ភាគ០២៖ប៉ាប៉ានៅជាមួយកូនយូរទេ

226 39 5
                                    

     ជុងហ្គុក ចេញធ្វើការសឹងតែស្វែងរកពេលសម្រាកគ្មាន ដោយសារតែគេមិនចង់ធ្វើដំណើរត្រលប់មកផ្ទះវិញ មូលហេតុព្រោះតែគេស្អប់មុខ ថេយ៉ុង ខ្លាំង ហើយនៅពេលដែលបានការងាររវល់ក៏បានធ្វើជាលេសដោះសារគេចវេះពីម្តាយសម្រាកនៅតែកន្លែងការងារជាប់លាប់ ជួនកាលពេលខ្លះទូរស័ព្ទទៅសួរសុខទុក្ខដល់ម្តាយពីបីម៉ាត់ក៏គ្មានដែរ។
     ឥឡូវនេះ ថេយ៉ុង មិនសូវញ៉ាំបាយញ៉ាំទឹកបានគ្រប់គ្រាន់នោះទេ ព្រោះគេនឹកដល់ ជុងហ្គុក រៀងរាល់ថ្ងៃ ដោយគេគិតថាបុរសនោះគឺជាឪពុករបស់គេបង្កើត។ គ្មាននាយនៅក្បែរ មានអារម្មណ៍ឯកោនិងតែងតែសំងំយំម្នាក់ឯង ហាក់គ្មានភាពកក់ក្តៅ ព្រមទាំងរងារសោកសៅមិនមានពេលរីករាយដូចជាក្មេងដទៃឡើយ។ ម៉ែដោះនិងលោកស្រីធំ មានការព្រួយបារម្ភគិតគូរអំពីសុខទុក្ខរបស់គេជានិច្ច ថ្ងៃខ្លះស្ងាត់មាត់ស្ងាត់កមិននិយាយស្តីអ្វីចេញមកក៏មាន។ ពេលខ្លះក៏សំងំក្នុងបន្ទប់ពួនយំម្នាក់ឯង ទោះជាម៉ែដោះខំលួងយ៉ាងណា ពាក្យដែលគេអាចនិយាយចេញមកគឺទទូចទាមទារចង់ចួប ជុងហ្គុក តែម្នាក់ប៉ុណ្ណោះ។ គេចាប់ផ្តើមស្រកសាច់ស្គមតូចជាងមុន ឧស្សាហ៍ក្អក និងមានសាច់ឈាមស្លេកស្លាំង ពុំសូវស្រស់បស់ដូចពីមុនទេ។ ខណៈពេលនេះលោកស្រីធំក៏កំពុងតែខំព្យាយាមទាក់ទងទៅរក ជុងហ្គុក ព្រោះគាត់មិនអាចទ្រាំសម្លឹងមើលឃើញ ថេយ៉ុង កើតទុក្ខបន្តទៅទៀតឡើយ។
     ង៉ឺត!!
     នៅទីបំផុតសំឡេងហ្វ្រាំងឡានក៏បានជាន់បន្លឺឡើង បន្ទាប់ពីខ្សែទូរស័ព្ទទាក់ទងទៅរន្ថើនដល់ត្រចៀកនាយជាច្រើនដងរាប់សិបភ្លេច។
     ជុងហ្គុក ចុះចេញពីក្នុងរថយន្តដោយទឹកមុខម៉ូវ តែគេក៏ព្យាយាមទប់អារម្មណ៍ដែលដុកដាន់ក្នុងចិត្ត ហើយចូលទៅខាងក្នុងភូមិគ្រឹះសំដៅទៅរកបន្ទប់ ថេយ៉ុង។ នាយមកដល់ភ្លាម រុញទ្វារដើរចូលទៅ ស្របពេលដែលម៉ែដោះបានពូតកន្សែងសម្ងួតត្រាំក្នុងកន្ធន់តូចមួយនោះយកមកជូតដៃជើងដែលក្តៅគគុករបស់ក្មេងតូចថ្នមៗ។
     “អ្នកប្រុស..” ម៉ែដោះក្រឡេកទៅសម្លឹងមុខ ជុងហ្គុក។
     “គេយ៉ាងម៉េចទៅហើយម៉ែដោះ?” ជុងហ្គុក ធ្វើជាសួរដាក់បង្គុយចុះក្បែរ ថេយ៉ុង ដែលគេងលុងលក់។
     “ក្តៅខ្លួនមិនបាត់ទេ ម៉ែដោះបង្ខំឱ្យទៅពេទ្យគេក៏មិនព្រម ហើយយំកិកកុកមិនឈប់សោះ!” នាយមិនតបតនិងម៉ែដោះ រួចលូកដៃចូលទៅស្ទាបថ្ងាសរបស់ ថេយ៉ុង ប្រអប់ដៃរបស់គេផ្តល់សីតុណ្ហភាពកម្តៅអ្វីម្យ៉ាងដាស់ញាណ ថេយ៉ុង ឱ្យភ្ញាក់បើកភ្នែកឡើងព្រឹមៗសម្លឹងមើលមុខនាយទាំងបបូរមាត់ស្ងួតក្រៀមក៏ចាប់ផ្តើមញោចអាការៈហើយពេបមាត់យំសសឹកតែម្តង។
     “ប៉ាប៉ា..” អាល្អិតរំកិលខ្លួនឡើងត្បុលទៅរកដើមទ្រូង ជុងហ្គុក អង្គុយលើភ្លៅនាយឱបគេយ៉ាងជាប់មិនព្រលែង ខណៈ ជុងហ្គុក ក៏ក្រសោបអាល្អិតពរឡើង ទាំងដែលគេមិនដែលធ្លាប់បានធ្វើបែបនេះពីមុនមកសោះ។
     “ប៉ាប៉ាបាត់ទៅណា.. ថេយ៍ នឹកប៉ាប៉ាណាស់!” ថេយ៉ុង យំកិកកុកត្រសុលក្បាលកៀកកើយស្មា ជុងហ្គុក ឱបនាយយ៉ាងណែនពុំលែង។
     “ខ្លួនក្តៅដូចជាភ្លើង..” នាយឥតបង្អង់ពេលយូរ មុននឹងចាប់ពរ ថេយ៉ុង ចាកចេញទៅវឹង។ លើកទីមួយហើយដែលគេសំដែងអាការៈបារម្ភ ដ្បិតពេលខ្លះមានអារម្មណ៍ចង្អៀតចង្អល់តែគេមិនអាចមិនខ្វល់ខ្វាយពីក្មេងដែលកំពុងមានអាការៈមិនស្រួលខ្លាំងឡើយ។
    
     មន្ទីពេទ្យ..
