មុននេះ សាគូរ៉ា គ្រាន់តែពឹងពាក់ សុំឲ្យពួកនាងជួយស្លៀកសម្លៀកបំពាក់យូកាតាឲ្យ.. ប៉ុន្តែរឿងដែលកើតឡើង វាបែរជាច្រើនលើសលប់ រហូតដល់នាងក្រមុំទទួលយកសឹងតែមិនបាន។
ពួកនាងទាំងពីរនាក់បានចាប់បង្ខំឲ្យ សាគូរ៉ា ផ្លាស់ប្ដូរខោអាវនឹងចូលមកត្រាំខ្លួនជាមួយទឹករ៉ែ ក្នុងធុងឈើធំមួយ មិនតែប៉ុណ្ណោះនៅឆ្លៀតលូកដៃមកដុសអង្អែលតាមស្បែកកាយសរលោងស្រិលទាំងមុខទាំងក្រោយ ទាល់តែសាម៉ីខ្លួនស្រែកចាច អត់ទ្រាំលែងបាន ងាកខ្លួនគេចចេញ រួចក៏បែរទៅប្រឈមមុខជាមួយពួកនាងចំៗ។
«និយាយតាមត្រង់ មុនមកទីនេះខ្ញុំបានងូតទឹកកក់សក់នៅក្នុងផ្ទះសំណាក់រួចហើយ...យ៉ាងម៉េចបានជាចាប់ខ្ញុំឲ្យងូតទឹកម្ដងទៀត?»
«ទីនេះមានច្បាប់ទម្លាប់..ក្នុងនាមនាងជាស្រីរបស់ក្រុមទាំងមូល អញ្ចឹងហើយអ្នករាល់គ្នាគឺតម្រូវឲ្យខ្លួនរបស់នាងមានក្លិនក្រអូបជាប់ពេញ២៤ម៉ោង»
«តែខ្លួនខ្ញុំមានទាន់ធំក្លិនញើសអីបែបនោះឯណា»
«ធ្វើដំណើរមកពីក្រៅប្រាកដជាជាប់ធូលី ការងូតទឹកគឺជាជម្រើសដ៏ប្រសើរបំផុតសម្រាប់នាង»
«???»
ស្អីគេអញ្ចេះ!?
គ្រាន់តែជាស្រីបម្រើរបស់ក្រុម ចាំបាច់ស្អាតបាតដល់ថ្នាក់ហ្នឹងផង? ម៉ាអាគ្រាន់តែបម្រើសោះ ក៏ក្បាច់ក្បូរច្រើនដែរ! ><
«នេះគឺប្រេងក្រអូប ក្លិនផ្កាសាគូរ៉ា... បើចាក់ចូលក្នុងទឹកដែលនាងកំពុងត្រាំ វានឹងជ្រាបចូលតាមស្បែក.. វាមានតួនាទីជួយផ្ដល់សំណើមដល់ស្បែកនិងមានក្លិនក្រអូបជាប់បានយូរ»
«...» សាគូរ៉ា មិននិយាយ ក្រសែភ្នែកស្រទន់ចាំសម្លឹងស្វែងយល់ពីសកម្មភាពរបស់ពួកនាងទាំងពីរយ៉ាងយកចិត្តទុកដាក់។
«រួចហើយ ឆាប់ក្រោកឡើងមក»
«ម..មិនមានកន្សែងសម្រាបរុំខ្លួនទេឬ?»
ប្រុងមកឲ្យនាងក្រោក ទាំងននលគក? ><
«មានកន្សែង នេះយកទៅ»
«អរគុណ»
កន្សែងពោះគោធំល្មមមួយ ត្រូវបានហុចមកនៅចំពោះមុខដូចប្រាថ្នា ធ្វើឲ្យនាងក្រមុំរហ័សរហួនស្រវ៉ាចាប់យកវាមកបិទបាំងរាងកាយមុនពេលដែលក្រោកដើរចេញពីធុងទឹកធំនោះ។
«ខោអាវទាំងអស់របស់នាងមិនអាចប្រើការបានទៀតទេ ចប់ពីនេះ កុំភ្លេចរៀបចំវាទុកមួយឡែកផង»
«ម៉ោះ ប្រញាប់ដើរទៅខាងក្រោយរបាំងនោះទៅ» ស្រីបម្រើ ទាំងពីរនិយាយណែនាំក្នុងពេលតែមួយ។
សាគូរ៉ា ដើរទៅតាមការប្រាប់ មុននឹងទើបតែនឹកឃើញរឿងមួយ..
