(អារម្មណ៍នឹក)
បន្ទាប់ពីត្រូវអ្នកកំលោះចាត់ការ យ៉ាងបាក់ស្បាតពេញមួយយប់ ពេលនេះនាងក៏ត្រូវគេអូសមក ឱ្យអង្គុយធ្វើជាតុក្កតាតាំងបន្ទប់ធ្វើការរបស់គេទាំងព្រឹក។ ឡាងសៀ អង្គុយស្ងៀម មើលសៀវភៅកែអផ្សុក មិនហ៊ានសូម្បីបញ្ចេញសំឡេង ខ្លាចថារំខានការងាររបស់អ្នកកំលោះ។ ផ្ទុយពីនាងដែលស្ងៀមស្ងាត់ ខាល៍ ក៏នៅមិនសុខក្នុងខ្លួន កែវភ្នែកសម្លឹងនាងបែបតោចង់សង្គ្រប់ចំណី។
“ឡាងសៀ” ព្រោះទ្រាំលែងបានទៀត ទើបគេគិតថាមិនចាំបាច់លាក់អារម្មណ៍ទៀត។
“ចាស”
“ម៉ោនេះ!” អ្នកកំលោះបោះដៃហៅឱ្យនាងទៅរកខ្លួន ដែលស្រីតូចក៏ទម្លាក់សៀវភៅក្នុងដៃចោលភ្លាមៗ ងើបដើរទៅរកគេមួយរំពេច សប្បាយចិត្តដែលគេហៅ ហើយក៏ដើម្បីបំពេញតួនាទីជាប្រពន្ធដូចគ្នា។
“បងចង់បានអ្វីមែនទេ? អាយយ”
ផឹប
រាងតូចដួលទៅអង្គុយលើភ្លៅរឹងមាំអ្នកជាស្វាមីភ្លែតតែម្ដង តាមកម្លាំងទាញរបស់គេមុននេះ។
“បងខាល៍ ធ្វើបែបនេះមិនបានទេ នេះជាបន្ទប់ធ្វើការ” ឡាងសៀ ប្រញាប់ហាមពេលទាយដឹងថាអ្នកកំលោះគិតចង់ធ្វើអី តែគេបែរជាសើចហ្នឹងសម្ដីនាងទៅវិញ។
“ហ៊ឹសៗ ខួរក្បាលនាងលាមកគ្រាន់បើ ឡាងសៀ យើងមិនបានថាចង់ធ្វើស្អីនាងទេ”
“អឺ តែ...”
“នៅឱ្យស្ងៀម” ខាល៍ ស្រែកហាមពេលនាងប្រឹងងាកមកតវ៉ា ព្រោះបើនាងហ៊ានតែកម្រើកច្បាស់ណាស់ តុធ្វើការនឹងក្លាយជាឆាកប្រយុទ្ធស្នេហាមិនខានទេ។ ស្រីតូចព្រមនៅស្ងៀមក្នុងរង្វង់ដៃរបស់គេមិនហ៊ានកម្រើក។
ខាល៍ ញោចញញឹមពេញចិត្ត ចុងច្រមុះស្រួចស្រង់ក្លិនកាយក្រអូបរបស់នាងដោយការចាប់ចិត្ត ឈ្លក់វង្វេង។ មែនហើយគេមិនបានគិតថាចង់ធ្វើអីនាងទេ គ្រាន់តែចង់ឱបនាងឱ្យបាត់តានតឹងប៉ុណ្ណោះ។
ត្រូវការ!
