ភាគ០៥៖ឮយើងសួរអត់អ្ហះ

129 24 0
                                    

     ព្រឹកម៉ោង ៥:៥២ នាទី..
     មេឃនៅងងឹតព្រាលៗ ទិនករក៏មិនទាន់រះខ្ពស់ត្រដែតនៅឡើយស្របនឹងពេលដែលសំឡេងខ្យល់បក់ប៉ើងផាត់ជាយស្បៃវាំងននក៏រសាត់ចូលមកផាត់ត្រូវផ្ទៃមុខដ៏តូចច្រម៉ក់ដែលគេងកើយដើមដៃដ៏ហាប់ណែនមាំទាំយ៉ាងកៀកស្និទ្ធដាស់គេឡើងឱ្យប្រញាប់ប្រញាល់រើខ្លួនចេញយ៉ាងឆាប់រហ័ស។
     “លោកពូក្រោក!” សំឡេងស្រួយស្រែសរន្ថើនរត់ចូលទៅក្នុងត្រចៀករាងកាយមាំដែលមិនទាន់ស្វាងងងុយនោះតម្រូវឱ្យនាយបើកត្របក់ឡើងទាំងមមៃ។ កាយមាំរើចលនាខ្លួនចេញបន្តិច រាងមានអារម្មណ៍ថាចុកដៃបន្ទាប់ពីបានដឹងខ្លួនថាក្មេងនោះដេកកើយដើមដៃគេអស់រយៈពេលពេញមួយរាត្រីចាប់ផ្តើមស្ពឹកស្រពន់សាច់ដុំស្ទើរតែបម្រះចលនាមិនចង់រួច។
     ជុងហ្គុក ក្រោកឡើងអង្គុយដោយអារម្មណ៍ក៏នៅតែមួម៉ៅ ព្រោះគេងមិនស្កប់ មុននឹងបែរមុខងាកទៅសម្លឹងមើលមុខអាល្អិតតូចដែលអង្គុយងេមងាមកិកកុកទាររកអ្វីម្យ៉ាង។
     “លោកពូងូតទឹកឱ្យអូនតិចមើល៍? ម៉ែដោះអត់នៅផង?”
     “ងូតខ្លួនឯងទៅ!” ជុងហ្គុក ស្រដីដោយសំឡេងគំហកយ៉ាងគំរោះគំរើយ ព្រោះតែគេមានអារម្មណ៍ធុញថប់នៅពេលដែលគេងមិនទាន់ឆ្អែត។
     “ចឹងលោកពូដោះខោអាវឱ្យ ថេយ៍ តិចមើល៍?”
     “រៀនធ្វើខ្លួនឯងទៅ!”
     “អីក៏ខ្លួនឯង អីក៏ខ្លួនឯង..”
      “...” កែវភ្នែកខ្មៅនិលមួយគូតាមសម្លឹងមើលរាងកាយល្អិតតូចរអ៊ូរទាំនិងបានក្រោកដើរតម្រង់ទៅរកបន្ទប់ទឹកដើម្បីងូតទឹកសម្អាតខ្លួនប្រាណ ត្រៀមស្លៀកពាក់ចាកចេញទៅសាលារៀននាពេលព្រឹកព្រលឹម ដោយសារតែគេនៅតូចខ្លាំងពេក គំនិតក៏នៅខ្ចីពេក គេមិនទាន់ចេះរៀបចំខ្លួនឯងឱ្យបានត្រឹមត្រូវស្អាតបាតសព្វគ្រប់ជ្រុងជ្រោយឡើយ។ កាយមាំដាច់ចិត្តក្រោកពីលើគ្រែ រួចសំដៅដើរតម្រង់ចូលទៅក្នុងបន្ទប់ទឹកសម្លឹងមើលរាងកាយននលគកឈរងូតទឹកខ្លួនឯងដោយអាកប្បកិរិយាឆ្គាប់ឆ្គង ទើសភ្នែកពេក ជុងហ្គុក ក៏ចូលទៅងូតទឹកដុះខ្លួនឱ្យ ថេយ៉ុង ក្នុងកម្លាំងពេញប្រៀបដោយមនុស្សប្រុសមិនដូចដៃម៉ែដោះដែលតែងតែថ្នាក់ថ្នមរាងកាយរបស់ ថេយ៉ុង ប្រៀបដូចជាកែវចរណៃឡើយ។
