ភាគទី៤៖ សុបិនអាក្រក់នៅក្រុង ឡុងដ៍

125 4 0
                                    


ព្រះអាទិត្យបញ្ចេញពន្លឺស្រាងៗបញ្ជាក់ថាព្រឹកថ្ងៃថ្មីបានចូលមកដល់ហើយ បន្ទាប់ពីឆ្លងកាត់ការធ្វើដំណើរដ៏យូរយាពេញមួយយប់ ទីបំផុត ទីក្រុង ឡុងដ៍ ក៏បង្ហាញខ្លួននៅចំពោះមុខ។ ចូណាស់ ដកដង្ហើមធំពេលឃើញស្រមោលរបស់ តួប៉ម The Clock Tower (បច្ចុប្បន្នប្ដូរឈ្មោះមកជា The Elizabeth Tower)ព្រឹមៗទើបបើកវាំងននឃើញអ្នកទោសដែលមុខស្លេកស្លាំងសម្លឹងមើលប៉មនោះដូចគ្នា។
“ដល់ ឡុងដ៍ ហើយ”
“អូ...ច...ចាស”អេស្ទ៊ែល ដែលហត់នឿយរហូតគ្មានសល់កម្លាំងក្នុងខ្លួនយកដៃច្រត់នឹងររទេះសេះក្រោយវិះតែជំពប់ជើងដួល។នាងបើកភ្នែកព្រឹមៗ សម្លឹងមើលរូបភាពចំពោះមុខទាំងខ្លួនក្ដៅរងា ដល់ឡុងដ៍ហើយមែនទេ?នាងលែងស្លាប់ហើយមែនទេ?
ស្រីស្រស់មានអារម្មណ៍ដូចងងុយគេងខ្លាំងណាស់ទើបបិទភ្នែករលីវៗ...
“ខ្ញុំនឹងនាំនាងទៅព្រះវិហារជិតនេះដើម្បីសុំស្នាក់អាស្រ័យទម្រាំ ឡត ម៉ាធីអូ ចេញបញ្ជា”ចូណាស់ និយាយប្រាប់ ព្រោះព្រះវិហារនៅទីនេះតែងតែយកធ្វើជាទីស្នាក់អាស្រ័យរបស់អ្នកដែលគ្មានផ្ទះសម្បែង។
“...”
“ឡេឌី?”តែពេលមិនឮសំឡេងរបស់នាង អ្នកកំលោះក៏ហៅ។
“...”
នៅតែស្ងាត់!
ចូណាស់ បម្រុងនឹងបើកវាំងននវិញតែសំឡេងរបស់អ្នកបររទេះសេះលាន់ឡើង។
“អឺ... លោក ចូណាស់ មើលទៅអ្នកទោសសន្លប់តូងបាត់ហើយ”
“ថាម៉េច?!”គេឧទានមុននឹងបើកទ្វាររទេះសេះ ឃើញស្រមោលរាងស្ដើងរបស់ អេស្ទ៊ែល ដេកដួលផ្អែកនឹងរទេះសេះសន្លប់បាត់ទៅហើយ។
“ងាប់ហើយ នាងសន្លប់បែបនេះតិច ឡត ដាក់ទោសទៀតទៅ ”ចូណាស់ ជ្រួញចិញ្ចើមរអ៊ូតិចៗមុននឹងលើកនាងចូលទៅដាក់ក្នុងរទេះសេះហើយនាំទៅព្រះវិហារក្បែរនោះ។