«ខោអាវទាំងអស់ឬ? រួចចុះឈុតក្នុងដែលខ្ញុំយកមកពីផ្ទះ?»
«ចំពោះឈុតក្នុង គឺមិនបានហាមឃាត់ទេ»
«...»
ហូ.. ឮអញ្ចឹងនាងធូរស្រាលក្នុងចិត្តបន្តិច...
«ខ្ញុំពាក់ឈុតនេះឲ្យនាង សូមមើលដោយការយកចិត្តទុកដាក់ផង»
ថាតែប៉ុណ្ណឹងពួកនាងក៏ចាប់ផ្តើមរៀបចំលើកឈុតយូកាតា ដែលជាប្រភេទសាច់កំណាត់ទន់ស្ដើង ពណ៌ស្វាយចាស់ មកពាក់ឲ្យនាង ដោយមានភាពមមាញឹកជាមួយនឹងក្បូរក្បាច់ទាញចុះទាញឡើង ទាំងមុខទាំងក្រោយមិនដឹងស្អីទៅស្អីបានមួយភ្លែត ទើបយកខ្សែកំណាត់តូច មកចងរុំជុំវិញចង្កេះរបស់នាង។
«ខ្សែចង្កេះ គេចងរឹតតែប៉ុណ្ណឹងឬ?»
«មិនទេ នៅមានពីរតង់ទៀត»
អ្នកមានបទពិសោធន៍ងើបមុខឡើងមកឆ្លើយតបហើយក៏ស៊កដៃចូលមកក្នុងអាវ ទាញតម្រឹមសាច់កំណាត់ឲ្យស្មើគ្នា រួចយកខ្សែសដូចគ្នា មកចងរឹតមួយតង់ទៀត បន្ទាប់មកទើបលើកកំណាត់ធំប្រហែលពីរធ្នាប់ដៃពណ៌ស្វាយខ្ចី មានផ្កាប្រហាក់ប្រហែលនឹងអាវ មករុំជុំវិញចង្កេះតូចជាកិច្ចបង្ហើយ។
«របៀបចងរញ៉េរញ៉ៃ ខ្ញុំតាមមើលមិនទាន់..»
«ការចងនៅត្រង់ចង្កេះមានច្រើនរបៀបខុសៗគ្នា ដែលនាងអាចរកពេលសម្រាប់រៀនបាន»
«...»
«ស្លៀកពាក់រួចរាល់ហើយ ពណ៌អាវថ្ងៃនេះគឺពណ៌ស្វាយ... មានន័យថានាងត្រូវតែរង់ចាំបម្រើអ្នកប្រុសធំ»
«ចាស៎? គ្រាន់តែបម្រើ ក៏ត្រូវមានតាមពណ៌អាវដែរឬ?»
«អត់ទេ វាគឺជាច្បាប់ទម្លាប់ដែលលោកម្ចាស់ ហាយ៉ាដា បានរៀបចំ.. ពណ៌ស្វាយស្រអាប់គឺជាពណ៌តំណាងឲ្យអ្នកប្រុស សៃតុ ហាឈីរ៉ូ»
«!!!»
«ថ្ងៃនេះនាងត្រូវបម្រើអ្នកប្រុស សៃតុ... ថ្ងៃស្អែកគឺដល់វេនរបស់អ្នកប្រុស រៀវតាក់...ថ្ងៃបន្ទាប់ គឺអ្នកប្រុស ឈិនជិ... អ្វីបែបនេះ នាងយល់ទេ?»
«អញ្ចឹងខ្ញុំបម្រើដូមនុស្សរាល់ថ្ងៃ?»
«អ្ហឹម»
«ចុះខ្ញុំត្រូវធ្វើអីខ្លះ?»
