ភាគទី៣៩៖អូននេះចំមែន

1K 76 2
                                    

       មន្ទីពេទ្យ
       បន្ទប់វះកាត់..
       ម៉ាយ៍ ស្ថិតក្នុងឈុតឯកសណ្ឋានជាលោកដុកទ័រកំពុងតែមមាញឹកចំពោះការជួយសង្គ្រោះដល់អ្នកជំងឺខណៈក្រុមគ្រូពេទ្យផ្សេងៗទៀតក៏រូតរះរត់ខ្វែងដៃខ្វែងជើងគ្នា ខាងក្នុងបន្ទប់វះកាត់យ៉ាងសកម្មផងដែរ។ មិនតែប៉ុណ្ណោះអាការៈរបស់ ជុងហ្គុក ពេលនេះរឹតតែធ្ងន់ធ្ងរ កំឡុងពេលត្រៀមវះកាត់ឈាមក៏បុកហូរច្រើនរហូតដល់ជោកក្រណាត់អាវរបស់គេទទឹកសើមខ្លួនគួរឱ្យបារម្ភស្ទើរតែខ្សោះអស់ពីខ្លួនទៅហើយ។
       “ត្រៀមឧបករណ៍!” ម៉ាយ៍ ពាក់ម៉ាស់ការពារមេរោគ រួចក៏បានបាញ់កាំរស្មីអំពូលភ្លើងឱ្យកាន់តែមានពន្លឺភ្លឺខ្លាំងដើម្បីជំនួយក្នុងការដែលឱ្យគេងាយស្រួលសម្លឹងមើលពីមុខរបួសដែលមានសភាពធ្លុះជ្រៅ។
       “វិះចំឆ្អឹងខ្នងទៅហើយ..” ម៉ាយ៍ វះកាត់សម្លឹងមើលឃើញគ្រាប់កាំភ្លើង មុននឹងចាប់ដកគ្រាប់ចេញដោយការប្រុងប្រយ័ត្ន។ បន្ទាប់មកគេក៏ត្រៀមដេរផ្ចិតមុខរបួសឃាត់ឈាមទៅតាមជំនាញដែលខ្លួនមានបន្ថែម។
       “ម៉ាក់អង្គុយចុះសិនទៅ!” ប៊ែលលី ប្រាប់ទៅកាន់ម្តាយដែលឈរទាំងញ័រជើងខាងមុខបន្ទប់វះកាត់គាត់យំមិនឈប់គាត់ជាមនុស្សចាស់តែងតែមានអារម្មណ៍ភិតភ័យខ្លាចបារម្ភពីកូនរហូតដល់បេះដូងលោតញាប់មិនស្ងប់មួយវិនាទីណា ដោយសារតែកូនប្រុសគាត់ចួបរឿងអាក្រក់គ្រោះថ្នាក់ដល់ជីវិតគ្រាន់តែគិតគាត់អាសូរដល់កូនស្ទើរតែទន់ខ្លួន។
       “ម៉ាក់កុំឈរបែបនេះទៀតអី ម៉ាក់អង្គុយចុះសិនទៅ ពួកយើងរង់ចាំលទ្ធផលជាមួយគ្នា!” ថេយ៉ុង តាមចូលមកនិយាយបញ្ចុះបញ្ចូលម្តាយក្មេក ព្រោះតែគិតខ្លាចគាត់យ៉ាងម៉េចយ៉ាងម៉ាម្នាក់ទៀត ត្រឹម ជុងហ្គុក រង់របួសម្នាក់គេទប់ស្មារតីខ្លួនឯងមិនបានទៅហើយ សូមកុំឱ្យមាននរណាម្នាក់មករង់ទុក្ខវេទនាទៀតអី។ កន្លងផុតទៅអស់រយៈពេលជាងមួយសន្ទុះធំ ទីបំផុតយើងក៏អាចមើលឃើញពីការបិទពន្លឺអំពូលភ្លើងខាងក្នុងបន្ទប់សង្គ្រោះបន្ទាន់បាន ខណៈទ្វារក៏ត្រូវបានបើកឡើងដោយបង្ហាញពីវត្តមានដុកទ័រសង្ហារ។
       “បងម៉ាយ៍ ជុងហ្គុក យ៉ាងម៉េចទៅហើយ?” ថេយ៉ុង យំគគ្រូកក្រោកតាមមកសួរម៉ាយ៍ដោយទឹកមុខភិតភ័យមួយទំហឹង។
       “គេមិនអីទេ ឆ្លងផុតគ្រោះថ្នាក់ហើយ!” ចម្លើយរបស់ ម៉ាយ៍ អាចទាញយកអារម្មណ៍តានតឹងដែលមានក្នុងចិត្តគ្រប់គ្នានៅទីនេះឱ្យធូរស្បើយទៅមួយចំណែកធំ។
       “៥ ម៉ោងទៀត ទើបគេដឹងខ្លួន គ្រប់គ្នាអាចទៅសម្រាកបានកុំបារម្ភអី!” ម៉ាយ៍ ថាចប់ដើរទៅចាប់ប្រអប់ដៃលោកស្រី ជូឌី ក្តោបកាន់ថ្នមៗព្រមទាំងសម្លឹងមើលមុខគាត់ដោយទឹកមុខអាណិតស្ត្រីម្នាក់នេះជាខ្លាំង។
       “ផុតកម្មហើយម៉ាក់.. គ្រប់យ៉ាងលែងមានបញ្ហាអ្វីទៀតហើយ!”
