10

29 1 0
                                    


        នៅក្នុងបន្ទប់ងងឹត មានតែអំពូលភ្លើងពណ៌ពងមាន់ចាំងផ្លុងៗ បញ្ចាំងរាងកាយតូចច្រឡឹងតុបតែងខ្លួនយ៉ាងស្រស់ស្អាត ហើយក្នុងប្រអប់ដៃស្រឡូនគ្រប់គ្រងកែវស្រាក្រហម គ្រលែងទៅមក មុននឹងយកមកក្រេបផ្សើមបំពង់ក បង្កើនភាពជឿជាក់ក្នុងការនិយាយ
        " អ្នកនាង! ពួកខ្ញុំបានមកដល់ហើយ"
        មាឌធំឌាំងពីរនាក់ក្នុងឈុតពណ៌ខ្មៅ ដើរចូលទៅប្រឈមចៅហ្វាយស្រីយ៉ាងម៉ឺងម៉ាត់ ព្រមទាំងរក្សាទឹកមុខនឹងថ្កល់ ហាក់បញ្ជាក់ពីផ្លូវចិត្តរបស់គេសាហាវយ៉ាងណា
        " ល្អហើយដែលមក យើងចង់មកនិយាយអំពីការងារដែលត្រូវធ្វើ ហើយត្រូវធ្វើវាឲ្យឥតខ្ចោះជាទីបំផុត"
        បញ្ជារបស់នាង ហាក់ដូចជាតឹងតែងជាងពេលណាទាំងអស់ បើសម្លឹងមើលក្រសែភ្នែកមុតស្រួចដូចអំបែង បង្កប់ទៅដោយផ្សែងអាប់ខ្មៅងងឹតចេញពីចិត្តនាង
        " ចៅហ្វាយស្រីចង់ឲ្យពួកខ្ញុំធ្វើអ្វី ពួកយើងយល់ព្រមទាំងអស់"
        " យល់ព្រមជាមួយយើង ហើយត្រូវធ្វើវាឲ្យឥតខ្ចោះ យល់ដែរឬទេ?"
        ព្រូស!
        ដុំសន្លឹកលុយក្រាស់មួយ បោះលើតុហ៊ុយដីឲ្យឈ្លក់ ហាក់មិនខ្វល់ខ្វាយលើតម្លៃលុយនោះឡើយ ប៉ុន្តែខុសពីអ្នកម្ខាងទៀត ត្រេកអរទទួលយកវា ព្រោះតែដុំបាយនិងភាពអាត្មានិយមរបស់ខ្លួន ដោយគេមិនខ្វល់ថាមានរឿងអ្វីកើតឡើង ឬត្រូវរស់ត្រាំភក់បាបកម្មពីស្ថានមនុស្សលោក រហូតមកដល់ឋាននរក
        នេះជាឈាមរាវរបស់មនុស្សដែលមានគំនិតលោភលន់ ខ្វះភាពពិចារណា
        " តែក៏មានកិច្ចសន្យាដែរ ឯងត្រូវចុះដើម្បីបញ្ជាក់ពីភក្តីភាពចេញពីចិត្តរបស់ពួកឯង"
        ក្រដាសសដាមទៅដោយអក្សរខ្មៅ និយាយអំពីលក្ខខណ្ឌដ៏ឃោរឃៅសាហាវជាងសត្វធាតុទៅទៀត ប៉ុន្តែមិនទាន់អានចប់ស្រួលបួល មេដៃខាងស្តាំផ្តិតលើទឹកខ្មៅ មុននឹងប្រតាកលើក្រដាសលះបង់ក្រយ៉ៅដៃ ហាក់ចុះកិច្ចសន្យាជាមួយនរកទាំងរស់
        "ពួកឯងទៅវិញចុះ! អស់ការងារហើយ"
        "គោរពលាចៅហ្វាយ!"
