ភាគទី១៨

599 6 0
                                    

(សាកចិត្ត)

“ឡាងសៀ!...” ខាល៍ ហៅឈ្មោះស្រីតូចដោយការត្រេកអរ លាយឡំភ្ញាក់ផ្អើល ពេលស្រីតូចឈរបាំងឆ័ត្រឱ្យខ្លួន។
អ្នកកំលោះញញឹមសប្បាយចិត្ត មិនគិតថានាងព្រមចិត្តទន់ចេញញមករកខ្លួនបែបនេះទេ។ ទោះជាពេលនេះនាងមិនបាននិយាយអ្វីត្រូវពីទឹកមុខរាមស្មើ តែគេក៏អាចទាញដឹងការព្រួយបារម្ភចេញពីចិត្តនាងបានដូចគ្នា។
“ចូលទៅខាងក្នុងទៅ!” ឡាងសៀ ប្រាប់សំឡេងស្មើ កែវភ្នែកតូចស្រទន់សម្លឹងមើលមុខមាំសង្ហា ដោយការព្រួយបារម្ភ។
“បាទ” ខាល៍ ញញឹមក្រោកឈរពេញកម្ពស់ ដើរតាមស្រីតូចចូលមកក្នុងផ្ទះ។
រាងកាយទទឹកជោកដោយទឹកភ្លៀងឈរញ័រញាក់នៅកណ្ដាលបន្ទប់ មិនហ៊ានកម្រើកទៅណា រងចាំឱ្យម្ចាស់ផ្ទះចាត់ចែងគ្រប់យ៉ាងឱ្យខ្លួន។
“នេស៎កន្សែង! បន្ទប់ទឹកខាងនោះ បងឆាប់ចូលទៅ”
“អរគុណ ប្រពន្ធសម្លាញ់”
ជុប
ខាល៍ ឆ្មក់ថើបថ្ពាល់តូច មុននឹងប្រញាប់ប្រញាល់ដើរចូលបន្ទប់ទឹក ខ្លាចថាស្រីតូចវាយនឹងចរិតព្រានរបស់ខ្លួន។
“មនុស្សឆ្កួត!” ឡាងសៀ ញញឹមខ្ទប់ថ្ពាល់ ក្រហមអស់ហើយទាំង កសខ្ចីអៀននឹងឫកពារបស់អ្នកកំលោះមុននេះ។
ស្រីតូចបញ្ឈប់គំនិតគិតពីអ្នកម្ខាងទៀត មុននឹងដើរទៅផ្ទះបាយ ចាត់ការចម្អិនអាហារឱ្យអ្នកម្ខាងទៀត ខ្លាចថាគេឃ្លាន ព្រោះមិនទាន់បានញ៉ាំអ្វីតាំងពីម្សិល។ កំពុងវីវក់ជាមួយការងាររបស់ខ្លួន ទើបមិនបានចាប់អារម្មណ៍អ្នកណាម្នាក់កំពុងឈរសម្លឹងមើលនាងទាំងញញឹម។ ឡាងសៀ ភ្ញាក់កន្រ្តាក់បន្តិចពេលរង្វង់ដៃកក់ក្ដៅឱបរឹតចង្កេះខ្លួនពីក្រោយ។
ខ្សឺត
ខាល៍ ជំពិតថ្ពល់តូចបង្ហាញសិទ្ធជាម្ចាស់។
“ថ្ពាល់ក្រអូបណាស់អូនសម្លាញ់” មាត់រសើរ ដៃក៏បន្ថែមកម្លាំងឱប ធ្វើឱ្យរាងកាយទាំងពីរកាន់តែកៀកកិតគ្នា កៀកដល់ថ្នាក់រាងតូចទទួលដឹងដល់អ្វីម្យ៉ាងកំពុងចាក់ត្រគាករបស់ខ្លួន ទើបប្រញាប់ងាកមកមើលហើយក៏...
“អាយយយ បងខាល៍! មនុស្សរោគចិត្ត...ម៉េចក៏បងមិនស្លៀកពាក់បែបនេះ?” ដៃតូចលើកមកខ្ទប់ភ្នែករបស់ខ្លួន បិទមិនឱ្យឃើញភាពកំណាចកំពុងបញ្ចេញរិទ្ធមុននេះ។
“ស្លៀកយ៉ាងម៉េចទៅ...បងគ្មានខោអាវទេ”
“គ្មានខោអាវ តែបងក៏ត្រូវរុំកន្សែងដែរ...ទៅ! ឆាប់ទៅរុំកន្សែងភ្លាម”
“អូខេ បងទៅក៏បាន”
ខាល៍ ព្រមធ្វើតាមស្រីតូច ដោយដើរទៅយកកន្សែងក្បែរនោះមករុំឱ្យតែបានៗ។
“រួចរាល់ហើយអូនសម្លាញ់!” ចប់សម្ដីរបស់គេ ទើបស្រីតូចព្រមបើកភ្នែកមកវិញ ដោយមិនភ្លេចសម្លក់គេថ្លែ។
“រួចហើយ ក៏ឆាប់ញ៉ាំបាយទៅ” ប្រាប់រួច ស្រីតូចក៏ដើរចេញទៅ តែមិនប៉ុន្មានត្រូវដៃរឹងមាំចាប់ជាប់។
“អូនទៅណា?...មិនញ៉ាំបាយជាមួយគ្នាទេឬ?”