       “ហ៊ឹកៗ..” ស្ត្រីចំណាស់យំយែកគគ្រូកទទួលយកការលួងលោមដោយបេះដូងគាត់កាន់តែទន់ជ្រាយល្អូក។
       “អញ្ជើញទៅសម្រាកបានហើយណាម៉ាក់ ទុកឱ្យខ្ញុំមើលថែ ជុងហ្គុក!” ថេយ៉ុង អះអាងពាក្យសម្តីប៉ុន្តែគាត់បែរជាក្រោកដើរចូលទៅខាងក្នុងបន្ទប់សួរសុខទុក្ខ ចាប់ឱបក្រសោបថើបរាងកាយ ជុងហ្គុក ដោយទឹកភ្នែកហូរហៀរជោកពេញផែនថ្ពាល់។
       “កូនល្អរបស់ម៉ាក់.. ម៉ាក់ស្រលាញ់កូនខ្លាំងណាស់ ជុងហ្គុក!” អ្នកទាំងបីឈរសម្លឹងមើលស្ត្រីជាម្តាយដោយក្តីក្តុកក្តួលក្នុងដួងចិត្ត។ ពេញមួយជីវិតគាត់ស្គាល់ទឹកភ្នែកច្រើនជាងស្នាមញញិម គាត់ក៏មានអារម្មណ៍ថានឿយហត់រហូតដល់លែងចង់តស៊ូទៅមុខទៀតហើយ។ គ្រប់គ្នាទុកពេលឱ្យគាត់សំដែងអារម្មណ៍ចេញពីចិត្ត ពេលណាគាត់អស់ចិត្ត គាត់នឹងឈប់យំដោយខ្លួនឯង។
       រយៈពេល ៥ ម៉ោងក្រោយ..
       បន្ទាប់ពីការរង់ចាំអស់រយៈពេលយូរ នៅទីបំផុត ជុងហ្គុក ក៏បានភ្ញាក់ដឹងខ្លួន ដោយមាន ថេយ៉ុង នៅរង់ចាំមើលថែទាំគេរហូតដល់មិនព្រមចាកចេញទៅណាឡើយ។
       “ប្រពន្ធសំឡាញ់!” ថេយ៉ុង ឮសូរសំឡេងហៅទើបទម្លាក់កាំបិតដែលចិតផ្លែឈើចុះរួចស្រវាងាកមកសម្លឹងមើលស្វាមីដែលមានទឹកមុខស្លេកស្លាំងលើគ្រែ។
       “បងដឹងខ្លួនហើយ!” រាងតូចស្ទុះទៅចាប់ក្រសោបទម្រង់មុខមាំសង្ហារក្តោបកាន់ថ្នមៗព្រមទាំងញញិមដោយអារម្មណ៍សប្បាយចិត្តជាថ្មីម្តងទៀត។
       “ម៉ាក់យ៉ាងម៉េចទៅហើយអូន?”
       “គាត់មិនអីទេ.. បងសម្រាកសិនទៅណា អូនហៅបងម៉ាយ៍មកពិនិត្យអាការៈរបស់បងបន្ត រួចចាំញ៉ាំអាហារតាមក្រោយ!”
       “មិនថើបបងសិនទេអ្ហេស?” ជុងហ្គុក ថាបែបនេះរាងតូចក៏ច្រាលសំណើចចេញមក។
       “ឈឺគេងលើគ្រែពេទ្យមិនទាន់ជាសះស្បើយផង ទារចង់ឱ្យអូនថើបទៅហើយមែនទេ?”
       “អូនថើបបងមក បងនឹងឆាប់ជាសះស្បើយឡើងវិញ!” ថេយ៉ុង មិនប្រកែកទើបឱនឈ្ងោកទៅថើបបបូរមាត់ ជុងហ្គុក មួយដង្ហើមវែង។
       “ពេញចិត្តនៅប្រុសក្មេង!”
       “នៅទេ ថើបទៀតមក..”
       “ក្រែងឈឺអ្ហេស?”
       “ក្រែងបងប្រាប់អូនហើយតើស ថាគ្រប់ពេលមានអូននៅក្បែរបង ជីវិតរបស់បងនឹងមិនស្លាប់ទេ!” គេនៅតែគ្រាន់បើដដែល និយាយពេលណាអំណួតពេលនោះរាល់លើកចិត្តក្លាហានមិនខ្លាចស្លាប់ មិនរាងចាល ថែមទាំងពូកែយកឈ្នះគ្រប់យ៉ាងទៀត។
       “កុំលលេងច្រើនពេកអី.. រង់ចាំអូនមួយភ្លែត អូនទៅហៅបងម៉ាយ៍សិន!”
       ក្រាក!!!