     ខាងក្នុងបន្ទប់ពិនិត្យ ថេយ៉ុង គេងសម្រាកលើគ្រែដោយមាន ជុងហ្គុក និងម៉ែដោះអង្គុយក្បែរគេជាប់លាប់ជានិច្ច។ ក្រោយពេលធ្វើតេស្តពិនិត្យឈាមរួចរាល់ គ្រូពេទ្យក៏បានព្យាបាលនិងចេញថ្នាំឱ្យ ថេយ៉ុង តាមការណែនាំពីវេជ្ជបណ្ឌិតនិងបានពិគ្រោះអំពីបញ្ហាជំងឺរបស់ ថេយ៉ុង ទៅកាន់អាណាព្យាបាលរបស់គេបន្ថែម។
     “ក្មេងមានជំងឺឈឺគ្រុនពោះវៀន និងកង្វះជីវជាតិអាហារ ដោយសារតែគេញ៉ាំនិងគេងមិនបានគ្រប់គ្រាន់ ហើយក៏ឧស្សាហ៍ក្តៅខ្លួន ក្តៅរងារៗ និងក្អួតចង្អោរ អាការៈឈានចូលដំណាក់កាលគួរឱ្យបារម្ភ គួរតែត្រូវប្រុងប្រយ័ត្ននិងព្យាយាមមើលថែទាំគេឱ្យបានដិតដល់មែនទេន យល់ល្អត្រូវគេងសម្រាកនៅមន្ទីពេទ្យឱ្យបានជាសះស្បើយទើបត្រលប់ទៅផ្ទះវិញបាន!” ម៉ែដោះគ្រាន់តែឮបែបនេះភ្លាមគាត់ទម្លាក់ទឹកមុខស្រងូតស្រងាត់ចុះមួយប៉ប្រិចភ្នែក គាត់មិនមែនខ្ជៈខ្ជាយពេលវេលាហើយទុក ថេយ៉ុង ចោលនោះទេ គាត់ព្យាយាមធ្វើគ្រប់យ៉ាងរិះរកមកគ្រប់មធ្យោបាយទាំងអស់ដើម្បីបានមើលថែនិងចិញ្ចឹមគេឱ្យបានល្អ ប៉ុន្តែគាត់នៅតែមិនអាចគ្រប់គ្រងស្ថានភាពគ្រប់យ៉ាងចំពោះ ថេយ៉ុង មិនបានដដែល។
     “ប៉ុន្តែក្មេងមានជំងឺមួយទៀតដែលអាណាព្យាបាលត្រូវតែយកចិត្តទុកដាក់ឱ្យបានដិតដល់បំផុតនោះ..” ជុងហ្គុក និង ម៉ែដោះសម្លឹងមើលមុខគ្រូពេទ្យដំណាលគ្នា ខណៈគ្រូពេទ្យក៏បន្ទរសម្តីឡើង៖
     “ក្មេងខ្វះភាពកក់ក្តៅ និងមានសម្ពាធផ្លូវចិត្ត គេជាក្មេងដំបូងបង្អស់ដែលខាងមន្ទីពេទ្យរកឃើញថាគេមានជំងឺបាក់ទឹកចិត្ត ការដែលគេមិនព្រមញ៉ាំអាហារឱ្យបានគ្រប់គ្រាន់ក៏ព្រោះតែគេមានអារម្មណ៍ថាខ្លួនឯងឯកោ ខ្វះមនោសញ្ចេតនា ខ្វះក្តីស្រលាញ់ និង ការលួងលោម ថ្នាក់ថ្នមយកចិត្តទុកដាក់ ទើបគេតែងតែមានអារម្មណ៍ថាខ្លួនឯងមិនចង់តស៊ូទៅមុខបន្ត!” ជុងហ្គុក សំដែងទឹកមុខរាបស្មើតែកែវភ្នែករបស់គេរំលេចដោយភាពឈឺឆ្អាលអ្វីម្យ៉ាងចេញមកដោយអារម្មណ៍តឹងថប់ណែនៗក្នុងចិត្ត ដ្បិតគេស្អប់ក្មេងនេះដល់កម្រិតមួយដែលមិនអាចបរិយាយរៀបរាប់ត្រូវយ៉ាងណាក៏ដោយប៉ុន្តែក្មេងនៅតែគ្មានកំហុសដូចជាពាក្យម៉ែដោះបាននិយាយថា ថេយ៉ុង ក៏រើសកើតមកជាមួយអ្នកណាក៏មិនបាន។
     “បាទ!” ជុងហ្គុក តបទាំងគ្មានភាពតវ៉ា ហើយគ្រូពេទ្យក៏បន្ទរសម្តីជាបន្តបន្ទាប់ទៀត៖