នេះជាពាក្យដែលគេសួរខ្លួនឯងក្នុងចិត្តទាំងមិនយល់ គេមិនដឹងថាពេលនេះមានអារម្មណ៍បែបណាចំពោះនាងទេ គ្រាន់តែថាត្រូវការនាងយ៉ាងចម្លែកខុសពីរាល់ដង។
តុក តុក
សំឡេងគោះទ្វារខាងក្រៅ បន្លឺឡើងកាត់ផ្ដាច់គំនិតគេមុននេះ។
“បងខាល៍ មានមនុស្សមកហើយ លែងទៅ” ឡាងសៀ ប្រឹងរើគេច តែត្រូវអ្នកកំលោះបញ្ជាហាម។
“អង្គុយឱ្យស្ងៀមទៅ...ចូលបាន” បញ្ជាស្រីតូចរួច ចុងប្រយោគអ្នកកំលោះស្រែកអនុញ្ញាតឱ្យអ្នកខាងក្រៅបានចូលមកក្នុងបន្ទប់។
“អឺ លោកប្រធាន នេះឯកសារដែលត្រូវប្រជុំបន្តិចទៀតនេះ” ធិកា ចូលមកទាំងចិត្តឆេះឆួល ពេលបានឃើញរូបភាពផ្អែមល្ហែមរបស់ប្ដីប្រពន្ធទាំងពីរ។ កែវភ្នែកកំណាចលួចដៀងសម្លក់ ឡាងសៀ ដោយភាពគុំកួន។
“ទុកត្រង់ហ្នឹង ហើយទៅវិញទៅ” ខាល៍ បញ្ជាទាំងមិនមើលមុខអ្នកម្ខាងទៀត ព្រោះភ្នែកជាប់សម្លឹងមុខស្រទន់ក្នុងរង្វង់ដៃទៅហើយ។
“ចាសលោកប្រធាន” ធិកា ដើរចេញទៅទាំងចិត្តឆេះឆួល។
ពេលគ្មានវត្តមានជនទីបី ដៃរឹងមាំដែលឱបរឹតចង្កេះតូច មុននេះ ចាប់ផ្ដើមធ្វើចលនានៅមិនស្ងៀម ចាប់អង្អែលក្បាលពោះរាបស្មើ អូសចុះមករកភ្លៅតូចស្អាត តែក៏ត្រូវដៃតូចចាប់ជាប់។
“បងខាល៍!...” នាងមិនអាចបណ្ដោលឱ្យគេធ្វើបែបនេះទៀតទេ មិនចឹងច្បាស់ជាបានសន្លប់ក្នុងបន្ទប់នេះមិនខានទេ។ ខាល៍ អស់សំណើចជាមួយឫកពាអៀនប្រៀនលាយឡំភ័យខ្លាចរបស់នាង។
“ហ៊ឹសៗ យើងទៅប្រជុំហើយ នៅទីនេះហាមចេញទៅក្រៅដាច់ខាត ដឹងហើយនៅ”
“ចាស” ដឹងថាជំទាស់ក៏មិនបានដូចគ្នា ជៀសវាងគេដាក់ទោស យល់ព្រមគឺជារឿងល្អបំផុតហើយ។
ខាល៍ ព្រមដោះលែងឱ្យស្រីតូចឱ្យទៅអង្គុយត្រង់កន្លែងដើមវិញ
ដែលខ្លួនក៏រៀបចំឯកសណ្ឋានឱ្យមានរបៀបជាងនេះ សម្រាប់ការប្រជុំបន្តិចទៀតនេះ។
ក្រោយពីមនុស្សកំណាច ចាកចេញទៅ បន្ទប់ទាំងមូលប្រែជាស្ងប់ស្ងាត់មួយរំពេច ទោះជានាងគ្មានអារម្មណ៍ថាភ័យខា្លច ត្រូវគេស្ដីឱ្យ ត្រូវគេធ្វើបាប តែនាងបែរជាមានអារម្មណ៍ថាឯកាទៅវិញ ពេលគ្មានវត្តមានរបស់អ្នកកំលោះ។
ស្របពេលសភាពបន្ទប់ មានតែភាពស្ងប់សុខ ទ្វារបន្ទប់ក៏ត្រូវបើកឡើងទាំងគ្មានដំណឹងជាមុន បង្ហាញឱ្យឃើញរាងកាយសិចស៊ី របស់អ្នកណាម្នាក់ ដើរចូលមកជាមួយភាពកំណាចរបស់ខ្លួន។
“សួស្ដី អ្នកស្រី” ធិកា ញញឹមបែបចំអកស្រីតូច ធ្វើហាក់ខ្លួនឯងមានចំណុចល្អជាងគេខ្លាំងណាស់អ៊ីចឹង។
“អ្នកនាងមានការអីមែនទេ?” ដឹងថាអ្នកម្ខាងទៀតមករកខ្លួនគ្មានបំណងល្អនោះទេ តែនាងបែរជារាក់ទាក់អ្នកចំពោះមុខ ជាមួយឫកពាទន់ភ្លន់របស់ខ្លួន។
“ខ្ញុំអាចមានការអីជាមួយអ្នកស្រីទៅ គ្រាន់តែមកសួរថាយប់មិញអ្នកស្រីមានក្ដីខុសខ្លះទេ លោកប្រធានរោលរាលខ្លាំងទេ តាមមើលប្រហែលជាខ្លាំងដៃហើយមើលទៅ” មនុស្សដែលធ្លាប់ឆ្លងកាត់ បទពិសោធន៍ច្រើន អាចទាញដឹងពីស្ថានភាពយប់មិញបានច្បាស់ ទើបធ្វើជាសួរនាំធ្វើដូចខ្លួនដឹងរឿងអ្វីម្យ៉ាង។
សម្ដីបែបបង្កប់ក្នុងន័យឌឺដងអត់មិនឱ្យ ឡាងសៀ សង្ស័យមិនបាន ស្រីតូចសម្លឹងមើលអ្នកម្ខាងទៀតជាមួយក្រសែភ្នែកចង់ដឹង។
“អ្នកនាងចង់មានន័យពីអី?”
