ផ្តើមរឿង៖បុរសពិសេស

4.2K 155 3
                                    

    ទីក្រុងអាំស្ទែដាំ ប្រទេសហុល្លង់
    រថយន្តសេរីទំនើបម៉ាក Mercedes ឬប្រែថា ម៉ាស៊ីដេស ជារថយន្តឈានមុខបង្អស់សេរីទំនើបជាងគេនៅក្នុងយុគសម័យដ៏ជឿនលឿននេះកំពុងតែបំបោលចរលើដងវីថីដែលពេញនិយមទៅដោយយាន្តជំនិះបរទៅមកខ្វាត់ខ្វែង ពាសពេញផ្លូវថ្នល់ក្នុងល្បឿនបង្អង់យឺតៗ ឈានចូលមកពន្លត់ម៉ាស៊ីនបញ្ឈប់ខាងមុខសណ្ឋាគារលំដាប់ផ្កាយប្រាំមួយកន្លែងក្នុងរាត្រីដ៏ពិសេសមនោរម្យ។ ស្ថិតនៅក្នុងសណ្ឋាគារដ៏ប្រណីតមកពីឈ្មោះថា De L'Europe Amsterdam ជាសណ្ឋាគារល្បីល្បាញមួយកន្លែងក្នុងអាំស្ទែដាំស៊ីធីដែលកសាងឡើងរំលេចឱ្យយើងមើលឃើញពីសំណង់អគារមានបែបផែនម្យ៉ាងគួរឱ្យទាក់ទាញក្រសែភ្នែក។ ការតុបតែងឌីហ្សាញរំលេចឱ្យយើងសង្កេតឃើញពីស្នាដៃស្ថាបត្យករដ៏ជំនាញនិងប៉ិនប្រសប់មានទេពកោសល្យច្នៃប្រឌិតខ្ពស់។
    នាពេលរាត្រីពន្លឺអំពូលភ្លើងអគ្គីសនីពណ៌មាស ចាំងផ្លាតបំភ្លឺប្រៀបដូចជាឋានសួគ៌មួយកន្លែងដែលអាចធ្វើឱ្យទស្សនីយ៍ភាពនៅទីនេះកាន់តែទទួលបានភាពស្រស់ស្អាតមិនអន់ថយពីចំណីភ្នែកអ្នកឈរសម្លឹងមើលឡើយ។ សូរតូរ្យតន្ត្រីប្រគុំលាន់រណ្តំបន្លឺជាចង្វាក់ភ្លេងរហឹមៗក្នុងកិច្ចបើកអមក្នុងកម្មវិធីទាំងមូលខណៈបរិយាកាសនាឱកាសនេះក៏កាន់តែទទួលបានភាពរីករាយទៅមួយចំណែកធំ។
    “សូមអញ្ជើញអ្នកប្រុស..” បុគ្គលិកប្រុសម្នាក់បម្រើការងារសេវាកម្មផ្នែកទទួលភ្ញៀវរហ័សរហួនរូតរះចាកចេញមកទទួលអ្នកប្រុសតូចក្នុងនាមជាភ្ញៀវពិសេសម្នាក់ដែលត្រូវបានខាងម្ចាស់សណ្ឋាគារអញ្ជើញផ្តល់ជាកិត្តិយសក្នុងការគោរពអញ្ជើញឱ្យចូលរួមអបអរសាទរដល់ការគំរប់ខួបលើកទី ២០ ដែលសណ្ឋាគារមួយនេះបានបើកដំណើរការអស់រយៈពេលជាច្រើនឆ្នាំរួចមកហើយ ម្យ៉ាងវិញទៀតជាឱកាសដ៏ល្អមួយដែលអាចផ្តល់ពេលវេលាឱ្យអ្នកប្រុសតូចមកពីវង្សត្រកូលអ្នកមុខអ្នកការ រីដេឡ៉ា បានចួបសំណេះសំណាលរាក់ទាក់ស្គាល់អ្នកផងឯទៀតដែលសុទ្ធសឹងតែជាអ្នកមានភាពល្បីល្បាញនៅក្នុងសង្គមទាំងការងារនឹងបានស្គាល់ពីចំណងមិត្តភាពដ៏កក់ក្តៅក្នុងបរិបទសង្គមសម័យនេះបន្ថែមផងដែរ។