     “បើលោកកាន់តែបណ្តែតបណ្តោយទៀត ប្រយ័ត្នចួបរឿងអស់សង្ឃឹម ខាងមន្ទីពេទ្យគ្រាន់តែជួយដាស់តឿនតែប៉ុណ្ណោះ!” ការសំណេះសំណាលត្រូវបានបញ្ចប់ ជុងហ្គុក និងម៉ែដោះបានយល់ព្រមហើយបានធ្វើតាមការណែនាំរបស់គ្រូពេទ្យលួងលោមឱ្យ ថេយ៉ុង នៅសម្រាកទទួលការព្យាបាលនៅទីនេះរហូតដល់គេបានជាសះស្បើយ។
     ថេយ៉ុង បើកភ្នែកមូលក្រឡង់ៗឱបក ជុងហ្គុក យ៉ាងណែន ខណៈពេលដែលអ្នកកំលោះអង្គុយលើកៅអីក្នុងនាមជាអ្នកកំដរហើយអាល្អិតក៏គេងលើគ្រែក្នុងសភាពជាអ្នកជំងឺព្យួរសេរ៉ូមកម្លាំងបន្ថែម ដោយម៉ែដោះក៏បានចាកចេញទៅរកទិញចំណីអាហារខ្លះៗនៅឯខាងក្រៅតាមការបញ្ជាក់ប្រាប់ពីគ្រូពេទ្យ យកមកបំប៉នសុខភាពរបស់ ថេយ៉ុង បន្ថែមដូចគ្នាដែរ។
     “ប៉ាប៉ាបាត់ទៅណាច្រើនថ្ងៃ? ប៉ាប៉ាទៅលេងផ្ទះម៉ាក់មែនទេ?” នៅពេលដែលឮក្មេងសួរនាំបែបនេះ ជុងហ្គុក ស្ងៀមព្រោះគ្មានចម្លើយពិតឱ្យគេក្រៅពីសម្តីកុហក។
     “ទៅធ្វើការ.. រវល់ការងារ..” គេតបហីៗ ទោះជាដឹងថា ថេយ៉ុង អាចស្តាប់ហើយមានអារម្មណ៍ចុកអួលណែនក្នុងចិត្តប៉ុណ្ណាក៏ដោយ។
     “ថេយ៉ុង ចង់ទៅលេងម៉ាក់ឱ្យបានម្តង ម៉ាក់មិនស្រលាញ់ ថេយ៍ ទេមែនទេ? ហេតុអ្វីក៏ម៉ាក់ចាកចេញទៅ?” ថេយ៉ុង ចាប់ផ្តើមយំកិកកុកនៅពេលនិយាយដល់ម្តាយរបស់ខ្លួន ចាប់តាំងពីកើតមកគេមិនធ្លាប់បានឃើញមុខឬស្តាប់ឮសំឡេងម្តាយរបស់ខ្លួនសូម្បីតែម្តង។ ពេលសួរដល់ម៉ែដោះគាត់ប្រាប់ថាម្តាយឪពុកគេបានលែងលះគ្នាដោយសារតែការរស់នៅមិនចុះសម្រុង ទើប ជុងហ្គុក ចិញ្ចឹមគេ ដោយប្រាប់ថានាយជាឪពុកមា ប៉ុន្តែ ថេយ៉ុង មិនជឿឡើយ គេតែងតែគិតថា ជុងហ្គុក ជាឪពុកបង្កើតរបស់គេជានិច្ចរហូតមក។
     “កុំទៅរំឭកពីនាង.. គេងទៅ..” ជុងហ្គុក មិនគំហកតែសម្តីរបស់គេក៏មិនពីរោះពិសាអ្វីគួរឱ្យចង់ស្តាប់ប៉ុន្មានដែរ និយាយឱ្យរួចផុតតែពីមាត់ចិត្តពិតគេមិនចង់រាយរ៉ាប់ច្រើនជាមួយ ថេយ៉ុង បន្តិចណានោះផង។
     “ប៉ាប៉ានៅជាមួយកូនយូរទេ?”
     “ចង់ឱ្យយើងទៅវិញណាស់ឬ?”
     “អត់ទេ ប៉ាប៉ានៅគេងជាមួយ ថេយ៍ បានទេ?”
     “ឯងមិនដឹងអ្វីសោះតើមែនទេ? ថាយើងមិនមែនជាឪពុកបង្កើតរបស់ឯង យើងមិនដែលចាត់ទុកឯងជាកូន ហើយយើងក៏គ្មានកូនដូចជាឯងដែរ..” ថេយ៉ុង ឱនឈ្ងោកមុខចុះទឹកភ្នែកក៏ធ្លាយហូររមៀលចេញមកសស្រាក់។ គេមិនដឹងថាខ្លួនឯងត្រូវទទួលរង់ពាក្យសម្តីបែបនេះពី ជុងហ្គុក ប៉ុន្មានដងទៀតឡើយ រាប់មកទល់ពេលនេះវារាប់សិបភ្លេចទៅហើយដែល ជុងហ្គុក មិនដែលនិយាយស្តីផ្អែមល្ហែមចំពោះគេម្តងណានោះសោះ។
     “ហ៊ឹកៗ.. ហ៊ឺៗ..”