ពេលនៅក្រៅក្រុង ម៉ាធីអូ មាននាមជាសេនាប្រមុខឬលោកឧត្តមសេនីយ៍ដែលពូកែខាងបង្ក្រាបជនល្មើសដែលមនុស្សទូទៅកោតខ្លាចប៉ុន្តែពេលឈានជើងចូលក្រុងឡុងដ៍ អ្នកកំលោះមាននាមជា ម៉ាឃ្វីស ម៉ាធីអូ ដោយបន្ថែមតំណែងជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសមួយទៀត។ព្រឹកនេះ គេធ្វើដំណើរមកវិមានហ្គ្រេន៍ហោស៍ (Grand House) ដែលជាផ្ទះសម្រាបស្នាក់អាស្រ័យរបស់ត្រកូល ធូរដ័ររ៉េណេស ពីមួយជំនាន់ទៅមួយជំនាន់។
អ្នកកំលោះងើយមុខមើលតួអគារដ៏ធំស្កឹមស្កៃប្រៀបដូចរាជវាំងដែលតុបតែងដោយស្ទាយ៍ ច័រចៀន លាយឡំ ស្ទាយ៍វិចតូរៀន មានពណ៌សក្បុសប្រៀបដូចឋានសួគ៍។អគារហ្គ្រន៍ហោស៍ប្រៀបដូចមរតកបន្សល់ទុករបស់ត្រកូល ទើប ឌូក ធូរដ័ររ៉េណេស ដែលជាឪពុករបស់គេបានកែច្នៃលាបពណ៌បន្ថែមនិងបញ្ចូលរចនាបទ វិចតូរៀន បន្ថែមពីលើរចនាបទដើមគឺ ច័រចៀន ឆ្លុះឲ្យឃើញពីភាពបុរាណលាយសម័យ។
គេចុះពីលើរទេះសេះនិងបោះជំហានចូលទៅខាងក្នុង ព្រឹកនេះគេពាក់អាវគ្រ័រហ្សេពណ៌ខ្មៅវែងដល់ជង្គង់បិទឡេវយ៉ាងរៀបរយអមជាមួយមួកពណ៌ខ្មៅ និងស្រោមដៃពណ៌សនិងមានឈើច្រត់មួយជាប់ខ្លួនតាមទំនៀមរបស់សុភាពបុរសនាសម័យនេះដោយគ្មានស្លាកស្នាមជាលោកសេនាប្រមុខព្រៃផ្សៃអីបន្តិចប៉ុន្តែគេនៅតែយកកន្សែងគ្របផ្ទៃមុខសល់តែប្រឡង់ភ្នែកដូចដើម។
អ្នកបម្រើដែលដឹងច្បាស់ពីវត្តមានរបស់គេដង្ហែគ្នាមកទទួលត្រៀបត្រាតែ ម៉ាធីអូ មិនសូវខ្វល់ពីក្រិត្យក្រមប៉ុន្មានគ្រាន់តែងក់ក្បាល។គេដើរឡើងទៅខាងលើដោយជណ្ដើរបុរាណវិលចុះវិលឡើងរហូតមកឈប់នៅខាងមុខទ្វារបន្ទប់ធ្វើពីឈើដ៏ប្រណីត។
អ្នកកំលោះឮសំឡេងផ្ទាត់សន្លឹកក្រដាស មានន័យថាឪពុកនៅខាងក្នុងទើបគោះទ្វារបីដងនិងនិយាយឡើង។
“អរុណសួស្ដី យ៉ហ្គ្រេស(Your Grace)”
(Your Grace ជាស័ព្ទសម្រាប់ហៅអ្នកដែលមានឋានៈខ្ពស់ចាប់ពី ឌូក(Duke) ដល់សមាជិក្នុងខ្សែរាជវង្សនាសម័យវិចតូរៀន។)
“ចូលមក”