     “ដេននី!” មនុស្សស្រីក្នុងឈុតរាត្រីស្រមោលសពណ៌ស្វាយដិតឯណោះបានក្រឡេកមកសម្លឹងមើលម្ចាស់សំនៀងផ្អែមល្ហែមដែលឈរចោលកាយក្រោយល្វែងខ្នងតូចស្រឡូនអមដោយស្នាមញញិមរីកស្គុះស្គាយញ៉ាំងឱ្យនាងក្រមុំក្នុងវ័យ ២៧ ឆ្នាំខាងណេះរហ័សសំដែងការត្រេកអរអនេក រួចក៏បានបោះជំហ៊ានដើរចូលទៅរកអ្នកកំលោះក្នុងឈុតសម្លៀកបំពាក់អាវកបត់ពណ៌ឈាមជ្រូកខោកាត់ក្រណាត់ពណ៌ខ្មៅស្លៀកពាក់បានយ៉ាងស្អាតបាតសមសួន។
     “មិត្តសំឡាញ់!” ដេននី ហ្វ្រីហ្គែល នាងជាកូនស្រីទោលតែមួយគត់របស់ម្ចាស់សណ្ឋាគារមួយនេះដូច្នេះហើយនាងគឺជាអ្នកគោរពអញ្ជើញវត្តមានអ្នកប្រុសតូច រីដេឡ៉ា ផ្តល់ឱកាសឱ្យគេបានអញ្ជើញចូលរួមក្នុងនាមជាភ្ញៀវកិត្តិយសដ៏សំខាន់ម្នាក់របស់នាង ភ្ញៀវសំខាន់ដែលនាងចាត់ទុកយ៉ាងមានតម្លៃជាងគេបង្អស់នោះគឺ ថេយ៉ុង រីដេឡ៉ា។
     តស់មកដឹងអំពីជីវៈប្រវិត្តខ្លះៗរបស់ ថេយ៉ុង រីដេឡ៉ា..
     ថេយ៉ុង រីដេឡ៉ា មានវ័យ ២៨ ឆ្នាំ កើតនៅក្នុងគ្រួសារដែលមានភោគទ្រព្យសម្បត្តិស្តុកស្តម្ភធូរធារសម្បើម។ ជាកូនប្រុសកណ្តាល មានបងប្អូន ៣ នាក់គេជាកូនទី២ នៅក្នុងគ្រួសារ។ ថេយ៉ុង មានកម្ពស់ខ្ពស់ស្រឡះមានទម្រង់មុខមាត់តូចច្រម៉ក់និងមានរាងកាយមាំមួនគួរសមមានសុខភាពល្អព្រមទាំងមានសម្រស់ដ៏ស្រស់ស្អាតផូរផង់ដែលអំណោយផលមកពីធម្មជាតិ គេមានពណ៌សម្បុរទឹកឃ្មុំ ភ្លឺស្អាតស្បែកទន់រលោងស្រិលមានទាំងរាងកាយដែលល្អឥតខ្ចោះថែមទៀត។ ថេយ៉ុង បានបញ្ចប់ឆ្នាំសិក្សាចុងក្រោយផ្នែកស្ថាបត្យកម្ម នៅឯមហាវិទ្យាល័យមួយកន្លែងក្នុងប្រទេសសព្វថ្ងៃជា CEO នៅក្នុងក្រុមហ៊ុនដ៏ល្បីល្បាញមួយដែលមានឈ្មោះថា Design Diversions Group។
