ភាគ០៨៖គេងជាមួយប៉ាយប់នេះណា

118 26 2
                                    

     យប់ម៉ោង ៨:១៣ នាទី..
     ខ្យល់បក់រវិចៗរេរាំតាមមាត់បង្អួច បណ្តាលឱ្យជំនោវាយោទាំងនោះបក់ផាត់មកប៉ះចំស្បែកផ្ទៃមុខម៉ដ្ឋភ្លឺដ៏រលោងព្រិលនៃវ័យជំទង់វ័យខ្ចីរបស់យើងដែលអង្គុយសម្លឹងមើលមេរៀនក្បែរមាត់បង្អួច រួចពិនិត្យសម្លឹងមើលអក្ខរាទាំងអស់នោះដោយការផ្ចិតផ្ចង់ហាក់បីដូចជាត្រូវប្រកបការងារមួយនេះឱ្យបានហ្មត់ចត់បំផុត។ ស្អែកជាថ្ងៃប្រឡងដូច្នេះគេត្រូវតែខំប្រឹងមើលមេរៀនចាប់ពីព្រលប់ទុកឱ្យរួចស្រេចបាច់ ព្រោះព្រឹកស្អែកមានវិញ្ញាសារប្រឡងសួរសំណួរផ្ទាល់មាត់។
     ក្រាក!!
     “ម៉ែដោះ..” ថេយ៉ុង ងាកទៅញញិមញញែមដាក់ស្ត្រីចំណាស់ដែលចាប់ដើរចូលមកជាមួយនិងកែវទឹកដោះគោស្រស់ក្នុងដៃមួយកែវ។
     “ប្រឹងរៀនណាស់ហ្ន៎!” ម៉ែដោះមានប្រសាសន៍ចប់ក៏សើចស្រស់មុននឹងដាក់កែវទឹកដោះគោទៅលើតុឱ្យ ថេយ៉ុង មិនភ្លេចឈ្ងោកថើបសៀតផ្ការបស់គេមួយខ្សឺតបន្ថែម ថេយ៉ុង ក៏ឈោងដៃប៉ះប្រអប់ដៃគាត់ថ្នមៗ។
     “លោកយាយអញ្ជើញសម្រាន្តលក់ហើយតើមែនទេម៉ែដោះ?”
     “ហ្អឹមគាត់សម្រាន្តលក់ហើយ ទើបម៉ែដោះឆ្លៀតយកទឹកដោះគោមកផ្ញើថេយ៍បាន!”
     “អរគុណច្រើនណាស់ម៉ែដោះ..”
     “មើលមេរៀនហើយប្រញាប់ប្រញាល់ចូលគេងឮទេ កុំនៅយប់ជ្រៅខ្លាំងពេកខ្លាចក្រែងមានបញ្ហាសុខភាព ម៉ែដោះទៅសម្រាកមុនហើយ!”
     គាត់មិនដែលភ្លេចដាស់តឿន ថេយ៉ុង ម្តងណាទេ ព្រោះតែគាត់ស្រលាញ់ថ្នាក់ថ្នមគេប្រៀបដូចជាកូនជាចៅសាច់ឈាមបង្កើតរបស់គាត់យ៉ាងអ៊ីចឹង ថេយ៉ុង ធំធាត់ឡើងក៏បានដោយសារតែម៉ែដោះយកអាសាមើលថែទាំបីបមថ្នមថ្នាក់រក្សាគេមិនដែលទម្រន់ឡើយ។ ក្តីស្រលាញ់ដែលគាត់មានចំពោះគេគឺធំធេង កាត់ថ្លៃមិនបាន ហើយក៏ជាអ្នកដែលរង់ចាំលួងលោមជូតទឹកភ្នែកឱ្យគេរាល់ពេលដែលគេខូចចិត្តជានិច្ចដែរ។
     “បាទម៉ែដោះសម្រាន្តលក់សុបិន្តល្អណា ថេយ៍ ស្រលាញ់ម៉ែដោះខ្លាំងណាស់!”
     “ដូចគ្នាណាចៅជីដូន!” គាត់ផ្អឹបបបូរមាត់ទៅលើថ្ពាល់ ថេយ៉ុង ម្តងទៀត រួចចាកចេញទៅដោយទុកពេលឱ្យគេបានមើលមេរៀនបន្ត។ គាត់ចាកចេញទៅផុតបានបន្តិច សំឡេងរថយន្តបរចូលមកក្នុងធ្លាភូមិគ្រឹះបានបន្លឺរងុមក្នុងត្រចៀក ថេយ៉ុង ឱ្យបង្វែរចំណាប់អារម្មណ៍ក្រោកឡើងអើតរហង់សម្លឹងមើលរាងកាយមាំដែលត្រូវបាននាយអង្គរក្សពីបីនាក់គ្រាហ៍ឡើងក្នុងស្ថានភាពស្រវឹងជោកជាំ។
     “ប៉ាផឹកស្រាទៀតហើយ..” គ្រាន់តែបានមើលឃើញពីស្ថានភាពកំឡុងពេលនេះភ្លាមៗ ថេយ៉ុង ប្រញាប់ប្រញាល់ប្រមែប្រមូលសម្ភារៈទុកដាក់ឱ្យបានត្រឹមត្រូវមានភាពរៀបរយរួចគេក៏រហ័សរហួនក្រោកដើរទៅចាកចេញទៅពីបន្ទប់សំដៅទៅរកបន្ទប់ឪពុកមារបស់ខ្លួន។
     “ថ្នមៗ..” លោកពូអីធៀន ដាស់តឿនកូនចៅគាត់រួចទើបងាកទៅសម្លឹងមើលមុខ ថេយ៉ុង ដែលឈរទ្រឹងនៅនឹងមាត់ទ្វារឯណោះ។