       “មិនបាច់តាមទៅទេ បងមកដល់ហើយ!” ម៉ាយ៍ ចូលមកជាមួយនិងបុគ្គលិកមន្ទីពេទ្យដែលរុញរទេះដាក់ឧបករណ៍បរិក្ខារមកជាមួយគ្នាបន្ថែមដែរ។
       “អាការៈឯងនៅមិនទាន់ជាសះស្បើយក្នុងរយៈពេលខ្លីទេ ត្រូវមើលថែទាំសុខភាពឱ្យបានល្អកុំទាន់អាលចង់ធ្វើអ្វីធ្ងន់ៗខ្លាចប៉ះទង្គិចដល់មុខរបួស!”
       “បាទ!” ជុងហ្គុក សំងំបន្តិច ម៉ាយ៍ ក៏ចាប់ពិនិត្យមើលស្ថានភាពជំងឺរបស់គេ ក្រោយមកទើបចាក់ថ្នាំដល់គេបន្ថែម។
       “ព្យាយាមសម្រាកឱ្យបានល្អចុះ!” គេនិយាយចប់ទើបនាំគ្នាដើរចេញទៅ ថេយ៉ុង ឯណេះប្រញាប់ប្រញាល់ងាកមករៀបចំចានក្បានដាក់អាហារដែលម្តាយក្មេកគេបានចម្អិនយកមក មុននេះគាត់បានមកដែរ តែដោយសារអាការៈមិនស្រួលខ្លួន ក៏ត្រូវកូនស្រីនាំត្រលប់ទៅរកកន្លែងសម្រាកវិញ។
       ថេយ៉ុង លើកចានអាហារមកដាក់ខាងលើខ្នងតុជិតកៀកក្បែរគ្រែសម្រាករបស់អ្នកជំងឺ រួចក៏ញញិមញញែមសម្លឹងមើលផ្ទៃមុខស្លេកស្លាំងរបស់ស្វាមីនាំដោយក្តីអាណិតឥតគណនា កន្លងមកនេះគេរង់ទុក្ខច្រើនណាស់ លំបាកមកយូរហើយចួបតែបញ្ហាផ្ទួនៗ តែក៏អរគុណដល់ព្រះដែលតែងតែតាមថែរក្សាជីវិតរបស់គេកន្លងមកដូចគ្នា។
       “ហាមាត់អូនបញ្ចុក!” ថេយ៉ុង ដួសបបរមកផ្លុំឱ្យត្រជាក់រួចបញ្ចុក ជុងហ្គុក ថ្នមៗមួយៗដោយទង្វើទន់ភ្លន់នាំឱ្យអ្នកសម្លឹងមើលពីឫកពារបស់គេចាប់ផ្តើមញោចស្នាមញញិមឡើងដោយមិនដឹងខ្លួន។
       “ឆ្ងាញ់ទេ ម៉ាក់គាត់ប្រញាប់ចម្អិនមកខ្លាចថាបងដឹងខ្លួនមកឃ្លាន ម៉ាក់គាត់ព្យាយាមណាស់!”
       “បងមិននឹកស្មានថាមានរឿងនេះកើតឡើងសោះ!” ជុងហ្គុក ដកដង្ហើមធំៗចេញចូលជាច្រើនដង ព្រោះមិនយល់ថាហេតុអ្វីជីវិតរបស់គេត្រូវចួបរឿងភ្ញាក់ផ្អើលប៉ុន្មានដងឡើយ សូម្បីតែរឿង អាល់ដឺនេស ជាកូនប្រុសបង្កើតរបស់ម្តាយគេ ក៏លោកស្រី ជូឌី មិនដែលលេចធ្លោយរឿងនេះប្រាប់ដល់កូនមួយម៉ាត់ណាផង។
       “គ្មាននរណាម្នាក់ដែលមិនភ្ញាក់ផ្អើលក្រោយពេលដឹងរឿងទាំងនោះឡើយ ពេលនេះមិនដឹងថាម៉ាក់ក្មេកនិងអាល់ដឺនេសត្រូវប្រឈមមុខគ្នាបែបណាទេ អូនមិនចង់ឃើញគាត់ពិបាកចិត្តតទៅទៀតឡើយ!” រឿងរ៉ាវពីអតីតកាលគ្មាននរណាអាចលុបការចងចាំទាំងនោះបំភ្លេចចោលអស់ក្នុងខួរក្បាលឡើយ លើកលែងតែមនុស្សម្នាក់អាចស្លាប់ឬកើតជាថ្មីម្តងទៀត ទើបមិនចងចាំការឈឺចាប់ទាំងឡាយដែលធ្លាប់តក់ជាប់ក្នុងចិត្តពីមុនមក។
       “ពេលវេលាអាចបង្រៀនមនុស្សច្រើនណាស់បងជឿជាក់ថាគេនឹងអាចយល់ពីគោលបំណងរបស់ម៉ាក់បាន គ្មានម្តាយឯណាដែលថាមិនស្រលាញ់កូន ហើយក៏គ្មានម្តាយឯណាដែលមិនឈឺចាប់ពេលត្រូវកូនហៅអ្នកផ្សេងថាជាម្តាយនោះទេ!” និយាយដល់ត្រឹមណេះ ជុងហ្គុក ទម្លាក់ទឹកមុខស្រងូតស្រងាត់ចុះភ្លាម បើអាចរើសបានគេប្រហែលជាមិនសុំកើតមកនោះទេ ព្រោះតែពួកគេទើបអ្នកម្តាយតែងតែចួបការឈឺចាប់មកពេញមួយជីវិតពោរពេញទៅដោយវិប្បដសារីដូច្នេះ។
       “អូនយល់ ព្រោះអូនក៏មានកូន អូនយល់ពីអារម្មណ៍ម្តាយមានចំពោះកូនបែបណាខ្លះ!” ថេយ៉ុង ទះប្រអប់ដៃលើស្មា ជុងហ្គុក ថ្នមៗបញ្ហាណាក៏មានដំណោះស្រាយដែរ ឱ្យតែក្លាហានហ៊ានចេញមុខប្រឈមចំពោះរឿងរ៉ាវទាំងឡាយអ្វីៗក៏អាចជម្នះទៅបានដែរ។
       “ញ៉ាំបបរទៀតទៅឆាប់បានសម្រាកបន្តណាមនុស្សពូកែរបស់អូន!”