អ្នកកំលោះបើកទ្វារនិងដើរចូលទៅដោយមិនភ្លេចបិទវិញ។គេឃើញបុរសមុខមាំមានកែវភ្នែកពណ៌ប្រាក់ដ៏មុតស្រួចចាក់ពុម្ពតែមួយដូចគេកំពុងអង្គុយក្រោយតុធ្វើការធំមួយដែលមានឯកសារនិងជក់ក្នុងដៃ។បុរសម្នាក់នោះមានអាយុ ៦០ប្លាយ ពាក់អាវគ្រ័រហ្សេខ្មៅក្រឹបដូចគេ ខុសត្រង់មានពុកមាត់និងមានវ៉ែនតាពង្រីកនៅពាក់ជាប់នឹងកហើយបុរសម្នាក់នោះឈ្មោះ វីល្លៀម ធូរដ័ររ៉េណេស គឺជា...ឪពុកបង្កើតរបស់គេ ជា ឌូក ធូរដ័ររ៉េណេស ឬហៅម្យ៉ាងទៀតថាជាលោកនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស។
“ឯងជាកូនប្រុសខ្ញុំឬមិនមែន?”ឌូក វីល្លៀម សួរឡើងភ្លែតក្រោយងើយមុខឃើញកូនប្រុសឈរឲ្យជ្រងោត្រង់ខ្លួនភ្លឹង។គាត់ទម្លាក់ជក់ក្នុងដៃចុះហើយយកវ៉ែនតាពង្រីកមកមើល ខ្លាចក្រែងជារូបភាពបន្លំភ្នែក។
“សួស្ដី លោកប៉ា”ម៉ាធីអូ រាក់ទាក់ទាំងមុខត្រង់ស្មើខណៈដោះមួកហើយឱនក្បាលចុះ។
“និយាយបែបនេះ ត្រចៀកខ្ញុំស្រួលស្តាប់បន្តិច...អង្គុយចុះមក”បុរសចំណាស់ ងក់ក្បាលក្រោយឮថាកូនប្រុសលែងប្រើភាសាផ្លូវការ។អ្នកកំលោះក៏ដើរទៅដាក់បង្គុយលើកៅអីជិតនោះ។
“ប៉ាហៅខ្ញុំមានការអី?”គេលើកចិញ្ចើមសួរព្រោះទទួលបានសំបុត្រកោះហៅតាំងពីមកដល់ឡុងដ៍យប់មិញ។
“ខ្ញុំហៅឯងមកមិនបានឬ?”
“មិនមែនទេ គឺ...”ពេលឪពុកសួរបកបែបនេះ គេឆ្លើយមិនចេញ។ឌូក វីល្លៀម ជ្រិមភ្នែកសម្លក់កូនប្រុស គាត់ជាមនុស្សកាចនិងម៉ឺងម៉ាត់ណាស់តែ ម៉ាធីអូ រឹងរូសមិនសូវស្តាប់បញ្ជាគាត់ទេ។
“ ម៉ាក់ឯងរអ៊ូរហូតថាមិនដែលឃើញឯងនៅផ្ទះបានមួយថ្ងៃពេញទេ”
“ខ្ញុំខំព្រោះប្រទេសជាតិ”គេញាក់ស្មា។
“ហ៉ឹស...ដោះសាណាស់ ឡេននីសៀ ក៏និយាយដែរថាបងប្រុសបង្កើតរបស់គេកម្រមកលេងប្រាសាទណាស់”
ឡេននីសៀ ដែល ឌូក និយាយដល់គឺប្អូនស្រីបង្កើតតែម្នាក់គត់របស់ ម៉ាធីអូ និងជាកូនស្រីពៅរបស់ត្រកូល ធូរដ័ររ៉េណេស។ ម៉ាធីអូ ស្រឡាញ់និងហួងហែងប្អូនខ្លាំងណាស់ តែមិនបង្ហាញចេញតាមចរិតមនុស្សត្រជាក់ដូចទឹកកក។ខណៈនេះ ឡេននីសៀ ទៅរៀននៅសាកលវិទ្យាល័យ Oxford រហូតដល់វិស្សមកាលទើបត្រឡប់មកវិញ។