«ការងារនឹងមានតាមក្រោយ ពេលនេះនាងមកតាមខ្ញុំសិនមក»
និយាយប្រាប់តែប៉ុណ្ណឹង ស្រីបម្រើទាំងពីរក៏ដើរចេញទៅខាងក្រៅ ចំណែក សាគូរ៉ា ក៏ប្រញាប់ប្រញាល់បោះជំហានដើរតាមពីក្រោយ។
ចូលមកភ្លាមក៏ត្រូវចេញបម្រើភ្លែតតែម្ដង មិនទាន់មានអ្នកណានិយាយរឿងប្រាក់ខែឲ្យឮសោះ! មិនដឹងជាបានច្រើនឬតិច!? =_=^)
រាងកាយស្រីក្រមុំក្នុងឈុតយូកាតាបីនាក់ ធ្វើដំណើរដើរកាត់ក្រុមអង្គរក្សយាមកាម សំដៅមកកាន់ផ្ទះបុរាណធំមួយ ដែលសាងសង់ដាច់ដោយឡែកពីគេឯង នៅខាងមុខនោះ មានមនុស្សស្រីម្នាក់កំពុងតែអង្គុយរង់ចាំរួចជាស្រេច។
«នេះគឺ ហ៊ីប៊ីណូ ស្រីបម្រើផ្ទាល់ខ្លួនរបស់អ្នកប្រុស សៃតុ»
«សួស្ដី»
ពេលត្រូវណែនាំខ្លួន ស្រីម្នាក់នោះក៏ញញឹម និយាយរាក់ទាក់មកជាមុន សាគូរ៉ា ឃើញហើយក៏អត់មិនបាននឹងរាក់ទាក់បកត្រឡប់ទៅវិញ។
«សួស្ដី»
«នៅនិយាយគ្នាចុះ ខ្ញុំមានការត្រូវធ្វើនៅដំណាក់ធំបន្តទៀត»
«ចាស៎»
គ្រាន់តែពួកនាងដើរចេញទៅផុតបានបន្តិច ហ៊ីប៊ីណូ ក៏ស្រាប់តែលូកដៃមកស្រវ៉ាចាប់ដៃនាង មុននឹងទាញឲ្យឡើងមកអង្គុយនៅខាងមុខផ្ទះជាមួយគ្នាដោយឫកពាស្និទ្ធស្នាល ហាក់ដូចជាមនុស្សធ្លាប់ស្គាល់គ្នាមកពីមុនអញ្ចឹង។
«តើនាងឈ្មោះអី?»
«ខ្ញុំឈ្មោះ សាគូរ៉ា នីខូលសាន់... សូមផ្ញើខ្លួននៅទីនេះមួយថ្ងៃផង»
«សាគូរ៉ា ខ្ញុំគឺ ហ៊ីប៊ីណូ» ហ៊ីប៊ីណូ ណែនាំខ្លួនឯងឡើងវិញម្ដងទៀត ក្រសែភ្នែកសម្លឹងមើលនាង ប្រដេញតាំងពីលើរហូតដល់ក្រោមទាំងពិចារណា។
«...»
«មើលទៅមុខមាត់របស់នាង ដូចមិនមែនជាអ្នកស្រុកនេះទេ»
«ខ្ញ..ខ្ញុំមកពីទីក្រុងតូក្យូ»
«តូក្យូតែមួយឬ? តែមើលទៅដូចជា...»
«អ្ហ៎ ខ្ញុំជាកូនកាត់» សាគូរ៉ា រហ័សដណ្ដើមនិយាយបានមុន ដើម្បីបកស្រាយចម្ងល់ក្នុងចិត្តរបស់នាង មិនគិតនឹងលាក់លៀមសូម្បីតែបន្តិច។
«វ៉ាវ! អញ្ចឹងតើបានជានាងខុសប្លែកពីគេ.. ទាំងកែវភ្នែកនិងមុខមាត់របស់នាង មើលទៅស្រស់ស្អាតដល់ហើយ»
«ព..ពិតមែនឬ?»
«ខ្ញុំនិយាយមែនណា៎»
«(>///<)»
អៀនណាស់! ក្រៅពីប៉ាម៉ាក់ គឺនៅមិនទាន់មានអ្នកណាលើកសរសើពីសម្រស់ និងមើលមកនាងដោយក្រសែភ្នែកមានពន្លឺភ្លឺផ្លេកបែបហ្នឹងទេ!
«ម៉ោះ សាគូរ៉ា ទៅកន្លែងរបស់ខ្ញុំ... ចាំខ្ញុំជួយបួងសក់ឲ្យនាង»
ហ៊ីប៊ីណូ បបួល មុននឹងនាំដើរវាង សំដៅរកកូនផ្ទះតូចៗ ដែលគេសាងសង់ដាច់ដោយឡែកពីគ្នា ស្ថិតនៅឆ្ងាយពីទីនេះគួរសម។
«...»
សាគូរ៉ា ដើរតាមក្រោយបណ្ដើរ ក្រសែភ្នែកមានពន្លឺ លួចក្រឡេកមើលជុំវិញខ្លួនទាំងចង់ដឹងចង់ឮបណ្ដើរ។
ផែនការស៉ើបរកជនល្មើសរបស់នាង បានចាប់ផ្ដើមហើយ! ប៉ុន្តែមិនដឹងថាគួរតែចាប់ផ្ដើមស៉ើបពីត្រង់ណាមកមុន!?
