2

77 3 0
                                    

ល្ងាចបានឈានចូលមកដល់ បក្សាបក្សីហោះហើរលើមេឃក្រោមរស្មីពណ៌មាសឆ្អិនឆ្អៅត្រឡប់មកសម្រាកតកកម្លាំងបន្តនៅថ្ងៃបន្ទាប់ ហុចឱកាសឲ្យមនុស្សបីនាក់នៅផេនហោសន៍ ចាយពេលវេលាទំនេរមកកាន់នាងក្រមុំ កំពុងចាក់អាវអំបោះ ហើយក៏ជាអាវចុងក្រោយផងដែរ ដែលនាងត្រូវបង្ហើយ
  "បងប្រុស! សាកលមួយមើល ខ្ញុំចាក់ឲ្យបងទាំងពីរ"
   ហ្គ្រេយ៍ស្រដីឡើងយ៉ាងផ្អែមដូចសូកូឡាត្រូវបានគ្រីស្តូហ្វើទំពាយ៉ាងឆ្ងាញ់ពេញមាត់។ អាវចាក់ពណ៌ទឹកក្រូចពិតជាបានលើកសម្រស់សេមឲ្យកាន់តែលេចធ្លោ រីឯគ្រីស្តូហ្វើក្នុងឈុតអាវចាក់ពណ៌ត្នោត រឹតតែឲ្យម្ចាស់កាយរឹងមាំសង្ហារ និងមានអំណាចទៀតផង
  "បងឆ្លុះកញ្ចក់ទៅយ៉ាងម៉េចដែរ?"
  ហ្គ្រេយ៍ដឹងថា បើទោះជាមិនបាច់ចាំឆ្លុះកញ្ចក់ ពាក្យសរសើរថាស្អាតក៏ចេញពីមាត់បងប្រុសទាំងពីរដែរ
  " ឯងរាល់ថ្ងៃអី ញ៉ាំអីបានពូកែយ៉ាងនេះ?"
  " អូ៎! ហេតុអ្វីនិយាយបែបនេះ ខ្ញុំញ៉ាំអាហារតាមមនុស្សទូទៅតើ តែអរគុណបងហើយដែលសរសើរ ខ្ញុំអៀនដល់ហើយ" នាងពោលឡើងទាំងផ្ទៃមុខម៉ដ្ឋរលោងឡើងក្រហមព្រឺងៗដូចប៉េងប៉ោះគួរឲ្យស្រឡាញ់ ក្នក់ខ្នាញ់ជាទីបំផុត
   "មិនបាច់ចាំអៀនទេ ឯងគួរទទួលយកការពិតទៅ កូនក្រមុំផេនហោស៍!"
  សេមញ៉ោះនាងឡើងមក ប្តូរទឹកមុខពីញញឹម ប្រែជាសម្លក់សឹងស៊ីសាច់ហុតឈាមទាំងរស់ ប៉ុន្តែសម្រាប់ពួកគេនាងនៅតែជាកូនក្មេងហើយស្អាតគួរឲ្យស្រឡាញ់ ដូចកូនក្រមុំតុក្កតាដែលចេះរាំ សើចប្រចាំផេនហោស៍ មិនខ្ចីស្ងាត់ចាប់តាំងពីនាងរស់នៅទីនេះមក
  " បងឃ្លាននៅ? ខ្ញុំធ្វើអាហារពេលល្ងាច ហើយនោះព្យាណូ លេងសិនទៅ បន្តិចទៀតត្រឡប់មកវិញហើយ"
  "ឯងមិនអីទេឬ?"