ម៉ាធីអូ ឯណោះវិញនៅស្ងៀមព្រោះដឹងថានេះជាការសម្ដែងក្ដីព្រួយបារម្ភរបស់ឪពុក។គាត់ខ្លាចគេធ្វើការលើសកំណត់ហ្នឹងឯង។
“ខ្ញុំហៅឯងមកព្រោះឯងមិនស្តាប់បញ្ជាខ្ញុំ”ឌូក នៅតែសម្លក់កូនប្រុស។
“ខ្ញុំរវល់ពេកទើបមិនសូវបានត្រឡប់មកសម្រាកនៅផ្ទះ”អ្នកកំលោះឲ្យហេតុផលដដែលៗរាល់ពេលឪពុកសួរបែបនេះ តែធ្វើម៉េចបើគេរវល់មែន។ការងារគេមានជ្រែកដៃ ត្រូវពិនិត្យនិងចាត់តាំងទាហានក្រោមអំណាចទៅឃ្លាំមើលតាមតំបន់នានាទូទាំងចក្រភពអង់គ្លេស។
“ដាច់ឆេស(Duchess) និង ហឺហ្គ្រេស (Her Grace) ទន្ទឹងរង់ចាំឯងពីមួយទៅមួយថ្ងៃ”
Duchess និង Her Grace ដែល ឌូក និយាយដល់គឺ ម្តាយនិងលោកយាយរបស់ ម៉ាធីអូ នោះឯង។
“តិចទៀតបន្ទាប់ពីនិយាយជាមួយប៉ារួច ខ្ញុំនឹងទៅរកម៉ាក់និងលោកយាយ”គេនិយាយតិចៗ ការពិតមកនេះគឺមានបំណងមកលេងឪពុកម្ដាយនិងលោកយាយសំណព្វចិត្តស្រាប់។
“ល្អ...”ឌូក វីល្លៀម ថាតែប៉ុណ្ណឹងក៏នៅស្ងៀម មុននឹងលើកឯកសារមួយបង្ហាញកូនប្រុស។ ម៉ាធីអូ ឃើញហើយក៏ចងចិញ្ចើម។
“ប៉ា...ដឹងពីរឿងនោះដែរមែនទេ?”
ឯកសារដែលឪពុកលើកបង្ហាញគឺសំណុំរឿងក្ដីឃាតកម្មដែលឃាតកអនាមិកសម្លាប់ស្រីរកស៊ីផ្លូវភេទដល់ទៅប្រាំនាក់នោះឯង។ម៉ាធីអូ កម្រើកខ្លួនយ៉ាងទើសទាល់ ព្រោះគេមិនចង់ឲ្យឪពុកខ្វល់ច្រើនទេ។
“ថីមិនដឹង ខ្ញុំជាអ្នកណា?”
“គឺ...ប៉ាមិនគួរបារម្ភច្រើនទេ ទុកឲ្យខ្ញុំចាត់ការល្អជាង”
“ស៉ើបដល់ណាហើយ?”លោកឪពុកសួរយ៉ាងតានតឹង មួយរយៈនេះ ក្រុង ឡុងដ៍ មិនសូវមានសុវត្ថិភាព។ឃាតកម្មមាននៅគ្រប់ទីកន្លែងដែលសុទ្ធសឹងតែជាករណីមិនបន្សល់ទុកដាន មើលទៅឃាតកលើកនេះឆ្លាតមិនល្មមទេ។
“ខ្ញុំទើបមកដល់ ឡុងដ៍ យប់មិញ ហើយក៏បានទៅឆែកឆេរតាមលំនៅដ្ឋានរបស់ស្រីរកស៊ីផ្លូវភេទអស់នោះតែគ្មានដានទេ...”គេនិយាយបង្ហើរនិងជ្រិមភ្នែក ទោះរកដានមិនទាន់ឃើញតែក៏មិនបានមានន័យថាគេនឹងចុះចាញ់ងាយៗទេ។ក្នុងឋានៈជាសេនាប្រមុខ គេនឹងដោះស្រាយនិងវែកមុខរកឃាតករឲ្យបាន។
“គ្មានទាល់តែសោះ?”