     “ឈប់យំទៅហើយត្រូវនៅសម្រាកព្យាបាលឱ្យបានជាសះស្បើយ!”
     “ថេយ៍ ស្រលាញ់ប៉ា..” រាងកាយតូចស្តើងចាប់ផ្តើមញ័រតតាត់ទឹកភ្នែកហូរប្រតាកពេញថ្ពាល់ទាល់តែសើមខ្នើយកើយជោក។
     “ថេយ៍ មិនដឹងថាខ្លួនឯងខុសអី ហេតុអ្វីប៉ាប៉ាខឹងស្អប់ថេយ៍ជាងគេ ហ៊ឹកៗ.. ថេយ៍ គ្រាន់តែចង់កើតមកមានប៉ាម៉ាក់ មានគ្រួសារដ៏កក់ក្តៅមួយហេតុអ្វីថេយ៍មិនអាចទទួលបានដូចជាក្មេងដទៃ!” ជុងហ្គុក សម្លឹងមើលតំណក់ទឹកភ្នែកថ្លាយ៉ង់ក្មេងប្រុសតូចស្រក់ហូរក៏ដោយសារតែសម្តីទ្រគោះបោះបោករបស់គេស្ទើរតែរាល់ពេល។ សភាពរបស់ ថេយ៉ុង ប្រែក្លាយទៅជាបែបនេះក៏ដោយសារតែជាកំហុសរបស់នាយដូចគ្នា។
     “អ៊ីចឹងជីវិតដែលយើងបានផ្តល់ឱ្យឯងរាល់ថ្ងៃនេះវាលំបាកណាស់ឬ? ឯងក៏មានដំបូលជ្រក មានបាយស៊ី មានម៉ែដោះជាអ្នកមើលថែគ្រប់គ្រាន់ហើយ ចង់បានស្អីក៏បានមកដោយងាយមិនចាំបាច់ចេញដើររកខ្លួនឯងនាំតែពិបាក ម្តាយឪពុករបស់ឯងជាមនុស្សគ្មានទំនួលខុសត្រូវ អាក្រក់សាមន្យ មិនស្រលាញ់ឱបក្រសោបកូន ត្រង់យើងត្រូវចេញធ្វើការទាំងលំបាកយប់ថ្ងៃ ដើម្បីស្វែងរកជីវិតមួយឱ្យឯងរស់ស្រួលជាងក្មេងកំព្រាឪពុកម្តាយដទៃទៀតប៉ុណ្ណឹង យើងមិននឿយហត់ខ្លះទេអ្ហេស?” ថេយ៉ុង ស្ងាត់មាត់អណ្តឺតអណ្តក់មិនហ៊ានតវ៉ាកាលបើស្តាប់ឮពាក្យត្អូញត្អែរដែល ជុងហ្គុក បានរៀបរាប់រួច។
     “យើងចិញ្ចឹមឯងឱ្យរស់រានមានជីវិតមកដល់សព្វថ្ងៃនេះ ចាត់ទុកថាសំណាងនៅឈរខាងឯងហើយ គេងទៅបន្តិចទៀតម៉ែដោះមកដល់ហើយ..” នាយក្រោកឡើងចាប់ទាញភួយដណ្តប់ឱ្យ ថេយ៉ុង។ បន្តិចក្រោយមកម៉ែដោះក៏បានមកដល់ជាមួយនិងស្បោងអាហារសំពីងសំពោង ខណៈ ថេយ៉ុង ក៏នៅតែគេងឱបដៃ ជុងហ្គុក ជាប់ពុំព្រលែងដដែល។
     “ឃ្លានទេ? ម៉ែដោះទិញអាហារមកដល់ហើយ..” គាត់ឆ្លៀតសួរនាំដល់អាច្រម៉ក់តូច រួចស្រាយមាត់ស្បោងដកប្រអប់អាហារចេញមកមើលទៅគាត់នឿយហត់ណាស់ ជុងហ្គុក យល់ថាគាត់ចាស់ជាងម្តាយរបស់ខ្លួនកម្លាំងកំហែងក៏មិនមាំទាំដូចមុនដែរ។ មិនចង់ឱ្យគាត់នឿយហត់បន្តទៀត ទើបនាយចាប់ទាញប្រអប់អាហារចេញមក រួចបើកគម្របដួសបញ្ចុក ថេយ៉ុង ជួយសម្រួលដល់ការងារម៉ែដោះបានមួយចំណែក។
     ថេយ៉ុង ញ៉ាំបាយច្រើនណាស់ ពីមួយម៉ាត់ទៅមួយម៉ាត់ទៀត ព្រោះតែគេសប្បាយចិត្តដែល ជុងហ្គុក យកចិត្តទុកដាក់មើលថែទាំគេ បញ្ចុកអាហារដល់គេ នៅជាមួយគេ ឱ្យគេឱបក្រសោប ប្រៀបដូចជាឪពុកកូនគ្នាបង្កើតយ៉ាងអ៊ីចឹង។
     “ញ៉ាំឱ្យបានច្រើនៗទៅឆាប់ជា..” ម៉ែដោះញញិមញញែមលើកដៃអង្អែលក្បាល ថេយ៉ុង គាត់ខានឃើញគេញ៉ាំអាហារគ្រប់គ្រាន់និងមានទឹកមុខរីករាយបែបនេះប៉ុន្មានសប្តាហ៍មកហើយ តែពេលដែលបានឃើញថាគេញ៉ាំអាហារបានឆ្ងាញ់ៗគាត់ក៏អស់បារម្ភទៅមួយកម្រិតធំដែរ។
     “អូហ៍ពូកែណាស់.. ថេយ៍ ញ៉ាំបានច្រើនណាស់!”
