- អ្នកគ្រូ ឯណារង្វាន់?
- អ! នេះស្ករគ្រាប់...
ស្រីដែនយកស្ករគ្រាប់ពីក្នុងកាតាមមកឲស្រីនាថពីរគ្រាប់ ហើយក៏ឲចាន់មួយគ្រាប់។ បន្ទាប់មក នាងក៏ឲពួកគេទាំងពីរចូលទៅអង្គុយកន្លែងវិញ ហើយក៏ដល់ម៉ោងចេញលេងល្មម...
- ចាន់? ម៉េចក៏ឯងធ្វើចាញ់ស្រីអញ្ចឹងអ្ហា? (កុម្ភៈនិយាយ)
- អាណាទៅដឹង បើនាងធ្វើលឿងដូចព្យុះអញ្ចឹង...
ចាន់ធ្វើមុខក្រម៉ូវ ហើយសម្លឹងទៅស្រីនាថ។ គាប់ជួនពេលនោះ ចន្ថាសម្លឹងមកឃើញ នាងក៏កេះប្រាប់ស្រីនាថ...
- នែ! មើលគេសម្លក់ឯងណោះ?
- នណាគេ? (ស្រីនាថនិយាយ)
- នោះ... ម្នាក់អីធ្វើលំហាត់ប្រណាំងឯងមិញហ្នឹង...
- អ! គេអ្ហេ?
ពេលចាន់ឃើញស្រីដែនបែរមក គេក៏ឈប់មើលទៅនាង ហើយក៏ដេកក្រាបនៅលើតុ...
- ម៉េចហើយ អ្នកកម្លោះ? អស់កម្លាំងរលីងហើយមែន? (កុម្ភៈនិយាយ)
- អ៊ីម... អស់រលីងតែម្តង...
- នៅចាំហ្នឹងសិនហើយ អញ្ចឹង...
កុម្ភៈនិយាយហើយ គេក៏រត់ទៅក្រៅ ទៅទិញទឹកអំពៅពីរថង់មកឲចាន់មួយ ខ្លួនគេមួយដែរ។ នៅពេលដែលពួកគេកំពុងផឹកទឹកអំពៅ ចាន់ក៏ឃើញឈូវិតដែលជាប្រធានថ្នាក់ ឈរនិយាយជាមួយស្រីនាថនៅតុរបស់នាង...
- ស្រីនាថឯងជួយបង្រៀនគណិតខ្ញុំបន្តិចបានទេ? ចាំខ្ញុំឲលុយ... (ឈូវិតនិយាយ)
- ចាស? ឲខ្ញុំបង្រៀន?
- បាទ...
- មានអី អញ្ចឹង តែឲប៉ុន្មានដែរ? (ស្រីនាថញញឹម)
ដល់ពេលត្រឡប់ទៅផ្ទះវិញ ពេលស្រីនាថបណ្តើរកង់ចេញពីសាលា នាងក៏ឃើញអ្នកគ្រូស្រីដែនដែលជាបងស្រីរបស់នាងកំពុងបណ្តើរកង់នៅមុខនាង...
- បងស្រី...
- ម៉េចហ្នឹង? ថ្ងៃនេះលោតែហៅបងស្រីនៅសាលាអញ្ចឹង? (ស្រីដែនញញឹម)
- ក្រែងពួកយើងចេញពីរៀនហើយតើ...
- បងថាលេងតើ... (ស្រីដែនក៏សើច)