“...”អ្នកកំលោះនៅស្ងៀមជាការបញ្ជាក់ចម្លើយថាមែន។ឌូក វីល្លៀម ក៏ទម្លាក់ទឹកមុខ និងដោះវែនតាចេញ។
“ឯងដឹងហើយថាយើងមកពី House of Commons”
“ប៉ាមានន័យថាពួក Lords រករឿងប៉ាទៀតហើយឬ?”ម៉ាធីអូ ធ្វើមុខកាច។
“អ្ហឺម...”
“ចំមែន!”គេស្បថចេញមកតិចៗធ្វើឲ្យឪពុកគ្រវីក្បាលហាម។ ម៉ាធីអូ មិនសូវមានមារយាទជាសុភាពបុរសសោះ។
“ពួកគេបញ្ជូនអ្នកតំណាងមករកប៉ាកាលពីយប់មិញ ដោយតឿនឲ្យឆាប់ដោះស្រាយរឿងក្ដីនេះ”
“ពួកគេគួរតែមកប្រាប់ខ្ញុំ មិនមែនផ្ដាំតាមប៉ាទេ”សំឡេងគ្រលររឹងកំព្រឹសនោះបញ្ជាក់ថាគេមិនពេញចិត្តទេដែលពួក Lords មករករឿងឪពុុករបស់គេទាំងដែលរឿងក្ដីនេះស្ថិតក្នុងការទទួលខុសត្រូវរបស់គេទាំងស្រុង។
ថ្វីត្បិត ឌូក វីល្លៀម ដែលជាឪពុករបស់គេមកពីត្រកូល ធូរដ័ររ៉េណេស ដែលចាត់ទុកជាត្រកូលមានយសស័ក្តិធំមួយប៉ុន្តែការពិតគឺលោកជាសមាជិករបស់ House Of Commons ឬយើងបកប្រែឲ្យស្រួលស្តាប់ថា ផ្ទះរបស់សាមញ្ញជន។
ជាទូទៅ ក្រៅពីអំណាចលើម្ចាស់ក្សត្រីយ៍ គឺ ចក្រភពអង់គ្លេស ក៏មានរដ្ឋសភាដែរដែលសមាជិករដ្ឋសភាបែងចែកចេញជាពីឺគឺ House of Lords និង House Of Commons ឬហៅថា ផ្ទះរបស់អ្នកមាន និងផ្ទះរបស់សាមញ្ញជន។ ផ្ទះរបស់អ្នកមាន មានអំណាចស្មើ ផ្ទះរបស់សាមញ្ញជន ដោយផ្ទះទាំងពីរត្រូវធ្វើការរួមគ្នាដើម្បីបង្កើត តាក់តែងច្បាប់ អនុម័តច្បាប់ បើកយុទ្ធនាការណ៍ពិភាក្សាបញ្ហាធំៗណាមួយនៅក្នុងប្រទេសជាដើម។
ភារកិច្ចរបស់ House of Commons គឺទទួលខុសត្រូវលើការផ្ដល់ហិរញ្ញវត្ថុដល់រដ្ឋាភិបាល និងដំឡើងពន្ធជាដើម ប៉ុន្តែគ្រប់ការសម្រេចចិត្តទាំងអស់របស់ផ្ទះសាមញ្ញជនគឺត្រូវឆ្លងកាត់ការយល់ស្របនិងអនុម័តពីផ្ទះរបស់អ្នកមានសិន។ ផ្ទះរបស់សាមញ្ញជនគឺត្រូវប្រជាជនជាអ្នកបោះឆ្នោតចាត់តាំងតាមតំបន់នីមួយៗ។
ឯផ្ទះរបស់អ្នកមាន ឬ House of Lords ត្រូវបានចាត់តាំងជាពិសេសដោយមេដឹកនាំខាងសាសនា ពុំមែនប្រជាជនជាអ្នកនោះឆ្នោតនោះឡើយ ហើយតួនាទីគឺពិនិត្យមើលសំណើផ្សេងៗ ឬច្បាប់ផ្សេងៗដែលខាងផ្ទះអ្នកសាមញ្ញជនជាអ្នកតាក់តែង និងមានសិទ្ធិយល់ស្របឬមិនយល់ស្រប។