     “ហិហិ!” ថេយ៉ុង សើចស្រស់ហែកថ្ពាល់គ្រហាញៗចំពោះគាត់និង ជុងហ្គុក បន្ទាប់មកក៏ញ៉ាំផ្លែឈើបន្ថែមប៉ូវកម្លាំងបន្ត។
     “ម៉ែដោះនៅកំដរគេចុះ ខ្ញុំមានការរវល់បន្ទាន់ ត្រូវទៅឆែកឃ្លាំង ព្រោះល្ងាចនេះទំនិញច្រើន!” ជុងហ្គុក ក្រោកឡើងនិយាយទៅកាន់ម៉ែដោះ រួចងាកទៅសម្លឹងមើលមុខ ថេយ៉ុង បន្តិច ហើយក៏ចាកចេញទៅបាត់។
     “សប្បាយចិត្តទេ បានប៉ាប៉ាមកមើលថែទាំ?”
     “បាទ ថេយ៍ សប្បាយចិត្តជាងអ្វីៗទាំងអស់ម៉ែដោះ!”
     “អ៊ីចឹងឆាប់ញ៉ាំផ្លែឈើនេះឱ្យអស់ហើយឆាប់បានចូលសម្រាកណា ម៉ែដោះនិទានរឿងឱ្យ ថេយ៍ ស្តាប់បន្ត!”
     “បាទ!”
    
     ឃ្លាំងទំនិញ..
     កម្មករមមាញឹកលីសែងអីវ៉ាន់សំពីងសំពោងជាច្រើននាក់ ខណៈកប៉ាល់ដឹកទំនិញឯណោះក៏ព្យាយាមត្រៀមជើងដឹកនាំទំនិញចាកចេញទៅដូចគ្នា។
     “លោកពូ!” ជុងហ្គុក ឧទាន ខណៈលោកពូអីធៀនក៏ងាកមកសម្លឹងមើលទឹកមុខគេដោយកែវភ្នែកមានពន្លឺបន្តិច។
     “អ្នកប្រុស..”
     “ការងារយ៉ាងម៉េចទៅហើយលោកពូ?”
     “មិនអីទេ ពូអាចគ្រប់គ្រងស្ថានការណ៍បាន អ្នកប្រុសកុំបារម្ភអី!” និយាយគ្នារួច ជុងហ្គុក ក៏ងក់ក្បាល។ យប់បន្តិចគេក៏សម្រាកនៅឃ្លាំង ព្រោះមិនចង់ត្រលប់ទៅផ្ទះទេ ម្យ៉ាងវិញទៀត ថេយ៉ុង ក៏មានម៉ែដោះនៅកំដរហើយ គ្រាន់តែថ្ងៃនេះគេចាយពេលវេលាល្អូកល្អឺនជាមួយក្មេងនោះមានអារម្មណ៍ថាខ្លួនឯងរង់សម្ពាធជាងធ្វើការងារទៅទៀត។
     អំពូលភ្លើងរាត្រីផ្លាតពន្លឺពីលើពិដានក្នុងឃ្លាំងទំនិញ យប់ស្ងាត់អាកាសធាតុចាប់ផ្តើមចុះត្រជាក់ខ្លាំង តែមិនធ្វើឱ្យកំលោះយើងព្រឺរងារឆ្អឹងខ្នងបន្តិចណាឡើយ។
     លោកពូអីធៀនចាក់ស្រាចូលទៅក្នុងកែវផឹកកំដរ ជុងហ្គុក ដែលអង្គុយចោលក្រសែភ្នែកសម្លឹងមើលទៅកាន់ពន្លឺចន្ទនៅពេលយប់ដោយទឹកមុខបង្កប់ទុក្ខកង្វល់ជាច្រើន។ គេជាបុរសស្មោះស្នេហ៍ម្នាក់ ដែលពិបាកនឹងបំភ្លេចមនុស្សស្រីតែម្នាក់គត់ដែលខ្លួនធ្លាប់ស្រលាញ់ខ្លាំងស្ទើរពេញមួយជីវិតដ៏សោកសៅនេះ។ ដេកក៏នឹក ដើរក៏នឹក គេនឹកនាងមិនដែលបំភ្លេច។ ថ្ងៃនេះក៏មកសំងំផឹកស្រា ផឹកអស់ជាច្រើនកែវ រួចក៏លើកដៃច្បូតមុខម្តងហើយម្តងទៀត សំដែងភាពឈឺចាប់ចេញមកនាំឱ្យក្រសែភ្នែកបុរសវ័យជ្រេឃើញហើយ អត់នឹងគ្រវីក្បាលពិបាកចិត្តចំពោះគេមិនបាន។
     “អ្នកប្រុសគួរតែកាត់ចិត្ត.. ព្រោះថាពេលវេលាទៅពេលខាងមុខគឺជាយើងខ្លួនឯងដែលត្រូវរស់នៅជាមួយពេលបច្ចុប្បន្ន!” ជុងហ្គុក ទម្លាក់កែវស្រាចុះ រួចលើកខ្នងដៃជូតតំណក់ទឹកភ្នែកចេញឱ្យស្អាត។
     “ខ្ញុំព្យាយាមអស់ពីលទ្ធភាពទៅហើយលោកពូ!”