ពិបាកណាស់! ><! ព្រោះដំណាក់ហ្វូស៊ីមី នេះមានបរិវេណធំអស្ចារ្យតែម្ដង! នេះសូម្បីតែកន្លែងសម្រាកសម្រាប់ស្រីបម្រើ ក៏ពួកគេសាងសង់ជាកូនផ្ទះបុរាណតូចៗស្អាតៗសមល្មមសម្រាប់មនុស្សម្នាក់រស់នៅ នឹងមានភាពឯកជនល្អដែរ!
«អង្គុយមុខកញ្ចក់នេះទៅ»
«ចាស៎» នាងក្រមុំតបខ្សោយៗ ហើយក៏ដើរចូលមកអង្គុយនៅមុខកញ្ចក់តាមការប្រាប់។
«លោកម្ចាស់ ខាយ៉ាដា ជាបុគ្គលដ៏មានអំណាចជាងគេបង្អស់នៅទីនេះ នាងស្គាល់គាត់ហើយឬនៅ?» សុខៗ ហ៊ីប៊ីណូ ក៏និយាយឡើងទាំងគ្មានក្បាលគ្មានកន្ទុយ។
«ស្គាល់ហើយ មុននេះមិនយូរប៉ុន្មាននៅដំណាក់ហ្វូស៊ីមី គឺលោកម្ចាស់ជាអ្នកយល់ព្រមទទួលយកខ្ញុំឲ្យចូលបម្រើ»
«អ្ហ៎ រួចចុះអ្នកប្រុសទាំងបី?»
«ខ្ញុំធ្លាប់ឃើញ តែក៏ចងចាំមុខមាត់របស់អ្នកប្រុសច្បងច្រើនជាងគេ» ចម្លើយរបស់នាងធ្វើឲ្យស្រីក្រមុំដែលកំពុងមមាញឹកតុបតែងម៉ូតសក់នៅខាងក្រោយ អត់មិនបាននឹងបង្អាក់ដៃទៅវិញបន្តិច។
«លោកម្ចាស់ សៃតុ»
«ចាស៎?»
«នាពេលអនាគត គាត់នឹងក្លាយជាអ្នកស្នងមរតក ក្ដោបក្ដាប់ដំណាក់ហ្វូស៊ីមី មួយទាំងមូល... អ្នកនៅទីនេះ អ្នកណាៗក៏ទទួលស្គាល់ ដឹងច្បាស់ពីវាដែរ.. ពួកយើងនៅតែរង់ចាំថ្ងៃដែលលោកម្ចាស់ ខាយ៉ាដា ប្រកាសតែប៉ុណ្ណោះ»
«...»
«អញ្ចឹងហើយចាប់ពីពេលនេះតទៅ នាងត្រូវហៅគាត់ថាលោកម្ចាស់តាមខ្ញុំ»
«លោកម្ចាស់»
«ល្អណាស់ បន្តិចទៀតនាងត្រូវទៅបម្រើគាត់ជាមួយខ្ញុំ... តើនាងត្រៀមខ្លួនរួចហើយឬនៅ សាគូរ៉ា?» ហ៊ីប៊ីណូ បោះសំណួរតិចៗ មុននឹងលើកដង្កៀបផ្កាមកកិបនឹងសរសៃសក់ស្រទន់ជាកិច្ចបង្ហើយ។
«ខ្ញុំត្រៀមខ្លួនរួចហើយ មានការងារអីអាចប្រើខ្ញុំបាន»
លើកលែងតែការងារក្នុងផ្ទះបាយមួយគត់!
«ស្រេចលើលោកម្ចាស់ ខ្ញុំក៏ជាអ្នកបម្រើដូចគ្នា»
«...»
«ក្រោកឡើង ពួកយើងឆាប់ទៅអង្គុយរង់ចាំគាត់នៅកន្លែងដដែលទៅ»
«ចាស៎»
អូយ មិនដឹងស្អីជាស្អីទេ! ម្ដងនេះសូមតាមគេតាមឯងសិនហើយ! ><
ពួកនាងទាំងពីរដើរត្រឡប់មកកាន់កន្លែងដើមវិញ ក៏ប្រទះឃើញទ្វារឈើក្រដាស់ ដែលចាំបានថាវាបិទជិត មុនពេលដែលពួកនាងចាកចេញទៅនោះ.. ឥលូវក៏ត្រូវបានបើកចំហឡើង មិនដឹងតាំងពីថ្មើណា ធ្វើឲ្យពួកនាងរហ័សដើរទៅឈរផ្គុំដៃនៅខាងមុខទ្វារជាបន្ទាន់។
«លោកម្ចាស់ត្រឡប់មកដល់កន្លែងវិញហើយ»
«...»