        បញ្ចប់ការងាររួច ពួកគេទាំងពីរលាបំបែកទៅផ្ទះរៀងខ្លួន ឯលីលីដវិញ នាងព័ទ្ធដៃទាំងសងខាងដោយញញឹមចុងមាត់មើលផែនខ្នងពួកគេ ចម្អកអ្នកនៅបង្គាប់នាងដែលល្ងង់មិនខុសពីសត្វលា
        " សេម! នៅទីបំផុតក៏មកដល់ ចាំមើលក្តារអុកនេះនរណាជាឈ្នះ? "
        ៚
        នាឡិកាដើរមិនឈប់ពីមួយថ្ងៃទៅមួយថ្ងៃ មនុស្សបំពេញការងារប្រដេញតាមពេលវេលាមិនឈប់។ អស់រយៈមួយសប្តាហ៍អ្វីៗវិលទៅរកសភាពដើមវិញ នៅល្ងាចម៉ោង៥ នាងតូចត្រឡប់ចូលមកធ្វើការក្រៅម៉ោង ខាងផ្នែកឌីហ្សាញតាមធម្មតា ហើយម៉ារីត្រូវជាសិស្សច្បងក៏នៅកំដរនាង បែបនេះហ្គ្រេយ៍មានអារម្មណ៍ល្អនិងសុវត្ថិភាព អាចផ្តោតលើការងារទាំងនោះបាន
        " ហ្គ្រេយ៍ខានជួបគ្នាយូរ ស្អាតដូចស្រីក្រមុំអញ្ចឹង"
        " អូ៎! លូណាទេឬ? នេះឯងមកពីអង្កាល់ យើងមិនបានចាប់អារម្មណ៍សោះ"
        " យើងមកថ្មីនេះបីថ្ងៃហើយ អូ៎! សួស្តីបងម៉ារី ខ្ញុំសុំទោសដែលភ្លេចគោរពបង"
        " មិនអីទេ ជួបគ្នារាល់ថ្ងៃសោះ ចាំបាច់គោរពគ្នាធ្វើអីទេ ធម្មតាទៅ ហើយពួកឯងស្គាល់គ្នាតាំងពីពេលណា? "
        "គឺតាំងតែពីក្មេងមកម្ល៉េះ ប៉ុន្តែធំឡើងខ្ញុំបានផ្លាស់ទីលំនៅ ទើបមិនបានជួបគ្នាតាំងពីពេលនោះមក"
        លូណាសម្តែងសមនឹងតាមផែនការដែលអ្នកទាំងពីររៀបចំយ៉ាងឥតខ្ចោះ គ្មានភ្លាត់ត្រង់ណាសោះឡើយ។ ហ្គ្រេយ៍សម្លឹងទៅនាងតូចដោយស្នាមញញឹមស្រស់ ពោរពេញទៅដោយក្តីទំនុកចិត្តខ្ពស់ជាទីបំផុត។ នាងស្ថិតក្នុងឈុតអៀមក្រឡាពណ៌ត្នោត សក់ពណ៌ត្នោតចងបួងទៅលើមួយលម្អខ្សែចងសក់ពណ៌ក្រហមយ៉ាងស្អាតបាត ទាំងដែលតាមការពិតវាជាការតុបតែងបន្លំខ្លួនតែប៉ុណ្ណោះ
        " មានអ្វីឲ្យខ្ញុំជួយដែរឬទេបងស្រី?"
        "គ្មានទេ អរគុណហើយដែលមកជួយបង"
        លូណាងក់ក្បាលស្របនឹងដៃតូចព័ទ្ធទៅខាងក្រោយ សម្លឹងមើលការងាររបស់ហ្គ្រេយ៍កំពុងធ្វើយ៉ាងផ្ចិតផ្ចង់ជាទីបំផុត
        " ស័ក្តសមជាកូនក្រមុំផេនហោស៍ពិតមែន យើងមើលឯងមិនខុសមែន! "
        ថ្ងៃពុធសប្តាហ៍មុន...
        ទីង!