ជាទូទៅ បើសិនផ្ទះទាំងពីរយល់ព្រមបង្កើតច្បាប់ណាមួយនោះម្ចាស់ក្សត្រីយ៍នឹងអនុម័តភ្លាម។
ម៉ាធីអូ ជ្រួញចិញ្ចើម នៅសម័យនេះផ្ទះទាំងពីរធ្វើសង្គ្រាមត្រជាក់ជាមួយគ្នាញយដងណាស់ព្រោះពួក Lords តែងចាត់ទុកខ្លួនឯងថាមានអំណាចជាងផ្ទះសាមញ្ញជនទាំងដែលការពិតប្រជាជនក្នុងប្រទេសភាគច្រើនស្រឡាញ់ឪពុុករបស់គេដែលជាសមាជិកផ្ទះសាមញ្ញជន។ កាលឪពុកគេឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីដំបូងៗគឺមានការមិនពេញចិត្តពីពួក Lords ខ្លះហើយមកទល់ពេលនេះពួក Lords តែងតែព្យាយាមរកចំណុចខ្សោយឬបញ្ហាណាមួយមកដាក់សំពាធគាបសង្កត់ឲ្យឪពុករបស់គេដោះស្រាយជាកំហិត។
“ឯងក៏ដឹងហើយថាពួក ឡត តែងចាត់ទុកខ្លួនធំជាងយើងជានិច្ច...”ឌូក វីល្លៀម ដកដង្ហើមធំ។
“ខ្ញុំនឹងប្រញាប់ចាត់ចែងរឿងនេះ ប៉ាកុំបារម្ភអី តំណែងរបស់ប៉ាមិនរង្គើទេ”
“ប៉ាចាស់ហើយ ទោះតំណែងរង្គើក៏តាមនោះចុះ ប៉ាធ្វើការដើម្បីប្រជាជនមិនមែនចង់ទៅមានបានឬទៅប្រកួតប្រជែងជាមួយអ្នកណាទេ”
ឌូក គ្រវីក្បាល មិនបង្ខំកូនប្រុស ការកាន់តំណែងរបស់នាយករដ្ឋមន្ត្រីនីមួយៗតែងមានចំណុចខ្លាំងនិងខ្សោយ គ្មានមេដឹកនាំណាដឹកនាំបានល្អឥតខ្ចោះទេ។
“ខ្ញុំមិនឲ្យពួក ឡត ជាន់យើងបានទេ”
“ប្រើប្រាស់ពាក្យថា ជាន់ វាអាក្រក់ស្តាប់ពេកហើយ គួរប្រើពាក្យថា វាយកម្ទេច បែបល្អជាង”
ម៉ាធីអូ ប៊ិះតែរបូតសំណើចក្រោយឮឪពុកនិយាយបែបនោះ គេងើបឈរយឺតៗហើយដោះមួកចេញនិងឱនក្បាលគំនាប់អ្នកម្ខាងទៀត។
“ប៉ាទុកចិត្តចុះ ខ្ញុំមិនធ្វើឲ្យប៉ាខកបំណងទេ”
ឌូក វីល្លៀម សម្លឹងមើលកូនប្រុសមិនព្រិចមុននឹងតឿនតិចៗ។
“ថ្ងៃណាមួយ ឯងត្រូវតែដើរតាមគន្លងប៉ាណា ធីអូ បុព្វបុរសរបស់យើង លោកតាទួត លោកតា របស់ឯងសុទ្ធសឹងជាអតីតនាយករដ្ឋមន្ត្រីរបស់អង់គ្លេសទាំងអស់ ឯងកុំភ្លេច”
“...”អ្នកកំលោះនៅស្ងៀមធ្វើមុខតានតឹងជាងមុនពេលឮដូច្នេះ។ឪពុុករបស់គេនៅតែមិនបោះបង់ការតាមបញ្ចុះបញ្ចូលឲ្យគេកសាងខ្លួនប្រឡូកក្នុងវិស័យនយោបាយដើម្បីធ្វើជានាយករដ្ឋមន្ត្រីនាពេលអនាគតទៀតឬ?