អ្នកខាងក្រៅនិយាយទុកជាការស្វាគមន៍ ចំណែកឯអ្នកខាងក្នុងក៏ស្ងាត់ស្ងៀមតាមទម្លាប់។
សាគូរ៉ា បន្តឈរអោនមុខតាម ហ៊ីប៊ីណូ បានមួយភ្លែត ក៏ចាប់ផ្ដើមងើបមុខឡើង ជ្រិមសម្លឹងមើលទៅខាងក្នុងទាំងចង់ដឹងចង់ឮ ហើយក៏ឃើញរាងខ្ពស់របស់ប្រុសកំលោះ កំពុងតែអង្គុយពែនភ្នែន ព្រមជាមួយនឹងពែងតែនៅចំពោះមុខ។
«...»
រូបភាពដ៏សែននឹងធឹងមួយនេះ នាងធ្លាប់បានឃើញម្ដងរួចហើយ.. មិនថាសម្លឹងយូរប៉ុន្មានក៏វាមានត្រឹមតែពាក្យថាគួរអោយឈ្លក់វង្វេង។
មនុស្សប្រុសដែលមានរូបរាងសង្ហា រឹងមាំ សឹងតែអាចហៅបានថាជាភាពឥតខ្ចោះ តាំងពីក្បាលដល់ចុងជើង.. ក្រសែភ្នែកពណ៌មាសលាយឡំនឹងពណ៌ត្នោតចាស់មានពន្លឺរាបស្មើ តែក៏ស្រស់ស្អាតខុសប្លែកពីមនុស្សដទៃ... សរសៃសក់ខ្មៅវែងដូចសរសៃសូត្រ ត្រូវបានលើកចងឡើងដោយខ្សែកំណាត់ពណ៌សធូៗ..
គេសង្ហាឥតខ្ចោះដូចគំនូរ អ្នកមើលដូចជានាង សឹងតែឈប់ដកដង្ហើមម្ដងម្កាល។
លោកឧត្តមសេនីយ៍បានបញ្ជូននាងឲ្យចូលមកស៉ើបអង្កេតក៏ពិតមែន..តែការឆ្លៀត លួចចាប់អារម្មណ៍អ្នកណាម្នាក់ជាសម្ងាត់បែបនេះ វាក៏មិនមែនជារឿងហាមប្រាមដែរ តើត្រូវទេ? (>///<)
«លោកម្ចាស់ នាងគឺជាអ្នកបម្រើដែលទើបតែចូលថ្មី ថ្ងៃនេះត្រូវជាវេនរបស់នាងដែលត្រូវបម្រើលោកព្រមជាមួយខ្ញុំ» ហ៊ីប៊ីណូ និយាយបន្ថែមពីខាងក្រៅដើម្បីទម្លាយភាពស្ងប់ស្ងាត់ចោល។
«...»
«បើលោកត្រូវការអ្វី អាចប្រាប់មកបាន»
«...»
សៃតុ ហាឈីរ៉ូ មិនមាត់មិនក ឬមួយក៏អាចហៅបានថាគេមិនសូម្បីតែកម្រើកខ្លួន ធ្វើឲ្យអ្នកមើលកើតអាការៈសង្ស័យ។
ប្រុសម្នាក់នេះកើតអី? ម៉េចក៏មើលទៅគេធ្មឹងៗដូចមនុស្សគ្មានវិញ្ញាណជាប់ខ្លួនសោះអញ្ចឹង?
«លោកម្ចាស់កើតអី?» នាងក្រមុំមានចម្ងល់ក្នុងចិត្តទើបរហ័សងាកមកខ្សឹបសួរ ហ៊ីប៊ីណូ ខ្សោយៗឲ្យឮត្រឹមតែពីរនាក់។
«កើតអី?»
«គឺភ្លឹកៗមិនកម្រើកខ្លួន..»
«អត់ទេ នេះគ្រាន់តែជាទម្លាប់របស់គាត់ប៉ុណ្ណោះ»
«...»
អាទម្លាប់ស្ងៀមស្ងាត់ នាងក៏ធ្លាប់បានឃើញមកពីមុនដែរ តែនេះវាមិនមែនថា...លើសពីលក្ខណៈនោះទេឬយ៉ាងម៉េច?