     “ទោះជាយ៉ាងណាក៏ដោយ អ្នកប្រុសត្រូវរឹងមាំនិងព្យាយាមកាត់ចិត្តពីរឿងដែលមិនអាចទៅរួច.. ជីវិតរបស់មនុស្សម្នាក់ៗមានពេលរស់នៅ ១០០ ឆ្នាំ តែកំឡុងពេលដែលយើងមានជីវិតរស់នៅនេះក៏មិនដឹងថាខ្លួនឯងអាចឈានទៅដល់តួលេខមួយនោះក៏ឬមួយអត់ផងព្រោះឧបសគ្គតែងតែនៅពាំងមុខពួកយើងជានិច្ច ឆ្លងកាត់ពីមួយដំណាល់កាល ទៅមួយដំណាល់កាលទៀត យើងត្រូវតែជម្នះវាឱ្យបាន អ្នកប្រុសត្រូវតែព្យាយាមស្វែងរកសេចក្តីសុខឱ្យខ្លួនឯងកុំសៅហ្មងទៀតអី!” គាត់និយាយដូចងាយស្រួលណាស់ ប៉ុន្តែអ្នកដែលចួបបញ្ហាពិតទាំងនោះគឺជាអ្នកដែលរែកពន់ទុក្ខលំបាកខ្លាំងបំផុត។ ជឿជាក់ថារាល់គ្រប់បញ្ហារមែងតែងកើតមានដំណោះស្រាយ ប៉ុន្តែមុនពេលដែលស្វែងរកដំណោះស្រាយទាំងនោះបានគេក៏ត្រូវចួបរឿងឈឺចាប់ត្រដាបត្រដួសដួលងើបៗដោយខ្លួនឯងជាច្រើនដងផងដែរ។
     “ខ្ញុំមិនអីទេ.. ខ្ញុំគ្រាន់តែចង់ផឹកស្រា..” ការឆ្លើយតបនេះគ្រាន់តែជាលេស មិនថាគេប្រឹងប្រែងកុហកយ៉ាងណាក៏មិនអាចចៀសផុតពីការគិតរបស់បុរសដែលមានអាយុក្រែលជាងគេនោះដែរ។ សុរាកាន់តែជ្រាបចូលខ្លួន ជុងហ្គុក ផឹករហូតដល់ទន់ត្របកភ្នែកល្អូក ចាប់ផ្តើមស្រវាំងភ្នែកកាន់តែខ្លាំងនិងមានស្មារតីលែងដឹងខុសត្រូវអ្វីប៉ុន្មាន។
     [ថេយ៍ មិនដឹងថាខ្លួនឯងខុសអី ហេតុអ្វីប៉ាប៉ាខឹងស្អប់ថេយ៍ជាងគេ ហ៊ឹកៗ.. ថេយ៍ គ្រាន់តែចង់កើតមកមានប៉ាម៉ាក់ មានគ្រួសារដ៏កក់ក្តៅមួយហេតុអ្វីថេយ៍មិនអាចទទួលបានដូចជាក្មេងដទៃ?]
     ខួរក្បាលដែលទំនេរគ្មានអ្វីគិត បែរជាចាប់ផ្តើមគិតដល់សម្តីក្មេងដែលគេបានឮកាលពីរសៀលមិញ។ តំណក់ទឹកភ្នែកនិងពាក្យសម្តីក្មេងនោះបានក្លាយទៅជាការចងចាំថ្មីមួយទៀតដែលស្ថិតក្នុងការចងចាំរបស់គេមិនរសាយ។
     [អ្នកប្រុស.. ម៉ែដោះសុំចិត្តណា ក្មេងមិនដឹងអ្វីទេ កុំជេរស្តីថាឱ្យគេ ទោះជាយ៉ាងណាក៏គ្នារើសកើតមកមិនបានដែរ..]
     ភ្លាមៗពាក្យសម្តីរបស់ម៉ែដោះក៏លោតឡើងក្នុងការគិតរបស់គេជាបន្តកន្ទុយគ្នាទៀតដែរ ទោះជាសម្តីនោះធ្លាប់ឮកាលពី ៦ ឆ្នាំមុនក៏ដោយ តែគ្រប់យ៉ាងវានៅតែដិតដាមដដែល។ ពេលកាន់តែគិត ជីវិតរបស់គេចាប់ផ្តើមច្របូកច្របល់កាន់តែខ្លាំង ឆ្នាំនេះគេក៏អាយុច្រើនទៅហើយដែរ ប៉ុន្តែហេតុអ្វីទើបបានជាគេរៀបចំជីវិតឱ្យខ្លួនឯងពិបាកខ្លាំងយ៉ាងនេះ។
    
     ៥ ឆ្នាំបន្ទាប់..
