ភាគ១៥: ភាពភ័យខ្លាចនៃការបាត់បង់

1.8K 150 1
                                    

      នាព្រឹកថ្ងៃអាទិត្យជាធម្មតាសាលាតែងមានសភាពស្ងប់ស្ងាត់ ប៉ុន្តែថ្ងៃនេះបែបជាអ៊ូអរខុសពីសព្វមួយដង ព្រោះតែជាព្រឹកដំបូងដែលត្រូវបើកបន្ថែមម៉ោងរៀនតន្រ្តីសម្រាប់សិស្សដែលស្រឡាញ់ខាងសិល្បៈ។ បន្ទប់តន្រ្តីត្រូវបានតុបតែងរៀបចំដេគ័រចេញជារូបរាងថ្មី គួរជាទីគយគន់នឹងគួរអោយចង់រៀន។ ឧបករណ៍ដែលខូចត្រូវបានសម្អាតនឹងជួលជុសឡើងវិញត្រឹមតែរយះពេលប៉ុន្មានថ្ងៃ។
      ក្នុងបន្ទប់តន្រ្តីលឺសំឡេងរញ៉េរញ៉ៃដែលស្តាប់មើលទៅដូចជាមានមនុស្សច្រើននាក់ តែបើតាមរាប់អោយជាក់លាក់វិញ គឺមានតែ៦នាក់ប៉ុណ្ណោះ។ ថេយ៉ុង ជីមីន លោកគ្រូយ៉ុនហ្គី នឹង ឆារ៉ូជាមួយគ្នីគ្នានាងពីរនាក់ទៀត។ សិស្សភាគច្រើននៅទីនេះ មិនសូវជាមានអ្នកណាចូលចិត្តតន្រ្តីនោះទេ ទើបមិនចង់មកចូលរួម ព្រោះតែពួកគេគិតថាវាគ្មានប្រយោជន៍។
      ជីមីនដើរគេចចេញពីសំឡេងរញ៉េរញ៉ៃដែលដណ្តើមគ្នារើសឧបករណ៍តន្រ្តី។ ដោយសារតែលោកគ្រូហ្គីតម្រូវអោយពួកគេ រើសយកឧបករណ៍តន្រី្តសម្រាប់ខ្លួនចូលចិត្ត។ រាងល្អិតជីមីនអង្គុយចុះលើកៅអ៊ីមុខព្យាណូ គេចាប់អារម្មណ៍ជាមួយឧបករណ៍មួយនេះតាំងតែពីដំបូង។ ដៃស្រឡូនរបស់គេ ចុចមួយៗ ដាច់ៗទៅលើខ្ទង់ព្យាណូ ថែមទាំងសង្កត់ខ្លាំងៗព្រោះតែខ្លាចវាមិនលឺសំឡេង។ បើមិនប្រាប់ក៏អាចស្មានដឹងថានេះជាលើកដំបូងរបស់គេ។
« គេមិនមែនចុចតែម្រាមមួយបែបនេះទេ ម្រាមដៃទាំងអស់ត្រូវយកវាមកប្រើការ »
« អុស៎ លោកគ្រូ » ជីមីនភ្ញាក់ព្រឺតពេលដែលលឺសំឡេងលោកគ្រូ មិនដឹងថាគាត់មកឈរពីក្រោយខ្នងរបស់គេតាំងពីពេលណា។ លោកគ្រូហ្គីចំកោងខ្នង រួចងាកមកនិយាយជាមួយជីមីន អោយគេធ្វើតាមដៃរបស់គាត់។
« ជាដំបូងដាក់ដៃរបស់ឯងលើខ្ទង់ព្យាណូដោយអោយម្រាមដៃរបស់ឯងប៉ះចំណុចកណ្តាលនៃតំបន់ដ៏ធំនៅលើខ្ទង់ពណ៍សនេះ » មិននិយាយតែមាត់ យ៉ុនហ្គីក៏បានទម្លាក់ដៃលើខ្ទង់ព្យាណូបង្ហាញកូនសិស្ស។  ជីមីនភ្លឹកមើលមុខលោកគ្រូ រហូតដល់មិនបានយកចិត្តស្តាប់ការពន្យល់ណែនាំ។ មុខរបស់លោកគ្រូហ្គីពិតជាលេចធ្លោខ្លាំងណាស់ បើទោះបីជាមិនបំពាក់ស្នាមញញឹមលើផ្ទៃមុខក៏ដោយ ហេតុដូចនេះហើយបានជាមិត្តរបស់គេលង់ស្នេហ៍លោកគ្រូដល់ថ្នាក់នេះ។
« ស្តាប់យល់ទេ? » លោកគ្រូហ្គីងាកមកសួរបញ្ជាក់ ខ្លាចមុននេះកូនសិស្សស្តាប់មិនយល់ ឬមិនទាន់។
« បា..បាទលោកគ្រូ? »
« សប្តាហ៍ក្រោយគ្រូនឹងបង្រៀនអោយកាន់តែសុីជម្រៅជាងនេះ សប្តាហ៍នេះគ្រាន់តែជ្រើសរើសឧបករណ៍សិនទៅចុះ »