      “លោកពូឈឺខ្លាំងណាស់..” ថេយ៉ុង ឈឺកិកកុកយំហើយ ជុងហ្គុក ក៏បន្ធូរកម្លាំងដៃស្រាលជាងមុនបន្តិចងូតទឹកដុះខ្លួនឱ្យគេស្អាតបាតរួចរាល់ បន្ទាប់មកក៏នាំ ថេយ៉ុង ទៅជូតខ្លួនសម្អាតហើយស្លៀកពាក់ឱ្យបានត្រឹមត្រូវមុននឹងពេលដេញគេឱ្យចុះទៅរកញ៉ាំអាហារពេលព្រឹក។
      “អរគុណច្រើនលោកពូ” ថេយ៉ុង មិនភ្លេចអរគុណនាយទៅតាមទម្លាប់ រួចក៏ចាប់ថើបថ្ពាល់ ជុងហ្គុក ដោយសំដែងឫកពាគួរឱ្យស្រឡាញ់មិនខុសពីទម្លាប់ដែលនៅជាមួយម៉ែដោះនោះឡើយ។ គេម្នីម្នាចាប់ស្ពាយកាតាបរត់ទៅឱបក្រសោប ជុងហ្គុក បន្តិចហើយក៏រត់ចេញទៅបាត់ជាមួយភាពក្នក់ក្នាញ់ទៅតាមទម្លាប់ក្មេង។ ក្រោយមកនៅពេលដែលបានញ៉ាំអាហារពេលព្រឹកហើយរួចរាល់ ពួកគេក៏បានធ្វើដំណើរចាកចេញទៅតាមទីកន្លែងដែលត្រូវទៅរៀងៗខ្លួនដោយ ជុងហ្គុក នៅតែបន្តជូនដំណើរ ថេយ៉ុង ទៅសាលារៀនឯកជនដូចដើម សឹមបង្ហួសទៅរកក្រុមហ៊ុនដើម្បីធ្វើការបន្ទាប់។
     
      ថ្ងៃនេះមានព្រឹត្តិការណ៍ព័ត៌មានជាច្រើនបានចុះផ្សាយអំពីទំនាក់ទំនង ជុងហ្គុក និង ថេយ៉ុង ក្នុងនាមជាឪពុកកូននោះជាច្រើនប្រធានបទហូរហែរ ហើយវាគឺពិតជាគួរឱ្យរំខានណាស់ ប៉ុន្តែនាយនៅតែព្យាយាមធ្វើការតាមតួនាទី ដោយមិនខ្ចីរវល់ពីសារព័ត៌មានឆ្កួតឡប់ឡែរទាំងអស់នោះសរសេរសំណេរបំភ្លៃពីការពិតទៀតឡើយ។
      ជុងហ្គុក រ៉ាប់រង់ការងារទាំងអារម្មណ៍មិនមូលនៅក្នុងខ្លួនក៏ដឹងថាគេរាងមានចិត្តស្មុគរស្មាញ ដ្បិតគេព្យាយាមនិយាយពាក្យថាមិនអើពើ ប៉ុន្តែអារម្មណ៍ទាំងនោះនៅតែអូសទាញគំនិតចាក់ស្រែះចូលមករកគេគ្រប់វិនាទី។ នាយទម្លាក់ប្រអប់ដៃដែលចុចក្តារចុចកុំព្យូទ័រចុះ មុននឹងបែរទៅចាប់លើកកែវទឹកមកផឹកក្រេបរម្ងាប់អារម្មណ៍បន្តិច។ ផឹកទឹករួចនាយរហ័សចាប់ដកទូរស័ព្ទដៃសេរីទំនើបចេញមកចុចរាវស្វែងរកលេខលោកពូ អីធៀន ថ្ងៃនេះប្រហែលជាត្រូវរុញការងារឱ្យបុគ្គលិកចាត់ចែងធ្វើព្រោះគេត្រូវចេញទៅដោះស្រាយបញ្ហានៅឯខាងក្រៅជាបន្ទាន់។
      ឃ្លាំងទំនិញ..
      “អ្នកប្រុស..” លោកពូអីធៀន សំដៅមករក ជុងហ្គុក មិនឱ្យខានតែបាន។
      “ខ្ញុំធុញរបៀបនៃជីវិតដែលរស់នៅសព្វថ្ងៃនេះខ្លាំងណាស់!”
