុខរបស់អ្នកដែលឈរក្រោយខ្នង។
   « ពិតមែនហើយ? តើមានបញ្ហាអ្វីមែនទេ? » នាងឆ្លើយតបជាមួយគេដោយស្នាមញញឹមយ៉ាងជឿជាក់វិញ។
   ទើប សុងហុន ងាកមករកនាងវិញ តែក៏ត្រូវបើកភ្នែកធំៗដោយភាពភ្ញាក់ផ្អើល ពេលមុខរបស់គេស្ទើរប៉ះនឹងមុខរបស់នាង តែក៏ត្រូវប្រអប់ជើងតូចឈានថយក្រោយគេចចេញពីគេភ្លាមៗផងដែរ។
   « ហិ! ជាសិស្សពូកែយ៉ាងម៉េចធ្វើលំហាត់គណិតខុសទាំងអស់ » សុងហុន អស់សំណើចដាក់ ឆេរីន រួចក៏ដើរចេញទៅធ្វើឲ្យនាងត្រូវលើកចិញ្ចើមឡើងឆ្ងល់តែម្នាក់ឯង។
   « មុននេះគេថាឲ្យខ្ញុំមែនទេ? » ឆេរីន លើកដៃចង្អុលមុខខ្លួនឯងហើយក៏រហ័សរត់ទៅសួរគេឲ្យដឹងរឿង។
   « ណេ! លី សុងហុន មុននេះលោកថាឲ្យអ្នកណា? »
   ឌឹប!
   សុងហុន ឈប់ភ្លាមៗក្រោយលឺនាងស្រែកសួរគេ តែស្របពេលនាងរត់មកទាន់រល្មម ទើបធ្វើឲ្យនាងបុកនឹងខ្នងក្រាស់របស់គេស្ទើរតែផ្ងារក្រោយ សំណាងហើយដែលនាងមានជំហររឹងមិនងាយដួល កុំអីពេលនេះនាងបានគេងលើឥដ្ផបាត់ទៅហើយ។
   « នេះលោកមានចេតនាធ្វើបាបខ្ញុំច្បាស់ណាស់ តើចង់សងសឹកនឹងខ្ញុំព្រោះរឿងព្រឹកមិញមែនទេ? » ឆេរីន ទ្រាំទប់កំហឹងធ្វើជាមនុស្សល្អជាមួយគេលែងបានក៏ដំឡើងសំឡេងដាក់គេខ្លាំងៗ ។
   ព្រោះតែនាងរំលឹកដល់រឿងកាលពីព្រឹកទៀត ទើបធ្វើឲ្យ សុងហុន ចាប់ផ្តើមចំណាំមុខរបស់នាងបាន។
   « អ្ហា! តាមពិតស្រីឆ្នាស់កាលពីព្រឹកមិញគឺជានាងសោះ ប៉ុន្តែហេតុអ្វីមុននេះនាងស្លូតនិងសុភាពខ្លាំងម្លេះ? » សុងហុន សួរទៅនាងវិញ ដោយសម្លឹងនាងមិនព្រិចភ្នែក ព្រោះគេក៏ងឿងឆ្ងល់ខ្លាំងណាស់ម្តេចនាងម្តងស្លូតម្តងកាចបែបនេះ។
   «  គឺខ្ញុំកាចដាក់តែអ្នកអាក្រក់ដាក់ខ្ញុំតែប៉ុណ្ណោះ ដូចលោកជាដើម » ឆេរីន ប្រឹងចង្អើរជើងនិងលើកដៃចង្អុលស្ទើរដល់មុខសង្ហារបស់ សុងហុន។
   « ខ្លាចខូចឈ្មោះរបស់លោកប៉ាច្រើនជាងទេដឹង ទើបចូលចិត្តពាក់របាំងមុខទេពអប្សរក្លែងក្លាយទាំងខ្លួនឯងជាបិសាចសោះ »
    នៅសុខៗក៏មានសំឡេងស្រួយបន្លឺឡើងពីខាងក្រោយខ្នងរបស់ ឆេរីន ទើបនាងងាកទៅមើលក៏ឃើញថាតាមពិតជាសត្រូវរបស់នាង ជីយូន សោះ។
    « ខ្ញុំមិនឈ្លោះជាមួយនាងទេ ចេញទៅ » ឆេរីន លើកដៃដេញ ជីយូន ចេញដូចសត្វធាតុ ព្រោះនាងមិនចង់មានរឿងក្នុងសាលានោះទេ តែកុំគិតថានាងខ្លាច ជីយូន ឲ្យសោះ ព្រោះមនុស្សដូច ឆេរីន មិនដែលខ្លាចអ្នកណា។
    « ខ្លាចមែនទេ? » ជីយូន អោបដៃដើរចូលមកឈរទល់មុខ ឆេរីន ព្រមទាំងសម្លឹងនាងដោយកែវភ្នែកពោលពេញដោយល្បិចកល។
    « ខ្លាចអីទៅ? »