       “បងថើបអូនមួយមក!” ជុងហ្គុក ធ្វើជាបួញមាត់ស្រួចៗ ខណៈ ថេយ៉ុង ក៏ក្រោកទៅចាប់បឺតជញ្ជក់បបូរមាត់ស្វាមីយ៉ាងយូរល្មមអាចឈប់ស្ទើរតែជិតរយៈពេល ៣ នាទីទៅហើយ។
       “ពេញចិត្តហើយនៅ?”
       “ពេញចិត្តហើយ..” នាយញញិមយ៉ាងស្រស់ប៉ប្រិមមុននឹងហាមាត់ដើម្បីបានញ៉ាំបបរបន្ថែមទៀត។
      
       ភូមិគ្រឹះ ដានៀរ៍
       មនុស្សគ្រប់គ្នាកំពុងតែមមាញឹកនិងការរៀបចំពិធីបុណ្យសពលោកស្រី ខេនរី ដោយមានការអញ្ជើញចូលរួមជួយពីក្រុមគ្រួសារត្រកូល ដេរីឡ៉ា ផងដែរ។ ពួកគេមិនជ្រើសរើសធ្វើពិធីបុណ្យសពនៅឯព្រះវិហារទេ។ ព្រោះដឹងថាលោកស្រី ខេនរី ស្រលាញ់ទីនេះ ចូលចិត្តទីនេះ ខ្លាំងជាងកន្លែងណាៗទាំងអស់ទើប អាល់ដឺនេស ទទូចសុំឱពុកឱ្យរៀបចំពិធីបុណ្យសពនេះនៅឯភូមិគ្រឹះជំនួសវិញ។
       “ញ៉ាំអីបន្តិចទៅកូនប្រយ័ត្នឈឺ!” លោក ឌីណាន់ កាន់ប្រអប់អាហារដើរមករក អាល់ដឺនេស ប៉ុន្តែគេនៅតែព្រមញ៉ាំគិតតែអង្គុយឱបក្រសោបរូបថតលោកស្រី ខេនរី ទាំងតំណក់ទឹកភ្នែកថ្លាយ៉ង់ហូរស្រក់ប្រដេញចុះមកមិនឈប់ឈរ អារម្មណ៍ជូរចត់ឈឺចាប់ស្ទើរតែបែកដើមទ្រូងស្លាប់ម្តងៗ។
       “បងប្រុស..” ប៊ែលលី ហៅគេដោយសម្លឹងមើលផ្ទៃមុខពោរពេញដោយភាពសោកសង្រេងជាខ្លាំង។
       “ហេតុអ្វីក៏គាត់ធ្វើដូច្នេះ? ហេតុអ្វីក៏ម៉ាក់គិតបែបនេះ?” គេនៅតែហៅស្ត្រីម្នាក់នោះថាម៉ាក់ដដែលព្រោះគាត់ជាម្តាយចិញ្ចឹមដែលបានមើលថែទាំរូបគេចាប់តាំងពីបាតជើងក្រហមរងាល។ ជាច្រើនឆ្នាំមកនេះនាយតែងតែធ្វើឱ្យគាត់ពិបាកចិត្ត និងយំរាល់លើកពេលដែលនាយរឹងរូស ចិត្តថ្លើមរបស់គាត់ក៏មិនដែលបានគិតចង់ធ្វើអាក្រក់ចំពោះគេម្តងណាឡើយ។ ពេលខ្លះទោះបីជាខឹងគេណាស់ ក៏គាត់ស៊ូខាំមាត់សង្កត់ចិត្តទ្រាំ តាមលួងលោមគេ ថ្នាក់ថ្នមគេប្រៀបដូចជាកែវពេជ្រចរណៃ មិនថាខ្លួនជាប់ឈ្មោះជាម្តាយចិញ្ចឹមក៏ដោយក្តី គាត់នៅតែមានចិត្តសន្តោសប្រស់ប្រណីចំពោះគេជានិច្ច។
       “ខ្ញុំព្យាយាមកែប្រែដើម្បីឱ្យម៉ាក់បានសប្បាយចិត្ត ប៉ុន្តែម៉ាក់នៅតែមិនអាចមានក្តីសុខ ខ្ញុំសូមទោសហ៊ឹកៗ.. ខ្ញុំសូមទោសម៉ាក់ពិតមែន!” អាល់ដឺនេស ទួញយំកាន់តែខ្លាំង សោកស្តាយអំពីកំហុសរបស់ខ្លួន ពេលនេះទោះបីចង់កែប្រែអ្វីក៏មិនអាចបកក្រោយទៅជួសជុលប៉ះប៉ូវគ្រប់អ្វីៗដែលបានបាត់បង់ទៅដូចគ្នា។
       “បងប្រុសបានហើយ!” ប៊ែលលី ឃើញគេស្រែកយំទាំងមិនអស់ចិត្ត នាងក៏ជ្រុលខ្លួនទៅចាប់ឱបបងប្រុសដោយទឹកភ្នែករបស់នាងក៏បន្តហូរចុះមក កើតចិត្តអាណិតដល់បងប្រុសផុសឡើងពីអារម្មណ៍អួលណែនរបស់ខ្លួនយ៉ាងចុកចាប់ នាងដឹងថាគេពិបាកទទួលយកស្ថានការណ៍នៅពេលនេះខ្លាំងដល់កម្រិតណា នាងដឹងថាគេមានអារម្មណ៍ឈឺចាប់ដែលស្ទើរតែមិនអាចរៀបរាប់ចេញមកបាន គេគ្រាន់តែត្រូវការយំ យំឱ្យអស់ចិត្ត យំសំដែងភាពសោកស្តាយដែលគេមានក្នុងចិត្តកន្លងមក ព្រោះតែបេះដូងរបស់គេពេលនេះឈឺចាប់ចាក់រណ្តំអួលណែនពិតពិបាកទ្រាំ។
       “ម៉ាក់ខ្ញុំសូមទោស..”