   គ្រីស្តូហ្វើសួរបញ្ជាក់ ក្រែងនាងមិនទាន់ស្រួលខ្លួន ប៉ុន្តែនាងតបទៅវិញដោយស្នាមញញឹមប្រាកដប្រជាថាខ្លួនមិនអីនោះទេ
  "ខ្ញុំអូខេហើយ ពួកបងអង្គុយចាំតែភ្លក់ម្ហូបខ្ញុំទៅបានហើយ"
  ហ្គ្រេយ៍បោះជំហានទៅចង្រ្កានបាយ ទុកឲ្យគ្រីស្តូហ្វើនិងសេមអង្គុយលំហែខ្លួននៅរានហាលដ៏ធំទូលាយ
  "មើលហ្គ្រេយ៍ នាងធំហើយ ប៉ុន្តែអូនពិបាកចិត្តលើជីវិតនាងដែលត្រូវជួបប្រទះនៅ
  ៚
  "នេះអាហារពេលល្ងាច ខ្ញុំធ្វើតាមបែបអាស៊ីវិញម្តង អញ្ជើញភ្លក់រសជាតិថ្មីនេះ"
  មុខម្ហូបថ្ងៃនេះមិនសូវលេចធ្លោបែបអ៊ឺរ៉ុបនោះទេ ប៉ុន្តែវាជាមុខម្ហូបបែបជប៉ុនវិញម្តង។ ត្រីសាល់ម៉ុន ស៊ូស៊ី ស៊ុបហូតូ មីអ៊ូដុងប្រពៃណីជប៉ុន រួមទាំងស្រាសជំនួសស្រាក្រហម ធ្វើឲ្យបរិយាកាសប្រែជាស្ងប់ស្ងាត់និងស៊ីវិល័យថែមទាំងទៀតផង។ ចង្កឹះពណ៌ខ្មៅរលោងស្រិលមុខស្រួច ចាប់ភ្លក់ម្ហូបនីមួយៗនៅលើចានខ្មៅ
  " មានអី ចង់ឆ្ងាញ់ជាងហាងថ្ងៃនោះទៀត ល្អណាស់"
   "អរគុណបងខ្លាំងណាស់ ប៉ុន្តែបងម៉េចបានលេងបានបន្តិច ក៏ស្ងាត់ឈឹង?"
  "យ៉ាងម៉េចដែរ?" ពួកគេសួរនាង
  "អូ៎! គ្មានអ្វីទេ "
  ហ្គ្រេយ៍ប្រញាប់និយាយឡើង ហើយពួកគេបន្ធូរទឹកមុខខ្សាកសឹងតែចង់អស់ខ្យល់នៅទីនេះ ខុសពីនាងតូចម្ខាងកំពុងចាប់សាច់ត្រីសាល់ម៉ុនដាល់ចូលមាត់ ទំពាយ៉ាងឆ្ងាញ់ ព្រមទាំងលួចអស់សំណើចក្នុងបំពង់កហួសចិត្តនឹងបងប្រុសនាពេលអំបាញ់មិញនេះ ហាក់ដូចជាចោរព្យាយាមលុបទឹកមុខមានខ្លួនអំពីបទល្មើស
   " ឯងនេះចេះតែបំភ័យពួកបងហើយ ថ្ងៃនេះបងឈឺដៃបានជាមិនលេង មានអ្វីមែនឬ?" គ្រីស្តូហ្វើប្រញាប់តបតភ្លាម
   " ស្រែកឡូឡាពេញហ្នឹង ប៉ុន្តែខ្ញុំមិនដឹងថាមានរឿងអីទេ មានរឿងអ្វីមែន?" នាងក្រមុំបន្លឺតិចៗ
   "បងស្រែកដោយសារតែឈឺដៃហ្នឹងឯង មានអ្វីមែនទេ?" សេមសួរទៅកាន់នាងដោយបុកពោះ
   " អូ៎...ទេ គ្មានអ្វីទេ ប្រសិនបើបងឈឺដៃក៏មិនអីដែរ អញ្ជើញញ៉ាំតាមសម្រួល ហិហិ"
  បរិយាកាសនៅផេនហោស៍នាថ្ងៃនេះ បានពាំនាំភាពស្និទ្ធស្នាល បូកផ្សំតន្ត្រីជប៉ុននាសតវត្សទី២០ វាមិនខុសគ្នានៅក្នុងសណ្ឋាគារប្រណីតលំដាប់ផ្កាយប្រាំ ពោរពេញទៅដោយត្រកូលអភិជនកំពុងរីករាយជាមួយនឹងម្ហូបអាហារធ្វើដោយចុងភៅមានបទពិសោធន៍ខ្ពស់។ ពួកគេសន្ទនាគ្នា សើចសប្បាយជាមួយគ្នា ក្នុងនាមជាគ្រួសារដ៏តូចមួយ ទោះគម្លាតអាយុពួកគេច្រើនពីគ្នា ឬសាច់ឈាមរបស់គេមិនជាប់ពាក់ព័ន្ធទៅខាងណាម្នាក់ យ៉ាងហោចណាស់សេចក្តីទុកចិត្តពួកគេ តែងតែមានជាប់ដូចពាក្យសន្យាឲ្យគ្នាអញ្ចឹង
  " ថ្ងៃនេះពួកយើងមកជុំគ្នា ជាថ្ងៃពិសេសមួយ ជាថ្ងៃដែលមានអារម្មណ៍ថាពួកយើងស្និទ្ធស្នាលជាងពេលណាទាំងអស់ ពួកយើងលើកដាច់ មិនស្រវឹងមិនទៅផ្ទះ"
  កិក!