      ជុងហ្គុក ឆាប់បង្ហាញឫកពាខឹងច្រឡោតតោតតូង ព្រោះជីវិតដែលគេទទួលបានមកសព្វថ្ងៃនេះ ត្រូវមកប្រឈមមុខជាមួយសង្គមនិងមនុស្សគ្រប់ស្រទាប់វណ្ណៈដែលរង់ចាំវាយប្រហារគេតាមរយៈវិធីផ្សេងៗគ្នាទាំងដែលគេមិនធ្លាប់បានទៅបំផ្លិចបំផ្លាញជីវិតរបស់នរណាម្នាក់មុនទាល់តែសោះ បញ្ហាជាច្រើនចាប់ផ្តើមរុញចូលមក រឿងដែលកន្លងហួសទៅយូរឆ្នាំពេលនេះពួកគេកំពុងតែព្យាយាមសារើជីកកកាយឡើងវិញដោយគ្មានការអនុញ្ញាត គេខុសអ្វីទៅ? ហេតុអ្វីចាប់ផ្តើមរស់នៅតានតឹងខ្លាំងដល់ម្លឹងទៅវិញ គេរឹតតែមិនយល់ពីសង្គមដែលផ្តល់កេរ្តិ៍យ៉ាងឈ្មោះល្បីល្បាញដល់គេតែត្រូវមកទទួលបានគំនាបហាមឃាត់យ៉ាងនេះទៅវិញ។
      “អ្នកប្រុសធ្វើចិត្តឱ្យស្ងប់សិនទៅ កុំទាន់អាលខឹងច្រឡោតអី ខ្ញុំនឹងព្យាយាមគ្រប់យ៉ាងដើម្បីបានគ្រប់គ្រងស្ថានភាពទាំងអស់នេះ!”
      លោកពូអីធៀន យល់គេពិបាកដោះស្រាយបញ្ហាផ្ទាល់ខ្លួនមិនចេញទើបគាត់ត្រូវជ្រៀតខ្លួនឈឺឆ្អាលជួយស្តារបញ្ហាទាំងប៉ុន្មានឡើងវិញដោយសុទ្ធចិត្ត។
      “នេះអ្ហេសវិធីដែលលោកពូប្រាប់ឱ្យខ្ញុំធ្វើ ខ្ញុំមិនយល់ទាល់តែសោះហេតុអ្វីចាំបាច់ឱ្យខ្ញុំត្រូវមើលការខុសត្រូវលើអាក្មេងនោះដល់ម្លឹង គ្រាន់តែឃើញមុខវាខ្ញុំស្អប់ចង់ស្លាប់.. ត្រូវឱ្យខ្ញុំតាមដានយកចិត្តទុកដាក់ជាមួយហៅវាថាកូន និយាយស្តីជាមួយវាផ្អែមល្ហែមទាំងដែលវាជាកូនរបស់អាទុរិយសម្នាក់នោះ!”
      “ព្រោះពូបានគិតថា ការធ្វើអំពើល្អគ្រប់យ៉ាងនឹងនាំមកនូវផលតបស្នងដ៏ល្អ អ្នកប្រុសត្រូវចេះអត់ឱនអភ័យទោសខ្លះក៏ល្អ ព្រោះក្មេងគេមិនដឹងអ្វីទេ គេនៅតូចខ្លាំងណាស់ ខ្វះភាពកក់ក្តៅ ខ្វះការយល់ចិត្តមើលថែទាំពីកុមារភាព ត្រូវបង្រៀនគេចាប់ពីប៉ុណ្ណឹងទៅ ចង់ដាំដើមឈើល្អ ត្រូវមើលថែទាំឱ្យដល់គល់ កុំធ្វើឱ្យគេចងចាំអ្វីដែលឈឺចាប់ ព្រោះកូនចាបពេលដែលធំធាត់មានស្លាប គេនឹងអាចទទះស្លាបហោះហើរចាកចេញទៅដោយមិនវិលត្រលប់បកក្រោយមកជាប់ទ្រុងម្តងទៀតឡើយ អ្នកប្រុសឈរឈ្មោះជាឪពុកគេ អ្វីដែលសំខាន់បំផុតនោះគឺការរក្សាផ្លូវចិត្តរបស់កូនកុំបន្សល់ស្លាកស្នាមឈឺចាប់ដល់គេខ្លាំងពេកអី យើងជាមនុស្សធំ កើតមុន ឆ្លងកាត់រឿងរ៉ាវមកជាច្រើនរាប់មិនអស់ ល្មមអាចដឹងថាខ្លួនឯងឆ្អែតឆ្អន់ច្រើនប៉ុណ្ណា.. ពូសុំទៅចុះ កុំឆេវឆាវយ៉ាងនេះអី!”