“ខ្ញុំញ៉ាំរួចហើយ”
“ញ៉ាំម្ដងទៀតមិនបានឬ?”
“ខ្ញុំមិនឃ្លានទេ...ខ្ញុំងងុយគេង សុំទៅគេងហើយ” ថាចប់ស្រីតូចដើរចេញទៅភ្លាម មិនងាកមើលអ្នកកំលោះសូម្បីបន្តិច ទង្វើរបស់នាងធ្វើឱ្យគេអន់ចិត្តមិនស្ទើរនោះទេ។ អន់ចិត្តហើយយ៉ាងម៉េច គេធ្លាប់ធ្វើដាក់នាងច្រើនជាងនេះទៀតផង ត្រូវប៉ុណ្ណឹងនៅស្ទើរខ្លាំងណាស់។
រាងតូចតែមួយរបស់អ្នកម៉ាក់ គេងនៅលើគ្រែងជិតមួយម៉ោងទៅហើយ តែនាងនៅតែមិនអាចគេងលក់បានដូចចិត្ត កាន់តែពេលនេះ ពេលពូកចាប់ទ្រុឌដោយកម្លាំងអ្នកណាម្នាក់ ធ្វើឱ្យអ្នកដែលមិនទាន់គេងលក់ត្រូវងាកមកមើលភ្លែតតែម្ដង។
“បងខាល៍! បងឡើងមកធ្វើអី?”  ឡាងសៀ ស្ទុះក្រោកភ្លាម។
“អោ!គឺឡើងមកគេងនឹងអីចេះសួរកើត!... យប់ជ្រៅហើយឆាប់គេងទៅ” ខាល៍ ដាក់ខ្លួនគេង ព្រមទាំងទាញនាងក្រមុំឱ្យគេងចុះវិញ តែសាមីខ្លួនមិនព្រម គិតតែពីអង្គុយសម្លឹងគេមិនឈប់។
“ខ្ញុំមានអនុញ្ញាតឱ្យបងគេងលើគ្រែទេ?” ប្រយោគរបស់ភរិយា ទាញឱ្យគេក្រោកអង្គុយសារជាថ្មី។
“ហើយបើមិនឱ្យបងគេលើគ្រែ ឱ្យបងទៅគេងត្រង់ណា?” ខាល៍ សួរបកដោយការចង់ដឹង។
“នោះអី!...លើឥដ្ឋនោះ!” ដៃតូចចង្អុលឥដ្ឋក្បែរគ្រែគេង កាន់តែធ្វើឱ្យអ្នកកំលោះមិនស្រួលចិត្តថែមទទៀត តែក៏ប្រញាប់ចូលមកលួងលោមនាង។
“ពុទ្ធោ អូនសម្លាញ់!...ឱ្យបងគេងលើឥដ្ឋយ៉ាងម៉េចនឹងបានទៅ ម្យ៉ាងមេឃភ្លៀងបែបនេះរងាខ្លាំងណាស់ លើឥដ្ឋក៏ត្រជាក់បងគេងមិនបានទេ” ខាល៍ រៀបរាប់បង្ហាញទឹកមុខគួរឱ្យអាណិតចេញមក តែស្រីតូចបែរជាមិនអាណិតសូម្បីបន្តិច។
“បើចឹងមិនបាច់គេងទេ ឈរពេញមួយយប់ទៅ”
ឌាំង
ផ្គរស្រាប់តែលាន់ឮខ្លាំងៗ ឱ្យស្រីតូចស្រែកដោយការភិតភ័យ។
“អាយយយ” ឡាងសៀ ស្ទុះទៅឱបរាងកាយស្វាមីណែនដៃ រាងតូចញ័រខ្លួនតិចៗ នៅភ័យខ្លាចរឿងមុននេះមិនទាន់បាត់។ ខាល៍ ឱបរាងតូចស្ដើង ព្រមទាំងអង្អែលខ្នងថ្នមៗជាការលួងលោម។
“មិនអីទេ! កុំខ្លាចអី” ឡាងសៀ បន្តឱបអ្នកកំលោះមួយសន្ទុះធំទើបព្រមដកខ្លួនចេញមកវិញ ពេលប៉ះបានអ្វីមិនស្រួលនៅក្រោមភួយ។
“បងខាល៍!” ទោះមិនប្រាកដចិត្ត តែនាងក៏អត់សង្ស័យមិនបានថាជាអ្វី។
“បាទ”
“បងអត់ស្លៀកកន្សែងទេឬ?” មាត់សួរភ្នែកក៏សម្លឹងកាចមើលគេ ដែលសាមីខ្លួនបានត្រឹមស្ញេញចេញមក។