“ហ៊ឹស មិនដឹងថាគួរប្រាប់អ្នកស្រីឬក៏អត់នោះទេ ខ្លាចថាអ្នកស្រីទប់ចិត្តមិនបាន” ឆ្លៀតឳកាសអ្នកចំពោះមុខ មានគំនិតសង្ស័យ ធិកា ចាក់រឿងឱ្យ ឡាងសៀ កាន់តែសង្ស័យកាន់តែចង់ដឹង។
“មានរឿងអីអ្នកនាងឆាប់និយាយទៅ” ឡាងសៀ អង្គុយលែងជាប់ ក្រោកឈរពេញកម្ពស់ មកឈរទល់មុខអ្នកម្ខាងទៀត។
“បើអ្នកស្រីចង់ដឹងទៅហើយ ខ្ញុំក៏គ្មានអ្វីត្រូវលាក់បាំងទៀតដែរ ហ៊ើយ!...តាមពិតទៅខ្ញុំនឹងលោកប្រធាន មានទំនាក់ទំនងលើសពីពាក្យថាចៅហ្វាយនឹងកូនចៅទៅទៀត បែបថាស៊ីជម្រៅថ្នាក់ស្មានមិនដល់..កាលពីយប់មិញក៏ដូចគ្នា បើមិនទាស់ថាខ្ញុំមកថ្ងៃខែ មិនអ៊ីចឹងគាត់ក៏មិនទៅរកអ្នកស្រី អុ! ខ្ញុំដូចជានិយាយជ្រុលបន្តិចហើយ សុំទោសផង” ធិកា បង្ហាញឫកពាបានយ៉ាងគួរឱ្យចង់ទះ នេះសំណាងហើយជា ឡាងសៀ បើជាស្រីផ្សេងនាងអាចប្រពន្ធគេទះរយះមុខក៏៏ថាបាន។
“...” ពេលបានឮសម្ដីគ្រប់យ៉ាងពីមាត់អ្នកម្ខាងទៀត ឡាងសៀ រកសម្ដីមិនបាន បានត្រឹមឈរស្ងៀមគាំងមួយកន្លែង។
“ហ៊ឹម គិតទៅក៏អាណិតលោកស្រីដែរ មានស្វាមីនឹងគេដែរ តែបែរជាស្វាមីមិនចាប់អារម្មណ៍ទៅវិញ” ឃើញ ឡាងសៀ កំពុងរំជួលចិត្ត ធិកា ឆ្លៀតឳកាសជាន់បន្ថែមទៀត។
“ចេញទៅ!”
