អាហារថ្ងៃត្រង់បានកន្លងផុតទៅ។ ទោះបីជាមានភាពរកាំរកូសនឹងគ្នាគួរសមក៏ពិតមែន តែអាហារមួយពេលនេះក៏ប្រកបទៅដោយរលូន មិនមានលើកចានគប់គ្នានោះទេចា៎!
«ហ៊ឹក៎ៗៗ... ឡេក!»
(អូនយំទៀតហើយ) ឡេក ពោលឡើងក្នុងប្រព័ន្ធទូរសព្ទ។ ពួកគេស្រឡាញ់គ្នាមកបាន ២ ឆ្នាំហើយ។ មិត្តទាំងអស់ស្ទើរតែដឹងឮគ្រប់គ្នា ព្រមទាំង បៃបឺន ក៏សូម្បីតែលោក ចន ជាប៉ា ក៏លោកដឹងរឿងនេះដូចគ្នា តែគាត់បែរជានៅតែបង្ខំកូនអោយរៀបការដដែល។
«អូនមិនដឹងថាប៉ាកំពុងគិតអីទេ! ហ៊ឹក៎... ប៉ានៅតែមិនព្រមរំសាយ ហើយបង បៃ ក៏មិនព្រមបញ្ឈប់មង្គលការនេះដែរ»
(ចាំបន្តិចណា៎ បៀវ បងរវ្វល់បន្តិច) ទូតៗៗៗ...
«ឡេក?? ឡេក បងទៅណា??» បៀវ ទម្លាក់ទូរសព្ទចុះដោយការខឹង នៅមិនទាន់និយាយចប់ផងក៏បិទបាត់។
តុកៗៗ...
«អ្នកណា???»
«ប៉ា...» ដោយឮសំឡេងប៉ាហើយ បែបនេះ បៀវ ក៏ដើរទៅបើកទ្វារ។
«ប៉ាមានការអី?»
«ប៉ាចង់និយាយជាមួយកូនបានបន្តិច» ថាហើយលោកក៏នាំកូនមកអង្គុយលើសាឡុង។
«ប៉ាចង់និយាយពីអី?»
«ប៉ាចង់និយាយពីរឿងកូន បៃ»
«...» ឮឈ្មោះគេភ្លាម បៀវ ក៏ខឹងភ្លាម។
«រឿងនេះប៉ាបង្ខំបន្តិចហើយ បៀវ»
«ប៉ាទើបតែដឹង!!»
«តែស្តាប់ប៉ាណាកូន ប៉ាមិនមែនចង់អោយកូនអាក្រក់ទេ ប៉ាធ្វើក៏ដើម្បីតែកូន!»
«តែកូនមិនបានស្រឡាញ់គេទេប៉ា កូនមានសង្សាររួចហើយ»
«បៀវ! បៀវ ចង់បានដូចជា បង បៀល(Build) ដែលមែនទេ?»
«បង បៀល?»
ស្នូរសំឡេង និងឈ្មោះរបស់ បៀល អាំមេសុន ស្ករឡេ(Build Amerson Scorele) នៅដិតជាប់ក្រអៅបេះដូងអ្នកគ្រប់គ្នាមិនដាច់។ បៀល ប្រុសកំលោះដែលគិតមកដល់ពេលបច្ចុប្បន្នគេអាយុបាន ៣០ ឆ្នាំហើយ។ បៀល ជាកូនប្រុសច្បងក្នុងគ្រួសារនេះ ក៏ជាបងប្រុសបង្កើតរបស់ បៀវ ផងដែរ។ បៀល មានមុខមាត់ដូចជាប្អូនស្ទើរតែ ៧០ ទៅ ៨០ ភាគរយទៅហើយ គ្រាន់តែ បៀល មានមាឌធំ សាច់ដុំធំៗ មានចរិតចាស់ទុំ និងម៉ឺងម៉ាត់ជាសុភាពបុរសជាង។ តែ បៀល បានស្លាប់តាំងពី ៣ ឆ្នាំមុនមកម្ល៉េះ ក្នុងឧបទ្ទវហេតុរថយន្តធំបុកស្លាប់យ៉ាងអនោចអធម។ ព្រោះតែ...
«ប៉ាមិនចង់អោយ បៀវ ដើរតាមគន្លងបងទេ»
«...» និស្ស័យមួយក៏នឹកនាដល់បងប្រុសភ្លាមៗ។ អនុស្សារជាច្រើនបានផុសឡើងពេញខួរក្បាលរបស់ បៀវ ទាំងពេលវេលាគ្រប់បែបយ៉ាងរវាងខ្លួននិងបងប្រុសបានសាងមក។ តើលើលោកនេះមានបងប្រុសណាដែលល្អជាង បៀល ទៀតទៅ? បៀល មើលថែប្អូនបានល្អណាស់ ហើយក៏មិនដែលទាស់ចិត្តប្អូននោះដែរ តែទេវតាហាក់ជាន់ពន្លិច ឆក់យកមនុស្សល្អដូចជា បង បៀល យកទៅបាត់។ បាត់គ្មានថ្ងៃវិល!
«ប៉ាគ្រាន់តែចង់អោយកូនល្អទេ បៀវ!»
«បង បៀល ឈឺចាប់គ្រប់គ្រាន់ហើយប៉ា»
«ប៉ាដឹង! ប៉ាមិនចង់អោយរឿងនេះកើតឡើងលើកូនប៉ាម្នាក់ទៀតទេ! ប៉ាសុំអង្វរ...»
