រីករាយក្នុងការអាន♡︎
ពេលរាត្រីកាលក៏បានឈានចូលមកដល់ ធ្វើឲ្យអាកាសធាតុកាន់តែត្រជាក់ខ្លាំងឡើង ក៏ប៉ុន្តែមិនបានបង្កភាពត្រជាក់ដល់គូស្នេហ៍ដែលកំពុងគេងអោបគ្នាយ៉ាងស្អិតរមួតនៅលើគ្រែធំទូលាយនៅក្នុងបន្ទប់ខុនដូរនោះដែរ ។
បន្ទាប់ពីមានភាពរកាំរកូសនឹងគ្នាបន្តិចបន្តួច ពួកគេក៏បានសម្របសម្រួលគ្នាវិញ ភាពយល់ច្រឡំអាចបង្កឲ្យមានទំនាស់ ប៉ុន្តែបើពួកគេព្រមស្តាប់ហេតុផលគ្នានោះ បញ្ហាគឺអាចដោះស្រាយបាន ដូចជាពេលនេះអញ្ចឹង ។
" បងជារបស់អូនតែម្នាក់គត់ អ្នកណាក៏គ្មានសិទ្ធិបានបងដែរ " ជុងហ្គុកបន្លឺឡើងតិចៗខណៈខ្លួនកំពុងគេងកើយលើទ្រូងនាយកម្លោះដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់ ដៃក៏អោបក្រសោបរាងកាយថេហ្យុងកាន់តែណែនខ្លាំងឡើង អារម្មណ៍ហួងហែងក៏បង្ហាញមកច្បាស់ៗតាមរយៈកែវភ្នែកថ្លាយ៉ង់ដែលសំឡឹងមើលថេហ្យុង នៅចំពោះមុខថេហ្យុង ជុងហ្គុកអាចជាមនុស្សដែលស្ងប់ស្ងាត់ គួរឲ្យស្រឡាញ់ ប៉ុន្តែអ្នកណាទៅដឹងទៅថារាងតូចម្នាក់នេះលាក់អារម្មណ៍អ្វីខ្លះនៅក្នុងខ្លួននោះ ។
ថ្ងៃបន្ទាប់
ថេហ្យុងមកធ្វើការទាំងអារម្មណ៍ល្អ ព្រោះតែបានផ្សះផ្សាគ្នាជាមួយជុងហ្គុកហើយ នាយកម្លោះដើរចូលមកក្នុងក្រុមហ៊ុនទាំងស្នាមញញឹម តែស្នាមញញឹមក៏ត្រូវរលុបបាត់ កាលបើមានអ្នកមករាយការណ៍ពីដំណឹងមិនល្អប្រាប់ដល់គេ ។
" នាងនៅឯណា? " ថេហ្យុងដើរយ៉ាងញាប់រន្ថឺនទៅតាមបុគ្គលិករបស់ខ្លួនដែលកំពុងនាំផ្លូវ ខណៈគេកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យមួយកន្លែង
" មានរឿងអីកើតឡើងចំពោះនាង? " ថេហ្យុងចោទសំណួរសួរឡើង ឈានជើងមួយៗទៅជិតនាងក្រមុំដែលជាលេខារបស់ខ្លួន កំពុងតែគេងស្តូកស្តឹងនៅលើគ្រែអ្នកជំងឺ ផ្ទៃមុខឡើងហើម ឃើញស្នាមម្រាមដៃនៅលើមុខច្បាស់ៗ
" ខ្ញុំមិនដឹងនោះទេលោកប្រធាន ពេលដែលខ្ញុំទៅរកនាងនៅឯខុនដូររបស់នាងកាលពីព្រឹកមិញ ក៏ឃើញនាងនៅក្នុងសភាពបែបនេះទៅហើយ " បុគ្គលិកស្រីដែលជាមិត្តរបស់នាងក្រមុំក៏រៀបរាប់តាមដំណើររឿង ថេហ្យុងក៏បានត្រឹមតែអង្គុយស្តាប់យ៉ាងស្ងប់ស្ងាត់ ព្រោះមិនដឹងថាអ្នកណាជាអ្នកបង្ក មានតែរង់ចាំដល់លេខារបស់គេដឹងខ្លួនតែប៉ុណ្ណោះ ។