      ជុងហ្គុក ដកខ្សែភ្នែកក្រហមតែតចេញពីផ្ទៃមុខបុរសចំណាស់ តាមពិតគាត់គ្រាន់តែចង់ឱ្យគេល្អ តែហេតុអ្វីពេលដែលបានស្តាប់សម្តីរបស់គាត់ចប់ គេកាន់តែខឹងមួម៉ៅថ្នាក់នេះទៅវិញ គេមានអារម្មណ៍ថាគ្រប់គ្នានៅឈរខាងក្មេងនោះជានិច្ច គ្រប់គ្នាស្រលាញ់មើលថែក្មេងដែលជាកូនសត្រូវរបស់គេងប់ងល់ខ្លាំងណាស់។ និយាយឱ្យស្មោះត្រង់ទៅគេមិនគួរយកក្មេងនោះមកចិញ្ចឹមទេ តែដល់ដំណាក់កាលនេះវាកន្លងហួសអស់ទៅហើយ និយាយច្រើនយ៉ាងណាក៏មិនអាចប៉ះប៉ូវអ្វីៗបានដែរ។
      “ស្ងប់ចិត្តសិនទៅ រឿងព័ត៌មានដែលបានផ្សាយចេញនោះ ចាំពូចាត់ចែងមនុស្សឱ្យទៅធ្វើការជូន កុំខឹងអីណាបើហត់ហើយទៅសម្រាកចុះ..” លោកពូអីធៀន ថាចប់គាត់ក៏មិនហ៊ានបង្ខិតបង្ខំនាយច្រើនដែរ ព្រោះដឹង ជុងហ្គុក មានចរិតមានៈខ្លាំងយ៉ាងណា។
      នាយដើរសំដៅចូលទៅក្នុងឃ្លាំង រួចបើកទ្វារបន្ទប់ដែលមានប្រចាំការនៅទីនោះស្រាប់ ហើយចូលទៅសម្រាក និងបានផឹកស្រាតាមទម្លាប់ដែលនាយប្រើប្រាស់ជាមធ្យោបាយកំឡុងពេលពិបាកចិត្តម្តងៗ។ នាយផឹកច្រើនទៅៗ ភ្លេចខ្លួនតែបន្តិចដបស្រាក៏ដួលរាយប៉ាយពេញក្រោមជើងគ្រែរនាល ហើយនៅទីបំផុតនោះរាងកាយដែលស្រវឹងស្រាជោកងិលក៏ផ្តួលខ្លួនដេកដោយមិនខ្វាយខ្វល់ពីធុរៈការងារដែលចាំបាច់ធ្វើយ៉ាងណាឡើយ។
      ក្រាក!!
      “ហ្អឹម.. អ្នកប្រុសអើយអ្នកប្រុស!” លោកពូ អីធៀន ច្រានទ្វារឈរសម្លឹងមើលទៅកាន់សភាពអ្នកកំលោះកាន់តែយ៉ាប់យឺនឡើងពីមួយថ្ងៃទៅមួយថ្ងៃទៀតឥតឈប់ឈរ។ អាយុច្រើនទៅហើយប៉ុន្តែ ជុងហ្គុក មិនដែលកែប្រែចិត្តគំនិតឈប់ស្អប់ ថេយ៉ុង ម្តងណាទេ មានតែចិញ្ចឹមខឹងស្អប់គុំគួន ចេះតែចង់ឃើញក្មេងមិនដឹងអ្វីម្នាក់វេទនាជារៀងរហូត គិតៗទៅគេនេះមានចិត្តក្តៅមិនដែលចុះត្រជាក់ម្តងណាទេ មិនដឹងថាពេលណាថ្ងៃណា ទើបអាចរស់នៅដោយក្តីសុខរៀងខ្លួនសោះ។ គាត់មិនដេញដោលច្រើន ទុកឱ្យគេគេងទាំងសភាពបែបនេះ ពេលសាបស្រាគេគង់តែភ្ញាក់ដឹងខ្លួនមកដោយខ្លួនឯង។
     
      យប់ម៉ោង ១១:៣២ នាទី..