ដល់ថ្នាក់នឹងពេក មើលទៅដូចជាគួរឲ្យខ្លាចខ្លាំងណាស់! @_@
សាគូរ៉ា ត្រឹះរិះពិចារណា ក្រសែភ្នែកបាញ់សម្លឹងមើលគេចំៗជាបើកចំហរបានមួយភ្លែត គេក៏ងើបមុខ ជ្រិមភ្នែកមើលមកនាង..ហើយពួកយើងក៏ធ្លោយប្រសព្វភ្នែកគ្នាជាលើកទីបី...
«...»
«...»
ពួកយើងទាំងពីរនៅស្ងៀម ភ្នែកសម្លឹងមើលគ្នាសឹងតែមិនព្រិចភ្នែក... រហូតដល់កន្លងទៅបានជិតដប់វិនាទី អ្នកនៅក្បែរ ក៏ស្រាប់តែលូកដៃមកអង្រួននាងឲ្យក្រោកចេញពីភាពរសាប់រសល់។
«កុំមើលអី..លោកម្ចាស់ សៃតុ មិនចូលចិត្តឲ្យអ្នកណាសម្លឹងមុខទេ»
«សូមទោស មកពីខ្ញុំមិនដឹង» នាងប្រញាប់បែរភ្នែកគេច នឹងអោនជ្រប់មុខដូចដើម។
«លើកក្រោយកុំធ្វើបែបហ្នឹងទៀត»
ហ៊ីប៊ីណូ ណែនាំទាំងប្រាកដប្រជា បំណងមិនឲ្យនាងធ្វើខុស នាំឲ្យកើតការមិនពេញចិត្តដល់អ្នកដែលជាម្ចាស់។
ប៉ុន្តែ... មើលទៅទេវតាដូចជាមិនផ្ដល់ឱកាសឲ្យអ្នកមិនដឹងអីសោះ..ព្រោះគ្រាន់តែ ហ៊ីប៊ីណូនិយាយចប់ភ្លាម ប្រុសកំលោះនៅខាងក្នុង ក៏ស្រាប់តែបន្លឺសំឡេងកាចឡើងមក។
«ខ្ញុំមិនត្រូវការនាងទេ ឆាប់ថយចេញពីទីនេះទៅ!!»
«!!!»
«!!!»
«ចេញទៅ!!»
«ក..ក៏បាន ខ្ញុំសូមលាសិនហើយ»
ឮពាក្យដេញម្ដងជាពីរដងរបស់គេ សាគូរ៉ា ក៏ប្រញាប់លំទោនខ្លួនតិចៗទាំងមិនហ៊ានសួរនាំអ្វីច្រើន រាងកាយតូចស្ដើងរៀបឫក ប្រុងតែបែរខ្លួនដើរចេញទៅតាមបញ្ជាទៅហើយ ប៉ុន្តែរំពេចន៍នោះគេក៏បន្លឺសំឡេងឡើងមកសារជាថ្មីម្ដងទៀត..ដែលវាក៏ផ្ទុយស្រឡះពីការគិតរបស់នាងដូចមេឃនឹងដី។
«មិនមែននាង! គឺ ហ៊ីប៊ីណូ!!»
«!!!»
ហាស! មិនមែននាង? មានន័យថាម៉េច? អ្នកដែលគេដេញគឺ ហ៊ីប៊ីណូ!? (O_O?)
«ចាស៎ លោកម្ចាស់»
ម្ចាស់ឈ្មោះតបទទួល រួចទើបបង្វែរខ្លួនដើរចេញទៅបាត់ទាំងមិនងាកក្រោយ ទុកឲ្យ សាគូរ៉ា នៅឈរបើកភ្នែកភ្លឹសៗ ឡេឡឺៗតែម្នាក់ឯងនៅចំពោះមុខទ្វារចូល ទាំងមិនដឹងថាត្រូវធ្វើអីបន្ត។
«???»
«ឆាប់ចូលមក ហើយបិទទ្វារឲ្យជិត!»
ចប់បញ្ជាដ៏មុតមាំមួយដឹងមួយ រាងតូចរហ័សរហួនដើរចូលមកខាងក្នុង នឹងមិនភ្លេចទាញទ្វារក្រដាស់បិទជិតយ៉ាងលឿនតាមបញ្ជា។
«រួចហើយលោកម្ចាស់..នៅមានអ្វីឲ្យខ្ញុំ...!!!»
«...»