  ពែងប៉ស៊ីឡែនសរលោងស្រិលផ្ទុកស្រាស ជល់ទង្គិចជាមួយគ្នា មុននឹងលើកដាច់អកដាច់ផឹងចូលក្នុងបំពង់ក។ ឥទ្ធិពលនៃជាតិស្រាបានចូលក្នុងខ្លួន ម្នាក់ៗចាប់ផ្តើមបាត់បង់សតិក្នុងគ្រប់គ្រងវា សម្លេងសើចចាប់ផ្តើមឮខ្លាំងគ្មានកេរ្តិ៍ខ្មាស កាយវិការច្រងេងច្រងាងដូចកូនក្មេង ខុសពីនាងក្រមុំដែលផឹកបានតិចតួច សម្លឹងមកមើលអ្នកជាបងកំពុងស្រវឹង
  "ឯងមិនមកលេងជាមួយបងទេឬ?"
  "ខ្ញុំថាបងកំពុងស្រវឹងហើយ កុំផឹកច្រើនពេក ពិបាកបើកឡានត្រឡប់ទៅផ្ទះវិញបង"
   "ឯងមិនចង់ឲ្យបងគេងនៅទីនេះឬក៏មករដូវ?" សេមនិយាយទាំងងុលៗ ធ្វើឲ្យគ្រីស្តូហ្វើស្ទុះទៅបិទមាត់ភ្លាម បញ្ជាក់ថាពួកគេមិនបានធ្វើពិតប្រាកដ
  "អូនឆ្កួតទេអី?"
   " គាត់ស្រវឹង បងស្រវឹង បានហើយ ឈប់ផឹកទៅប្រយ័ត្នលិចថ្លើម"
  " បបួលគេផឹកហើយ ឥឡូវឃាត់ទៀត បាន! បងទៅដេក មកបងគ្រីស្តូហ្វើ អឹម!"
  សេមដើរឆ្ពោះទៅកាន់ម្ចាស់កាយមាំទាំ មុននឹងទាញក្បាលគ្រីស្តូហ្វើមកផ្អឹបជាប់មុខ មកថើបបឺតជញ្ជក់ មិនខ្មាសនាងក្រមុំកំពុងយកប្រអប់ដៃមកបិទ មិនចង់មើលទិដ្ឋភាពមួយ ដែលនាងមិនសូម្បីតែឮ ទើបម្ចាស់កាយតូចក្រោកប្រមូលចានប្រឡាក់ទៅចង្រ្កានបាយ ឲ្យអេឡា និងប្លូមចាត់ចែងសម្អាត មុននឹងបង្ហើយខ្លួនទៅខាងលើសម្អាតខ្លួន និងរៀបចំបន្ទប់ឲ្យបងប្រុសនាងឲ្យហើយ បន្សល់ឲ្យសេមនិងគ្រីស្តូហ្វើដេកលើសាឡុងទាំងសើចក្អាកក្អាយ។
  ៚
  ទិដ្ឋភាពនាពាក់កណ្តាលអាធ្រាតនាម៉ោង១២ស្ងប់ស្ងាត់ ពន្លឺព្រះចន្ទពេញវង់ជះចូលក្នុងទីធ្លាបន្ទប់ទទួលភ្ញៀវ ខុសពីល្ងាចម៉ោង៦ ដែលអ៊ូអរនិងរញ៉េរញ៉ៃថែមទៀតផង
  ស្រឹបៗ!
  ស្នូរបាតជើងស្រាល លាយជាមួយសម្លេងស្បៃតាមដំណើរជំហានស្រីក្រមុំកំពុងតែចុះក្រោមកាត់ភាពស្ងាត់ឈឹងតាមទម្លាប់ ដើម្បីពិនិត្យមើលផ្ទះ ព្រមទាំងកាន់កែវទឹកសំដៅទៅបន្ទប់ផ្ទះបាយផង
   ក្រុកក្រាកៗ!