“ហិហិ” គេអាចនិយាយអ្វីបាន  បើការពិតគេមិនបានស្លៀកអ្វីពិតមែន។
“បងខាល៍! ប្រាប់ហើយថាឱ្យស្លៀកកន្សែង ម៉េចក៏ស្រាតទៀតហើយ”
“អូនសម្លាញ់!...រាល់យប់បងស្លៀកតែខោគេងទេ ហើយពេលនេះគ្មានខោ ឱ្យស្លៀកកន្សែងបងមិនចេះទេ ព្រឹកឡើងច្បាស់ជារបូតអស់មិនខានទេ ចឹងហើយមិនបាច់ស្លៀកល្អជាង” ចប់សម្ដី ខាល៍ ស្ញេញជាថ្មីមិនខ្វល់ពីកែវភ្នែកតូចដែលកំពុងសម្លក់សម្លឹងខ្លួនអីបន្តិច។
“...” ក្រៅពីសម្លក់មិនញិនហើយ ឡាងសៀ មិនដឹងធ្វើអ្វីក្រៅពីងាកមុខចេញ អាចមិនមែនខឹង មុនក្រហមបែបនេះ នាងអាចកំពុងខ្មាសគេច្រើនជាង។
“យប់ជ្រៅហើយ បងថាពួកយើងឆាប់គេងទៅល្អជាង” ខាល៍ ទាញនាងឱ្យគេងជាថ្មី តែក៏ត្រូវអ្នកម៉ាក់ក្មេងគ្រវាសចេញជាថ្មីម្ដងទៀត។
“បងទៅគេងខាងក្រោម!”  ឡាងសៀ បញ្ជាក់គេជាថ្មី សង្កត់សំឡេងច្បាស់ៗមួយៗ ឱ្យគេបានយល់ពីន័យរបស់ខ្លួន តែត្រូវមនុស្សកំណាចបដិសេធដាច់អហង្ការមកវិញ។
“មិនបានទេ!...បងគេងឆ្ងាយពីអូនមិនបានទេ    ចុះបើយប់ឡើង
មានផ្គរដូចមុននេះ ពេលអូនភ័យបងម៉េចនឹងអាចមកមើលអូនទាន់ទៅ...ម្យ៉ាងអូនមិនមែននៅខ្លួនមួយទៀតទេ ធ្វើអ្វីត្រូវគិតពីកូន...នៅមានអ្នកម៉ាក់ទៀត គាត់បារម្ភពីអូនពីចៅរបស់គាត់ ហើយបងក៏បារម្ភពីអូនពីកូនដូចគ្នា” ខាល៍ រៀបរាប់យ៉ាងវែងអន្លាយ នៅមានទឹកមុខបែបអ្នកសម្ដែងចេញមកទៀត ដែលអ្នកម៉ាក់រកពាក្យតអ្វីមិនបានទៀត។
ឡាងសៀ លែងតបអ្វី តែក៏ដាក់ខ្លួនគេងបែរខ្នងដាក់គេ ទាំងខឹងចិត្ត បញ្ជាក់ថាគេអាចគេងនៅលើនេះបាន។ ខាល៍ ញញឹមពេញចិត្ត ព្រមទាំងដាក់ខ្លួនគេងក្បែរនាងភ្លែតតែម្ដង។ នៅមានដៃរឹងមាំលើកមកឱបចង្កេះតូចជាប់ណែនដៃទៀតផង។
“ដកដៃចេញ!” ឡាងសៀ គ្រវាសដៃគេចេញ តែមនុស្សកំណាចមិនព្រមតាមនាងដោយងាយៗនោះទេ។
“ឱបបែបនេះហើយ កុំឱ្យអូនរងា” ខាល៍ បន្ថែមកកម្លាំងរឹត ដែលស្រីតូចក៏មិនបានហាមឃាត់ បានត្រឹមគេងស្ងៀម។
ឡាងសៀ ញញឹមបិទមាត់មិនជិត  ពេលទទួលបានរង្វង់ដៃដ៏កក់ក្ដៅពីអ្នកកំលោះ។ ហើយមិនប៉ុន្មានទាំងពីរនាក់ក៏គេងលង់លក់ដោយមិនដឹងខ្លួនដល់ព្រឹកថ្ងៃថ្មី។

អាពាហ៍ពិពាហ៍ប្លន់បេះដូងWhere stories live. Discover now