    « ខ្លាចថាថ្ងៃណាមួយខ្ញុំនឹងអាចបកស្បែកមុខទេពអប្សរក្លែងក្លាយរបស់នាងចេញនោះអី » ជីយូន អោនមកខ្សឹបដាក់ត្រចៀករបស់ ឆេរីន។
    « នាងគ្មានថ្ងៃអាចធ្វើបាននោះទេ ព្រោះនាងក៏ដឹងហើយថាមានមនុស្សជាច្រើនដែលកំពុងចាំការពារខ្ញុំ » ឆេរីន អោនទៅខ្សឹបដាក់ត្រចៀករបស់ ជីយូន វិញ រួចក៏ងើបមកញញឹមយ៉ាងស្រស់ស្អាតដាក់ ជីយូន ដូចដើម។
    « ចាំតែមើលទៅ » ជីយូន បោះពាក្យបួនម៉ាត់រួចក៏នាំមិត្តចេញទៅវិញបាត់។
    « មិត្តរួមថ្នាក់ក៏ឈ្លោះជាមួយដែរមែនទេ? » សុងហុន បន្តមកពីខាងក្រោយធ្វើឲ្យនាងងាកទៅសម្លក់គេវិញ។
    « លោកយកភ្នែកមួយណាមើល ទើបឃើញខ្ញុំឈ្លោះជាមួយនាងនោះ ខ្ញុំគ្រាន់តែនិយាយជាមួយគ្នាធម្មតាតើ »
    « ពិតមែនទេ? »
    « គឺពិតនឹងហើយ » ឆេរីន ស្រែកតបជាមួយគេដោយសម្លក់គេចង់ជ្រុះគ្រាប់ភ្នែក។
    « ឆេរីន! នៅទីនេះសោះ »
    គ្រាន់តែលឺសំឡេងសិស្សដទៃស្រែកហៅភ្លាម នាងក៏រហ័សប្តូរទឹកមុខមកជាញញឹមស្រស់វិញភ្លាម។
    « តើមានការអ្វីមែនទេ? » ឆេរីន រហ័សញញឹមរាក់ទាក់ទៅកាន់សិស្សដែលរត់ចូលមក។
    « គឺសប្តាហ៍ក្រោយមានការប្រកួតកីឡានៅសាលាយើងទើបចង់ប្រមូលគ្នាទៅសម្អាតតារាងបាល់របស់សាលា តើឆេរីន អាចជួយប្រមូលគ្នាបានទេ? ខ្ញុំដឹងថា ឆេរីន រវល់តែក្រៅពី ឆេរីន គ្មានអ្នកណាព្រមជួយការងារនេះទេ »
    « មិនអីទេ ខ្ញុំរកពេលទៅជួយអ្នកទាំងអស់គ្នា តើនៅថ្ងៃណាដែរ? » ទោះបីជាក្នុងចិត្តរបស់នាងមិនចង់ទៅសម្អាតតារាងបាល់សូម្បីតែបន្តិច តែនាងក៏មិនអាចបដិសេធបាន ព្រោះនាងត្រូវធ្វើជាមនុស្សចេះយកអាសាអ្នកដទៃគ្រប់ពេលស្រាប់ទៅហើយ តែមិនអីទេ ព្រោះនាងមានវិធីគេចខ្លួន។
    « គឺនៅពេលល្ងាចស្អែកនេះ »
    « ខ្ញុំទៅប្រាកដណាស់ ការងារសប្បាយបែបនេះមិនឲ្យរំលងទេ » ឆេរីន ញញឹមស្រស់ដាក់សិស្សដែលមកបបួលនាងទៅសម្អាតតារាងបាល់ធ្វើដូចជាសប្បាយនឹងការងារទាំងអស់នោះខ្លាំងណាស់ តែតាមពិតនាងមិនសប្បាយសូម្បីតែបន្តិច ទើបពេលសិស្សទាំងនោះចេញទៅបាត់នាងក៏ងាកមករក សុងហុន វិញទាំងធុញទ្រាន់តែក៏ឃើញថាគេទៅណាបាត់ទៅហើយ។
    « អ្ហើយ...ធុញណាស់ » ឆេរីន ដកដង្ហើមធុញទ្រាន់ចេញមកខ្លាំងៗពេលដឹងថាខ្លួនឯងនៅម្នាក់ឯងគ្មានអ្នកណាផ្សេងទៀត។
            រងចាំភាគបន្ត
 

  

You've reached the end of published parts.

⏰ Last updated: Mar 25, 2023 ⏰

Add this story to your Library to get notified about new parts!

បញ្ឆោតស្នេហ៍ក្រមុំមុខពីរ♡(ឈប់សរសេរ)Where stories live. Discover now