     ថេយ៉ុង មានឪពុកឈ្មោះ ដាវីន រីដេឡ៉ា មានវ័យ ៥៨ឆ្នាំ ជាមន្ត្រីរាជការមុខតំណែងឋានន្តរសក្កិជានាយឧត្តមសនីយ៍ឯក។ ម្តាយឈ្មោះ អាម៉េឡា ឡរីន មានវ័យ ៥៣ ឆ្នាំជាអគ្គនាយិកាក្នុងស្ថានីយ៍វិទ្យុជាតិដ៏ល្បីល្បាញមួយរូបគួរឱ្យគោរពស្ញប់ស្ញែងកោតសរសើរ។ រីឯបងប្រុសបង្អស់របស់គេមានឈ្មោះថា ម៉ាយ៍ រីដេឡ៉ា ជាដុកទ័រជំនាញវះកាត់ផ្នែករាងកាយនិងមានប្អូនស្រីពៅម្នាក់ទៀតឈ្មោះ ស្កាឡេត រីដេឡ៉ា សព្វថ្ងៃកំពុងតែសិក្សានៅឯមហាវិទ្យាល័យជំនាញគណនេយ្យករ ឬ accountant ព្រោះតទៅថ្ងៃអនាគតទៅនាងនឹងចូលទៅបម្រើការងាររួមគ្នាជាមួយបងប្រុស ថេយ៉ុង នៅក្នុងក្រុមហ៊ុន Design Diversion gruop មួយនោះផងដែរ។ អ៊ីចឹងហើយការឈានជើងមកដល់ទីនេះអាចជាអត្ថប្រយោជន៍ដ៏ល្អមួយដែល ថេយ៉ុង បានស្គាល់អំពីមនុស្សម្នាជាច្រើននាក់ទៀតដែលមានជំនាញនិងទេពកោសល្យមកពីស្ថាប័នខុសៗគ្នាព្រមទាំងជាចំណែកដ៏ធំមួយដែលបានជម្រុញឱ្យគេមានការផ្សារភ្ជាប់ទំនាក់ទំនងរឹតតែល្អជាងមុនបន្ថែមក្នុងនាមជាអ្នកជំនួញមួយរូបដូចគេឯងដែរ។
     “ត្រូវការ Wine ទេអ្នកប្រុសតូច?” បុគ្គលិកលើកស្រាម្នាក់ឧទានទៅកាន់ ថេយ៉ុង ដែលឈរសំណេះសំណាលជាមួយនឹង ដេននី ក្រសោបទាញយកចំណាប់អារម្មណ៍របស់គេឱ្យឆាប់ងាកទៅសម្លឹងមើលកែវ Wine នៅលើថាសដែកមួយកែវនោះ។
     “ចូលរួមកម្មវិធីច្រើនហើយគួរតែសាកប្តូររសជាតិសុំប្តូរយក Whiskey វិញបានទេ?” ដេននី ជាអ្នកកុម្មង់ជំនួសទាំងដែល ថេយ៉ុង មិនទាន់បានហាមាត់និយាយផង។
     “បានតើសអ្នកនាងតូច សូមរង់ចាំមួយភ្លែត”
     “អូខេ!”
     “ដេននី ខ្ញុំធ្លាប់និយាយហើយថាខ្ញុំមិនពូកែផឹកស្រាទេ!” ថេយ៉ុង ទាញដៃរបស់នាងកន្ត្រាក់តិចៗទទូចប្រកែកមិនចង់ផឹកស្រា ប៉ុន្តែ ដេននី បានបដិសេចចំពោះសំណើេររបស់គេយ៉ាងឆាប់រហ័ស។
     “មិនបានទេ ត្រូវតែផឹក ព្រោះពិធីជប់លៀងនេះកើតឡើងមួយឆ្នាំបានត្រឹមតែមួយដងនោះទេ កុំរុញរាអីក្រេបតិចៗអមបរិយាកាសបន្តិចទៅ!”