     រថយន្តទំនើបពណ៌ខ្មៅរលើបមួយគ្រឿងបានបរមកបញ្ឈប់ចតខាងមុខទីធ្លាភូមិគ្រឹះ ណែលដេលី បង្ហាញឱ្យយើងអាចសម្លឹងឃើញពីវត្តមានបុរសចំណាស់ជាតៃកុងឡានបានចុះចេញមកនិងបានបើកទ្វាររថយន្តឱ្យអ្នកប្រុសតូចដែលរត់ចុះចេញមកជាមួយនិងឯកសណ្ឋានសិស្សយ៉ាងស័ក្តិសម។
     ថេយ៉ុង ក្នុងអាយុ ៨ ឆ្នាំ មានរាងកាយធំធាត់លូតលាស់ល្អប្រសើរហើយក៏មានមុខមាត់កាន់តែគួរឱ្យស្រឡាញ់ជាងមុនទ្វេដង។ យល់ដឹងនិងមានទំនួលខុសត្រូវខ្ពស់ មិនដូចជាកាលនៅតូចនោះទេ។ ខណៈគេរត់ចូលទៅខាងក្នុងភូមិគ្រឹះដ៏ត្រជាក់ស្រេង គេរហ័សរហួនឱនគោរពលោកស្រីធំនិងម៉ែដោះ មុនពេលរត់ឡើងខាងលើបន្ទប់ដើម្បីបានផ្លាស់ឈុតចេញឆាប់បានចុះមកញ៉ាំអាហារពេលថ្ងៃត្រង់។
     “ប៉ាប៉ា..” រាងតូចច្រឡឹងចាប់ច្រានទ្វារបន្ទប់របស់ឪពុកមា តែខាងក្នុងមានតែភាពទទេស្អាតមិនឃើញវត្តមានរាងក្រាស់នៅក្នុងបន្ទប់ ទើបគេប្រញាប់ដើរចូលទៅសម្លឹងមើលខាងក្នុង ព្រោះតែលោកស្រីធំផ្តាំផ្ញើមកប្រាប់ឱ្យគេតាមទៅហៅ ជុងហ្គុក ឱ្យចុះទៅស្រស់ស្រូបអាហារជុំគ្នា។ គេដើរចូលទៅឈរចំកណ្តាលបន្ទប់ងាករេក្រសែភ្នែកសម្លឹងរកមើលឪពុកមា ស្មានគេនៅក្នុងបន្ទប់ទឹក ទើបទ្រឹងចាំមួយសន្ទុះ ស្រាប់តែបែរក្រឡេកទៅសម្លឹងមើលឃើញស៊ុមរូបថតរាងមានសភាពរិចរិលរបកទឹកថ្នាំដែលដាក់ចោលនៅខាងលើខ្នងតុដ៏ប្រណីតមួយ។
     ថេយ៉ុង ចងចិញ្ចើមខ្វង់ រួចបោះជំហ៊ានចូលទៅកៀកជិតតុនោះ ហើយលូកដៃទៅចាប់ស៊ុមរូបថតលើកមកសម្លឹងមើល តែអ្វីដែលគេសម្លឹងឃើញគឺរូបថតមនុស្សប្រុសស្រីមួយគូដែលថតឱបរឹតគ្នាកៀកកើយយ៉ាងស្អិតរមួត។
     ម្នាក់ជា ជុងហ្គុក ឯម្នាក់ទៀតជាម្តាយរបស់គេ តែគេពុំស្គាល់ ដាលីណា ឡើយ នេះជាលើកទីមួយហើយដែលគេបានប្រទះរូបថតរបស់នាង..
     រូបថតនោះស្ថិតក្នុងភាពយុវវ័យ សម័យសិស្សវិទ្យាល័យ ជាគូសង្សារដែលល្អូកល្អឺនបំផុត។ ថេយ៉ុង សម្លឹងមើលដោយអារម្មណ៍ក្តុកក្តួល រហូតដល់គេចាប់ផ្តើមឆួលកម្សួលដោយមិនដឹងខ្លួន។ រូបនោះជារូបយូរឆ្នាំមកហើយ តែហេតុអ្វីវាមានឥទ្ធិពលអ្វីម្យ៉ាងគ្របដណ្តប់លើស្មារតីរបស់គេខ្លាំងដល់ម្លឹង។
     ក្រាក!!
     សំឡេងទ្វារបន្ទប់របើករន្ថើនឡើងរាងកាយបុរសវ័យ ៣១ ឆ្នាំបានប្រាកដខ្លួនឡើងជាមួយខ្សែភ្នែកក្រហមតែត ដៃក៏ក្តាប់ហាក់ចង់ដាល់នរណាម្នាក់ពីចម្ងាយ រីឯសម្ពាធរាងកាយរបស់គេក៏ចាប់ក្តៅឆាបឆួលឡើង នៅពេលដែលសម្លឹងឃើញវត្តមានក្មេងនោះកំពុងឈរកាន់រូបថតជាទីស្រលាញ់និងជាវត្ថុដែលគេហួងហែងជាជាងជីវិតរបស់ខ្លួនឯងបំផុតទៅទៀត។
     “ចូលមកក្នុងបន្ទប់របស់យើងធ្វើអ្វីអាក្មេងចង្រៃ!”
     “លោកប៉ា..”
     ព្រូស!!!
     រាងកាយតូចច្រឡឹងគ្មានកម្លាំងតទល់យកឈ្នះកម្លាំងមហិមារនោះត្រូវបានគេចាប់គ្រវែងបោះមួយទំហឹងដួលភ្លាត់ជើងទៅលើឥដ្ឋសឹងតែបាក់ឆ្អឹងទាំងកំណាត់។
     “អូយ!” សំឡេងឈ្លោះប្រកែកគ្នាលាន់ខ្ទរខ្ទារដល់ត្រចៀកម៉ែដោះនិងលោកស្រីធំព្រមទាំងគ្រប់គ្នាដែលឆោឡោនៅឯជាន់ខាងក្រោម។
     “មានរឿងធំហើយ!” ម៉ែដោះម៉ិតជើងរត់មួយទំហឹងឆ្ពោះឡើងទៅជាន់ខាងលើលែងដឹងហត់ដង្ហក់ខ្យល់។
     “នរណាឱ្យឯងចូលមកក្នុងបន្ទប់របស់យើង?”
