ក្រួច!!
វីននីកំពុងផ្តោតលើការបើកបរស្រាប់តែសម្លេងកូរពោះបន្លឺឡើងនាយក៏ញញឹម។ រីឯសាតាំងងាកមុខចេញទាំងខ្មាស់អៀន មិនគួរណាមកកូរពោះនៅពេលនេះសោះ។ នាយបើកឡានបណ្ដើររកមើលភោជនីដ្ឋាននៅម្ដុំៗនេះ រហូតដល់មុនបន្ដិចមានភោជនីដ្ឋានមួយនាយក៏បត់ឡានចូល។ ឡានត្រូវបានឈប់វីននីដោះខ្សែក្រវ៉ាត់រៀបនឹងចុះស្រាប់តែឃើញសាតាំងអង្គុយធ្វើមុខឆ្ងល់ក៏សួរ៖
«ក្រែងឃ្លានហ៎! មិចមិនចុះមក...» វីននីនិយាយមុខស្មើតែអ្នកម្ខាងទៀតបែរជាមានអារម្មណ៍ខ្មាស់អៀនទៅវិញ។ សាតាំងចុះពីលើឡានរួចក៏ចូលទៅខាងក្នុងដោយមាននាយជាអ្នកនាំផ្លូវ។
ចូលមកដល់ខាងក្នុងធ្វើឱ្យសាតាំងស្រឡាំងកាំងខ្លាំងព្រោះភោជនីដ្ឋានមួយនេះធំហើយប្រណិត មិនធ្លាប់គិតសោះថាគេនឹងបានមកកន្លែងបែបនេះ។ គ្រាន់តែចូលមកដល់មាត់ទ្វាមានបុគ្គលិកចាំស្វាគមន៍ បន្ទាប់មកបុគ្គលិកនាំពួកគេទៅរកកន្លែងគួរសមនឹងចាប់ផ្ដើមកម្មង់អាហារ។
«សួស្ដីលោក តើត្រូវការកម្មង់អ្វីដែរ?»
«ខ្ញុំយកមួយមុខនេះ មួយនេះ ហើយនឹងមួយនេះពីរឈុត អឹម...សាតាំងចង់ហៅអីថែមទេ?»
«បាទអត់ទេ!! ប៉ុណ្ណឹងច្រើនពេកហើយញុំាមិនអស់ទេ»
«ចឹងប៉ុណ្ណឹងសិនចុះ អរគុណ»
«ចា៎ សូមរង់ចាំបន្ដិចខាងពួកយើងនឹងរៀបចំជូន»
បុគ្គលិកញញឹមរួចក៏ត្រឡប់ទៅធ្វើការរបស់គេបន្ដ ចំណែកពួកគេអង្គុយនិយាយគ្នាលេងសិនទម្រាំតែអាហារមក។ កំពុងតែអង្គុយនិយាយគ្នាលេងស្រាប់តែមានមនុស្សស្រីម្នាក់ដើរមកសំដៅមកតុរបស់ពួកគេ។
«វីន! នេះមកញុំាអីនៅទីនេះដែរហ៎! ទើបតែមកដល់មែនទេ?» នាងញញឹមសួរទៅកាន់វីននី។
«បាទ ហើយមេញុំាអីហើយនៅ?» វីននីតប។
«ខ្ញុំញុំារួចហើយ ចឹងតាមសប្បាយចុះខ្ញុំទៅមុនហើយ bye! bye!» ស្រីស្អាតញញឹមដាក់ពួកគេរួចក៏ដើរទៅបាត់។ វីននីតាមមើលស្រីស្អាតរហូតដល់គេដើរទៅផុតក្រសែភ្នែកទើបមើលទៅអ្នកដែលអង្គុយចំពោះមុខខ្លួន។ មុននេះអំឡុងពេលនាយក្រាស់សន្ទនាជាមួយមនុស្សស្រីស្អាតសាតាំងស្រាប់តែមានអារម្មណ៍មិនសូវល្អ សូម្បីតែខ្លួនក៏មិនដឹងថាកើតអ្វីដែរ ដឹងត្រឹមថាមិនពេញចិត្ត។