       “អាល់ដឺនេស!” សូរសំឡេងលោកស្រី ជូឌី ដាស់ស្មារតីប្រុសកំលោះឱ្យងើបផ្ទៃមុខដិតដាមតំណក់ទឹកភ្នែកឡើងទាំងអារម្មណ៍ឆាបឆួល។ គេស្ទុះក្រោកឈរឡើងទាំងជំហរដំណាលនិងរាងកាយញាប់ញ័រទទ្រើករបស់គេតទល់មុខស្ត្រីចំណាស់ដែលបានបាញ់ក្រសែភ្នែកដ៏សោកសៅសម្លឹងមើលមុខគេជាមួយសំណើមសថ្លាកំពុងតែហូរជ្រៀតជ្រែងចុះដាបដាលយ៉ាងរហាមគួរឱ្យសង្វេគ។
       “សព្វថ្ងៃ​នេះ.. បានមើលឃើញហើយថាខ្ញុំជាកូនជាបែបណា ទើបលោកស្រីមិនដែលអើពើ បើខ្ញុំកើតមកជ្រើសមានម្តាយបែបនេះក៏ខ្ញុំមិនសុំកើតចេញមកដែរ!” ស្ត្រីចំណាស់ហូរទឹកភ្នែកចុះមកច្រោកឈឺចុកចាប់មួយទំហឹងចំពោះសម្តីដែលកូនប្រុសបានពោលពាក្យក្តែងៗចំពោះមុខ។
       “ព្រោះម៉ាក់ចង់ឱ្យកូនមានអនាគតល្អ ម៉ាកសុខចិត្តពិបាកជាមួយប្អូនៗ ក៏ម៉ាក់មិនដែលគិតចង់អូសទាញកូនឱ្យមកលំបាកវេទនាជាមួយម្តាយក្រីក្រដូចម៉ាក់ដែរ.. ហ៊ឹកៗ!” គាត់យំកាន់តែខ្លាំង កូនដែលគាត់ខិតខំពរពោះមក ទោះបីមិនបានចិញ្ចឹមបីបាច់ថែរក្សាគេដោយផ្ទាល់ដៃ ហោចណាស់គាត់ក៏បានបង្កើតគេចេញមកដែរ។ ក្តីស្រលាញ់ដែលគាត់មានចំពោះកូនពុំដែលប្រែប្រួលសាបសូន្យទេ ដ្បិតគេធ្លាប់ខុសឆ្គាប់ឆ្គងមកលើគាត់ជ្រុលហួសហេតុប៉ុណ្ណាគាត់នៅតែមិនប្រកាន់ទោសអូសដំណើរចំពោះកូនម្តងណាសោះឡើយ។
       “មិនចង់ឱ្យមកពិបាកតែចុងក្រោយលោកស្រីឃើញទេថាខ្ញុំត្រូវរស់នៅមានជីវិតបែបណា? ខ្ញុំមិនដែលដឹងទេថាជីវិតរបស់ខ្លួនឯងអាចចួបរឿងដ៏ភ្ញាក់ផ្អើលបែបនេះ ទោះជាកន្លងមក ខ្ញុំដើរផ្លូវខុស តែអ្នកដែលណែនាំទទួលមើលការខុសត្រូវមកលើខ្ញុំសព្វគ្រប់បែបយ៉ាងគឺម្តាយចិញ្ចឹម ខុសពីម្តាយបង្កើតដែលបង្កើតកូនហើយគ្មានទំនួលខុសត្រូវ!” អាល់ដឺនេស ពោលពាក្យចាក់ដោតទ្រូងម្តាយប៉ុន្មានម៉ាត់គេក៏ដើរចាកចេញទៅទាំងមិនចង់ស្តាប់ឮពាក្យបកស្រាយអ្វីទាំងអស់ ឃើញដូច្នេះ ស្កាលេត យល់ថានាយកំពុងមានសម្ពាធអារម្មណ៍ប៉ះពាល់ទង្គិចធ្ងន់ធ្ងរ ទើបនាងរហ័សចាកចេញទៅតាមក្រែងអាចនិយាយសម្របសម្រួលចិត្តថ្លើមរបស់គេបានខ្លះ។
       “ម៉ាក់..” ប៊ែលលី ដើរចូលទៅឱបស្មាម្តាយដែលឈរយំរហូតដល់ស្មាគាត់ញ័រតតាត់។
       “ម៉ាក់ឈឺចាប់ជិតស្លាប់ទៅហើយកូន!”