«...»
«សុំអោយប៉ាជាអ្នកចាត់ចែងជីវិតកូនប្រុសប៉ាម្តងមកតើបានទេ?»
«...»
«ណា៎ បៀវ ណា»
«ប៉ា! បង បៀល មិនមែនស្លាប់ដោយសារសង្សារគាត់ទេ»
«បៀវ សុំធ្វើតាមប៉ាម្តងមកតើបានទេ? មុនពេលប៉ាលាចាក»
«ប៉ានិយាយអី???» បៀវ សួរទាំងខឹង។
«បៃប៊ល ជាមនុស្សល្អ! ចំណែកប្រាក់កាក់ គេក៏មានច្រើន ទំនាក់ទំនងគ្រួសារយើងទាំងពីរក៏ល្អ! បៀវ រៀបការជាមួយបងនឹងមានអនាគតមិនខាន»
«...»
«ប៉ាសុំអង្វរណា បៀវ! បៀវ រៀបការ ច្បាស់ជាមានសុភមង្គល ស្របពេលបងក៏គេស្រឡាញ់កូនទៀត! ប៉ាចង់អោយ បៀវ សាកមើលចិត្តបងសិនក៏បានបន្ទាប់ពីរៀបការរួច»
«...»
«បៀវ... ប៉ាសល់តែកូនម្នាក់ទេ»
«...»
«ប៉ាមិនចង់បាត់បង់ បៀវ ម្នាក់ទៀតទេ»
«បាន! កូនព្រមរៀបការ!» បៀវ ឆ្លើយតបទាំងទឹកមុខស្រពោន ព្រោះតែការលើកនាមរបស់បងប្រុសឡើងមកនេះធ្វើអោយរឿងរ៉ាវសព្វបែបយ៉ាងបានបំផុសទិដ្ឋភាពពេលនោះឡើងមកអោយនាយតូចឈឺចាប់នូវការបាត់បង់របស់បងប្រុសខ្លួន។
ថ្ងៃនោះ ពេលវេលាដែលចាំមិនភ្លេច... លោក ចន បានធ្វើតាមកូនសព្វបែបយ៉ាង។ បៀល បានប្រាប់គ្រប់គ្នាថានឹងនាំមិត្តប្រុសរបស់ខ្លួនមកណែនាំប្រាប់ដល់ក្រុមគ្រួសារ។ គ្រប់គ្នាក្នុងផ្ទះពិតជាសប្បាយអរណាស់ ជាពិសេសលោក ចន ព្រោះថា បៀល នឹងនាំសង្សាររបស់ខ្លួនមកណែនាំ ហើយញ៊ាំអាហារពេលល្ងាចជុំគ្នា។ លោក ចន នេះឯងគឺសប្បាយជាងគេ ព្រោះថាលោកនឹងបានជួបអនាគតកូនប្រសារក្នុងថ្ងៃនោះ តែរឿងដែលនឹកស្មានមិនដល់នោះគឺ ពួកគេទាំងពីរបានជួបឧបទ្ទវហេតុឡានបុកលើដងវិថី ស្លាប់ទាំងគូយ៉ាងសង្វេគ ទាំងដែលមិនទាន់ទាំងបានមកដល់ផ្ទះណែនាំមិត្តប្រុសប្រាប់លោកប៉ាអោយស្គាល់ផង។
បែបនេះហើយទើបលោក ចន មិនចង់អោយការសម្រេចចិត្តរើសគូស្រកររបស់កូនប្រុសពៅតែមួយគត់លើកនេះជាការរើសដោយខ្លួនឯងទេ។ លោកមិនចង់បាត់បង់កូនប្រុសម្នាក់ទៀតឡើយ ទោះបីជាដឹងថាកូនប្រុសច្បងគ្រោះថ្នាក់ដោយជាយថាហេតុក៏ដោយ តែលោកគិតថា នេះជាការជឿ ឬជំនឿទៅវិញ។ លោកខ្លាចថា បៀវ នឹងចាកចេញពីលោកម្នាក់ទៀត ទើបលោកចង់អោយ បៀវ ធ្វើតាមការសម្រេចចិត្តរបស់លោកម្តង។🔹សូមរង់ចាំអានភាគបន្ត🔹។។។។
___________________________* បើអ្នកទាំងអស់គ្នាចង់អានបានមុន រៀងរាល់ម៉ោង 8pm សូមចូលទៅកាន់ផេកខាងក្រោម👇👇👇
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. __________________________________
#និពន្ធដោយប៉ុមស្រីពេជ្រ
#រឿងនាមត្រឹមភរិយា🦋💫🌸
#PPBP_World_Novel
#pichpichbp
#រក្សាសិទ្ធគ្រប់ដោយអ្នកនិពន្ធពេជ្រពេជ្រប៊ីភី•ហាមធ្វើការលួចចម្លងសាច់រឿងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតិ (រក្សាភាពជាមនុស្ស)
![](https://img.wattpad.com/cover/334650135-288-k829973.jpg)
YOU ARE READING
រឿង «នាមត្រឹមភរិយា»
Romansaសាច់រឿងនិយាយពីខ្សែរប្រឡាយដ៏អន្លាយស្ទើរស្មានពុំដល់មួយ រវាងកំលោះតូចធំទាំងពីរ... Writer: Park Jipich Writer Tiktok ID: pichpichbp Writer FB: Park Jipich Writer page: Love Novel-ពេជ្រពេជ្រប៊ីភី-pichpichbp ...