មួយសន្ទុះអាហារក៏លើកមកពួកគេញុំាទាំងសភាពស្ងប់ស្ងាត់។ ពេលញុំាអាហារពេលល្ងាចហើយវីននីក៏ជូនសាតាំងទៅខនដូរវិញ។ ប្រហែល១០នាទីឡានវីននីឈប់នៅខាងមុខទ្វាចូលខនដូរ ឃើញសាតាំងអង្គុយភ្លឹកនាយក៏ហៅ៖
«សាតាំង សាតាំង! ដល់ហើយ»
«បាទ! បាទ អ៎រ...អរគុណដែលជូនមក និងអរគុណសម្រាប់អាហារពេលល្ងាច អ៊ីចឹងខ្ញុំសុំទៅសិនហើយ» សាតាំងរវល់តែភ្លឹកមិនបានឮវីននីហៅ។ ពេលដឹងខ្លួននាយប្រញាប់និយាយពាក្យអរគុណ។
«បាទ» វីននីញញឹម។ សាតាំងញញឹមតបរួចក៏ចុះពីលើឡានដើរចូលទៅខាងក្នុងក្រោមក្រសែភ្នែកនាយក្រាស់។ វីននីតាមមើលគេរហូតដល់ផុតពីក្រសែភ្នែកទើបបើកឡានត្រឡប់ទៅផ្ទះ។
មកដល់បន្ទប់សាតាំងទុកកាតាបរួចទម្លាក់ខ្លួនអង្គុយទាំងមុខស្រពោន "តើស្រីម្នាក់នោះជាអ្នកណា? តាមការសន្ទនារវាងពួកគេដូចជាស្និតស្នាលណាស់" សំណួរជាច្រើនបានលោតចូលពេញខួរក្បាលរបស់សាតាំង កំពុងតែគិតដល់រឿងរបស់វីននីស្រាប់តែសម្លេងទូរសព្ទបន្លឺឡើងគេក៏ប្រញាប់លើកទទួល៖
«អាឡូហ្វត!»
(អាឡូសាតាំង! យើងតេទៅបីបួនដងហើយមិចមិនលើកទូរសព្ទ ដឹងទេយើងបារម្ភ)
«អឺ សុំទោសយើងដាក់ទូរសព្ទក្នុងកាតាបមិនដឹងថាឯងតេមក»
(អឹមៗ ឯងញុំាអីហើយនៅ?»)
«រួចមិញ ហើយឯង?»
(នៅទេ! អឺម៉ាក់ហៅញុំាបាយហើយ អ៊ីចឹងប៉ុណ្ណឹងសិនចុះ ចាំស្អែកពិភាក្សាគ្នាត bye bye!)
«អូខេ» សាតាំងនិយាយទូរសព្ទជាមួយហ្វតហើយនាយក៏ដើរទៅយកកន្សែងងូតទឹក។ មួយសន្ទុះក៏ចេញមកវិញនាយតូចដើរទៅអង្គុយមើលមេរៀននិងធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឱ្យ ប្រហែលជាង២ម៉ោងទើបគេរៀបចំទុកដាក់សៀវភៅហើយចូលគេង។
វីននីចូលមកដល់ក្នុងផ្ទះឃើញប៉ាម៉ាក់កំពុងតែអង្គុយនិយាយគ្នានៅបន្ទប់ទទួលភ្ញៀវនាយក៏ចូលទៅអង្គុយជិតពួកគាត់។ ម៉ាក់វីននីញញឹមរួចក៏យកដៃអង្អែលខ្នងកូនប្រុសថ្នមៗ លោករ៉ាត់ដែលជាប៉ាវីននីឃើញថាបរិយាកាសល្អទាន់ពួកគេនៅជុំគ្នាគាត់ក៏លើករឿងសំខាន់មកនិយាយតែម្ដងទាន់កូនប្រុសនៅទីនេះ។
«វីន! ប៉ានិងម៉ាក់បានពិភាក្សាជាមួយលោកផាកនរឿងភ្ជាប់ពាក្យកូននិងមេ កូនមានយោបល់ទេ?»