       “ម៉ាក់ពូកែណាស់ ម៉ាក់តស៊ូបន្តទៀតណា បន្តិចទៀតបងប្រុសគង់តែយល់ពីចិត្តរបស់ម៉ាក់ទេ ទុកពេលវេលាឱ្យគាត់បន្តិចទៅម៉ាក់!” នាងនាំម្តាយទៅសម្រាក ថ្ងៃនេះគាត់ជួបរឿងរ៉ាវនិងបញ្ហាច្រើនខ្លាំងណាស់ នាងត្រូវតែខ្វាយខ្វល់ពីគាត់ឱ្យបានច្រើនមែនទេន។
      
       ខាងក្រោយភូមិគ្រឹះ..
       ស្កាលេត តាមដាននាយមកដល់ទីធ្លាខាងក្រោយភូមិគ្រឹះក៏ឃើញ អាល់ដឺនេស អង្គុយសញ្ជប់សញ្ជឹងក្រោមដើមឈើធំមួយតែម្នាក់ឯង។ គេត្រូវការពេលវេលាដើម្បីរម្ងាប់ចិត្ត។ ដ្បិតទើបតែបានបាត់បង់មនុស្សជាទីស្រលាញ់និងចួបការចាប់ឈឺចាប់អាក់អន់ស្រពន់ចិត្តចំពោះម្តាយបង្កើតរបស់ខ្លួនទៀត។ សម្រិបប្រអប់ជើងនាងក្រមុំលាន់រន្ទឺឡើងទាញក្រសោបចំណាប់អារម្មណ៍ប្រុសកំលោះឱ្យងាកទៅសម្លឹងមើលវត្តមាននាងតាមដោយទឹកមុខស្ងួតជ្រើង។
       “ខ្ញុំអាចអង្គុយនិយាយជាមួយលោកបានទេ?” ស្កាលេត ចោទសួរទៅកាន់នាយ អាល់ដឺនេស គ្រាន់តែនៅស្ងៀមៗមិនមានអារម្មណ៍ចង់ឆ្លើយតបតអ្វីច្រើនទេពីព្រោះអារម្មណ៍កំពុងតែច្របូកច្របល់ខ្លាំងធុញទ្រាន់និងជីវិត។
       ស្កាលេត ឯណេះមិនព្រមចុះចាញ់ទេ ព្រោះនាងបានសម្រេចចិត្តហើយថានាងនឹងមកលួងលោមគេដោយខ្លួនឯង។ មិនថាគេប្រកែកមិនចង់ស្តាប់សម្តីរបស់នាងនិិយាយយ៉ាងណា នាងត្រូវតែអត់ធ្មត់បកស្រាយឱ្យបានដល់ទីបញ្ចប់ដែរ។
       “លោកអាចនឹងមានអារម្មណ៍មិនទាន់កាត់ចិត្តបាន ប៉ុន្តែខ្ញុំជឿជាក់ថាលោកនឹងយល់ព្រមស្តាប់ពីអ្វីដែលខ្ញុំបានរៀបរាប់និយាយ!” សូរសំឡេងដកដង្ហើមធំៗព្រលែងចេញពីដើមទ្រូងប្រុសកំលោះមុខមាំដែលអង្គុយឈ្ងោកមុខចុះលាន់ឮរហឹមក្នុងត្រចៀកនាង។
       “នាងជាក្មេងស្រីដែលមិនទាន់ឆ្លងកាត់រឿងលំបាកច្រើនផង.. នាងអាចយល់ដល់ចិត្តខ្ញុំបានយ៉ាងម៉េច?” ពីមុននាងជាក្មេងស្រីដែលឡិរឡក់មិនដឹងអ្វីម្នាក់ ប៉ុន្តែពេលនេះនាងធំហើយ ការគិតរបស់នាងក៏លូតលាស់ប្រសើរជាងមុនឆ្ងាយដែរ នាងមិនមែនជាក្មេងស្រីដែលមិនដឹងអ្វីម្នាក់ទៀតទេ។
       “ម្តេចក៏ថាខ្ញុំមិនយល់? លោកមើលមកខ្ញុំជាក្មេងស្រីមិនដឹងអីម្នាក់រហូតតើមែនទេ? ខ្ញុំក៏ជាមនុស្សធំម្នាក់ដែរ ទោះខ្ញុំស្គាល់សង្គមខាងក្រៅនៅស្ទើរជាងលោកតែផ្នត់គំនិតរបស់ខ្ញុំមិនអន់ទេ!” ស្កាលេត និយាយមិនភ្លេចអួតពីខ្លួនឯង នាងរស់នៅស្រណុកសុខស្រួលចាប់តាំងពីតូច មិនមែនថានាងមិនដែលបើកភ្នែកសម្លឹងមើលអ្នកដែលពិបាកជាងនាងឯណា។
