ក្រោយពីរៀនពេញមួយព្រឹកទីបំផុតម៉ោងសម្រាកបានមកដល់ ជេននីក៏រៀបចំឥវ៉ាន់ហើយដើរចេញទៅក្រៅ។ នាងដើរបណ្តើរមើលទេសភាពសាលាបណ្តើរ។
«អេ! ជេននី ឯងមើលនោះ» ជេននីងាកតាមទិសដៅដែលអាយរិនចង្អុល។ នោះគឺទិដ្ឋភាពមនុស្សស្រីម្នាក់ជួយរើសសៀវភៅឲ្យបុរសសង្ហារម្នាក់ដោយកាយវិការទន់ភ្លន់។
«សុំទោសសិស្សច្បង ខ្ញុំមិនប្រយ័ត្ន»
«មិនអីទេ លើកក្រោយប្រយ័ត្នប្រយែងផង» នាងពោលដោយទឹកមុខញញឹម និស្សិតប្រុសនោះក៏ញញឹមតបវិញទាំងអៀនប្រៀនបែបសុភាពបុរស។
«ពេលសិស្សច្បងជីស៊ូញញឹមពិតជាស្រស់ស្អាតណាស់» អាយរិននិយាយហើយ ជេននីក៏តបកាត់ភ្លាម
«ពូកែសម្តែងធ្វើល្អណាស់ ហ្ន៎»
«ឯងនិយាយអី?»
«អរ! គ្មានអីទេ» ជេននីតបដោយញញឹមបន្តិច។ តាមពិតស្រីម្នាក់ដែលនាងជិះប៉ះ ម៉ូតូកាលពីព្រឹកនោះគឺជាសិស្សច្បងជីស៊ូនេះឯង តែកាយវិការរបស់នាងពីព្រឹកមិញនិងពេលនេះមិនដូចគ្នាសោះ។
«នៅសាលានេះអ្នកណាក៏ស្គាល់បងស៊ូដែរ គាត់ជានិស្សិតឆ្នើមជាប់លេខមួយរាល់ខែថែមទាំងជាជំនិតនាយកសាលាទៀត ហើយអ្វីសំខាន់នោះគឺ...»
«គឺអ្វី?»
«គឺគាត់នៅទំនេរហ្នឹងណា យូរមកហើយមិនដែលឃើញគាត់មានមិត្តប្រុសទេ»
«ឬកខ្ពស់បែបនេះអ្នកណាយក»
«នែ! ហើយនេះឯងយ៉ាងម៉េចហ្នឹង ឃើញទើសជាមួយគាត់តែរហូត»
«ខ្ញុំគ្មានចំណាប់អារម្មណ៍អីចង់ដឹងរឿងរបស់សិស្សច្បងម្នាក់នោះទេ»
«ឯងទើបតែមកដល់មិនទាន់ស្គាល់គាត់គឺចឹងហើយ»
«ហ៊ឺស! ស្គាល់មិនស្គាល់មិនសំខាន់ទេ មនុស្សស្រីស្អីមិនចេះទុកមុខឱ្យគេចឹង ចិត្តខ្មៅ ចិត្តអាក្រក់»
«ជេននី» អាយរិននិយាយតិចៗតែជេននីមិនខ្វល់ទេ នាងគិតតែពីរអ៊ូ។
«កុំថាឡើយគួរឱ្យស្រឡាញ់ តែឈ្មោះមិនចង់លឺផង មនុស្សឆ្កួត! មនុស្សរោគចិត្ត!»