ផ្តើមរឿង៖លោកត្រូវជាអ្វីនិងក្មេង

853 101 5
                                    

ស្រឡាញ់នរណាម្នាក់មិនប្រាកដថាយកគេម្នាក់នោះឱ្យបាននោះទេ។ ពាក្យទាំងអស់នេះយើងតែងតែប្រទះឃើញនៅលើសំណេរដាស់តឿនឬជាការលើកទឹកចិត្ត សម្រាប់អ្នកខូចចិត្តចំពោះរឿងស្នេហាជារឿយៗ ប៉ុន្តែការពិត មិនដូចជាការនិយាយនិងការសរសេរឡើយគ្រប់អ្វីៗក៏ដោយក៏ត្រូវការឆ្លងកាត់ការសាកល្បងនិងចួបវាដោយផ្ទាល់ខ្លួនឯងដែរ។
នៅពេលដែលបុរសម្នាក់បានឆ្លងកាត់រឿងរ៉ាវប្រៀបដូចជាម្ជុលចាក់ស្រែះក្នុងបេះដូង ឈឺចាប់បុកម្នេញទន្ទ្រានគ្មានពេលស្រាក់ស្រាន្តឯណេះវិញ។ តំណក់ទឹកភ្លៀងស្រក់ហូរលែងប្រណីរាងកាយប្រុសកំលោះដែលឈរទទឹកខ្លួនសើមជោកនៅចំពោះមុខភោជនីយដ្ឋានមួយកន្លែងតាមដោយទឹកមុខឈឺចាប់រកទីបំផុតស្ទើរតែគ្មានចំណត។ ទិដ្ឋភាពមនុស្សប្រុសស្រីពីរនាក់អង្គុយទល់មុខគ្នា ចំណាយពេលវេលាញ៉ាំអាហារឆ្ងាញ់ៗយ៉ាងរ៉ូមមែនទិកធ្វើឱ្យបេះដូងក្នុងប្រអប់ទ្រូងឆ្វេងនាយខាងនេះលោតលឿនបោកស្ទើរធ្លាយចេញក្រៅទ្រូងក៏ព្រោះតែវាទទួលបានអារម្មណ៍ដែលត្រូវបានគេជាន់ឈ្លីបំផ្លាញទឹកចិត្តរហូតដល់អួលដើមកស្ទើរតែនិយាយពាក្យអ្វីក៏ពុំចេញ។
“លោកមកទីនេះធ្វើអ្វី?” ស្រីម្នាក់កាន់ឆ័ត្រដើរចេញមកតម្រង់ទៅរកបុរសកំសាកម្នាក់ដោយទឹកមុខមាំទាំនិងសំឡេងចោទជាសំណួរយ៉ាងរឹងធ្ងន់គ្មានភាពផ្អែមល្ហែមសូម្បីតែកែវភ្នែកនាងក៏សំដែងដោយគ្មានភាពអាណិតមួយចុងក្រចកណាដែរ។
“ដាលីណា.. គឺបង..” នាយអួលអាក់ក្នុងបំពង់ករកប្រកបពាក្យអ្វីក៏មិនរួច មានអារម្មណ៍ឈឺផ្សាររហូតដល់ឃាត់តំណក់ទឹកភ្នែកខ្លួនក៏លែងជាប់។
“ខ្ញុំប្រាប់ហើយតើស ថាទំនាក់ទំនងរវាងយើងចប់គ្នាដាច់ស្រេចរួចហើយ ខ្ញុំមិនបកក្រោយទេ លោកចង់យ៉ាងម៉េចទៀត? គិតថាមកឈរហាលខ្យល់ហាលភ្លៀងបំផ្លាញពេលវេលាល្អៗរបស់ពួកខ្ញុំនឹងទទួលបានការអាណិត ឬមួយក៏លោកចង់ឱ្យគ្រប់គ្នាសម្លឹងមើលឃើញមកថាខ្ញុំជាស្រីភិតក្បត់លោក?” នាងនិយាយដេញដោលសួរនាំទាំងចិត្តខឹងកញ្ជ្រោលរោលរែកទោសៈមិនយល់ពីអារម្មណ៍បុរសម្នាក់ដែលស្រឡាញ់នាងខ្លាំង សឹងតែលះបង់ជីវិតមួយនេះទាំងមូលដើម្បីនាងឡើយ។ ហេតុអ្វីក៏មនុស្សស្រីដូចជានាងចិត្តងាយផ្លាស់ប្តូរអារម្មណ៍និងបេះដូងលឿនដូច្នេះ ទាំងដែលគេព្យាយាមប្រើប្រាស់ពេលវេលាកាត់ចិត្តពីនាងយ៉ាងណាក៏កាត់មិនដាច់ស្រឡះដែរ។
“ដាលីណា.. បងមិនដឹងថាគេនោះស្រលាញ់អូនខ្លាំងប៉ុណ្ណា មានអ្វីល្អលើសជាងបងប៉ុណ្ណានោះទេ តែបងសូមអង្វរអូនកុំចោលបងបានទេ ទំនាក់ទំនងរវាងយើងកើតឡើងមកជាង ៧ ឆ្នាំ ចាប់តាំងពីវិទ្យាល័យមកហេតុអ្វីក៏អូនដាច់ចិត្តបោះបង់អនុស្សាវរីយ៍និងរឿងរ៉ាវដែលយើងធ្លាប់សាងរួមគ្នាមករាប់មិនអស់?” នៅទីបំផុតគេក៏អាចជម្នះភាពឈឺចាប់ដើម្បីបាននិយាយពាក្យក្នុងចិត្តទៅកាន់នាងដោយក្តីលំបាកបានហើយ ខណៈទឹកភ្នែករបស់គេក៏បានជ្រាបហូរស្រក់តក់ៗសបញ្ជាក់ពីភាពឈឺចាប់បុកម្នេញឥតឧបមានោះយ៉ាងកកកុញពេញថ្ពាល់មិនរីងស្ងួតយ៉ាងជោជន់ដូចគ្នា។
