ចាប់តាំងពីថ្ងៃដែល ឃូ អ៊ីនហ្វាន បង្ហាញការខឹងសម្បារមកកាន់គេក្នុងឆ្នាំនោះ ហុីសុឹង សម្រេចចិត្តត្រឡប់មកប្រទេសកូរ៉េវិញដោយតាំងចិត្តថាមិនត្រឡប់ទៅជាន់ទឹកដីសៀងហៃទៀតឡើយព្រោះរបួសចាស់នៅតែមិនអាចសាបរលាបទោះបីវាកន្លងមកមួយឆ្នាំជាងក៏ដោយចុះ។សម្រាប់គេ គេនៅតែមានអារម្មណ៍ថាទើបតែកើតឡើងកាលពីម្សិលមិញនេះឯង។នាងពិតជាចិត្តដាច់ខ្លាំងណាស់ថ្ងៃនោះបញ្ចក់យ៉ាងច្បាស់ថាមនុស្សដែលសំខាន់ក្នុងចិត្តនាងគឺបងប្រុសរបស់គេហើយកាន់តែឈឺចិត្តទៀតនោះនាងរៀបការយ៉ាងផ្អែមល្ហែមម្ដងទៀតជាមួយ លី ហ៊ូហ្សុី ទុកឲ្យមនុស្សប្រុសដែលមិនធ្លាប់គិតថាឈប់ស្រឡាញ់នាងត្រូវឈឺចាប់ប្រៀបដូចជាផ្លែព្រួញរាប់រយចាក់ទម្លុះសាច់សុះសាយគ្មានសល់ចន្លោះ។
វឹប វឹប សម្លេងខ្យល់បកបោកសម្រុកព្រួតគ្នាហាក់កំពុងតែដណ្ដើមគ្នាវាយប្រហារទៅប៉ះរាងកាយបុរសសង្ហារាងខ្ពស់ស្រឡះសម្បុលសម៉ត់ដូចព្រិល ដែលកំពុងតែឈរសញ្ចឹងគិតពីអ្វីម្យ៉ាងនៅមុខវេរ៉ង់ដាក្នុងបន្ទប់ ផ្ទៃមុខសង្ហាសាកសមទៅនឹងស្ដង់ដារបុរសក្នុងប្រទេសកូរ៉េខាងត្បូងមើលពីជ្រុងណាក៏មិនអាចបាត់ភាពស្រស់ត្រកាលមួយនេះ។បបូមាត់ស្ដើងស្អាតផរផង់ប្រៀបដូចជាមនុស្សស្រីច្រមុះខ្ពស់សាកសមជាមួយភ្នែកតូចមិនតូចធំមិនធំសមល្មមជាមួយចិញ្ចើមក្រាស់តែលកាត់តម្រឹមស្មើរគ្នាគួរឲ្យចង់គយគន់មិនចង់ដកភ្នែក បើគ្មាននរណាម្នាក់ប្រាប់ថាជាបុរសធម្មតាម្នាក់គ្រប់គ្នាអាចយល់ច្រឡំថាគេម្នាក់នេះជាSuperstarក៏ថាបាន។
«អ្ហឹម...»យូៗម្ដងអ្នកកម្លោះដកដង្ហើមធំដូចកំពុងតែមានទុក្ខកង្វល់នៅពេញទ្រូងរបស់គេក្នុងខណៈនេះ?