     “ហ៊ើយ..” ថេយ៉ុង ត្រូវបង្ខំចិត្តផឹកស្រាដើម្បីអបអរសាទរដល់មិត្ត បើគេមិនផឹកយល់ថាបង្អាប់កិត្តិយសមិត្តខ្លាំងពេកហើយ។
     “Cheers” អ្នកទាំងពីរជល់កែវគ្នាដើម្បីជាកិច្ចអបអរសាទរ ក្រេបស្រាបានបន្តិច ទើបនាំគ្នាដើរមើលការរៀបចំតុបតែងផ្សេងៗដែលនៅទីនេះជាការកំដរអារម្មណ៍។
     លុះពេលវេលាឈានដល់យប់ជ្រៅជាងនេះបន្តិចភ្ញៀវដទៃទៀតក៏កាន់តែបុកសម្រុកមកចូលរួមកម្មវិធីរឹតតែច្រើន។ មានមនុស្សមួយក្រុមគ្រងឈុតគ្រ័ហ្សេពណ៌ខ្មៅដែលមិនដឹងថាពួកគេនោះត្រូវបានគេអញ្ជើញមកពីជ្រុងខាងណា ពីព្រោះមិនធ្លាប់បានឮសូរកេរ្តិ៍ឈ្មោះ ឬស្គាល់ពីអត្តសញ្ញាណរបស់ពួកគេកន្លងមកឡើយ។
     មនុស្សមួយក្រុមនោះមានស្រីមានប្រុសកំពុងដើរប្រជ្រៀតភ្ញៀវដទៃទៀតចូលមកកាន់តែជ្រៅដល់ក្នុងពិធីតែម្តងហើយបានសំដៅទៅរកលោក ចនហ្សិន៍ ហ្វ្រីហ្គែល ដែលជាឪពុករបស់ ដេននី ទើបបានដឹងអំពីមូលហេតុថាពួកគេជាភ្ញៀវដែលត្រូវបានលោក ចនហ្សិន៍ ជាអ្នកអញ្ជើញឱ្យមកចូលរួមសោះ។
     “អត់ទោស! តើអ្នកប្រុសអាចផ្តល់ជាកិត្តិយសជល់កែវស្រាជាមួយខ្ញុំមួយកែវផងបានទេ?” អ្នកកំលោះសម្បុរស្រអែមម្នាក់ស្រាប់តែបង្ហាញខ្លួនឡើងឈរនៅកៀកក្បែរស្មា ថេយ៉ុង នាំឱ្យគេភ្ញាក់ព្រើត សឹមក្រឡេកមកញញិមគួរសមដើម្បីរាក់ទាក់ទៅកាន់អ្នកកំលោះរូបស្រស់នោះវិញ។
     “បាទ..បានតើសលោក!”
     ទើង!!
     “ខ្ញុំឈ្មោះ ស្ទេវីន ខ្ញុំធ្លាប់ស្គាល់មកថាអ្នកប្រុស ជាអតីតនិស្សិតផ្នែកស្ថាបត្យកម្មម្នាក់ដ៏ល្បីល្បាញណាស់ កាលពីនៅឯមហាវិទ្យាល័យនោះ អ្នកប្រុសជានិស្សិតដែលពូកែរៀបចំប្លង់គំរូនិងទីផ្សារឌីហ្សាញជាច្រើនផ្នែកពិតជាអស្ចារ្យណាស់!” ថេយ៉ុង ឮសូរ ស្ទេវីន និយាយសរសើរគេស្រាប់តែញោចស្នាមញញិមបង្ហាញពីអារម្មណ៍អឹមអៀនបែបមិនហ៊ានទទួលនឹងពាក្យស្ញប់ស្ញែងទាំងនោះខ្លាំងពេក។
     “មិនជាពូកែអី្វណាស់ណាខ្លាំងទេលោក នៅឯមហាវិទ្យាល័យខ្ញុំបានឆ្លងកាត់ការបណ្តុះបណ្តាលមកច្រើនវគ្គហើយ។ ការសិក្សារៀនសូត្រកន្លងមកបាននាំមកនូវបទពិសោធន៍ដល់ខ្ញុំជាច្រើនណាស់។ ទីនោះក៏ដូចជាផ្ទះរបស់ខ្ញុំដែរ ដូច្នេះហើយទើបខ្ញុំខំប្រឹងមិនដាក់ដៃចុះ!”