“វាគ្រាន់តែជាអតីតកាល.. តែខ្ញុំរស់នៅជាមួយបច្ចុប្បន្ន.. មិនលោកព្យាយាមនិយាយអង្វរករខ្ញុំច្រើនប៉ុណ្ណាក៏ខ្ញុំមិនអាចបកក្រោយម្តងទៀតបានដែរ.. បានហើយខ្ញុំចំណាយពេលវេលានិយាយជាមួយមនុស្សដូចលោកខាតពេលណាស់ ឆាប់ចាកចេញទៅ ខ្ញុំមិនចង់ឃើញមុខរបស់លោកទៀតទេ!”
“ដាលីណា!” អ្នកកំលោះមិនព្រមឈប់រត់ទៅតាមចាប់ក្រសោបចង្កេះតូចអង្រ្កងរបស់នាងឱបជាប់ណែនពីខាងក្រោយ រាងកាយសើមរបស់គេធ្វើឱ្យនាងមួម៉ៅខឹងយ៉ាងសង្កៀតជើងធ្មេញ។
“លែង.. លែងខ្ញុំ!”
“ដាលីណា បងសូមអង្វរ!”
“អាចង្រៃ!”
ឌឹប!!!
ភ្លាមៗមិត្តប្រុសរបស់ ដាលីណា មានឈ្មោះថា អីវិន ក៏បានបង្ហាញខ្លួនឡើង និងបានដាល់អ្នកកំលោះកម្សត់ស្នេហ៍ឱ្យដួលដាច់ផ្ងាកក្រោយទាំងជំហរពេញមួយទំហឹង។
“តោះអូនឆាប់ឡើងឡានទៅ.. ពួកយើងត្រលប់ទៅវិញ!” អីវិន ក្រៀកឱបក្រសោបចង្កេះ ដាលីណា ឡើងជិះរថយន្តសេរីទំនើបមួយគ្រឿងរួចក៏បានបរល្បឿនចាកចេញទៅលឿនស្លេវដោយមិនអាសូរពីបុរសម្នាក់ដែលដេកឈឺចាប់ហាលភ្លៀងយ៉ាងកម្សត់ឡើយ។ ពេលនេះគេយល់ហើយថាប្រាក់កាស សម្ភារៈនិយមទំនើបៗនិងកិត្តិយសគឺសុទ្ធសឹងតែអាចទាក់ទាញក្រសែភ្នែករបស់មនុស្សគ្រប់គ្នាពីម្នាក់ទៅម្នាក់ទៀតបាន ព្រោះវាជាការសំញែងដោយភាពស៊ីវិល័យត្រឹមតែសំបកកាយខាងក្រៅ។ ប៉ុន្តែចិត្តមនុស្សមិនដូចគ្នាទាំងអស់នោះទេ គេមានអារម្មណ៍លែងចង់ជឿជាក់ទុកចិត្តទៅលើនរណាម្នាក់ ក៏ព្រោះតែស្នេហាបានបង្រៀនគេជាច្រើនហេតុផលមករាប់មិនអស់នៃរសជាតិដ៏ឈឺចាប់។ កាលដែលគេធ្លាក់ខ្លួនមកដល់ចំណុចទាំងនេះក៏ព្រោះតែស្នេហានិងមនុស្សស្រីតែម្នាក់ដែលបានមើលងាយជាន់ឈ្លីស្នេហាការស្រលាញ់និងបេះដូងរបស់គេពេញមួយទំហឹង ឈឺចាប់សឹងតែគិតខ្លី ឈឺចាប់ខ្លាំងពេក លែងចេះខ្មាសនរណាម្នាក់ទាំងអស់ គឺមានតែការសោកស្តាយ និងភាពអស់សង្ឃឹម។
“ទៅលើកគេដាក់ឡានមក!” សំឡេងស្អកស្អារពីបបូរមាត់ស្ត្រីចំណាស់ម្នាក់បន្លឺឡើងទៅកាន់សូហ្វ័រឡានខាងមុខ។
អីធៀន បុរសវ័យខ្ទង់ ៣៩ ឆ្នាំចុះចេញពីក្នុងរថយន្តដោយមិនបានទទូលឆ័ត្រ រត់ទៅចាប់លើកត្រកងរាងកាយដែលសន្លប់សន្លិនស្តូកស្តឹងក្រោមតំណក់ភ្លៀងនាំមកកាន់រថយន្តសេរីទំនើប។
“រួចរាល់ហើយលោកស្រី!”
“ចេញឡានទៅ!” បន្ទាប់ពីបានកែប្រែស្ថានការណ៍នៅទីនេះចប់ រថយន្តទំនើបក៏បានបរល្បឿនចាកចេញទៅផុតពីទីកន្លែងដែលតក់ជាប់ស្នាមឈឺចាប់ក្នុងចិត្តអ្នកកំលោះគ្មានថ្ងៃដែលអាចបំភ្លេច។

💚 ឆ្លាក់ស្នេហ៍ចារក្នុងបេះដូងបង 💚Where stories live. Discover now