#សកលវិទ្យាល័យ
កំលោះសង្ហាចុះពីលើឡានដើរតម្រង់ទៅអាគាររបស់ខ្លួនក៏ប្រទះឃើញនាយតូចដែលបានជួបកាលពីម្សិលមិញអង្គុយនៅបង់ក្រោមដើមឈើតែម្នាក់ឯង។ វីននីបញ្ឃប់ដំណើរដោយគិតបន្ដិចមុននឹងចូលទៅរាក់ទាក់។
«សួស្ដី! ពួកយើងជួបគ្នាកាលពីម្សិលមិញចាំខ្ញុំបានទេ! ម៉េចក៏អង្គុយតែម្នាក់ឯងមិនឃើញម្នាក់ទៀត?» វីននីចង់សំដៅដល់ហ្វតព្រោះរាល់ដងដែលជួបសាតាំងឃើញគេនៅជាមួយរហូតតែព្រឹកនេះមិនឃើញ។
«អ៎រ! ហ្វតទៅញុំាអីបាត់ហើយ ប្រញាប់ទេ!បើមិនប្រញាប់អង្គុយសិនមក» សាតាំងឃើញនាយឈរយូរខ្លាចចុកជើងក៏បបួលអង្គុយជាមួយ។ តាមពិតពេលជួបគេជិតៗបែបនេះក៏មានអារម្មណ៍ថាអៀនខ្លះដែរ។
«បាទ» វីននីបានគេបបួលញញឹមឱ្យខ្ចិប។ នាយរង់ចាំពាក្យនេះយូរហើយរហូតដល់រាងតូចបបួលឱ្យអង្គុយជាមួយ គេដាក់ខ្លួនអង្គុយរួចក៏ដកសៀវភៅមួយក្បាលចេញមកធ្វើឱ្យសាតាំងចាប់អារម្មណ៍ភ្លាម។
«នេះលោកអានសៀវភៅនេះដែរមែនទេ?» សាតាំងនិយាយទាំងកែវភ្នែកសម្លឹងមើលសៀវភៅមួយក្បាលនោះ។
«បាទ ខ្ញុំអានជិតចប់ហើយនៅសល់តែ១០ទំព័រ ចុះ....» វីននីញញឹមតប។
«សាតាំង! ខ្ញុំទើបអានបានប៉ុន្មានទំព័រប៉ុណ្ណោះ តែខ្ញុំពេញចិត្តសៀវភៅមួយក្បាលនេះណាស់ វាបានបង្ហាញពីការតស៊ូ ការខិតខំប្រឹងប្រែងរបស់តួអង្គ ហើយរឿងនេះមានតម្លៃអប់រំល្អណាស់ដែលយុវវ័យគួរតែស្វែងយល់! អឹមខ្ញុំថា...ខ្ញុំដូចជានិយាយច្រើនពេកហើយ» សាតាំងនិយាយថាទើបតែបានអានមិនប៉ុន្មានទំព័រប៉ុណ្ណោះ តែការរៀបរាប់សាច់រឿងខ្លះៗធ្វើឱ្យនាយក្រាស់មិនជឿថាគេពិតជាអានបានប៉ុន្មានទំព័រដូចដែលនិយាយទេ។
«ប្រាកដចិត្តទេដែលទើបតែអានបាន នេះរៀបរាប់មកដូចអានចប់អញ្ចឹង!» ពិតមែនហើយភាគច្រើនអ្នកដែលដឹងសាច់រឿងមុនតែគេអានរំលងទំព័រទើបអាចទៅរួច ខ្ញុំអានធម្មតាមិនយល់ផងទម្រាំអានរំលងទៀត តៃប៉ិបណ្ដោយ។
«ខ្ញុំបើករំលងអានត្រួសៗក៏ដឹងដំណើររឿងខ្លះៗតែមិនទាំងស្រុងទេ! ចុះលោក...»