        សម្លេងជណ្តើរយន្តបន្លឺឡើងមក នាងក្រមុំក្នុងអាវរុំសស្បៃអូសដី ខណៈមុខនាងបំពោកឡេថែស្បែកបែបធម្មជាតិ ក៏មកទទួលស្វាគមន៍ស្រីក្រមុំតុបតែងខ្លួនគ្រហ្សេ៊ពណ៌ខ្មៅងងឹតបែបជាមនុស្សប្រុស សក់ចង់ទម្លាក់កន្ទុយចុះឡើងលើខ្ពស់ អមជាមួយអ្នកធ្វើការចំនួនប្រាំនាក់យ៉ាងម៉ឺងម៉ាត់ដាក់បង្គុយលើសាឡុងតាមអេឡានាំផ្លូវ
        " នេះឯងខានជួបគ្នាសោះ ស្អាតជាងមុនឆ្ងាយទៀត"
        " ចង់ថាយើងកាលពីមុនអាក្រក់មែនទេ? តែអរគុណហើយមិត្តដែលសរសើរ" នាងសើចបន្តិច
        " ឯងនេះមកតែងខ្លួន ឬមកនិយាយអំពីការងារយើងនេះ?" លូណាឧទានឡើងមក
        " យើងនិយាយអំពីការងារ ឯងនៅចងចាំស្រីម្នាក់ឈ្មោះលីលីដទេ? នាងត្រឡប់មកវិញហើយ"
        " យើងឮថា គេជាប់ករណីជួញដូរទាសករខុសច្បាប់ ថែមទាំងជាប់ករណីហិង្សាជាច្រើនផង បើធ្វើជាជនបង្កប់នាង វាពិបាកបន្តិចហើយ" លូណាតបទៅដោយទឹកមុខតឹងតែងជាទីបំផុត ធ្វើឲ្យហ្គ្រេយ៍គិតរកដំណោះស្រាយ
        " យើងដឹងរឿងនេះ ទើបយើងសុំជំនួយពីឯង ព្រោះបើយើងតែម្នាក់ឯងពិតជាពិបាកខ្លាំងមែនទែន! "
        " យើងដឹង លុះត្រាតែយើងបង្កើតរឿងឈ្លោះគ្នាណាមួយ ទើបផែនការមួយទៅយ៉ាងរលូន ហើយក៏ត្រូវមានមនុស្សជួយទៀត"
        " ខ្ញុំអាចចូលរួមធ្វើការបាន "
        អេឡាបោះជំហានមកធានាខ្លួន ហាក់មិនរអាជាមួយនឹងភាពគ្រោះថ្នាក់ ឯអ្នកម្ខាងវិញក៏ចំហមាត់ធ្លុង មិននឹកស្មានថាស្រីតូចដែលមានឋានៈជាអ្នកបម្រើ ហ៊ានប្រឈមមុខនឹងរឿងរ៉ាវមិនគួរឲ្យមនុស្សបរិសុទ្ធដូចជានាងជួប ហើយហ្គ្រេយ៍ជាចៅហ្វាយ ធ្លាប់តែគិតថានាងធ្វើការដើម្បីតែលុយចិញ្ចឹមជីវិតរស់លើចក្រវាល ក៏ភ្ញាក់ផ្អើលជាមួយនឹងការពលីដើម្បីចៅហ្វាយខ្លួនឲ្យយ៉ាងណាមានសុវត្ថិភាព អេឡាក្នុងនាមជាលម្អងធូលីក៏ស្លាប់បិទភ្នែកជិត វិញ្ញាណក៏ទៅរសាត់ស្ងប់ដែរ
        " ប្រាកដទេអេឡា? វាប្រថុយជាមួយនឹងជីវិតរបស់ឯង បងរបស់ឯង គាត់បារម្ភពីឯងដែរ យើងមិនចង់ឲ្យឯងលូកទឹកពុះមិនមែនខ្លាចឯងបំផ្លាញនោះទេ គឺជីវិតឯង"
        " ឯងក៏ត្រូវដឹងដែរថា ឯងនៅក្មេងណាមានផ្លូវល្អដើរច្រើន កុំយកវាមកល"