“អ្នកស្រី”
“ប្រាប់ថាឱ្យចេញទៅ!!!” ឡាងសៀ ស្រែកគំហកខ្លាំងៗទាំងកំហឹង ទាំងនេះមិនមែនជាចរិតរបស់នាង។ មនុស្សឈឺដល់ថ្នាក់នេះទៅហើយ ចាំបាច់អីត្រូវទ្រាំទៀតនោះ។
“ចាស អ្នកស្រី” ធិកា បែរខ្លួនដើរចេញទាំងស្នាមញញឹមកំណាច បែបអ្នកឈ្នះ។
(ហ៊ឹស មីល្ងង់) វាអាចដែរ ដែលនាងជេរអ្នកម្ខាងទៀតថាល្ងង់ ព្រោះត្រឹមនាងចាក់បន្តិច ក៏ត្រដរខ្យល់ចង់ងាប់ទៅហើយ។
ឡាងសៀ នៅមិនទាន់អាចនិយាយអ្វីបាន ត្រឹមឈរសម្រក់ទឹកភ្នែកយ៉ាងឈឺចាប់បំផុត។ សួរថាអ្នកណាមិនឈឺ ពេលឮប្ដីខ្លួនមានស្រីផ្សេង។ នាងដឹងថាគេមិនដែលស្រលាញ់នាងនោះទេ ក្នុងចិត្តគេមានមនុស្សដែលគេត្រូវការរួចហើយ។ តែគេក៏មានស្រីផ្សេង ដែលមិនមែនជានាង ក៏មិនមែនមនុស្សដែលគេស្រលាញ់ ហេតុអីទៅ? ហេតុអី? គេមករកនាងពេលមិនអាចធ្វើជាមួយស្រីផ្សេងបាន។ នាងអន់ណាស់មែនទេ នាងគ្មានតម្លៃដល់ថ្នាក់នោះឬ?
“ហ៊ឹក បងអស្ចារ្យណាស់ ខាល៍!...បងជាន់ឈ្លីខ្ញុំបានសម្រេចហើយ” ជើងតូចដែលឈរស្ងៀមមុននេះ បោះជំហានចេញពីបន្ទប់យ៉ាងលឿន លែងខ្វល់ពីសម្ដៅផ្ដាំផ្ញើររបស់អ្នកកំលោះមុននេះទៀត។
ខ្វល់អីទៅ ទង្វើគេប្រព្រឹត្តមិនដែលខ្វល់ពីអារម្មណ៍របស់នាងផង ហេតុអីនាងត្រូវខ្វល់ពីសម្ដីរបស់គេនោះ។
បន្ទាប់ពីស្រីតូចចាកចេញមិនប៉ុន្មាន រាងកាយកំណាចម្ចាស់បន្ទប់ដើរត្រលប់មកវិញ ហើយក៏ត្រូវមួម៉ៅ ពេលគិតថាបានឃើញស្រីតូចសាច់ក្រអូបនៅទីនេះ តែបែរជាមិនបានឃើញនាងទៅវិញ។
“ទៅណាអ៊ីចេះ ក្បាលរឹងមែន!” ឧទានទាំងមិនពេញចិត្តចេញមក អ្នកកំលោះប្រញាប់ប្រញាល់ចេញទៅរកនាង។
ខាល៍ ដើររកស្រីតូច ពេញក្រុមហ៊ុនទាំងអស់ ដោយចិត្តខ្វល់ខ្វា
យព្រួយបារម្ភ តែក៏នៅតែមិនឃើញនាងដដែល។ អស់លិទ្ធភាពហ្នឹងរក ទើបគេត្រូវឆែកកាមេរ៉ាសុវត្ថិភាព ពេលនេះទើបគេដឹងថានាងត្រលប់ទៅវិញហើយ ទោះមិនប្រាប់ក៏ដឹងដែរថានាងទៅណា។
“នាងឆ្កួតឬយ៉ាងម៉េច បានជាចេញទៅមិនប្រាប់បែបនេះ” មាត់រអ៊ូ ដៃក៏ទាញទូរស័ព្ទខលទៅអ្នកណាម្នាក់។
ខាល៍ រងចាំមិនប៉ុន្មានអ្នកចុងខ្សែក៏ព្រមទទួល។
“អាឡូ...”
(កូនធ្វើអី ឡាងសៀ ហ្អាសខាល៍?) មិនចាំឱ្យកូនប្រុស បានសួរនាំសិន អ្នកម្ដាយស្រែកសួរកូនប្រុសទាំងខឹង។
“អ្នកម៉ាក់ និយាយពីអី? ខ្ញុំមិនយល់ទេ” ឱ្យយល់យ៉ាងម៉េច បើគេពិតជាមិនបានធ្វើអ្វីមែន ហើយទៅដឹងបានយ៉ាងម៉េចទៅ បើសុខៗអ្នកម្ខាងទៀតរត់ចេញទាំងមិនប្រាប់គេផង។
(កូនមិនបាច់មកធ្វើពុតទេ បើកូនមិនធ្វើម៉េចក៏ ឡាងសៀ មកវិញទាំងទឹកភ្នែកជោកថ្ពាល់បែបនេះ?)