   ហ្គ្រេយ៍ក៏បានចាប់អារម្មណ៍នឹងសម្លេងនៅខាងក្រោយបន្លឺឡើងមក ព្រមទាំងចំហាយកម្តៅភាយៗប៉ះខ្នង បញ្ជាខួរក្បាលបង្វែងរាងកាយស្រឡូនងាកមក ទាក់ជាប់នឹងរាងខ្ពស់ឈរពីក្រោយខ្នងមួយអស់កម្ពស់ កំពុងសម្លឹងមកប្រឈមដាក់នាងមិនដឹងតាំងពីពេលណា។
   "អ្ហាយ៎!"
   ហ្គ្រេយ៍ស្រែកមួយវ៉ាសយ៉ាងខ្លាំងដោយភាពភ័យភិត ដោយរូបរាងមិនអាចឃើញមុខក្នុងទីងងឹតស្លុបនោះកំពុងតែឈរមកកាន់នាងកាន់តែកៀកទៅ ធ្វើឲ្យរាងកាយតូចច្រឡឹងអស់លំនឹង ដាច់ផ្ញារទៅខាងក្រោយ
   ផឹប!


ចង្កេះតូចរាងប្រៀបដូចជាថូផ្កា ត្រូវបានដៃសរសៃម្ខាងចាប់ទប់នាងពីខាងក្រោយជាប់មិនឲ្យដួលទាន់ ខណៈកែវភ្នែកមុតស្រួចសម្លឹងមកកាន់នាងដូចទេវបុត្រជិះសេះស ឯនាងសម្លឹងមកកាន់គេវិញយ៉ាងភ្ញាក់ផ្អើលនឹងមុខគេ ហាក់ដូចជាទិដ្ឋភាពនៃព្រះនាងកំពុងតែត្រូវបានរាជបុត្រឱបក្រសោបនៅកណ្តាលសួនឧទ្យាននាពេលយប់ស្ងប់ស្ងាត់។ នៅក្នុងសភាពមួយនេះ សម្លេងបេះដូងលោតញាប់ និងខ្យល់ដកដង្ហើម ទន្ទឹមនឹងខ្យល់ត្រជាក់បក់នាំសារទៅកាន់ហ្វូងអំពិលអំពែកបបួលគ្នាហោះមកភ្លឹបភ្លែតដោយក្តីញាប់ញ័រ ស្រម៉ៃថាតួអង្គឯកនឹងថើបនាងដោយភាពផ្អែមល្ហែម ប៉ុន្តែហ្គ្រេយ៍នាងរហ័សយកដៃតូចច្រានទ្រូងហាប់ចេញ  ហាក់បដិសេធនឹងសំណូមពរពីធម្មជាតិ ព្រមទាំងឱនដោយរអៀសខ្លួន ហើយគ្មានអ្វីក្រៅពីកំលោះសេមឡើយ
  " ខ្ញុំសុំទោស "
   " សុំទោសធ្វើអ្វី?"
  "..."
  " បងនេះគួរតែសុំទោសឯង ដែលមិនប្រាប់ឯងថាបងនៅទីនេះ បងទើបតែស្វាងពីស្រវឹង ហើយចង់មកផឹកអ្វីត្រជាក់ផ្អែមៗឲ្យមានកម្លាំង"
  " អញ្ចឹងមិនព្រមបើកភ្លើងទេ ដូចចោរលួចឥវ៉ាន់"
  "ជួយសន្សំលុយកូនក្រមុំម្ចាស់ផេនហោស៍ មិនអញ្ចឹង?"