«ហុីសុឹង...»គ្រប់យ៉ាងត្រូវកាត់ផ្ដាច់ដោយសម្លេងស្រួយស្រិបរបស់នារីស្រស់ស្អាតម្នាក់ដែលឈរពីក្រោយខ្នងធំហៅឈ្មោះគេខ្លាំងៗ ទើបគេសម្រេចចិត្តងាកទៅមើលនាងភ្លាមៗទាំងជ្រួញចិញ្ចើមធុញទ្រាន់។
«មានអ្វីមែនទេ?»ហុីសុឹង សួរទៅកាន់នាងទាំងសង្គ្រឺតធ្មេញព្រោះអ្នកដែលហៅឈ្មោះគេពេញៗមាត់នោះជាភរិយាកំពូលសម្អប់របស់គេ ពេលខ្លះនឹកគិតមិនបន្ទោសនាងមិនបានពិតមែន។
«ស្អែកម៉ាក់របស់លោកឲ្យពួកយើងទៅញាំអាហារពេលល្ងាជជាមួយគ្នា»នាងប្រាប់គេធម្មតាៗទាំងទឹកមុខងាប់មិនរាប់ញាតិកុំថាឡើយតែគេនាងក៏ដូចគ្នាដែរ ធុញទ្រាន់ជាមួយវត្តមានស្វាមីស្របច្បាប់មួយរូបនេះខ្លាំងបំផុត។
«ជុង យូរី នាងទៅលេងល្បិចអ្វីទៀតហើយ?»ហុីសុឹង ដើរទៅជិតចាប់ដើមដៃនាងតូចជាប់ក្រខ្សែភ្នែកពពេញទៅដោយកម្ដៅនៃកំហឹង ដំបូងគិតថានៅស្ងៀមៗមិនចង់ធ្វើអ្វីទាំងអស់ដាក់នាង ប៉ុន្តែទង្វើនាងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែហួសហេតុ។នាងពូកែរករឿងឆ្កើសឆ្កៀលគេមិនឈប់?តើក្រៅពីព្រះមានអ្នកណាដែលអាចធ្វើចិត្តត្រជាក់បានទៀតនោះ?កាន់តែគិតកាន់តែស្អប់។
«លែង!»នាងតូចដែលមានកម្ពស់ត្រឹមស្មាគេ ងើយសម្លក់គេថ្លែមុននិងព្យាយាមរមួលចេញពីការចាប់រឹតពីបុរសកំណាចនៅចំពោះមុខ។យូរី ប្រើសម្ដីខ្លីៗដើម្បីបញ្ចាគេឲ្យដោះលែងនាងប៉ុន្តែមនុស្សមានចិត្តចង់ឈ្នះនាងតាំងពីដំបូងដូចជាគេ ព្រមដោះលែងងាយៗមែនទេ?
«ឆើស!ស្រីមានល្បិចច្រើមដូចជានាងគិតថាខ្ញុំចង់ប៉ះពាល់ណាស់មែនទេ?»បុរសមាឌមាំចាប់ក្រញាំដើមដៃតូចស្រឡូនទាំងពីទាញឲ្យមកក្បែរខ្លួន គេញោញចុងមាត់ឱទៅនិយាយក្បែរមុខនាងម៉ាល្មមស្ដាប់ឮតែពីរនាក់។ យូរី ងើយមើលមុខគេទាំងគ្មានព្រឹត្តិកម្មអ្វីទាំងអស់ក្រខ្សែភ្នែកនាងទទេរស្អាតដូចគ្មានឈឺចាប់ជាមួយសំដីដែលគេខ្ចាក់ចេញមកខាងក្រៅទាល់តែសោះ ផ្ទុយទៅវិញនាងបែរជាចាប់ទាញដៃមាំបេះចេញពីដើមដៃនាងដោយមិនក្រែងញញើតសូម្បីតែបន្តិច។
«...»មនុស្សស្រីឈាមត្រជាក់ដូចជានាងសុខចិត្តមិនហើបមាត់និយាយបកស្រាយសូម្បីតែមួយពាក្យមួយតួអក្សរដែលគេកំពុងតែយល់ច្រលំ។
«ហឹស!ពិសពុលមានល្បិចរាប់រយជំពូក ឆើស ពេលខ្លះខ្ញុំអត់សរសើរនាងមិនបានពិតមែន ជុង យូរី តាមការពិតនៅតែពីរនាក់មិនបាច់ប្រឹងសម្ដែងក៏បានដែរ»សម្ដីសាបដូចទឹកទន្លេរបស់គេជះរះកណ្ដាលមុខនាង ស្របពេលដៃប្រលែងចេញពីដើមដៃតូចរហ័សដូចកំពុងតែចាប់ភ្លើងក្ដៅរួចត្រូវប្រញាប់ប្រលែងដើម្បីរួចផុតពីការឈឺចាប់។
«គ្មានពេលកំដរលោកឈ្លោះ..»សម្ដីដាច់ៗរបស់នាងធ្វើឲ្យគេក្ដៅងំដូចរងើកភ្លើងនៅក្នុងឡរាប់រយអង្សាពិបាកក្នុងការពន្លត់។
«សួរត្រង់ៗនាងមានដែលដឹងពីកំហុសខ្លួនឯងដែរ?»ហុីសុឹង សួរទៅកាន់នាងដោយសម្លេងត្រជាក់ស្រេបខណៈក្នុងទ្រូងរបស់គេពេលនេះកំពុងតែឆេះឆួលសន្ធោសន្ធៅ។
«ហេតុអ្វីត្រូវដឹងកំហុស?»យូរី ជ្រួញចិញ្ចើមសួរបកគេហាក់ដូចមិនដឹងខ្យល់អ្វី?