“នាងយំឬ?” ខាល៍ សួរដោយការចង់ដឹង។ មុននេះគ្មានស្អីទេ ហេតុអីសុខៗទៅជាយំរត់ចេញទៅបែបនេះ។
(កូនមិនបាច់មកធ្វើពុតជាសួរទេ បានហើយម៉ាក់មិនចង់និយាយជាមួយកូនទៀតទេ)
“អ្នកម៉ាក់!...” ខាល៍ ស្រែកខ្លាំងៗ ពេលអ្នកម្ដាយចុចផ្ដាច់សន្ទនាភ្លាមៗ ទាំងដែលគេមិនទាន់បានសួរនាំអ្វីច្បាស់ផង។
យំ!
ខាល៍ ឧទានពាក្យនេះក្នុងចិត្តម្ដងទៀត បាតដៃធំក្រាស់លើកដាក់
លើដើមទ្រូងរបស់ខ្លួនដោយគ្មានមូលហេតុ ពេលទទួលបានអារម្មណ៍អ្វីម្យ៉ាងពីត្រង់នោះ។
“យើងមិនបានធ្វើស្អីផង ម៉េចក៏នាងយំកើត!” ខាល៍ គិតទាំងមិនយល់ ហើយក៏ព្រួយបារម្ភពីនាងដូចគ្នា មិនដឹងថាមានរឿងអ្វីទើបទៅជាបែបនេះ។
ព្រួយបារម្ភ!
នេះគេបារម្ភពីនាងអ៊ីចឹងហ្អេស ហេតុអីគេត្រូវបារម្ភពីនាងដែរ នាងយ៉ាងម៉េចក៏គ្មានពាក់ព័ន្ធជាមួយគេដែរ។
“គិតថាយើងទៅលួងនាងហ្អេស គ្មានផ្លូវទេ” ខាល៍ បង្គាប់ខួរក្បាលឱ្យភ្លេចរឿងរបស់ស្រីតូច ដោយងាកមកចាប់អារម្មណ៍ការងាររបស់ខ្លួនវិញ។
នៅម្ខាងទៀតវិញទៀត ពេលនេះរាងតូចច្រឡឹងកំពុងផ្គាប់មុខយំនៅលើពូក ទាំងចិត្តឈឺចាប់។ មិនព្រមចេញទៅណា មិនព្រមនិយាយអ្វី គិតតែពីទ្រហ៊ោយំមិនឈប់សោះ។ សភាពរបស់ស្រីតូច អត់ឱ្យអ្នកជាម្ដាយមិនព្រួយបារម្ភមិនបាន។
“ឡាងសៀ កើតអីកូន? មានរឿងអីក៏និយាយមក កូនគិតតែពីយំបែបនេះម៉ាក់បារម្ភខ្លាំងណាស់ដឹងទេ” មាត់សួរនាំ ដៃចំណាស់អង្អែលខ្នងតូចជាការលួងលោមនាង។
“ហ៊ឹកៗ អ្នកម៉ាក់” ស្រីតូច ងាកមកឱបម្ដាយ ត្រូវការភាពកក់ក្ដៅពីគាត់។ ព្រោះពេលនេះក្រៅពីគាត់ នាងគ្មានអ្នកណាទៀតទេ។
“កុំយំអីកូន! ប្រាប់ម៉ាក់មកមើល៍ ខាល៍ ធ្វើបាបកូនទៀតហើយមែនទេ?”