“ឬក៏ឯងនៅស្ទាក់ស្ទើរទៀត?”
“ខ្ញុំមិនចង់ធ្វើនាយករដ្ឋមន្ត្រីស្អីទេ ធ្វើទាហានគួរតែល្អជាង”គេគ្រវីក្បាលព្រោះមិនចង់អង្គុយបំប៉ុកនឹងឯកសារក្នុងការិយាល័យ។គេចូលចិត្តការងារដែលប្រថុយប្រថានខ្លាំង។
“កុំនិយាយបែបនោះ លោកយាយឯងរំពឹងខ្លាំងណាស់”
“...”ឮពាក្យថាលោកយាយភ្លាម អ្នកកំលោះក៏ស្ងាត់មាត់ លោកយាយរបស់គេ ឬហៅថា ហឺហ្គ្រេស ម៉ូនិកា ធូរដ័ររ៉េណេស មានជំងឺវង្វេងកាលពីបីឆ្នាំមុន។ពេលដែលទៅជួបលោកយាយម្ដងៗ គេតែងតែបានឮលោកយាយហៅគេថា "លោកនាយករដ្ឋមន្ត្រី" ព្រោះចង់ឲ្យគេដើរតាមគន្លងឪពុករបស់គេ។
ឌូក វីល្លៀម ដឹងថា ម៉ាធីអូ ស្រឡាញ់ ហឺហ្គ្រេស ម៉ូនិកា ខ្លាំងណាស់។បើយកលោកយាយមកនិយាយជារឿយៗ ថ្ងៃណាមួយគេចិត្តទន់ ដូចទឹកស្រក់លើថ្មអ៊ីចឹង។
“ទៅចុះ ប៉ាអស់កិច្ចការហើយ ឧស្សាហ៍មកផ្ទះផង”
“បាទ”
អ្នកកំលោះប្រុងនឹងបែរខ្នងចាកចេញពីបន្ទប់តែ ឌូក ស្ទាក់ផ្លូវកូនមុន។
“ឈប់សិន...ម៉ាធីអូ ឯងឈប់កើតជំងឺនឹកមនុស្សស្រីឬនៅ?”គាត់សួរថ្នមសំឡេង ខណៈលើកចិញ្ចើមសម្លឹងមើលចំហៀងមុខសង្ហារបស់កូនប្រុស។ឌូក វីល្លៀម ដឹងថា កូនប្រុសកំពុងតាមស្វែងរកមនុស្សស្រីដែលធ្លាប់មានសម្ពន្ធភាពផ្លូវកាយជាមួយគ្នាព្រោះលង់ស្នេហ៍នាងងើបមុខលែងរួច។
“...”
“បើតាមរកនាងមិនឃើញក៏មិនបាច់រកទេ រកអ្នកថ្មីគួរតែល្អជាង ប៉ាស្គាល់កូនស្រីរបស់...”
“មិនបាច់ទេ...ក្រៅពីនាង ខ្ញុំមិនយកអ្នកណាទាំងអស់”សំឡេងគ្រលររឹងប្រកាសចេញមកច្បាស់ៗក្រោយឪពុកដូចជាចង់ចាប់គេផ្សំផ្គុំ។ ម៉ាធីអូ បោះជំហានចេញពីបន្ទប់ទាំងទឹកមុខនឹងធឹងតែក្នុងចិត្តបែរជារសាប់រសល់ណាស់ទើបដកដង្ហើមធំ និយាយតិចៗ។
“ទេពីធីតា មិនដឹងពេលណាខ្ញុំរកនាងឃើញទេ”

សំបុត្ររបស់ព្រីសស៊ីលឡា (Priscila's Letter: A Victorian Love Tale)Where stories live. Discover now