     “អ៊ំប្រុសទៅសម្រាកចុះទុកទីនេះឱ្យខ្ញុំចាត់ចែង!”
     “អ្នកប្រុសធ្វើបានដែរ?” គាត់ឆ្លៀតសួរគេបញ្ជាក់ព្រោះសភាពពេលចង់គ្រប់គ្រងមនុស្សកំពុងតែស្រវឹងសុរានេះមិនងាយស្រួលនោះទេ។
     “បាន.. អ៊ំប្រុសកុំបារម្ភអី!” រាងតូចងក់ក្បាលនិយាយអះអាងចប់រួចក៏ដើរចូលទៅខាងក្នុងបន្ទប់បើកទូរប្រណីតដកយកសម្លៀកបំពាក់គេងយប់ចេញមក សម្រាប់ប្តូរផ្លាស់ថ្មីទៅឱ្យ ជុងហ្គុក។
     លោកពូអីធៀនឃើញ ថេយ៉ុង សន្មតហ្មត់ចត់យ៉ាងនេះគាត់និងអង្គរក្សដទៃទៀតបានដកខ្លួនចេញវិល ឆាប់ត្រលប់ទៅរកកន្លែងសម្រាកផ្ទាល់ខ្លួនវិញព្រោះអស់កម្លាំងខ្លាំងណាស់។ កាលនៅតូច ថេយ៉ុង ចងចាំបានថាកាលណោះលោកស្រីធំធ្លាប់ធ្វើបែបនេះដាក់ ជុងហ្គុក ប៉ុន្តែកាលណោះគេនៅតូចខ្លាំងពេក ជួយអ្វីក៏មិនបានដែរ តែពេលនេះគេធំជិតក្លាយជាមនុស្សពេញវ័យពេញលេញហើយ ដូច្នេះគេគួរតែចេះជួយសម្រាលទុក្ខធុរៈលំបាករបស់គាត់ជាច្រើនចំណែកខ្លះ។
     រាងតូចដងទឹកដាក់ទុកទៅក្នុងកូនកន្ធន់តូចមួយរួចចាប់កន្សែងមកជ្រលក់ផ្សើមទឹកពួតសម្ងួតបន្តិច មុននឹងខិតខ្លួនចូលទៅជូតដៃជើងឬមុខមាត់ឱ្យឪពុកមាថ្នមៗស្រាលៗដៃ សម្លឹងមើលដងខ្លួនមាំទាំតែបន្សល់ទៅដោយស្លាកស្នាមពីនារីជាច្រើននាក់ បានប៉ះពាល់ស្ទាបអង្អែលនិងបានបឺតជញ្ជក់នាំឱ្យមានស្នាមជាំក្រហម។ គេធ្វើបណ្តើរយំបណ្តើរ កន្លងមកគេមិនដែលគិតថា ជុងហ្គុក ជាឪពុកមាឬជាពូរបស់គេឡើយ។ គេចាត់ទុកនាយប្រៀបដូចជាឪពុកបង្កើតរបស់ខ្លួន ហើយបានលែងលះជាមួយម្តាយរបស់គេដោយសារតែការរស់នៅមិនចុះសម្រុង ប៉ុន្តែគំនិតទាំងអស់នោះគ្រាន់តែជាការគិតគ្មានភស្តុតាងណាច្បាស់លាស់មួយមកដើម្បីបានបកស្រាយបញ្ជាក់វាឡើយ។ គេនៅតែរស់នៅទទួលបានការស្តីបន្ទោស និងស្តាប់ពាក្យអាក្រក់ៗពីមាត់បុរសម្នាក់នេះចាប់តាំងពីកុមារភាពមក។ ប៉ុន្តែអ្វីដែលគេចងចាំនិងមានអារម្មណ៍ល្អឋិតថេររហូតទៅនោះគឺចិត្តមេត្តាកុរណាដែល ជុងហ្គុក បានសន្តោសប្រណីជ្រើសរើសយកគេមកចិញ្ចឹមនៅពេលដែលឪពុកម្តាយរបស់គេបានឃ្លាតឆ្ងាយទៅ អ៊ីចឹងហើយគេនៅតែមិនបំភ្លេចគុណនាយ ដែលបានប្រស់ប្រទានមកលើខ្លួនគ្រប់យ៉ាងឡើយ។
     “សុបិនល្អណាប៉ា..” ថេយ៉ុង ផ្លាស់ឈុតឱ្យនាយរួចរាល់ ទើបទាញភួយយកមកដណ្តប់ជិតដើមទ្រូង ជុងហ្គុក មិនភ្លេចឱនថើបថ្ងាសនាយនិងផ្តួលខ្លួនឱបកាយអ្នកដែលស្រវឹងដេកលក់ស្តូកស្តឹង ព្រោះតែចង់ទទួលបានភាពកក់ក្តៅនៅក្នុងនាមជាកូនម្នាក់។
     “ហ៊ឹកៗ..” ថេយ៉ុង លើកខ្នងដៃជូតតំណក់ទឹកភ្នែកសម្អាតចេញនិងបានចាកចេញទៅដោយបានបិទភ្លើងខាងក្នុងបន្ទប់និងបិទទ្វារថ្នមៗមិនផ្តល់សំឡេងរំខានដល់បុរសចំណាស់បន្តិចណានោះទេ។

💚 ឆ្លាក់ស្នេហ៍ចារក្នុងបេះដូងបង 💚Where stories live. Discover now