និយាយស្រួលៗសុខៗសោះ ស្រីក្រមុំក៏ផ្លាស់ប្ដូរទឹកមុខមកជាស្រឡាំងកាំង បន្ទាប់សង្កេតឃើញ សៃតុ ហាឈីរ៉ូ ដែលអង្គុយស្ងៀមៗមុននេះ ចាប់ផ្ដើមទ្រេតខ្លួន ដេកដួលទៅម្ខាង។
~តុប~
«លោកម្ចាស់!!»
«...»
«ល..លោកម្ចាស់! លោកមានរបួស!?» សាគូរ៉ា ស្ទុះវឹង ចូលមកក្បែរ រួចក៏ចាប់ឧទានឮៗ ក្រោយពេលសម្លៀកបំពាក់យូកាតាពណ៌ស្វាយដែលគេកំពុងពាក់ មានជាប់ដានឈាមនៅត្រង់ផ្នែកខាងមុខក្បែរពោះយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់បិទបាំងលែងជិត។
«ទៅយកប្រអប់ពេទ្យនឹងរុំរបួសថ្មីឲ្យខ្ញុំ!»
សៃតុ ខំប្រឹងប្រើដៃច្រតពង្រឹងខ្លួនឯងឲ្យរឹងមាំ បើទោះជារបួសមុតជ្រៅកំពុងតែរាលដាលឈឺចាប់សឹងតែទ្រាំមិនបានក៏ដោយ។
«ប្រអប់ពេទ្យនៅឯណា!?»
«ក្នុងទូក្បែរចង្គៀង!»
«ច..ចាំមួយភ្លែត» នាងតបហើយក៏ក្រោកដើរមកបើកទូរឈើបុរាណក្បែរចង្គៀងបញ្ឈរកៀនបន្ទប់ ទាញយកប្រអប់បួនជ្រុងចេញមកបើកមើលឲ្យប្រាកដចិត្តថាមានរបស់គ្រប់គ្រាន់ហើយនោះ ទើបនាងដើរបកមកក្បែរគេវិញ។
«...»
«លោកម្ចាស់» នាងហៅខ្សេវៗ ដៃលើកមកចាប់ជាយអាវរបស់គេ បំណងបង្ហាញជាសញ្ញាថាបន្ទាប់ពីនេះនាងប្រហែលជាត្រូវដោះឈុតលើខ្លួនគេចេញអ្វីបែបនោះ..
«ឆាប់ធ្វើវាទៅ»
«ចាស៎»
«...»
ទទួលបានការអនុញ្ញាតហើយ សាគូរ៉ា ក៏ចាប់ផ្ដើមលូកដៃញ័រទទ្រើតរបស់ខ្លួន ស្រាយខ្សែចំណងចងនៅលើឈុតយូកាតារបស់គេចេញយឺតៗទាំងញញាក់ញញ័រ នឹងត្រឹមតែមួយភ្លែតប៉ុណ្ណោះ រាងកាយអាក្រាតល្វែងលើពោពេញដោយកម្លាំងកំហែងរបស់គេក៏ត្រូវបើកបង្ហាញឡើងមកព្រមជាមួយនឹងដានឈាមជោគកំណាត់សដែលរុំនៅនឹងពោះ។
បើទោះជាគេបានរុំបង់របួសពណ៌សរួចហើយក៏ដោយ ប៉ុន្តែឈាមក្រហម វាបែរជាជ្រាបចេញមកយ៉ាងច្រើន ទាល់តែប្រឡាក់ដល់កំណាត់ខាងក្រៅថែមទៀត!!
«!!!»
ហឿក!
កាន់តែសម្លឹងឃើញឈា.ម មុខស្រទន់ក៏កាន់តែមានសភាពស្លេកស្លាំង ចង់កើតខ្យល់។
នាងគ្រាន់តែជាប៉ូលិសរបាតតូចទាបម្នាក់ប៉ុណ្ណោះ! នាងគ្មានភាពក្លាហាន ក្នុងការប្រឈមមុខជាមួយនឹងឈាមច្រើនដល់ថ្នាក់នេះទេ!
ឲ្យធ្វើយ៉ាងម៉េចទើបល្អ! នាងព្រិលភ្នែកអស់ហើយ!