        ហ្គ្រេយ៍សង្កត់ន័យ ផ្ទុយពីរាងកាយឈរឱបដៃហាក់មិនបង្ហាញភាពតក់ស្លុតលើផ្ទៃមុខ សូម្បីតែបន្តិច
        " បងប្រុសខ្ញុំបានប្រាប់ខ្ញុំថា រឿងរ៉ាវរបស់លោកសេម គឺគាត់ដឹងទាំងអស់សូម្បីតែកន្លែងកំណើតរបស់គាត់ ព្រោះគាត់ដឹងតាមរយៈម្ចាស់ផលិតកម្មដែលគ្រប់គ្រង គេបានកត់ត្រា-"
        " ចុះមានដឹងថាហេតុអ្វីដែលឬទេ? ព្រោះខ្ញុំចង់ដឹងពីមូលហេតុមួយនេះ" ហ្គ្រេយ៍កាត់ ដោយការចង់ដឹងកន្លែងសំខាន់
        " បងប្រុសខ្ញុំមិនបានដឹងរឿងនេះទេថា ហេតុអ្វីបានជារឿងរ៉ាវលម្អិតខ្លាំងណាស់ សូម្បីតែលោកសេមមិនបានដឹងអំពីប្រវត្តិខ្លួនឯងពេញលេញផង "
        នាងក៏ងក់ក្បាល យល់អ្វីដែលនាងសំដៅទៅលើរឿងនេះ។ ហ្គ្រេយ៍ហៅអេឡាមកអង្គុយក្បែរពួកនាង ដើម្បីប្រាប់អំពីគម្រោងដែលគេចង់ធ្វើ
        " អេឡាត្រូវតែធ្វើការងារជាប្រចាំថ្ងៃ ហើយឧស្សាហ៍សួរបងប្រុស តែកុំញឹកខ្លាំងពេក ម៉ោង១២យប់ ខ្ញុំហៅមកជួបគ្នាតាមអនឡាញ បែបនេះវាស្រួលក្នុងការចាត់ការ"
        " លូណានិងខ្ញុំ ជាអ្នកគ្រប់គ្រងរឿងនេះ ក្រៅពីនោះក៏មានការបែងចែកធ្វើជាជនបង្កប់ផងដែរ"
        ពួកគេធ្វើការពិភាក្សាយ៉ាងល្អិតល្អន់ ស្វិតស្វាញជាទីបំផុត។ លីលីដ ជាមនុស្សត្រូវបានស្ថាប័នជាច្រើន ចាប់ខ្លួនជាច្រើនលើកច្រើនសា ប៉ុន្តែដោយភាពឥតខ្ចោះរបស់នាង ទើបការចាប់ខ្លួនតែងតែបរាជ័យ សូម្បីតែលិខិតឆ្លងដែន ការផាត់មុខបិទបាំងក៏ធ្វើឲ្យប៉ូលិសចាំមិនបានផងដែរ
        " ថ្វីដៃវាពិតជាខ្លាំងដល់ថ្នាក់បងគ្រីសមិនដឹងរឿងវា"
        " ដោយសារតែគេចង់រកភស្តុតាងឲ្យបានច្រើនជាងនេះ ទើបគេបិទមាត់ ប៉ុន្តែនរណាស្មានមិនដល់ទៅថាវាដឹងរឿងគ្រប់យ៉ាង ទើបភៀសខ្លួនលាក់ពួននៅប្រទេសជប៉ុន ហើយគ្មាននរណាស្វែងរកវាអស់រយៈពេលមួយឆ្នាំ "
        "ទោះវាប្រឹងបិទបាំងកន្លែងណា ក៏យើងដឹងថាជាវាដែរ នោះគឺមាត់របស់វា!"
        " ចុះមានផែនការហើយឬនៅ?" លូណាសួរដោយចង់ដឹង
        " Party!"
        ៚

" ព្យុះស្នេហ៍ផ្តាច់ការ " -KhWhere stories live. Discover now