      ម៉ោងចេះតែដើររំកិលពេលវេលាទៅពេលខាងមុខឥតឈប់ឈរ។ ស្ត្រីចំណាស់ដែលអង្គុយសំកុកនៅជាន់ខាងក្រោមសញ្ជឹងមើលទ្រនិចនាឡិកាបារាំងព្យួរជាប់ជញ្ជាំងឯណោះនៅតែរក្សាទឹកមុខស្ងួតក្រៀមក្រំដដែល។
      គាត់ទន្ទឹងរង់ចាំលេខទូរស័ព្ទដៃរបស់កូនប្រុសតែមួយគត់របស់គាត់ខលមកវិញ នៅតែស្ងាត់បាត់មិនឃើញដំណឹងទាល់តែសោះ គាត់ចំណាស់នេះទៅហើយ នៅតែនឿយណាយនឿយហត់រឿងបារម្ភពីសុខទុក្ខរបស់កូនគ្មានល្ហែរល្ហើយ ពេលខ្លះគាត់ក៏ចង់គេងលក់ឱ្យបានស្កប់ស្កល់ចិត្តដែរ។
      មិនយូរប៉ុន្មានពន្លឺអំពូលភ្លើងហ្វាររថយន្តទំនើបក៏បានបរចូលមកដល់អាចធ្វើឱ្យចិត្តថ្លើមស្ត្រីចំណាស់ ហាក់បីលែងជ្រួលច្រាលមួយកម្រិត។ គាត់ក្រោកទាំងភាពងងុយងើបចេញពីសាឡុងតាមទៅមើលអង្គរក្សដែលគ្រាហ៍ ជុងហ្គុក យ៉ាងលំបាកនោះ នាំគេចូលទៅរកបន្ទប់សម្រាក ក្លិនស្រាក៏ភាយស្អុយហួងពេញច្រមុះរហូតដល់លោកស្រីធំត្រូវលើកម្រាមដៃបក់ក្លិនទាំងនោះ ដោយបង្ហាញពីអាការៈឈឺក្បាលមួយរំពេច។
      “គេផឹកស្រាឬក៏ងូតស្រា?” លោកស្រី ណែលដេលី លាន់មាត់ដោយគំហក។
      “ទៅៗប្រញាប់ប្រញាល់នាំគេទៅខាងលើទៅ!” គាត់បន្តឿននាយអង្គរក្សហើយពួកនោះក៏ងក់ក្បាលរួចរហ័សចាប់គ្រាហ៍ ជុងហ្គុក ទៅខាងលើមិនបង្អង់ពេលយូរឡើយ។
      មកដល់ខាងក្នុងបន្ទប់ សំឡេងក្អួតចង្អោក៏បន្លឺស្ទើរបែកថ្លើមបែកប្រមាត់រន្ទឺដល់ត្រចៀកអាល្អិតដែលគេងលុងលក់នោះឱ្យភ្ញាក់ទាំងមមៃឡើងមក។
      “លោកពូ..” ថេយ៉ុង ទប់ដៃច្រត់ឡើងអង្គុយ លើកខ្នងដៃមកញីត្របក់ភ្នែកមុននឹងរត់ចាកចេញទៅបើកទ្វារសំដៅទៅរកបន្ទប់ ជុងហ្គុក ដែលនៅជាន់ខាងលើបន្ទប់របស់គេនោះ។
      មកដល់ភ្លាមគេឈរសម្លឹងមើលសភាពរបស់នាយកំលោះដែលត្រូវបានលោកស្រីធំចាប់កន្សែងមកពួតសម្ងួតទឹកក្នុងកន្ធន់នោះមកជូតសម្អាតខ្លួនប្រាណឱ្យ ជុងហ្គុក ថ្នមៗដៃគេក៏អាចដឹងថានាយស្រវឹងស្រាទើបមិនហ៊ានចូលក្បែរបានត្រឹមតែឈរមើលពីចម្ងាយដោយកែវភ្នែកបារម្ភ។
      “ចេញមកធ្វើអីចៅ? យប់ហើយម្តេចមិនសំងំគេង?” លោកស្រី ណែលដេលី បង្ហើយដៃពីកូនប្រុសរួចទើបងាកមកនិយាយខ្សឹបៗដាក់ត្រចៀក ថេយ៉ុង។
      “ចៅស្តាប់ឮប៉ាប៉ាចង្អោរ..” ថេយ៉ុង ឆ្លើយតបដោយលួចលបសម្លឹងមើល ជុងហ្គុក ពីចម្ងាយ តាមពិតគេនៅតែហៅ ជុងហ្គុក ថាប៉ាដដែល គ្រាន់តែនៅចំពោះមុខនាយគេហៅថាលោកពូព្រោះដឹងខ្លួនថានាយមិនដែលពេញចិត្តឱ្យគេហៅខ្លួនថាប៉ាឡើយ។
      “គេមិនអីទេ ទៅគេងទៅចៅ..”
      “ហេតុអីប៉ាប៉ាផឹកស្រា ប៉ាប៉ាកើតអី ប៉ាប៉ាពិបាកចិត្តឬលោកយាយ?”