       “ខ្ញុំដឹងថាលោកស្តាយក្រោយណាស់ តែលោកកុំព្យាយាមស្អប់ម្តាយរបស់លោកអី គាត់គ្រាន់តែទ័លច្រក ទើបព្យាយាមស្វែងរកកន្លែងដែលល្អស័ក្តិសមនិងលោក លោកធ្លាប់គិតទេ ថាពេលដែលគ្មានលោកនៅក្បែរគាត់នឹកលោកខ្លាំងប៉ុណ្ណា? ចង់ឱបក្រសោបលោកខ្លាំងប៉ុណ្ណា ម្តាយណាក៏ស្រលាញ់កូនដែរ គ្មានម្តាយឯណាដែលចង់សម្លាប់កូនខ្លួនឯងទេ.. ពេលស្តាប់ឮលោកហៅអ្នកផ្សេងថាម្តាយគាត់ក៏ឈឺចាប់មិនចាញ់លោកដែរ.. លោកដឹងទេ ថាជីវិតជាស្ត្រីមេម៉ាយត្រូវមកចិញ្ចឹមកូនតែម្នាក់ឯងចួបការលំបាកយ៉ាងណាខ្លះ បង្កើតកូនមកហូរឈាមទាំងថ្លុក រស់នៅអត់ឃ្លាន ក្រីក្រគ្មានប្រាក់កាស ពិបាកផង យំផង និយាយលួងលោមខ្លួនឯងផង គាត់តស៊ូណាស់ទម្រាំដល់សព្វថ្ងៃនេះ លោកអាចនឹងអន់ចិត្តខឹងដែលគាត់ធ្វើបែបនេះ ប៉ុន្តែមានពេលខ្លះគាត់ក៏លួចសប្បាយចិត្តណាស់ដែរ ដែលឃើញកូនអាចបានស្លៀកពាក់ស្អាតបាត មានអាហារហូបចុកឆ្ងាញ់ៗគ្រប់គ្រាន់ មានទីលំនៅរស់នៅល្អសុខស្រួលកក់ក្តៅ មានអ្នកមើលថែគ្រប់សព្វបែបយ៉ាង ខុសប្លែកពីគាត់ដែលត្រូវទ្រាំខាំមាត់សង្កត់ចិត្តអត់ធ្មត់តស៊ូក្នុងផ្សែងភ្លើងព្រឺរងារវេទនាតែម្នាក់ឯង នៅខំប្រឹងថែថួនកូនៗពីរនាក់ទៀត។ លោកមិនអាណិតដល់បងប្រុស ជុងហ្គុក ទេមែនទេ? ព្រោះតែជីវភាពគាត់រៀនសូត្របានតិចតួចណាស់ ត្រូវសម្រេចចិត្តឈប់សិក្សាដើម្បីបានជួយម្តាយ ប៉ុន្តែបើងាកមកមើលពីជីវិតរបស់លោកវិញ លោករៀនបានច្រើន រស់នៅក្នុងជីវិតមួយដែលចង់បានអ្វីក៏មាន មិនដូចជាគាត់ គាត់ត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯងថែមទាំងបានជួយផ្គត់ផ្គង់ដល់ប្អូនស្រីឱ្យបានរៀនសូត្រចេះដឹងជ្រៅជ្រះនិងគេម្នាក់ទៀត ប៉ុន្តែគាត់មិនដែលត្អូញត្អែពីជីវិតរបស់ខ្លួនឯងទេ!” អាល់ដឺនេស ស្តាប់សម្តីនាងនិយាយដំណាលនិងកែវភ្នែកងាកសម្លឹងមើលមុខនាងយ៉ាងជ្រាលជ្រៅ។ នាងនៅក្មេងជាងគេ តែការគិតរបស់នាងចេះគិតវែងឆ្ងាយណាស់ សម្តីរបស់នាងនិយាយត្រូវទាំងអស់គ្មានខុសមួយពាក្យណាឡើយ មិនដូចជាគេដែលចេះតែខឹងច្រឡោតតោតតូងមិនដឹងអីនោះ។
       “លោកគួររៀនផ្តល់ឱកាសស្តាប់ការបកស្រាយពីម្តាយ កុំរឹងទទឹងចំពោះគាត់ ព្រោះថាពេលដែលបាត់បង់គាត់លោកគ្មានឱកាសបានធ្វើរឿងដែលលោកចង់ធ្វើចំពោះគាត់ទៀតទេ!” នាងលូកដៃចូលទៅចាប់ប្រអប់ដៃគេយ៉ាងណែនធ្វើឱ្យគេមានអារម្មណ៍កក់ក្តៅចម្លែក។
       “កុំនៅអង្គុយស្រងេះស្រងោចម្នាក់ឯងទៀតអី លោកមានរឿងដែលត្រូវធ្វើជាច្រើនទៀតណាស់..” នាងបម្រុងព្រលែងដៃរបស់គេ តែគេក៏ចាប់ក្តោបប្រអប់ដៃរបស់នាងយ៉ាងជាប់។
       “អរគុណនាងច្រើនណាស់..”