«វីននី...ហៅលោកដូចមិនស្និតស្នាលសោះ» វីននីមិនទាន់សុំាសោះដែលមានអ្នកហៅខ្លួនលោក ដូច្នេះក៏ឱ្យរាងតូចប្ដូរហៅឈ្មោះវិញទើបមើលទៅស្និតស្នាលបន្ដិច។
«បាទ បងវីន» សាតាំងហៅឈ្មោះរាងក្រាស់ឡើងពិរោះស្រទន់ធ្វើឱ្យអ្នកខាងនេះលង់សម្លេងងើបមិនចង់រួច។ ពួកគេបន្ដអង្គុយនិយាយគ្នាទាក់ទងនឹងសៀវភៅដែលកំពុងតែអាន ដោយសារវីននីបានអានច្រើនជាងសាតាំងទើបនាយតូចសុំឱ្យអ្នកកំលោះរៀបរាប់ឱ្យស្ដាប់។(គង់តែអានដដែលសោះអូសក្រឡាណាស់ Nong Tang)
កំលោះបួននាក់ដែលជាមិត្តសាតាំងញុំាអាហារពេលព្រឹករួចពួកគេក៏ដើរមករកមិត្តតែក៏ឃើញមានបុរសម្នាក់អង្គុយជាមិត្តពួកគេក៏ឈប់ដោយព្រុំជាអ្នកបញ្ឃប់ដំណើរពួកគេ។
«ឈប់សិនឯង! នោះអ្នកណាអង្គុយជាមួយអាតាំង?» ព្រុំសួរទាំងព្យាយាមសម្លឹងមើលកំលោះសង្ហាដែលអង្គុយជិតមិត្ត ព្រោះចង់ដឹងប្រុសម្នាក់នោះជាអ្នកណា ម៉េចបានមកអង្គុយនៅទីនេះជាមួយសាតាំង? ហ្វតឈរមើលបុរសម្នាក់នោះឱ្យប្រាកដចិត្តសិន មុននឹងតប៖
«អ៎រ! គឺសិស្សច្បងដែលយើងនឹងសាតាំងជួបកាលពីម្សិលមិញ មិនតែប៉ុណ្ណឹងទេ!គាត់ជួយសាតាំងរៀបចំសៀវភៅទៀតផង»
ពួកគេស្ដាប់ហ្វតនិយាយក៏មានអារម្មណ៍ថារំភើបដែរ ហេតុអីមិនឮនិយាយអ្វីប្រាប់ពួកគេសោះ ឬមួយពីរនាក់នឹងមានអ្វីលាក់បាំង? ដូច្នេះពួកគេក៏ចាប់ហ្វតសួរ។
«ពិតមែន! ម៉េចមិនឮប្រាប់ពួកយើងផង! មានអ្វីលាក់បាំងពួកយើងទេដឹង! បើមានឆាប់ប្រាប់មក...» ព្រុំនិយាយទាំងសម្លឹងមុខហ្វត។ ដោយសារតែគេព្យាយាមគេចពីក្រសែភ្នែកមិត្តៗទើបពួកគេចាប់បាន។
«មែនហើយ ឆាប់និយាយមកអាហ្វត!» បីនាក់ទៀតបង្ខំឱ្យហ្វតនិយាយ។
«គ្មានទេ! យើងថាចូលទៅរកសាតាំងល្អជាងជិតដល់ម៉ោងចូលរៀនហើយ» ហ្វតប្រញាប់ដកខ្លួនហើយដើរទៅរកសាតាំង។ គេបានសន្យាជាមួយសាតាំងថាមិនប្រាប់រឿងនេះទៅអ្នកណាឡើយ ជាពិសេសព្រុំ ម្នាក់នេះមាត់ដាច់សាហាវរឿងណាដែលលាក់បានលាក់ទៅ បើព្រុំដឹងរឿងនោះមិនមែនជាអាថ៌កំបាំងទៀតទេ។
«ហ្វត! ពួកឯងញុំាអីហើយហាស៎! ចង់ទៅថ្នាក់មែនទេ?» សាតាំងឃើញហ្វតក៏បញ្ឈប់ការសន្ទនាជាមួយវីននីងាកមកសួរមិត្តដែលរត់តម្រង់មកអង្គុយក្បែរគេ។
«អឺ សួស្ដីបង!» ហ្វតញញឹមរួចនិយាយពាក្យគួរសមទៅកាន់វីននី។
«បាទ សួស្ដី ជិតដល់ម៉ោងចូុលរៀនហើយចឹងខ្ញុំសុំទៅមុនហើយ» វីននីតបហើយក៏សុំដកខ្លួនទៅ ព្រោះមិត្តៗសាតាំងនៅច្រើនពេកធ្វើខ្លួនមិនត្រូវ។