      “ជាក្មេងស្តាប់បង្គាប់ កុំចង់ដឹងរឿងច្រើនពេកអីចៅ ទៅគេងតទៅស្អែកត្រូវទៅសាលារៀនផង!”
      “ចៅចង់គេងជាមួយប៉ាប៉ាលោកយាយ!” នេះជាលើកទីមួយហើយដែលគាត់ឃើញថា ថេយ៉ុង រឹងរូសគេប្រកែកសុំគេងជាមួយ ជុងហ្គុក ដោយមិនចង់វិលត្រលប់ទៅបន្ទប់របស់គេវិញឡើយ។
      អាល្អិតរត់ទៅរកគ្រែឡើងទៅដេកក្បែររាងកាយកំលោះស្រវឹងខួប ក្លិនកាយរបស់គេក្រអូបភាយរហូតដល់ ជុងហ្គុក ត្រូវបោះដៃម្ខាងក្រសោបលើកាយតូចយ៉ាងណែនផ្អឹបអាល្អិតត្បៀតជាប់ក្នុងដើមទ្រូងឥតព្រលែង។
      “ថេយ៍ នឹងគេងនៅទីនេះលោកយាយ..”  គេបានស្នើសុំគាត់ មុនពេលដែលសំងំគេងក្បែរ ជុងហ្គុក មិនព្រមចាកចេញទៅណា។ ស្ត្រីចំណាស់ ហាមគេមិនបានគាត់ក៏សម្រេចចិត្តចាកចេញទៅដោយមិនអូសទាញគេបន្តទៅទៀតឡើយ។ ទ្វារបន្ទប់ត្រូវបានបិទ ខណៈ ថេយ៉ុង ក៏ងាកទៅចាប់ឱបក ជុងហ្គុក យ៉ាងណែនវិញ។
      “ប៉ាប៉ាកុំកើតអីណា ថេយ៍ ស្រលាញ់ប៉ាប៉ាណាស់!” ថេយ៉ុង និយាយខ្សឹបៗ ជុងហ្គុក រើបន្តិច មុននឹងចាប់អូសខ្លួនប្រាណគេមកឱបរឹតរួតកាន់តែណែនរង្វង់ដៃទ្វេដង។
     
      ព្រឹកថ្ងៃថ្មី
      ពន្លឺព្រះអាទិត្យក្តៅហែងចាប់ផ្តើមរះឡើងបំភ្លឺផ្ទៃទ្វីប។ សំឡេងមនុស្សម្នាជជែកគ្នាបានបន្លឺឡើងទ្រហឹងអឺងកងដាស់ញាណអ្នកកំលោះដែលគេងលុងលក់ឱ្យតើនឡើងទាំងអាការៈឈឺក្បាលស្ពឹកធ្ងន់យ៉ាងកណ្តុក។
      ជុងហ្គុក ស្វាងស្រា តែនៅសល់អារម្មណ៍ធីងធោងដែលមិនទាន់ជ្រះស្រឡះអស់នៅឡើយ។ គេបើកភ្នែកឡើងព្រឹមៗសម្លឹងមើលពិដានសក្បុស រួចក្រឡេកទៅសម្លឹងមើលផ្ទៃមុខតូចច្រម៉ក់ដែលកៀកកិតពិតដើមទ្រូងរបស់ខ្លួនយ៉ាងជាប់។ យប់មិញ ថេយ៉ុង រត់ចូលមកគេងជាមួយគេបានយ៉ាងម៉េច? ហើយគេមកដល់ទីនេះបានដោយរបៀបណាទៅ? ដឹងត្រឹមថាយប់មិញនេះគេស្រវឹងជោកជាំខ្លាំងណាស់ចាំអ្វីក៏មិនបានដែរ។
      “អ្ហឹម!” ថេយ៉ុង ស្ងាបគ្រហឹមសំឡេងរួចក៏បើកភ្នែកម៉ក់ៗសម្លឹងមុខ ជុងហ្គុក ដោយទឹកមុខហើមៗតែគួរឱ្យស្រឡាញ់បំផុត។
      “យប់មិញមានរឿងអី្វកើតឡើង?” ជុងហ្គុក ងាកទៅសួរនាំអាល្អិត ថេយ៉ុង រាងមានមិងមាំងបន្តិចព្រោះគេនៅមិនទាន់ស្វាងងងុយនៅឡើយ ដោយនាយក៏ប្លែកចិត្ត ដោយសារតែឈុតគេងលើខ្លួនត្រូវបាននរណាម្នាក់ផ្លាស់ប្តូរឱ្យគេថ្មី។
      “យប់មិញលោកពូស្រវឹង!” ថេយ៉ុង ទម្រាំនិយាយចេញមកគេស្ងាបជិត ៣ ដងទៅហើយ។
      “ហើយឯងផ្លាស់ឈុតឱ្យយើង?” នាយបើកភ្នែកក្រឡង់ៗកាន់តែស្រឡះចែសជាងមុន។
      “...” ថេយ៉ុង ស្ងាត់មិននិយាយជាសារហេតុដែលធ្វើឱ្យ ជុងហ្គុក កាន់តែសង្ស័យចំពោះគេ ទើបនាយបន្តឿនសំណួរជាថ្មី។
      “ឮយើងសួរអត់អ្ហះ?” 