     “ព្រោះតែទេពកោសល្យ និងការខិតខំប្រឹងប្រែងទៀតសោត ទើបអ្នកប្រុសអាចជួយជ្រោមជ្រែងខ្លួនឯងឱ្យបានមកដល់ពេលនេះ!” ថេយ៉ុង ងក់ក្បាលទទួលស្គាល់ថាខ្លួនក៏ជាមនុស្សដែលពូកែដូចជាពាក្យសម្តីរបស់ស្ទេវីនបាននិយាយដែរ។ ទីបំផុតគេបានឮសូរពាក្យសរសើរដែលលេចធ្លោយចេញពីបបូរមាត់មនុស្សនៅក្នុងសង្គមប្រកួតប្រជែងនេះដែរហើយ។ ជាការពិតណាស់ថ្លែងរៀបរាប់ពី ស្ទេវីន គេអ្នកជំនួញម្នាក់នៅក្នុងក្រុមហ៊ុនបង្កើតបច្ចេកវិទ្យាមេហ្គានិច ផលិតឧបករណ៍អេឡិចត្រូនិចដូចជាទូរស័ព្ទដៃ កំព្យូរទ័រ ទូរទស្សន៍ វិទ្យុនិងឧបករណ៍អេឡិចរត្រូនិចផ្សេងៗជាច្រើនទៀត គេក៏ជាមនុស្សអស្ចារ្យម្នាក់មិនធម្មតាឡើយ។ អ្នកទាំងបីបន្តជជែកវែកញែកគ្នាជាហូរហែរដោយ ដេននី ក៏ជាអ្នកណែនាំឱ្យ ថេយ៉ុង និង ស្ទេវីន បានស្គាល់មនុស្សម្នាជាច្រើននាក់ទៀត ដើម្បីបានផ្សារភ្ជាប់ទំនាក់ទំនងកាន់តែស្អិតរមួតបន្ត។ ចួបមនុស្សច្រើន បន្តស្វាគមន៍ក៏ច្រើនរហូតដល់បានធ្វើឱ្យ ថេយ៉ុង ទប់ទល់ស្មារតីលែងរួច ដោយសារតែត្រូវស្រា ច្រើនលើក ច្រើនសារផង ផឹកផង ជល់ផង ព្រោះដើម្បីតែបានរាក់ទាក់ស្គាល់អ្នកដទៃ ធ្វើឱ្យគេស្រវឹងស្ទើរតែទន់ខ្លួនប្រាណល្អូក។
     “ដេននី..ខ្ញុំចង់សម្រាកបន្តិច!” ថេយ៉ុង សុំអនុញ្ញាតពីនាងរួចរហ័សបែរដើរចូលសំដៅទៅរកបន្ទប់ទឹកងាយស្រួលសម្រួលឥរិយាបទនៅទីនោះដោយខ្លួនឯង។
     ប៊ឹប!!
     រាងកាយនរណាម្នាក់ធ្វើឱ្យគេដើរបុកប៉ះទង្គិចស្ទើរតែដួលផ្ងាកក្រោយប៉ុន្តែសំណាងដែលបានអ្នកកំលោះក្នុងឈុតគ្រ័ហ្សេពណ៌ខ្មៅក្រឹប ជួយទប់លំនឹងរាងកាយរបស់គេពីក្រោយជាប់។
     “អ្នកប្រុសមិនអីទេអ្ហេស?”
     “មិនអីទេ..អ្ហួក..”  
     “អេ..អ្នកប្រុស..”
     អ៊ួក!!!
     ថេយ៉ុង បដិសេចលែងរួចទៅមុខ ទើបទ្រោមខ្លួនលើរាងកាយមាំទាំ ព្រមទាំងក្អួតខ្ជាក់ស្រាប្រឡាក់ពាសពេញខ្លួនប្រាណអ្នកកំលោះខាងណោះទៀត។ 
     “សូម!សូមទោស..” ថេយ៉ុង ព្យាយាមដាស់ស្មារតីខ្លួនឯង លើកដៃបោសលើកម្អួតប្រឡាក់ប្រឡូសពេញអាវគ្រ័ហ្សេពណ៌ខ្មៅតែនៅមិនអាចសម្អាតបានស្អាតដដែល។
     “ចាំខ្ញុំទិញឈុតថ្មីសងលោកវិញ..សូមទោសខ្ញុំគ្មានចេតនាទេ!” ដៃមាំដែលក្តោបលើចង្កេះតូចអង្ក្រងជាប់មិនព្រលែងនោះក៏ប្រញាប់ប្រញាល់បញ្ជាចលនាដកចេញសើរៗ ស្រាប់តែប្រឡោះរង្វង់ដៃស្រឡូនស្ទុះលូកក្រសោបលើស្មាមាំរីកក្រអាញទាំងបិទភ្នែកនិយាយប៉ប៉ោច។
     “ស្រវឹងណាស់..ក្នុងខ្លួនរបស់ខ្ញុំក្តៅខ្លាំងណាស់!”