  បាតដៃម្ខាងច្រត់តុ សម្លឹងមើលនាងដោយក្រសែភ្នែកនិងស្នាមញញឹមខិលដែលមិនធ្លាប់ជួបពីមុនមក។ ហ្គ្រេយ៍នាងតែងតែឃើញសេមជាមនុស្សស្ងប់ស្ងាត់ មិនដែលយកភ្នែកមើលស្រីណាមួយឡើយ ប៉ុន្តែនៅពេលនេះ ខ្លួននាងហាក់កំពុងនៅជាមួយមនុស្សម្នាក់ផ្សេងទៀត។ គេជាបុរសសុទ្ធសាធ គ្មានភាពទន់ជ្រាយ ឬសុំជំនួយពីនរណា ថែមទាំងសម្លឹងមើលមកនាងបែបព្រាននារី ហើយដៃសរសៃរវាម ចាប់ក្រសោបខ្លួនតូចនាងប្រឈមនឹងផ្ទៃមុខស៊ិចស៊ីជាមួយនឹងតំណក់ទឹកពីសក់
  "អឹម បងប្រុស នេះខ្ញុំហ្គ្រេយ៍ណា? បងស្រវឹងហើយ នេះក្លិនស្រាឲ្យហួង ចេញ-"
" ហ្គ្រេយ៍ វីលីម! ស្គាល់ឡើងច្បាស់កូនក្រមុំផេនហោស៍របស់បង សុំថើបបានទេ? សឺត!"
   បបូរមាត់មាំប៉ះថ្ពាល់រលោងស្រិល ផ្តិតជាស្នាមថើបជាលើកដំបូងទទួលពីគេ ឯហ្គ្រេយ៍វិញ បែរជាបើកភ្នែកធំៗភាំងដូចសត្វឆ្មា គាំងនៅនឹងមួយកន្លែង ទើបវាយតប់លើទ្រូងទូលាយទាំងចិត្តខឹង
  "បងប្រុស! ហឹស ចេញទៅ បើបងគ្រីដឹង បងប្រាកដជាមានរឿងមិនខាននោះទេ"
   " យប់ហើយ គេគេងលង់លក់ហើយ ធ្វើកុំភ័យមើល គ្រាន់តែថើបជាបងប្អូនសោះ ក៏កំណាញ់ខ្លួនម្ល៉េះកូនក្រមុំ? អូ៎! ភ្លេចគិតថាមករដូវ អារម្មណ៍មនុស្សស្រីបែបនេះ រាត្រីសួស្តីកូនក្រមុំ! "
   សេមកាន់ដបទឹកផ្លែឈើនៅក្នុងទូរទឹកកកអំបាញ់មិញ បោះជំហានចេញពីទីនេះ។ បានបីជំហាន គេបែរខ្នងមកដោយស្នាមញញឹមព្រាយដូចផ្កា ព្រមទាំងផ្តល់ការថើបពីចម្ងាយ ញ៉ោះឲ្យថ្ពាល់ឡើងក្រហម ខឹងនឹងបងប្រុស រឹតតែកាន់តែម៉ួម៉ៅទៀត គេហ៊ានប៉ះពាល់និងថើបលើរាងកាយដោយគ្មានអនុញ្ញាត។ ហ្គ្រេយ៍យកដៃម្ខាងកាន់កែវទឹក ឯម្ខាងទៀតក្តាប់ម្រាមដៃម្ខាងសឹងបាក់ជាកំណាត់កង់ៗ សម្លក់គេថ្មែតាមផែនខ្នង
  "លើកក្រោយលាក់ស្រាមិនឲ្យផឹកម៉ង កុំឲ្យមកលូកលាន់ ហឹស! សំណាងហើយមិនបានបែកក្បាលនឹងកែវទឹក"
    នាងក្រមុំរអ៊ូតែប៉ុណ្ណឹង ប្រអប់ជើងសបោះជំហាននាំខ្លួនតូចច្រឡឹងទៅខាងលើទាំងអារម្មណ៍មិននៅក្នុងខ្លួន រលាស់សកម្មភាពអំបាញ់មិញ ដែលផ្តិតជាប់ក្នុងខួរក្បាលឲ្យអស់។
   ៚
   ពន្លឺព្រះអាទិត្យចាប់ផ្តើមបង្ហាញខ្លួនបន្តិចម្តងៗ សត្វស្លាបហោះចេញពីសំបុកស្រែកច្រៀងខ្ទរពេញផ្ទៃមេឃខៀវស្រងាត់មួយហ្វូងយ៉ាងរីករាយ ហាក់ឌឺដងនឹងមនុស្សលោកនៅថ្ងៃចន្ទ ធុញថប់នឹងការងារពួកគេ ប៉ុន្តែជាកាតព្វកិច្ចនិងកិត្តិយស សុខចិត្តងើបមកទាំងមមីងមម៉ាំងទៅបន្ទប់ទឹក អ្នកខ្លះបុកក្បាលនឹងជញ្ជាំងក៏មាន។ ម្ចាស់កាយតូចច្រឡឹងក្នុងឯកសណ្ឋាននិស្សិត មានរហ័សនាមថាជាផេនហោស៍ អង្គុយយ៉ាងត្រង់ខ្លួនសិតសក់សរសៃសូត្រពណ៌ខ្មៅរលើបរលោងត្រឹមចង្កេះ មិនខ្វាយខ្វល់នឹងការងារដែលត្រូវដាក់បន្ទុកថ្ងៃនេះ។ ម្រាមតូចចាប់កាន់ជក់ប្រឡាក់ម្សៅពណ៌ផ្កាឈូកមកផាត់លើថ្ពាល់ ព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីយប់ បានឲ្យហ្គ្រេយ៍គាស់ភាពក្តៅក្រហាយឡើងមក បើមើលទឹកមុខធុញនិងការដកដង្ហើមធំឡើងមក
   " ហ្គ្រេយ៍ វីលីម! ស្គាល់ឡើងច្បាស់កូនក្រមុំផេនហោស៍របស់បង សុំថើបបានទេ? សឺត!"
  ប្រយោគឃ្លាដ៏ស៊ិចស៊ីដូចផ្ទៃមុខនិងសក់ពោរពេញទៅដោយតំណក់ទឹក ការថើបដ៏ប៉ិនប្រសព្វ វាដិតដាមលើខួរក្បាលនាងដូចត្រាបោះ គិតពេលណា ហ្គ្រេយ៍ព្រឺសម្បុរបះរោម ចង់តែហក់សម្លាប់ខ្លួនហើយចាប់ជាតិជាថ្មីទេ
   " អ្ហាយ៎! បានហើយៗឈប់គិតទៅ វាកន្លងផុតហើយ គេស្រវឹងកុំគិតច្រើនពេក"
   ដោយមិនគិតច្រើន នាងក្រមុំបន្តការតែងខ្លួនយ៉ាងស្រស់ស្អាត មុននឹងចុះទៅខាងក្រោម ដើម្បីស្រស់ស្រូបអាហារ។
    នៅតុអាហារ ពងទាចៀនអូមីឡែតជាមួយសាច់ជ្រូកបីជាន់ នៅលើចានរៀបយ៉ាងមានរបៀប។ សេមគ្រាន់តែឃើញហ្គ្រេយ៍ភ្លាម គេញញឹមយ៉ាងទន់ភ្លន់ មុននឹងនិយាយពាក្យស្វាគមន៍ទៅកាន់នាង ផ្អែមជាងកាហ្វេទឹកដោះគោនៅក្បែរចានទៀត
   "អរុណសួស្តីកូនក្រមុំផេនហោស៍ គេងលក់ស្រួលទេ?"
  "លក់ស្រួលធម្មតាទេបង ចុះបង? យ៉ាងម៉េចដែរ សុំទោសផងដែលបន្ទប់វាតុបតែងមិនសូវសក្តិសមជាមួយបងប្រុសទាំងពីរ" ហ្គ្រេយ៍ដាក់ខ្លួនបង្គុយក្បែរពួកគេ ព្រមទាំងនិយាយជាមួយស្នាមញញឹមមិនសូវសម
  " មិនអីទេ យ៉ាងហោចណាស់ក៏ល្អជាងផ្ទះបងដែរ ម្យ៉ាងទៀតបងទុកចិត្តឯង ព្រោះបើមើលទៅ គ្មានប្រុសណាមកជាន់ផ្ទះឡើយ"
  "មានតើ! ពួកយើងហ្នឹងហើយ"
  សេមនិយាយកាត់ ព្រមទាំងយកដៃមកបូតច្រមុះគ្រីស្តូហ្វើរដោយក្នាញ់ ឯម្ចាស់ផ្ទះវិញ បានត្រឹមសើចនឹងសេចក្តីសុខគូស្នេហ៍ដែលមាន។ ហ្គ្រេយ៍មានអារម្មណ៍ធូរខ្សាក រាល់សកម្មភាពកាលពីយប់មិញ គ្រាន់តែជាភាពរវើរវាយដោយសារស្រាគ្រប់គ្រងប៉ុណ្ណោះ ទើបការប្រកាន់នៅក្នុងខួរក្បាលរសាយអស់តាមខ្យល់នាពេលព្រឹកអស់ មកចាប់អារម្មណ៍តែការញ៉ាំអាហារពេលព្រឹកដាក់បំពេញចូលក្រពះ ប្រញាប់ទៅរៀន
  "បងប្រុសទៅជាមួយខ្ញុំឥឡូវ ឬក្រោយខ្ញុំ? " ហ្គ្រេយ៍សួរទៅកាន់គ្រីស
  "បន្តិចទៀត បងទៅហើយ យ៉ាងម៉េចធុញជាមួយបងមែនទេ?"