      “លោកយាយផ្លាស់ឱ្យលោកពូតើ..”
      “...” បន្ទាប់ពីឮចម្លើយនេះរួចនាយក៏ស្ងាត់មាត់វិញម្តង។
      “ថេយ៍ តូចប៉ិនមេដៃ ថេយ៍ ប្តូរខោអាវឱ្យលោកពូមិនបានទេ!” ខ្លួនគេតូចតែសម្តីរបស់គេធំដូចជាមនុស្សពេញវ័យអ៊ីចឹង ជុងហ្គុក ស្ងៀមរួចលើកដៃម្ខាងជ្រងសរសៃសក់ឡើងថើរៗ។
      “លោកពូឃ្លានទេ? ថេយ៍ ទៅប្រាប់ម៉ែដោះឱ្យចម្អិនអាហារឱ្យលោកពូ?” ថេយ៉ុង ក្រោកឡើងបន្តិចរួចដេកស្ពាបផ្កាប់ខ្លួនពីលើដើមទ្រូងដ៏ហាប់ណែនរបស់ ជុងហ្គុក ចរិតរពឹសក៏កើតឡើងដោយមិនដឹងខ្លួន គេប៉ះម្រាមដៃបង្អូសទៅលើចុងច្រមុះរាងក្រាស់រួចអូសពីឆ្អឹងខ្ទង់លើមកដល់ចុងច្រមុះនាយ ជុងហ្គុក ក៏ធ្វើជាត្របាក់ខាំដៃរបស់គេហើយអាល្អិតក៏ភ្ញាក់ព្រើតនិងសើចក្អាកក្អាយ។
      “ហាស់ៗ.. ហិហិ..”
      “ថេយ៍.. ភ្ញាក់ហើយឬនៅតស់ទៅងូតទឹកសម្អាតខ្លួន ឆាប់បានញ៉ាំអាហារពេលព្រឹក!” សំឡេងម៉ែដោះបន្ទរឡើង ថេយ៉ុង ដកខ្លួនប្រាណចេញពី ជុងហ្គុក មុននឹងរត់ទៅបើកទ្វារញញិមស្រស់ដាក់ម៉ែដោះស្ត្រីចំណាស់ក៏ចាប់ទាញគេមកឱប។
      “យប់មិញរត់ចោលម៉ែដោះមកទីនេះសោះ.. ម៉ែដោះខំតែតាមរក!”