«ខ្លាចអ្ហស៎?» ប្រុសកំលោះសង្កេតដឹង ទើបគេបោះសំណួរចេញមកដោយសំឡេងខ្សោយៗតែក៏ត្រជាក់ស្រេង សឹងតែមុតដល់បេះដូងអ្នកស្ដាប់។
«មិ..មិនទេ..» សាគូរ៉ា លេបទឹកមាត់មួយក្អឹកផ្សើមបំពង់ក ព្យាយាមដកដង្ហើមចេញចូលវែងៗ... មិនយូរប៉ុន្មានដៃតូចក៏មានភាពក្លាហាន លូកមកស្រាយកំណាត់រុំរបួសប្រឡាក់ជោគដោយឈាមចេញស្រាលៗ បង្ហាញឲ្យឃើញនៅស្នាមរបួសវែងជាប់នៅនឹងពោះហាប់ណែនយ៉ាងគួរឲ្យខ្លាចរអែង។
មានរបួសជ្រៅប៉ុណ្ណឹងហើយ..គេបែរជាអាចដឹងខ្លួន នឹងដើរហើរបានដូចមនុស្សធម្មតា!! ពិតជាមិនគួរឲ្យជឿពិតមែន!!
«...»
«ខ្ញុំចាប់ផ្ដើមដាក់ថ្នាំហើយ បើសិនជាឈឺលោកម្ចាស់ប្រាប់ខ្ញុំផង» នាងខ្សឹបប្រាប់ មុនពេលអោនមុខចុះដើម្បីសម្លឹងមើលឲ្យកាន់តែជិត។
ដៃតូចចាប់យកសំឡីដែលជោគដោយថ្នាំផ្សះរបួស មកផ្ដិតលាបលើស្នាមរបួសរបស់គេយ៉ាងថ្នាក់ថ្នម លាយឡំនឹងភាពប្រុងប្រយ័ត្នក្នុងពេលតែមួយ។
«...»
ភាពឈឺផ្សារ មិនបានក្លាយជាផលរំខាន... ផ្ទុយទៅវិញ សៃតុ បែរជាកំពុងតែប្រើប្រាស់ក្រសែភ្នែក មើលទឹកមុខរបស់នាងក្រមុំយ៉ាងថ្លឹងថ្លែងទៅវិញ។
«រួចរាល់ហើយ» នាងខ្សឹបប្រាប់ បន្ទាប់មកទើបថយខ្លួនមកក្រោយ សម្លឹងមើលបង់របួសដែលខ្លួនបានរុំឲ្យគេមុននេះទាំងអារម្មណ៍តានតឹង។
«...»
«នៅមានរបួសត្រង់ណាទៀតទេ?»
«ទេ»
«អញ្ចឹង...»
«រឿងខ្ញុំមានរបួសថ្ងៃនេះ...សង្ឃឹមថានាងមិនយកទៅនិយាយប្រាប់អ្នកណាឲ្យដឹង..ជាដាច់ខាត!»
«លោកម្ចាស់មានន័យថាម៉េច?»
'ដាច់ខាត' ស្ដាប់ទៅហាក់ដូចជាពាក្យបញ្ជាដែលនាងគួរតែគោរពតាម!
«គឺ..»
~តុក តុក~
«ក្មួយប្រុស»
~បឹប~
«អ្ហា៎?»
មិនទាន់ទាំងទទួលបានចម្លើយផង សំឡេងគោះទ្វារ តាមមកដោយសំឡេងគ្រលៗរបស់អ្នកណាម្នាក់ ក៏ស្រាប់តែបន្លឺឡើង ធ្វើឲ្យប្រុសកំលោះបានសតិក៏រហ័សស្រវ៉ាចាប់យកបង់របួសចាស់ប្រឡាក់ជោគដោយឈាម ព្រមទាំងប្រអប់ពេទ្យលាក់ទៅខាងក្រោមតុបិទបាំងពីក្រសែភ្នែក រួចហើយទើបប្ដូរមកជាលូកដៃ ចាប់ទាញកន្ត្រាក់រាងកាយតូចស្ដើងរបស់ សាគូរ៉ា រហូតដល់នាងច្រមិលដួលមកចំពោះមុខគេ។
«ឆាប់ឡើងមកអង្គុយលើភ្លៅ បាំងខ្លួនរបស់ខ្ញុំ!»
«ចាស៎!?»
«ឡើងមក!!»
________
To be continued...

ESTÁS LEYENDO
តំណក់ឈាមយ៉ាគូសា
Romance-ប្រលោមលោកមនោសញ្ចេតនា ស្នេហា ប៉ូលិសស៉ើបអង្កេត -សម្រាប់មនុស្សធំ (18+) -និពន្ធដោយ : ខារ៉ាមេល -ចេញផ្សាយក្នុងពេលឆាប់ៗនេះ