     “អ្នកប្រុសតាំងស្មារតីបន្តិចទៅ!”
     “ហ៊ឹក..សូមទោស..សូមទោសពិតមែន!” ថេយ៉ុង ច្រានរាងកាយមាំចេញ មុនពេលស្ទុះទៅចាប់ឡាប៊ូបម្រុងបើកទឹកបង្ហូរលុបមុខ ប៉ុន្តែគេស្រវ៉ាចាប់ខុសដៃមិនឈប់។
     “អ្នកប្រុសសម្រួលអារម្មណ៍សិនទៅ!”
     “ខ្ញុំមិនអីទេ!” គេប្រកែកញ័របបូរមាត់រន្ថើន ព្យាយាមរាវដៃទាល់តែប៉ះចំឡាប៊ូបើកបង្ហូរទឹក ទើបប្រញាប់ប្រញាល់ឱនលុបមុខដើម្បីបានស្វាងអារម្មណ៍ខ្លះ ប៉ុន្តែនៅតែមិនអាចបន្សាបស្រាក្នុងខ្លួនបានដដែល។
     “ចង្រៃយ៍អើយ..ម្តេចក៏ក្តៅខ្លាំងយ៉ាងនេះ?” ថេយ៉ុង លាន់មាត់ជេរប្រទេច។
     “ម្តេចក៏ក្តៅខ្លាំងបែបនេះ?” គេនិយាយម្តងទៀតរួចលើកម្រាមដៃទះលើថ្ពាល់ខ្លួនឯងតិចៗអម្បាញ់មិញកំឡុងពេលដែលផឹកស្រាគេមិនដឹងថាខ្លួនឯងផឹកអស់ប៉ុន្មានកែវទៅហើយទេព្រោះគេគិតតែពីជល់ទៅមកឥតឈប់ សើចសប្បាយក្អាកក្អាយកែវខ្លះក៏ត្រូវអ្នកផ្សេងចាប់បង្ខិតបង្ខំឱ្យផឹកមិនដឹងចាក់ស្អីចូលកែវរបស់ខ្លួនខ្លះ ផឹកហើយស្រវឹងទន់ដៃទន់ជើងចង់តែរកក្អួតហើយវិលមុខខ្ញាល់ឥឡូវនេះក៏ក្តៅគគុកសព្វពាសពេញរាងកាយទៀត។
     “បើមិនពូកែផឹក ហេតុអីនៅតែប្រឹងផឹកទៀត?”
     “លោកមិនយល់ទេ!”
     “ផឹកដើម្បីមិត្តភាព? ដើម្បីការផ្សារភ្ជាប់ទំនាក់ទំនងការងារមែនទេ?”
     “វាជាការចាំបាច់ ម្យ៉ាងវិញទៀតវាជាពិធីជប់លៀងរបស់មិត្តភក្តិខ្ញុំ ខ្ញុំគួរតែផ្តល់កិត្តិយសឱ្យនាង” ថេយ៉ុង គ្រវីក្បាលព្យាយាមតាំងស្មារតីឱ្យនឹងនរជាងមុន បើទោះបីជាបានដឹងថាសីតុណ្ហភាពកម្តៅក្នុងខ្លួនមិនទាន់សាបទៅវិញនៅឡើយក៏ដោយ។
     “ចុះសម្លៀកបំពាក់របស់ខ្ញុំគិតយ៉ាងម៉េច?”
     “ចាំខ្ញុំទាក់ទងទៅរកមនុស្សមកកែបញ្ហានៅពេលនេះភ្លាមៗ!”
     “យូរទេ?”
