ភាគទី២

11 1 0
                                    

រឿងបានចាក់បញ្ចាំងកន្លងទៅអស់កន្លះម៉ោង ពួកគេទាំងពីរកំពុងផ្ដោតលើសាច់រឿងរៀងៗខ្លួន ។ ជូយ៉ុងអង្គុយមើលរឿងបណ្ដើរ ម្រាមដៃលូកយកនំញ៉ាំបណ្ដើរ ភ្នែករបស់នាងមិនព្រមដកចេញពី screenឡើយ មើលទៅទំនងដូចជាជក់ចិត្តនឹងសាច់រឿងខ្លាំងមែនទែន ។ ខុសស្រឡះពីជីវ៉ុង ដែលឆ្លៀតលួចដៀងភ្នែកមើលមកនាងម្ដងម្កាល ហើយញញឹមម្នាក់ឯង ។ បើសិនពេលនេះពួកគេក្លាយជាសង្សារគ្នា បរិយាកាសបែបនេះ ច្បាស់ជាកាន់តែរ៉ូម៉េនទិចជាងនេះមិនខាន ។

បន្ដិចក្រោយមក ការសម្លឹងមើលរឿងឥតដកក្រសែភ្នែករបស់ជូយ៉ុងត្រូវបានកាត់ផ្ដាច់ ក្រោយដល់ឈុតដែលតួអង្គថើបគ្នា ។ ស្រីតូចព្រិចភ្នែកញាប់ស្អេក ដកក្រសែភ្នែកចេញពី screen LED ហើយក៏ទាញកំប៉ុងទឹកក្រូចយកមកផឹកបន្លប់អារម្មណ៍អៀនរបស់ខ្លួន ។

"យ៉ុងមិនដែលឃើញគេថើបគ្នាទេឬ?"ឃើញនាងមានអាការៈប្លែកៗ នាយកំលោះក៏អោនមកសួរនាងខ្សឹបៗ ជាហេតុធ្វើឲ្យម្ចាស់សាម៉ីខ្លួនអៀនជាងមុនលើសដើមទៅទៀត ។ គេឡប់ទេដឹង? នៅសុខៗមកសួរនាងចំៗ ។ កាលដែលនាងអៀន មិនមែនមកពីនាងមិនធ្លាប់ឃើញមនុស្សថើបគ្នានោះទេ ប៉ុន្តែព្រោះក្នុងកាលៈទេសៈនេះ ស្ថានការណ៍វាមិនដូចគ្នា ។

"នរណាថាមិនធ្លាប់?"នាងតបតិចៗតែមិនព្រមងាកមុខមករកគេ ។
"អញ្ចឹងចាំបាច់អៀន?"
"ខ្ញុំមិនបានអៀន"
"មិនបានអៀន ប៉ុន្តែមុខក្រហម?"

"ឆ្កួត! នរណាមុខក្រហម? ខ្ញុំគ្មានមុខក្រហមអីទេ"ព្រោះត្រូវគេបង្អាប់ ទើបនាងងាកមុខចេញទៅម្ខាង ថែមទាំងលួចជេរខ្លួនក្នុងចិត្ត មិនគួរណាឲ្យគេមើលដឹងទាល់តែសោះ ។

"បើអញ្ចឹងងាកមុខមករកខ្ញុំទៅ ចាំបាច់ងាកមុខចេញធ្វើអី?"ជីវ៉ុងកាន់តែនិយាយ នាងកាន់តែខ្មាស ប៉ុន្តែដោយសារតែចង់ឈ្នះចិត្តគេ នាងក៏ព្រមងាកមុខមកវិញ ជាហេតុធ្វើឲ្យមុខរបស់ពួកគេទាំងពីរស្ទើរតែប៉ះគ្នា ព្រោះពេលអោនសួរនាងមុននេះ ជីវ៉ុងនៅមិនទាន់បានដកមុខចេញនៅឡើយ ។

កែវភ្នែកទាំងពីរសម្លឹងគ្នាទៅវិញទៅមកមិនដកភ្នែក ខណៈបេះដូងក៏កំពុងលោតប្រដេញគ្នាស្ទើរផ្ទុះមកខាងក្រៅម្ខាងៗទៅហើយ ។ ជូយ៉ុងមិនអាចទ្រាំមើលក្រសែភ្នែកដ៏ស្រទន់របស់គេបន្តទៅទៀតបាន ក៏ប្រញាប់ដកមុខចេញឲ្យឃ្លាតឆ្ងាយពីគេបន្ដិច ហើយងាកទៅផ្ដោតអារម្មណ៍លើ screen LED វិញ នេះបើសិននៅសម្លឹងបន្ត បេះដូងនាងច្បាស់ជាលោតរហូតដល់គាំងស្លាប់មិនខានឡើយ ។ មនុស្សស្អី? ពេលបានមើលមុខចំៗជិតៗ រិតមានមន្ដស្នេហ៍បែបនេះ នាងលែងចម្លែកចិត្តហើយ ថាហេតុអីមានមនុស្សស្រីជាច្រើននៅសាលាលង់ស្នេហ៍គេ?

ម្ចាស់បេះដូងWhere stories live. Discover now