«ចុះបើកូនប្រាប់ថាមាន...គឺកូនមិនទាន់គិតរឿងនេះទេ កូនចង់រៀនឱ្យចប់សិន» គ្រាន់តែស្ដាប់ប៉ានិយាយចប់វីននីបដិសេធភ្លាម ព្រោះនៅនាយចង់ផ្ដោតោលើការសិក្សាជាង មិនទាន់ចង់គិតរឿងផ្សេងឡើយ។
«ទម្រាំកូនរៀនចប់ពេលណា? ប៉ាគ្រាន់តែចង់ឱ្យកូនភ្ជាប់ពាក្យសិនប៉ុណ្ណោះ មានបានឱ្យពួកកូនការឯណា!! ម្យ៉ាងមេក៏រៀនមិនទាន់ចប់ដូចគ្នា ភ្ជាប់ពាក្យសិនទៅមានទាស់ត្រង់ណា» លោករ៉ាត់និយាយក៏សមហេតុផល តែបើតាមការស្ដាប់ទៅដូចបង្ខំកូនជាង។
«តែលោកប៉ាកូន...» វីននីយល់អ្វីដែលគាត់និយាយតែគេពិតជាមិនទាន់ចង់ភ្ជាប់ពាក្យពិតមែន អញ្ចឹងក៏ប្រញាប់ប្រកែកតែត្រូវលោកប៉ាកាត់។
«គ្មានតែគ្មានស្ករទេ ប៉ាពិភាក្សាជាមួយលោកផាកនរួចហើយបើមិនចុងខែនេះក៏ដើមខែក្រោយដែរ កូនត្រៀមតែខ្លួនទៅ» សម្ដីម៉ឺតម៉ាត់ដាច់ខាតទោះបីវីននីប្រឹងប្រកែកទៀតក៏គ្មានបានផលដែរ បើគាត់បានសម្រេចចិត្តទៅហើយ។
«បើប៉ាសម្រេចចិត្តហើយមកសួរកូនធ្វើអី!!» វីននីនិយាយរួចក៏ដើរចេញទៅបាត់។ លោកស្រីឃើញកូនដើរចេញទៅក្រៅក៏ប្រញាប់ហៅកូនតែគេដើរមិនងាកក្រោយសោះ សម្លេងឡានក៏បន្លឺហើយបើកចេញទៅបាត់។ លោកស្រីមើលមុខប្ដីទាំងទឹកមុខព្រួយបារម្ភ ចំណែកលោករ៉ាត់វិញអង្គុយធ្វើមុខស្មើហាក់មិនខ្វល់ពីកូនសោះ ធ្វើឱ្យប្រពន្ធគាត់ហួសចិត្តជាខ្លាំង។
អោយតែមានរឿងមិនសប្បាយចិត្តវីននីតែងតែមកបារមួយកន្លែងអង្គុយផឹកស្រាស្ដាប់ចម្រៀងរំសាយទុក្ខកង្វល់។ ហើយអ្នកដែលតែងតែមកកំដរពេលដែលនាយមានរឿងមិនសប្បាយចិត្តគឺជេមនេះឯង ឱ្យតែថាមិត្តមានរឿងមិនសប្បាយចិត្តដឹងតែមានវត្តមានគេហើយ។
«ក្រែងឯងស្រឡាញ់មេ ហេតុអីបដិសេធរឿងនេះ? វាជាឱកាសល្អសម្រាប់ឯងមិនចឹង!!»
«វាមិនងាយដូចឯងគិតទេអាជេម យើងស្រឡាញ់នាងតែនាងមិនបានស្រឡាញ់យើងទេ» និយាយដល់ត្រឹមនេះវីននីក៏សម្លឹងមុខគេ។ ចំណែកជេមដឹងច្បាស់ថាមិត្តចង់សំដៅដល់ខ្លួន នាយក៏ងាកមុខចេញហើយធ្វើជាលើកកែវស្រាមកផឹកបន្លំ។
កាលពីឆ្នាំមុនវីននីបានសារភាពទៅកាន់មេតែត្រូវនាងបដិសេធ ព្រោះនាងចាត់ទុកនាយត្រឹមជាមិត្តប៉ុណ្ណោះ ចំណែកមនុស្សដែលនាងស្រឡាញ់គឺជេម ដូច្នេះហើយពេលនិយាយពីមេម្ដងៗជេមមុខមិនដែលរីកទេ។
YOU ARE READING
You're be mine
Short StoryWinnySatang💰🩵 អ្នកគឺជាមនុស្សដំបូងដែលខ្ញុំស្រឡាញ់ ហើយក៏ជាមនុស្សដំបូងដែលធ្វើឱ្យខ្ញុំឈឺចាប់បំផុត។ Date : 01.01.2024 Author by : MIKA_TAEMIN (Likher)