“ហ៊ឹកៗ អត់ទេអ្នកម៉ាក់”
“ឡាងសៀ មិនបាច់កុហកម៉ាក់ទេ” ដឹងថានាងនិយាយកាន់ជើងកូនប្រុស ព្រោះមិនចង់ឱ្យម្ដាយកូនពួកគាត់ឈ្លោះគ្នា តែខ្លួនឯងបែរជាសំងំឈឺចិត្តតែឯងទៅវិញ។
“ហ៊ឹក ពិតជាអត់មែនអ្នកម៉ាក់” នាងមិនបានកុហក អ្នកកំលោះមិនបានធ្វើបាបនាងទេ។ គេមិនស្រលាញ់នាង គេមានស្រីផ្សេងជារឿងត្រឹមត្រូវហើយ តែនាងឆ្កួតតែទេ ដែលប្រឹងហួងហែងគេម្នាក់ឯង។
“បើខាល៍មិនបានធ្វើបាប ចុះម៉េចក៏កូនយំ?”
“គឺខ្ញុំគ្រាន់តែហត់ មានអារម្មណ៍ថាស្រ្តេស នឹកលោកប៉ាអ្នកម៉ាក់ ទើបខ្ញុំបែបនេះ” ឡាសៀ ដោះសារឱ្យតែបានៗ តែតាមពិតនាងក៏មានអារម្មណ៍បែបនេះលាយឡំគ្នាដែរ គ្រាន់តែអារម្មណ៍៍ឈឺចាប់វាជោរជន់ច្រើនជាងតែប៉ុណ្ណោះ។
“ប្រាកដហើយ?” ម៉ាដាម សួរបញ្ជាក់ កែវភ្នែកសម្លឹងព្យាយាមរកមើលអ្វីម្យ៉ាងពីនាង។ គាត់មិនជឿនាងស្រាប់ហើយ នាងជាមនុស្សបែបនេះណាគាត់ស្គាល់នាងច្បាស់ណាស់។
“ចាស!...” ឡាងសៀ ព្យាយាមញញឹមឱ្យអ្នកចំពោះមុខបានសប្បាយចិត្ត។
“ហ៊ឹម” ម៉ាដាម ងក់ក្បាលញញឹមតប ទោះគាត់សួរដេញដោលទៀតក៏គ្មានប្រយោជន៍ដែរ ព្រោះនាងមិនបានចង់ប្រាប់គាត់ទៅហើយ ឆ្លេចសួរមានតែបន្ថែមសម្ពាធដល់នាងប៉ុណ្ណោះ។
ទាំងពីរនាក់ម្ដាយកូនឱបគ្នាណែនដៃ ម៉ាដាម អង្អែលសក់ទន់រលោងថ្នមៗលួងលោមឱ្យនាងបានធូរស្បើយជាងនេះ។ បើទោះជាគាត់មិនអាចជួយអ្វីនាងបាន សុំត្រឹមបានលួងលោមនាងឱ្យបានស្រាកស្រាន្ដខ្លះក៏បាន។
“ម៉ាក់លែងរំខានកូនទៀតហើយ កូនសម្រាកចុះ”
“ចាស អ្នកម៉ាក់”
បន្ទាប់ពីគ្រប់គ្នាចាកចេញទៅ ក្នុងបន្ទប់ទាំងមូលប្រែជាស្ងប់ប្លែក លើកលែងតែសំឡេងយំយែកដែលឮចេញពីស្រីតូច ដែលលាន់ឮជាហូរហែគ្មានពន្លឺថានឹងឈប់។ នាងចង់ឈប់យំ ឈប់ឈឺចាប់ តែនាងមិនអាចធ្វើបាន ព្រោះអ្វី? ព្រោះនាងស្រលាញ់គេហ្នឹងអី ស្រលាញ់ហើយវាបែបនេះ អ្វីដែលនាងទទួលបានគឺឈឺចាប់នេះឯង។
YOU ARE READING
អាពាហ៍ពិពាហ៍ប្លន់បេះដូង
Romanceព្រោះតែពាក្យថា "មានគុណ" ទាញឱ្យស្រីតូចម្នាក់ ធ្លាក់ក្នុងនរកអាពាហ៍ពិពាហ៍។ អាពាហ៍ពិពាហ៍ ដែលមានក្ដីសុខសម្រាប់ស្រីគ្រប់គ្នា តែជាភាពទុក្ខសោកវេទនារបស់នាង។ ការរៀបការជាមនុស្សខ្លួនស្រលាញ់គិតថាមានក្ដីសុខ ប៉ុន្តែអត់ទេ អ្វីដែលនាងទទួលបាន មានត្រឹមតែស្អប់ មើលងាយ ជា...