«បាទ» សាតាំងញញឹម នាយក្រាស់ក៏ចាកចេញទុកឱ្យមិត្តៗគេនិយាយគ្នា។
ពេលអ្នកកំលោះចេញទៅបាត់ហ្វតក៏សួរ ហើយបីនាក់ទៀតបើកត្រចៀកចាំស្ដាប់។ ហ្វតមិនសួរអ្វីច្រើនទេគ្រាន់តែចង់ដឹងហេតុអីសិស្សច្បងម្នាក់នោះមកអង្គុយនៅទីនេះ សាតាំងក៏និយាយប្រាប់ហ្វតតាមដំណើររឿង ហើយបន្ទាប់មកក៏ប្រាប់ឈ្មោះវីននីឱ្យពួកគេបានដឹង។ ពួកគេបំណងចង់សួរទៀតតែសាតាំងនិយាយហាមមុនដោយសារដល់ម៉ោងចូលរៀនហើយពួកគេក៏ដើរទៅបន្ទប់រៀន។
កន្លងទៅជាច្រើនម៉ោងក៏ដល់ម៉ោងចេញទៅផ្ទះគឺថ្ងៃនេះហ្វតប្រញាប់ទៅជួយរៀបចំឥវ៉ាន់ម៉ាក់មិនបានជូនសាតាំងទៅផ្ទះទេ។ សាតាំងដើរចេញពីសកលវិទ្យាមកដល់ឃ្លោងទ្វាក៏ដើរទៅចំណតឡានក្រុងតែមិនច្បាស់ថាឡានមកស្មាណាឡើយ បើជិះតាក់ស៊ីប្រហែលជាបានទៅផ្ទះលឿនតែចំនួនលុយមានកំណត់។
វីននីទើបតែបើកឡានចេញពីសកលវិទ្យាល័យក៏ឃើញសាតាំងអង្គុយនៅលើកៅអីទាំងមុខស្អុយ បើឱ្យទាយមកអង្គុយចាំឡានយូរហើយ ឃើញដូច្នេះក៏អែបកៀនហើយបើកកញ្ជក់ហៅសាតាំង។
«សាតាំង! នៅមិនទាន់ទៅផ្ទះទៀតហេស៎!» វីននីបើកកញ្ជក់សួរសាតាំងក៏ងើបហើយដើរទៅក្បែរឡានដើម្បីងាយស្រួលនិយាយគ្នា។
«បាទ គឺខ្ញុំចាំឡានក្រុងមួយសន្ទុះហើយតែឡានមិនទាន់មក នេះទើបតែចេញមែនទេម៉េចក៏យូរម្ល៉េះ?!» ម៉ោង៥កន្លះហើយទើបតែឃើញវីននីកាត់នេះក៏សួរ។
«ថ្ងៃនេះគ្រូថែមម៉ោងទើបចេញយូរបន្តិច សាតាំងរង់ចាំឡានក្រុងមែនទេ? អ៊ីចឹងឡើងឡានមកខ្ញុំជូនទៅ! បើនៅចាំទៀតមិនដឹងពេលណាបានទៅដល់ផ្ទះទេ ឆាប់ឡើង!» មុននេះវីននីឃើញសាតាំងអង្គុយចាំឡានមុខឡើងស្អុយ នាយក៏សុំអនុញ្ញាតជូនគេទៅផ្ទះ។
«បាទ អរគុណ» ពីដំបូងរៀងក្រែងចិត្តគេបន្ដិចដែរ តែដោយសារវីននីបបួលទៅហើយសាតាំងក៏ព្រមទៅជាមួយគេ នាយតូចបើកទ្វាឡានរួចចូលអង្គុយនៅខាងមុខក្បែរនាយក្រាស់។ ពេលនេះអារម្មណ៍របស់គេច្របូកច្របល់ទៀតហើយឱ្យតែនៅជាមួយគេតែពីរនាក់។ នៅលើឡានម្នាក់ៗស្ងាត់រៀងខ្លួនព្រោះគ្មានរឿងនិយាយ ម្យ៉ាងពួកគេទើបតែជួបគ្នាមិនប៉ុន្មាន ដូច្នេះមិនទាន់មានភាពស្និតស្នាលនៅឡើយទេ។
YOU ARE READING
You're be mine
Short StoryWinnySatang💰🩵 អ្នកគឺជាមនុស្សដំបូងដែលខ្ញុំស្រឡាញ់ ហើយក៏ជាមនុស្សដំបូងដែលធ្វើឱ្យខ្ញុំឈឺចាប់បំផុត។ Date : 01.01.2024 Author by : MIKA_TAEMIN (Likher)