     “អាស្រ័យលើការរង់ចាំ..សូមលោករង់ចាំមួយភ្លែត!”
     “ឈរឱ្យត្រង់ខ្លួនសិនទៅចាំគិតគូររឿងនេះ” បុរសនោះថាចប់ហៀបនឹងដើរចាកចេញទៅមើលទៅគេគ្មានចេតនាគ្មានបំណងអាក្រក់គិតមកលើខ្លួនទេទើប ថេយ៉ុង ឆាប់ទុកចិត្តគេយ៉ាងរហ័ស។
     “ឈប់សិន!” ប្រអប់ជើងមាំស្រាប់តែទច់បញ្ឈប់ចលនា។
     “អ្នកប្រុសមានការអី?”
     “លោកជូនខ្ញុំទៅរកឡានបន្តិចបានទេ?” អ្នកដែលត្រូវគេពឹងពាក់អត់ដកដង្ហើមធំៗមិនបានរួចក៏ងក់ក្បាលយល់ព្រមជូន ថេយ៉ុង ទៅរកចំណតរថយន្តដោយគិតថាគេខំពឹងពាក់ដល់ថ្នាក់នេះទៅហើយ។
     “សូមអញ្ជើញ!” ថេយ៉ុង តោងស្មាបុរសនោះដោយដៃម្ខាង គេស្រវឹងទន់ជើងពេកទើបដើរមិនសូវជាត្រង់ផ្លូវអ្វីប៉ុន្មាន។
     មកដល់ចំណតរថយន្តខាងក្រៅភ្លាមៗទើបដឹងថា ថេយ៉ុង បានបើកឡានមកដោយខ្លួនឯងមិនមាននរណាបើកជូនមកនោះទេ បើស្រវឹងខ្លាំងយ៉ាងនេះម្តេចនឹងអាចបើកឡានបានដោយខ្លួនឯងបានទៅ?
     “អរគុណ..” ថេយ៉ុង ស្រវ៉ាទាញសោរឡាន។
     ខ្ពោក!!!
     “ហ៊ើយ..” សោរស្រាប់តែជ្រុះ កំលោះសង្ហាបម្រុងនឹងឱនរើស ខណៈអ្នកម្ខាងទៀតក៏ស្រវ៉ាឈោងចាប់រើសបានមុន។
     “ចង់ទៅណា? ខ្ញុំជូនទៅវិញ មើលទៅពិបាកដល់ហើយ ខ្លាចក្រែងមានបញ្ហា..”
     “លោកចង់បើកឡានជូនខ្ញុំទៅអ្ហេស?”
     “សភាពរបស់ខ្ញុំតោកយាកយ៉ាងនេះ? ចង់ឱ្យខ្ញុំបន្តនៅក្នុងកម្មវិធីទៀតម្តេចបាន?” ភ្លេចគិតឱ្យឈឹងទៅថា ថេយ៉ុង ក្អួតដាក់ប្រឡាក់ខោអាវនាយអស់ទៅហើយ ទើបគេក៏ឆ្លៀតរកកន្លែងគេចវេះពីកម្មវិធីនេះទៅដែរ។
      “ខ្ញុំចង់ទៅផេនហោសន៍..ពេលនេះខ្ញុំមិនទាន់ចង់ទៅផ្ទះទេ!”
      “នៅឯណា?”
      “បើកឡានទៅចាំខ្ញុំប្រាប់ផ្លូវ..”
      “ទុកចិត្តខ្ញុំដល់ម្លឹងអ្ហេស?”
      “សង្ឃឹមថាលោកនឹងមិនអាក្រក់ទៅចុះ!”
      ក្រាក!!
      “អញ្ជើញ!” ដោយស្រវឹងស្ទើរតែដាច់ខ្យល់ផង ថេយ៉ុង មិនបានគិតគូរច្រើន ទើបប្រញាប់ប្រញាល់ឡើងឡានផ្ទេរតួនាទីឱ្យអ្នកកំលោះខាងណោះជាអ្នកបើកឡានជំនួសខ្លួនវិញ។

បុរសដែលខ្ញុំស្រលាញ់ ᥫ᭡Where stories live. Discover now