       “មិនអីទេ!” ស្កាលេត រឹងខ្លួនឆ្កឹង នៅពេលដែល អាល់ដឺនេស ចាប់ទាញចង្កេះនាងមកជិតខ្លួនប្រាណហើយក៏បានឱបរឹតរួតនាងយ៉ាងណែនហាក់ដូចជាចង់បានភាពកក់ក្តៅបន្ថែមលើកនេះនាងឥតប្រកែកនិងបានឱបគេវិញព្រមទាំងបានទះស្មានាយថ្នមៗដោយផ្តល់កម្លាំងចិត្ត។
      
       ក្នុងបន្ទប់...
       ស្ត្រីចំណាស់បន្តសំងំអង្គុយយំខ្សឹកខ្សួរគួរឱ្យអាណិតអាសូរម្នាក់ឯងខាងក្នុងបន្ទប់សម្លឹងមើលរូបថតដែលគាត់ធ្លាប់ថតបីនាក់ជាមួយកូនតូចៗកាលពួកគេនៅតូចដែលលោក ឌីណាន់ បានរក្សាទុកមិនដែលឱ្យ អាល់ដឺនេស បានឃើញនោះហូរទឹកភ្នែករលីងរលោងមិនឈប់។ គាត់សោកស្តាយ ហើយរឹតតែពិបាកចិត្ត បើពេលវេលាអាចបកក្រោយបាន គាត់នឹងមិនផ្តល់ការឈឺចាប់ទាំងនេះឱ្យកូនៗរបស់ខ្លួនមានអារម្មណ៍ខកចិត្តមកលើរូបគាត់ឡើយ។
       ក្រាក!!
       សំឡេងច្រានទ្វារអាចឱ្យគាត់ប្រញាប់ប្រញាល់លើកខ្នងដៃជូតកៀសសំណើមទឹកភ្នែកចេញយ៉ាងរហ័សរួចងាកទៅសម្លឹងមើលម្ចាស់វត្តមានខ្ពស់ស្រឡៈ ខណៈ អាល់ដឺនេស ក៏ចូលទៅរកគាត់ដោយទឹកមុខស្ងួតក្រៀមក្រោះ លាយឡំកែវភ្នែកសោកសង្រេងជះពន្លឺឡើងព្រាលៗ។ នាយដាក់ខ្លួនលុតជង្គង់ចុះចំពោះមុខគាត់ រួចខិតខ្លួនចូលទៅឱបក្រសោបម្តាយយ៉ាងណែន គាត់បើកភ្នែកមូលធំក្រឡង់ៗ ព្រោះមិនអាចនឹកស្មានដល់ថា អាល់ដឺនេស នឹងព្រមធ្វើទង្វើបែបនេះចំពោះគាត់ឡើយ។ គាត់និងគេយំឈូរដំណាលគ្នា អាល់ដឺនេស ងើយសម្លឹងមើលមុខម្តាយតាមដោយមនោសញ្ចេតនាដ៏សែនជ្រាលជ្រៅ។
       “កូនសូមទោស..” លោកស្រី ជូឌី ងក់ក្បាលមិនប្រកាន់ទោសចំពោះកូនប្រុសទេ គាត់ចាប់ទាញគេមកឱបរឹតក្នុងដើមទ្រូងហើយក៏បានថើបថ្ងាសកូនប្រុសមួយដង្ហើមវែងដូចគ្នា។
       “ម៉ាក់ក៏សូមទោសដែរ.. ម៉ាក់ស្រលាញ់កូន អាល់ដឺនេស!” ម្តាយកូនទាំងពីរចាប់ផ្តើមយល់ចិត្តថ្លើមគ្នា ដ្បិតបានរស់នៅជាមួយគ្នាមានរយៈពេលតិច តែវាជាក្តីសុខធំធេងខ្លាំងបំផុតក្នុងជីវិតរបស់ពួកគេទាំងពីរនាក់។ តមកពិធីបុណ្យសពក៏បានប្រព្រឹត្តទៅដោយភាពរលូនគ្មានការអាក់ខាន។
       អាល់ដឺនេស និងម្តាយឪពុកបានទៅគោរពវិញ្ញាណក្ខន្ធ លោកស្រី ខេនរី ដើម្បីបានធ្វើការខមាទោសព្រមទាំងអហោសកម្មនូវរឿងរ៉ាវគ្រប់យ៉ាងដែលធ្លាប់បានជំពាក់វាក់វិនចំពោះគ្នាកាលពីកន្លងទៅឱ្យរួចផុតកម្មផុតពារ តទៅនេះគ្មាននរណាសាងបញ្ហាជម្លោះអ្វីទៀតឡើយ ព្រោះជីវិតរបស់មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានភាពអមតៈនោះទេ នៅសល់ពេលវេលាសេសសល់ត្រូវរស់នៅស្វែងរកសុភមង្គលឱ្យខ្លួនឯងឱ្យបានច្រើនទើបល្អជាទីបំផុត។

បុរសដែលខ្ញុំស្រលាញ់ ᥫ᭡Where stories live. Discover now