  "ប្រសិនបើខ្ញុំធុញ ខ្ញុំប្រហែលជាដេញពួកបងតាំងពីយប់មិញម្ល៉េះ!"
  " ទទួលបញ្ជាកូនក្រមុំ!"
  ហ្គ្រេយ៍ផ្ចង់អារម្មណ៍ញ៉ាំអាហារពេលព្រឹកតាមទម្លាប់ម៉ឺងម៉ាត់របស់នាង មិនបានចាប់អារម្មណ៍នឹងសេមកំពុងសម្លឹងមកនាង ក្នុងគោលបំណងចង់និយាយអ្វីមួយមកកាន់នាង
  "ហ្គ្រេយ៍!" នាងងើបមកប្រឈមមុខនឹងគេភ្លាម
  "មាត់ឯងប្រឡាក់"
   ម្រាមស្រឡូនចាប់កាន់ក្រដាសជូតមាត់ រាវរកកន្លែងប្រឡាក់តាមសេមចង្អុលគែមមាត់ស្តើងគេ។ សេមងើបរាងកាយខ្ពស់ ទាញក្រដាសពីប្រអប់ដៃតូច យកមកផ្តិតលើមាត់ឲ្យស្អាត មុននឹងបង្ហើយអាហារក្នុងចានក្នុងផ្ទៃមុខស្មើៗ
  "អរគុណហើយ"
  សេមបានត្រឹមងក់ក្បាលទទួលពាក្យអរគុណ។ គ្រីស្តូហ្វើមានទឹកមុខស្រងូតស្រងាត់មួយរំពេច បន្ទាប់ពីឃើញកាយវិការស្និទ្ធស្នាលអ្នកទាំងពីរអំបាញ់មិញ ទោះបីជាដឹងថាពួកគេជាបងប្អូនគ្នា មិនអាចរំលងបន្ទាត់ខណ្ឌ ប៉ុន្តែបេះដូងនិងខួរក្បាលព្រមគ្នា តែងតែខ្សឹបក្នុងត្រចៀកគេឲ្យប្រយ័ត្នប្រយែងនឹងក្មេងស្រីក្រមុំម្នាក់នេះ បូកផ្សំនឹងសារជាតិប្រចណ្ឌក្នុងខ្លួន រឹងរឹតឲ្យគេក្លាយជាមនុស្សស្ងាត់មួយរំពេច
   "សង្ឃឹមថាហ្គ្រេយ៍មិនក្បត់យើងចុះ"
====
  " បងទៅវិញហើយណា"
   ហ្គ្រេយ៍សម្លឹងមកមើលបងប្រុសជាបេះដូងនិងដង្ហើមដោយកែវភ្នែកនឹក មិនទាន់ដាច់ចិត្តឲ្យទៅ ប៉ុន្តែកាតព្វកិច្ចមនុស្សម្នាក់ត្រូវបំពេញមានច្រើន ទើបរាងតូចស្ទុះទៅឱបឲ្យបាត់សេចក្តីនឹក សឹមដោះលែងទៅ
  "អាទិត្យនេះបងមកលេងទៀតហើយ បើទំនេរមកលេងឲ្យយូរជាងនេះ"
  ហ្គ្រេយ៍ងក់ក្បាលដោយស្នាមញញឹម។ នាងសម្លឹងផែនខ្នងអ្នកទាំងពីរ សឹមរាងកាយតូចច្រឡឹងទៅយកឥវ៉ាន់តាមក្រោយ។

" ព្យុះស្នេហ៍ផ្តាច់ការ " -KhWhere stories live. Discover now