ទីក្រុងសេអ៊ូ...
ម៉ោង៦:៣០នាទីព្រឹកនៅលើដងផ្លូវនាទីក្រុងសេអ៊ូឡានបើកប្រជែងគ្នាជាច្រើន មនុស្សម្នាចេញពីផ្ទះទៅបំពេញការងារឬទៅសាលារៀន។ ក្នុងចំណោមមនុស្សដែលកកកុញនោះគេឃើញឡានទំនើបមួយគ្រឿងបើកយ៉ាងលឿនប្រជែងគេឯងហាក់ដូចជាប្រញាប់ណាស់។ អ្នកបើកឡាននោះគឺនារីវ័យក្មេងម្នាក់ជានិស្សិតមានមុខមាត់ស្រស់ស្អាតមិនចាញ់តួឯកកុនប៉ុន្មានទេ នាងបើកឡានយ៉ាងលឿនចុចស៊ីប្លេរដេញគេឯងដែលទើសផ្លូវនាង មិនតែប៉ុណ្ណឹងទេនៅបើកឡានបណ្តើរឆ្លៀតថែមក្រែមម្សៅបណ្តើរទៀតផង មិនដឹងជាកូនអ្នកណាអ្នកណីទេនេះ។ បើកឡានបណ្តើរតែងខ្លួនបណ្តើរ នាងពុំបានមើលផ្លូវទេ ភ្លាមនោះស្រាប់តែភ្លើងចរាចរណ៍នៅខាងមុខបញ្ចេញពណ៍ក្រហមមនុស្សម្នាឈប់ព្រោងព្រាត នាងភ្ញាក់ព្រើតខំបន្ថយល្បឿនដែរ តែមិនឈ្នះឡានទំនើបក៏ស្ទុះរំលងភ្លើងស្តុបទៅប៉ះម៉ូតូមួយនៅខាងមុខដួលច្រងាប់ច្រងិលទៅលើផ្លូវថ្នល់។
«វីវរហើយ!» ក្រមុំឆើតប្រញាប់ចុះពីលើឡានទៅមើលខាងមុខភ្លាម។ អ្នកបើកម៉ូតូជានារីម្នាក់មានរូបរាងស្រស់ស្អាតគួរសម នាងស្ទុះក្រោកឡើងបង្ហាញថានាងមិនបានត្រូវរបួសអ្វីធ្ងន់ធ្ងរទេ។ នារីឆើតបម្រុងនឹងសុំទោសស្រាប់តែនារីនោះព្រលែងសម្តីម៉ាត់ៗមក៖
«នេះនាងបើកឡានយ៉ាងម៉េចហ្នឹង? ផាត់មុខពេលដែលបើកឡានឬ? ពិតជាលេងសើចនៅលើផ្លូវពេកហើយបែបនេះអាចឱ្យមនុស្សស្លាប់បានណា ខួរក្បាលនាងចេះគិតទេ?» នារីម្នាក់នោះនិយាយចប់ភ្លាម ក្រមុំជើងល្អខឹងឆេវទឹកមុខញញឹមរបស់នាងប្រែជាក្រញូវមួយរំពេច។ ក្រែមលាបមាត់ដែលនៅនឹងដៃរបស់នាងជាភស្តុតាងយ៉ាង
ច្បាស់តែនាងមិនព្រមចាញ់ឡើយ៖
«នេះនាងនិយាយឆ្អែតហើយនៅ? ទោះបីជានាងស្លាប់ឬរស់ក៏មិនមានទាក់ទងនឹង
ខ្ញុំដែរ ខ្ញុំបើកផ្លូវត្រង់ខ្ញុំជាអ្នកត្រូវនាងជាអ្នកខុស» មនុស្សម្នានៅជុំវិញនោះចោមរោមមើល
យ៉ាងកុះករ នារីរូបស្រស់ញញឹមចុងមាត់បន្តិចរួចតប៖
«ហ៊ឺស! នាងមកផ្លូវត្រង់មែនទេ?»