      “ហិហិ ថេយ៍ សូមទោសដែលធ្វើឱ្យម៉ែដោះបារម្ភ!” គាត់មើលទៅគេហាក់ដូចជាសប្បាយចិត្តរីករាយខុសប្លែក មុននឹងអើតទៅសម្លឹងមើលអ្នកដែលអង្គុយខាងលើគ្រែដ៏ប្រណីតខាងក្នុងបន្ទប់នោះរួចក៏ញញិមបង្ហើយដាក់ ជុងហ្គុក បន្តិចហើយឆាប់ងាកមកចាប់អូសដៃ ថេយ៉ុង នាំគេចាកចេញទៅរកងូតទឹកសម្អាតខ្លួនមុនពេលញ៉ាំអាហារពេលព្រឹក។
     
      វិឡាក្លាសហ្សៀរ៍
      ជំនួបរវាងគ្រួសារអ្នកធូរធារសម្បើមគ្រាន់បើមួយ ជាមួយនិងបក្សពួកក្រុមសមត្ថកិច្ចជំនាញ ដែលមានតួនាទីបម្រើពលរដ្ឋ កំពុងតែចរចារគ្នាក្នុងការប្រកាសតាមស្វែងរកកូនស្រីនៃវង្សត្រកូលក្លាសហ្សៀរ៍ ដែលបានបាត់បង់ដំណឹងសូន្យឈឹងទៅមានរយៈពេលជាង ៩ ឆ្នាំទៅហើយនៅឡើយតែមិនអាចបានស្វែងរកវត្តមានរបស់នាងឃើញទៀត។ ស្ត្រីចំណាស់កំពុងតែទួញយំសោកយ៉ាងគគ្រូកដោយមានបុរសជាស្វាមីនៅតែរង់ចាំអង្គុយលួងលោមគាត់យ៉ាងយកចិត្តទុកដាក់ក៏មានអារម្មណ៍ពិបាកចិត្តឥតឧបមាមិនចាញ់គាត់ប៉ុន្មាននោះឡើយ។
      “ដាលីណា កូនស្រីរបស់ខ្ញុំ? ហ៊ឹកៗ.. ហេតុអ្វីលោកប៉ូលិសនៅតែមិនអាចស្វែករកនាងឃើញទៀត? កូនខ្ញុំ.. កូនស្រីរបស់ខ្ញុំមិនទាន់ស្លាប់ទេ.. ដាលីណា អើយហេតុអ្វីក៏កូនចាកចេញទៅ ហ៊ឹកៗកូនខ្ញុំ.. កូនស្រីសំណព្វចិត្តរបស់ម៉ាក់!” អ្នកស្រី ធៀណា ស្រែកយំគ្រលួចព្រោះតែទទួលយកភាពឈឺចាប់ទាំងអស់នេះមិនបាន។ កូនស្រីរបស់គាត់នាងលង់ស្នេហ៍និងជឿជាក់ទៅលើបុរសម្នាក់យ៉ាងងប់ងល់ ហើយក៏សុខចិត្តចាកចោលផ្ទះទៅតាមបុរសនោះដោយមិនព្រមស្តាប់ពាក្យសម្តីហាមឃាត់ពីម្តាយឪពុករបស់នាងឡើយ។ នាងជឿជាក់ថាក្តីស្រលាញ់ដែលបុរសនោះមានចំពោះនាងគឺជ្រាលជ្រៅនិងធំធេងសម្រាប់នាង ប៉ុន្តែនាងមិនដែលដឹងទេថាឪពុកម្តាយរបស់នាងស្រលាញ់នាងខ្លាំងជាងអ្វីៗទាំងអស់ គាត់ហ៊ានលះបង់សូម្បីតែជីវិតរបស់ខ្លួនក៏ដើម្បីតែកូនម្នាក់ ប៉ុន្តែចុងក្រោយក្តីស្រលាញ់របស់ពួកគាត់ក៏មិនអាចឃាត់ឃាំងចិត្តមានៈរបស់នាងមិនបានដដែល។
      “អ្នកស្រីរក្សាផ្លូវចិត្តឱ្យបានល្អសិនទៅ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពតាមដែលធ្វើទៅបាន ទោះជារឿងក្តីនេះស្ងាត់ទៅអស់រយៈពេល ៩ ឆ្នាំក៏ដោយ ប៉ុន្តែពួកខ្ញុំមិនបោះបង់ការតាមស្វែងដំណឹងរបស់ ដាលីណា ទេ!” អធិការ រីស្តន់ សន្យានិងអ្នកស្រី ធៀណា បន្តបើទោះបីជាគេអាចនឹងសន្យាខកជាមួយគាត់ច្រើនដងយ៉ាងណាក៏ដោយ តែការងារមួយនេះគេនៅតែបន្តព្យាយាមធ្វើរហូតមិនដែលបោះបង់ចោលម្តងណាទេ។
      “ខ្ញុំតែងតែជឿជាក់ទៅលើពាក្យសម្តីរបស់ពួកលោកមិនដែលចុះចាញ់ទេ មិនថាពួកលោកតាមស្វែងរកកូនស្រីរបស់ខ្ញុំឃើញនៅក្នុងស្ថានភាពបែបណាក៏ដោយ ក៏ខ្ញុំពេញចិត្តទទួលយកបានទាំងអស់ ព្រោះដើម្បីបានតាមស្វែងរកដំណឹងរបស់នាងឃើញ ខ្ញុំបានលះបង់ច្រើនណាស់ សង្ឃឹមថាពួកលោកនឹងយល់ពីទំហំចិត្តនិងក្តីស្រលាញ់ឪពុកម្តាយគ្រប់រូបមានចំពោះកូន!”
      “បាទ!”

     
  

💚 ឆ្លាក់ស្នេហ៍ចារក្នុងបេះដូងបង 💚Where stories live. Discover now