«ជុង យូរី»លី ហុីសុឹង សង្គ្រឺតធ្មេញមើលមុខនាងទាំងភ្នែកក្រហមងាំ។ហេតុអ្វីនាងជាមនុស្សបែបនេះ?ជាមនុស្សស្រីគួរឲ្យស្អប់បំផុតដែលគេមិនធ្លាប់ជួបប្រទះ ពាក្យសំដីនាងចេញមកដូចមនុស្សបាត់បង់ការចងចាំទាំងដែលនាងខ្លួនឯងយល់ច្បាស់ជាងនរណាទាំងអស់?
«លោកហៅឈ្មោះខ្ញុំមករយៈពេលពីរឆ្នាំជាងហើយ មិនធុញខ្លះទេឬ?»នាងតូចសួរគេហាក់ដូចជារឿងកំប្លែង ប៉ុន្តែនរណាទៅដឹងថាស្វាមីនាងខឹងឡើងមុខក្រហមដូចមនុស្សទើបញាំហិរមករួចថ្មីៗ។
ទឹប
ហុីសុឹង ចាប់ដើមដៃតូចផ្នែកខាងស្ដាំពេញទំហឹងធ្វើឲ្យនាងទប់លំនឹងមិនជាប់បុកប៉ះទ្រូងមាំទូលាយឮសូរសម្លេងឡើងមក។រាងកាយទាំងពីរតទាល់គ្នាដោយមិនបានព្រៀងទុក ធ្វើឲ្យបេះដូងតូចៗរបស់ភរិយាលោកឌុបឌាក់ៗគួរឲ្យអាម៉ាស់ផ្ទុយពីគេដែលគិតតែពីសម្លឹងមើលមុខនាងពពេញដោយកំហឹងលែងចាប់ភ្លឹកនិងអ្វីទាំងអស់។
«នាងជាមនុស្សស្រីដែលសាហាវបំផុតក្នុងលោក នាងធ្វើឲ្យអ្នកដទៃឈឺចាប់ហើយនៅមុខក្រាស់មិនដឹងពីកំហុសខ្លួនឯងទៀត?សួរត្រង់នៅមានភាពជាមនុស្សក្នុងខ្លួនដែរទេ?»
«..?»នាងតូចធ្វើមុខឆ្ងល់ៗស្ដាប់សំដីចាក់ដោតរបស់គេដូចមិនចូលត្រចៀកសោះ សកម្មភាពនាងបែបនេះគេកាន់តែសង្គ្រឺតធ្មេញលើសដើមអត់ម៉ួម៉ៅមិនបាន គេប្រឹងដៀលនាងថ្នាក់នេះហើយមើលទៅនាងដូចធម្មតាៗមិនបានយល់ពីអ្វីដែលគេនិយាយទាល់តែសោះ?
«កុំមកសម្ដែងធ្វើជាមិនចូលត្រចៀក ជុង យូរី ស្រីពិសពុល»អ្នកកម្លោះខាំធ្មេញនិយាយខ្លាំងៗដាក់មុខនាង ធ្វើឲ្យកូនមាន់តូចមានអារម្មណ៍កញ្ច្រោលឡើងបន្តិចម្ដងៗ។
«លែង ហឹស!មនុស្សកំសាកដូចជាលោកសមនិងទទួលបានការឈឺចាប់បែបនេះហើយ»យូរី រុញស្វាមីពេញទំហឹងធ្វើឲ្យរាងកាយមាំទាំត្រូវខ្ទាតទៅជ្រុងម្ខាងបន្តិចប៉ុន្តែគេនៅមានលំនឹងអាចទប់ជាប់បាន។
«ហឹស ហឹស ល្អចេញធាតុពិតបែបនេះស្រួលនិយាយគ្នាបន្តិច តាមការពិតពេលនៅជាមួយខ្ញុំនាងគួរតែបង្ហាញរូបរាងពិតប្រាកដមួយចេញមកខាងក្រៅមិនចាំបាច់បន្លំខ្លួនធ្វើជាទេពធីតាឬក្មេងតូចមិនដឹងអ្វីនោះទេ»
YOU ARE READING
🌼ល្បិចស្នេហ៍ភរិយាស្របច្បាប់🌼
Fantasy[នាងជាស្រីមានល្បិច គេជាប្រុសរស់នៅក្នុងអតីត] លី ហុីស៊ឹង. ជុង យូរី