« បាទលោកគ្រូ »  លោកគ្រូហ្គីដើរចេញទៅផុត ជីមីនអេសក្បាលខ្វោកៗមើលមកព្យាណូ។ មុននេះមិនដឹងលោកគ្រូនិយាយអ្វីខ្លះទេ គេមិនបានយកចិត្តទុកដាក់ស្តាប់សោះ។
« ហុីយមិនដឹងអាមួយណាលេងស្រួលជាងគេទេ » ថេយ៉ុងស្វែងរកឧបករណ៍ពេញបន្ទប់តន្រ្តីនៅតែមិនពេញចិត្តដដែល គ្មានអ្វីដែលគួរអោយចាប់អារម្មណ៍សោះ។
« យកស្គរឥឡូវ » គេសម្លឹងមើលស្គរ ហើយក៏គិតថាគ្មានអ្វីដែលស្រួលជាងវាយស្គរទេ។
« សាកមួយនេះទៅមើល »  លោកគ្រូហ្គីហុចរីយូឡុងពណ៌ត្នោតរលោងព្រិលទៅអោយថេយ៉ុង។
« អរគុណលោកគ្រូ » ថេយ៉ុងទទួលយកវីយូឡុងពីដៃលោកគ្រូយកក្តីអំណរ។ គ្រាន់តែក្រឡេកឃើញភ្លាមក៏ជាប់ចិត្តភ្លែត។ បើទោះបីជាគេមិនដឹងថាឧបករណ៍នេះលេងរបៀបម៉េចក៏ដោយ អោយតែជារបស់លោកគ្រូហ្គីប្រគល់អោយ គេពេញចិត្តទាំងអស់។
« លោកគ្រូ ចុះឆារ៉ូនោះ? » ឆារ៉ូចូលមកអោបដៃលោកគ្រូ ធ្វើភ្នែកម៉កៗ។ យ៉ុនហ្គីបេះដៃនាងចេញ និយាយដោយទឹកមុខរាបស្មើ៖
« ចាំគ្រូរកអោយ »
« ចាស៎ »  ឆារ៉ូញញឹមឌឺដាក់ថេយ៉ុង រួចរហ័សដើរតាមពីក្រោយលោកគ្រូហ្គី ដោយមានមិត្តនាងពីរនាក់ទៀតដើរតាមត្រុកៗ។
« ដូចឈ្លើង » ថេយ៉ុងក្តាប់មាត់ មើលឆារ៉ូដើរតាមក្រោយលោកគ្រូ។
រាងតូចថេយ៉ុងដើរច្រៀងតាមភ្លឺស្រែ ទាំងអារម្មណ៍ល្អ បន្ទាប់ពីបញ្ចប់ម៉ោងតន្រ្តីរួចមក មុខស្រស់ស្រាយតែម្តង។
« ពុក ម៉ែហៅអោយទៅពិសារបាយ » នាយតូចស្រែកដង្ហោយហៅឪពុកតាំងពីចម្ងាយ។  អ៊ំគីមដែលកំពុងកាប់ដីបង្ហូរទឹកចេញពីស្រែក៏ឈប់ផ្អាក រួចងាកមើលតាមសំឡេងដែលហៅមុននេះ។ គាត់បញ្ជេញស្នាមញញឹម លើកដៃជូតញើសដែលហូរកក្លាក់នោះ។ បុរសចំណាស់មើលកូនពីចម្ងាយ ស្រាប់តែងងឹតមុខឈឹង ដួលខ្ពោកទៅលើដី។
« ពុក! » ថេយ៉ុងផ្លាត់សំឡេង រត់កាត់ស្រែទៅត្រកងឪពុក។
« ហុឹកៗ ពុក » ថេយ៉ុងអង្គុយរងាស់យំតាំងពីល្ងាចរហូតដល់យប់។ តាំងតែពីបញ្ជូលអ៊ំគីមទៅមន្ទីពេទ្យ រហូតដល់បញ្ជូលមកផ្ទះវិញហើយ គេនៅតែយំមិនឈប់។ គេខ្លាចខ្លាំងណាស់ ខ្លាចថាគាត់នឹងចាកចេញពីគេ។
« ឈប់យំទៅកូន ពុកមានបានកើតអីឯងណា »
« ហុឹកៗ » ថេយ៉ុងលើកដៃប៉ាត់ទឹកភ្នែកចេញ រួចច្របាច់ដៃជើងអោយឪពុកទាំងនៅអណ្តឺតអណ្តក់។ អ៊ំគីមឃើញបែបនេះហើយ ក៏លួចបន្ទោសខ្លួនឯង ដែលធ្វើអោយកូនបារម្ភ។ សំណាងហើយដែលគាាត់មិនបានកើតអ្វីធ្ងន់ធ្ងរ គ្រាន់តែខ្សោយ គ្មានកម្លាំងកំហែង ទើបដួលសន្លប់បែបនេះ។ ចាស់ហើយកម្លាំងក៏កាន់តែចុះខ្សោយ គ្រាន់តែនៅហាលថ្ងៃតែបន្តិចក៏ងងឹងមុខឈឹង។