     “ហ៊ឹកៗប៉ា.. ថេយ៍គ្មានចេតនា លោកយាយផ្តាំឱ្យមកហៅប៉ា.. ហ៊ឹកៗពួកយើងឆាប់បានញ៉ាំអាហារជុំគ្នា!”
     “តែឯងក៏ប្រហើនចូលមករុករើរបស់របរយើងដល់ក្នុងបន្ទប់?” ជុងហ្គុក ខឹងគ្រោតគ្រាតដូចជាខ្មោចចូលសណ្ឋិត ងាកទៅចាប់យកតម្ពក់ហាលខោអាវមកត្រួតលើគ្នាចំនួនពីរ មុននឹងចាប់ញ៉ឹងដៃ ថេយ៉ុង ច្របាច់សឹងតែបាក់ឆ្អឹងហើយវាត់ខ្លួនប្រាណគេមួយទំហឹងៗកម្លាំងដៃ។
     ខ្វាប់!!! ខ្វាប់!!!
     “អ..អូយ.. អូយ.. ប៉ាឈឺខ្លាំងណាស់.. ហ៊ឹកៗឈឺ.. ឈឺណាស់ប៉ា!” ថេយ៉ុង ទ្រហោស្រែកលោតកញ្ឆេង ពេលដែលកម្លាំងវាត់ផ្ទាត់លើសាច់របស់គេបន្សល់ស្លាកស្នាមវាយឡើងជ្រាំកំណកឈាមដុំៗ។
     ខ្វាប់!!! ខ្វាប់!!!
     ជុងហ្គុក ឥតស្តាប់វាត់យកៗ ទាល់តែ ថេយ៉ុង ទ្រហោយំស្អកកអស់ពីខ្លួន។
     “អាយ.. អ្នកប្រុស.. អ្នកប្រុសឈប់ទៅហ៊ឹកៗម៉ែដោះសូមអង្វរ!” ម៉ែដោះភ័យភ្ញាក់ញ័រខ្លួនតតាត់កាលបើឃើញ ជុងហ្គុក ប្រើហិង្សាខ្លាំងៗដល់ម្លឹងទៅលើក្មេងដែលមិនដឹងអ្វីម្នាក់។ គាត់គក់ដើមទ្រូងខ្លួនឯងដឹបៗយំគគ្រូកអាណិតអាសូរក្មេងមុននឹងស្ទុះចូលទៅចាប់ទាញរាងកាយញ័រសសឹករបស់ ថេយ៉ុង មកឱបក្រសោបរាំងរំពាត់ដែលវាត់ឥតប្រណីនោះទាំងសភាពឈឺចាប់បុកម្នេញ។
     “ប៉ា..” ថេយ៉ុង ហូរទឹកភ្នែកច្រោកៗ សម្លឹងមើលមុខ ជុងហ្គុក ដោយក្តីឈឺចាប់ខ្លាំងបំផុត។
     “កុំហៅយើងថាប៉ា!” ជុងហ្គុក គំហកខ្លាំងៗ នាំឱ្យ ថេយ៉ុង ត្រូវស្ងាត់មាត់មួយរំពេច កែវភ្នែកចាប់ផ្តើមក្តៅឆួល ហាក់ត្រៀមបង្ហូរទឹកភ្នែកស្រក់ចុះមក។
     “ចង់ទៅណាក៏ទៅៗ.. ហើយហាមចូលបន្ទប់យើងទៀត!”
     “ម៉ោះ.. មកតាមម៉ែដោះមក!” ស្ត្រីចំណាស់ឈោងដៃទាំងទ្វេលូកចូលទៅចាប់ក្រសោបរាងកាយញ័រប៉ផ្អុក លើកអាល្អិតគ្រាហ័ឡើងជាប់ដើមទ្រូងគាត់រួចស្តាប់សំឡេងលួចយំខ្សឹកខ្សួរដែលរន្ទឺឡើងរអឹកក្នុងត្រចៀកគាត់លាន់រងុម។
     “ម៉ែដោះយកវាចេញទៅឱ្យឆ្ងាយ កុំឱ្យចូលមករញ៉េរញ៉ៃទីនេះម្តងទៀត!”
     “ចាសអ្នកប្រុស!” ម៉ែដោះអួលអាក់ក្នុងចិត្តអនេកមុននឹងគ្រាហ៍ ថេយ៉ុង ដើរចេញ ប៉ុន្តែអាល្អិតស្រាប់តែព័ទ្ធជើងដួលព្រូស ព្រោះតែត្រូវឪពុកមាវាយរហូតដល់ទន់ដៃជើងនិងគ្មានកម្លាំងទប់ទល់ ហើយត្រូវបានគេចាប់គ្រវែងបោះរហូតដល់ឈឺចុកចាប់ពេញទាំងតួរាងកាយ។
     “ថេយ៍!!” លោកស្រី ណែលដេលី ក្តៅស្លឹកត្រចៀកងាំង តែពេលនេះរឿងខឹងកូនប្រុសគាត់ទុកមួយដោយឡែកសិន ព្រោះសភាពរបស់ ថេយ៉ុង ពិបាកមើលនិងភ្នែកណាស់ ទើបគាត់ពឹងពាក់ឱ្យលោកពូអីធៀនប្រញាប់ប្រញាល់បីរាងកាយដែលសន្លប់សន្លិនស្តូកស្តឹងទៅរកបន្ទប់សម្រាករបស់គេដើម្បីដោះស្រាយស្ថានការណ៍នៅពេលនោះសិន។

💚 ឆ្លាក់ស្នេហ៍ចារក្នុងបេះដូងបង 💚Where stories live. Discover now