- ម៉ែ! ខ្ញុំទៅសាលាមួយភ្លែត... (ចាន់ស្ពាយកាតាបរត់ចេញពីក្នុងផ្ទះមក)
- ចាន់អ្ហា! ឆាប់មកវិញណាកូន?
- បាទ! បន្តិចទៀតខ្ញុំមកវិញហើយ...
និយាយហើយ ចាន់រត់ទៅខ្ចីកង់អ្នកជិតខាង ទើបធាក់កង់យ៉ាងលឿនដើម្បីទៅជួបស្រីនាថ ព្រោះជិតដល់ម៉ោងណាត់ជួបទៅហើយ។ លុះជិះបានឆ្ងាយបន្តិច ចាន់ក៏ឈប់កង់...
- នេះ! កង់នេះ... កង់នេះដូចជាកង់របស់បងស្រីដែនម៉េះ?
ពេលនោះ ចាន់បានឃើញកង់របស់ស្រីដែនដែលជាបងស្រីរបស់ស្រីនាថ ដួលនៅលើវាលស្មៅ នៅមិនឆ្ងាយប៉ុន្មានពីផ្លូវ។ ចាន់ចុះពីកង់ ហើយក៏ដើរថ្មមៗទៅកាន់កង់មួយនោះ...
- ជួយផង... (សម្លេងមនុស្សស្រីម្នាក់ស្រែកឡើងមួយភ្លែតហើយក៏ស្ងាត់ទៅវិញ)
- មានរឿងអីអញ្ចេះ? តិចលោខ្មោចលងទេដឹង?
ចាន់បន្តដើរទៅមុខទៀតដើម្បីទៅកាន់កន្លែងដែលសម្លេងនោះចេញមក។ ពេលទៅដល់កន្លែងនោះ ចាន់ក៏ឃើញស្រីដែនកំពុងដេកសន្លប់ស្តូកស្តឹងនៅជិតដើមស្វាយមួយដើម...
- បងដែន? បងដែន... (ចាន់និយាយបណ្តើររត់ទៅកន្លែងនាងបណ្តើរ)
ទៅដល់កន្លែងនាងហើយ ចាន់ក៏ចាប់ស្រីដែនអង្រួនឲដឹងខ្លួន ប៉ុន្តែពេលនោះស្រាប់តែមានបុរសម្នាក់ដែលកំពុងលាក់ខ្លួននៅពីក្រោយដើមស្វាយនបានយកខ្សែគោមកទាក់ករបស់ចាន់។
ចាន់ខំរើដែរប៉ុន្តែដោយសារបុរសនោះមានកម្លាំងជាង ទើបធ្វើគេស្លាប់។ បុរសម្នាក់នោះបានរៀបចំធ្វើឲដូចជាចាន់បានចាប់រំលោភស្រីដែន ហើយសម្លាប់ខ្លួនអញ្ចឹង។ បន្ទាប់មកគេក៏ទូរស័ព្ទទៅប្រាប់ប៉ូលីសថាគេបានឃើញមនុស្សចងកសម្លាប់ខ្លួន។ និយាយពីស្រីនាថឯណោះវិញ ចាំចាន់ហួសពេលណាត់មួយម៉ោងហើយនៅតែមិនឃើញ នាងក៏សម្រេចចិត្តទៅមន្ទីពេទ្យតែម្នាក់ឯង...
- អ្នកគ្រូពេទ្យ! ខ្ញុំមកពិនិត្យផ្ទៃពោះ...
- ចាស? ប្អូនឯងមិនមែនមកច្រឡំទេអ្ហេ? ក្មេងល្ហក់ម៉េចក៏?
- ខ្ញុំអត់ច្រឡំទេ អ្នកគ្រូ...
- អ្ហើយ! យ៉ាប់ណាស់ ក្មេងសម័យនេះ...
- ចាស?
- អត់មានអីទេ... អូនចូលមកក្នុងមក ចាំបងពិនិត្យឲ...
អ្នកគ្រូពេទ្យពិនិត្យហើយក៏និយាយជាមួយស្រីនាថ...
- អូនឯង... (គ្រូពេទ្យនិយាយបានប៉ុណ្ណឹង ស្រីនាថក៏និយាយកាត់)
- ខ្ញុំមានកូនប៉ុន្មានខែហើយអ្នកគ្រូ? បីខែហើយមែនទេ?
- អត់ទេ! ប្អូនឯងគ្មានកូនអីនោះទេ... (គ្រូពេទ្យនិយាយទាំងអស់សំណើច)
- ចាស? ម៉េចអញ្ចឹងអ្នកគ្រូ? ពោះខ្ញុំធំយ៉ាងហ្នឹងទៅហើយ...
- នេះបណ្តាលមកពីប្អូនឯងមានសាច់ហ្នឹងណា...
- ចាស? មានសាច់អីទៅអ្នកគ្រូ?
- និយាយឲស្រួលស្តាប់ទៅ គឺអូនឯងធាត់ ឬហៅម្យ៉ាងទៀតថាឡើងទម្ងន់...
- ចាស? អញ្ចឹងមកពីខ្ញុំធាត់ទេ?
![](https://img.wattpad.com/cover/153903613-288-k590945.jpg)