« ទៅគេងទៅកូនយប់ជ្រៅហើយ » អ៊ំគីមអង្អែលក្បាលកូនថ្នមៗ ដេញអោយកូនទៅគេង។
« អត់ទេកូនចង់នៅក្បែរពុក ចង់គេងអោបពុក » នាយតូចគ្រវីក្បាលតតាក់ មិនព្រមទៅគេងក្នុងបន្ទប់ខ្លួនឯង។
« ទៅគេងទៅកូន ពុកកូនរល្វើយហើយអោយគាត់សម្រាកអោយបានគ្រប់គ្រាន់ » ថេយ៉ុងងាកមើលមុខម្តាយ ទើបងាកមកនិយាយជាមួយឪពុកចុងក្រោយមុននឹងទៅបន្ទប់ខ្លួនវិញ។
« ពុកកុំទៅណាចោលកូនណា សន្យាត្រូវនៅជាក្បែរកូនជារៀងរហូត»
« ពុកប្រាកដជានៅក្បែរកូនជារៀងរហូត មិនទៅណាចោលកូនឡើយ » អ៊ំគីមញញឹមស្រាលៗដាក់កូន។ ឪពុកកូនទាំងវិញស្រាប់តែធ្វើអោយជុងហ្គុកដែលឈរមើលក្បែរទ្វារនោះ នឹកដល់លោកប៉ាគេជាខ្លាំង។ តាំងពីធំពេញវ័យមក គេតែងតែសំឡេងធំដាក់លោកប៉ារបស់គេរហូត ហើយក៏មិនធ្លាប់គិតថានឹងត្រូវបាត់បង់គាត់នៅថ្ងៃណាមួយ។ ប្រសិនជាត្រឡប់ទៅវិញ អ្វីដែលគេចង់និយាយមុនគេទៅកាន់ឪពុក គឺពាក្យសុំទោស។
ថេយ៉ុងអង្គុយលើគ្រែក្នុងបន្ទប់ ទាំងចិត្តមិនស្ងប់ គេនៅតែបារម្ភពីឪពុកខ្លាចគាត់កើតអ្វីយប់ព្រលប់។ គេចង់គេងក្បែរគាត់អោបគាត់អោយណែនៗ តែដោយសារគ្រែតូចពេក គេងបានតែពីរនាក់ ទើបទុកអោយម្តាយនៅមើលថែឪពុកម្នាក់ឯង។
« ហុឺៗ » ថេយ៉ុងយំខ្សឹកខ្សួលតិចៗ ក្នុងបន្ទប់ នៅពេលដែលនឹកឃើញដល់រូបភាពឪពុកដួលសន្លប់ធ្វើអោយគេអួលណែនពេញទ្រូង។ សព្វថ្ងៃនេះគាត់ប្រាកដជាហត់នឿយខ្លាំងណាស់មកហើយ តែមើលគេចុះមិនអាចសូម្បីតែជួយសម្រួលដល់ការងារស្រាលៗជំនួសគាត់បានសោះ។
« ពេទ្យថាគាត់មិនកើតអ្វីធ្ងន់ធ្ងរទេ ឈប់យំទៅ » ជុងហ្គុកអង្គុយលើគ្រែក្បែរថេយ៉ុង ចង់និយាយលួងលោមកុំអោយគេយំ តែមិនដឹងត្រូវនិយាយបែបណា។ គេមិនចង់ឃើញក្មេងម្នាក់នេះយំឡើយ ហើយក៏មិនដឹងថាមូលហេតុអ្វី?
« ខ្ញុំ....ខ្ញុំអាណិតពុក » ថេយ៉ុងងាកមកនិយាយជាមួយជុងហ្គុក ដោយសំឡេងញ័រៗ ភ្នែកគេប្រែជាក្រហម នឹងមានសភាពហើម ដោយសារតែយំយូរពេក។ ជុងហ្គុកប្រើម្រាមដៃមេ ជូតតំណក់ទឹកភ្នែកដែលហូរមកកាត់លើផែនថ្ពាល់នោះថ្នមៗ រួចទាញក្បាលថេយ៉ុងអោយមកកើយទ្រូង។ គេអាចយល់ពីជម្រៅចិត្តថេយ៉ុង ដែលខ្លាចនៃភាពបាត់បង់។ ត្រូវហើយព្រោះមនុស្សគ្រប់គ្នាតែងតែភ័យខ្លាច បាត់បង់មនុស្សដែលខ្លួនស្រឡាញ់ រួមទាំងគេផងដែរ។
មួយស្រប៉ក់ក្រោយមកស្រាប់តែស្ងាត់សំឡេងយំខ្សឹកខ្សួលរបស់ថេយ៉ុង។ ជុងហ្គុកឱនមុខចុះមើលអ្នកដែលគេងយំលើទ្រូងគេ ក៏ឃើញថាគេងលក់បាត់ទៅហើយ មិនដឹងតាំងតែពីពេលណា គេងលក់ទាំងទឹកភ្នែកនៅជាប់លើថ្ពាល់នៅឡើយ។
To be continued

មន្តស្នេហ៍កំលោះស្រុកស្រែWhere stories live. Discover now