ភាគទី៦៖ កុលាបក្នុងឋានសួគ៌

113 3 0
                                    


នេះជាថ្ងៃទី១ ដែល អេស្ទ៊ែល ក្នុងនាមជា ម៉ាធីលដា បានមករស់នៅក្នុងផ្ទះល្វែងមួយនៅខាងក្រោយអគាររ៉េដផារ៉ាដាយ៍។ជាទូទៅ នៅទីនេះមានផ្ទះស្នាក់ស្រាប់សម្រាប់ស្រីរកស៊ីផ្លូវភេទ ហើយផ្ទះនីមួយៗមានបន្ទប់ស្វីតប្រាំទៅប្រាំមួយ ដោយខាងបនស្រីនឹងបែងចែកឲ្យស្រីរកស៊ីទាំងអស់នៅម្នាក់មួយ។ អេស្ទ៊ែល ក៏មិនខុសពីគ្នា ថ្វីត្បិតនាងជាមាន់ថ្មីមែនក៏មានបន្ទប់ស្វីតស្អាតសមរម្យឲ្យស្នាក់នៅ ទោះវាមិនប្រណីតអីណាស់ណាក៏ចាត់ទុកថាល្អណាស់ហើយសម្រាប់អ្នកបម្រើដូចនាង។
“អ្នក...អ្នកនាង ហ្វិនីក...អូ៎យ!”
“ទ្រាំបន្តិចទៅ ម៉ាយ៍ឡេឌី”
“អ្ហា៎ស!”
“វាតឹងណាស់...ខ្ញុំ...ខ្ញុំទ្រាំមិនបានទេ”
“ត្រូវតែទ្រាំ បែបនេះទើបស្អាត”
បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច អេស្ទ៊ែល ក៏ត្រូវអ្នកបម្រើផ្ទាល់ខ្លួនមានឈ្មោះថា ហ្វីនិក នាំមកបន្ទប់ផ្លាស់ខោអាវ។ទីនេះមានសំលៀកបំពាក់ស្អាតៗណាស់តែនាងទ្រាំមិនបានទេ ព្រោះអាខ័រសេត(Corset) ដែលជាដែកសម្រាប់រឹតខ្លួនឲ្យចេញរាងនេះវាកំពុងសម្លាប់នាងហើយ។
ស្រីស្រស់កំពុងឈរឱបសសរ ខាំធ្មេញរំងាប់ការឈឺចាប់ ខណៈ ហ្វីនីក យកជើងច្រត់នឹងខ្នងនាង ដោយដៃកំពុងទាញខ្សែខ័រសេតឲ្យវារឹតរាងរបស់ អេស្ទ៊ែល កាន់តែខ្លាំង។
“អូ៎យ!”ស្រីក្រមុំស្រែកថ្ងូរយ៉ាងឈឺចាប់ មិនដឹងសោះថាការពាក់ខ័រសេតវាឈឺបែបនេះ។នាងធ្លាប់ជួយឡេឌី ព្រីសស៊ីលឡា ពាក់ដែរតែពេលមកពាក់ខ្លួនឯងទើបដឹងថាវាជាទារុណកម្មចំពោះស្ត្រីភេទជាជាងឧបករណ៍តុបតែងខ្លួន។
ហ្វីនិក ប្រើកម្លាំងមួយទំហឹងទាញខ្សែនោះរហូតវារឹបដងខ្លួន អេស្ទ៊ែល ដោយបញ្ចេញចង្កេះតូច ត្រគាកសាយ និងដើមទ្រូងធំ។
“ហ៉ឹប!រួចហើយ”នាងបែកញើសជោកតែអ្នកពាក់វិញរឹតតែបែកញើសដូចកំពុងងូតទឹក។
“ព្រះ...ព្រះជាម្ចាស់...ខ្ញុំ...ត្រូវពាក់អានេះរាល់ថ្ងៃមែនទេ?”អេស្ទ៊ែល ដកដង្ហើមដង្ហក់ មុខឡើងក្រហមងាំ។
“ត្រូវហើយ ជាទូទៅស្រីនៅទីនេះត្រូវតែស្អាតនិងបញ្ចេញរាងបញ្ចេញរៅបែបនេះ”
“...ខ្ញុំនឹងស្លាប់មុនភារកិច្ចចប់ឬអត់”នាងចាំថ្គាមរំងាប់ការឈឺចាប់ដោយនិយាយតិចៗ តើឆ្អឹងនាងនឹងបាក់ទេបើត្រូវរឹតរាល់ថ្ងៃបែបនេះ។
“ម៉ាយ៍ឡេឌី រអ៊ូអី?”ហ្វីនិក សួរក្រោយឮម្ចាស់ស្រីរអ៊ូៗ។អេស្ទ៊ែល ក៏ភ្ញាក់ព្រើតញញឹមបន្លប់
“អូ៎ គ្មានអីទេ...ថ្ងៃនេះខ្ញុំត្រូវធ្វើអីខ្លះ?”នាងសួរខណៈ
ទទួលយករ៉ូបពណ៌ក្រហមចែសដែលមានប៉ាក់ឌិនជាយរូបផ្កាយ៉ាងស្រស់ស្អាតមកពាក់ដោយមាន ហ្វីនិក ចាំជួយទៅផង។
“តាមធម្មតា ថ្ងៃដំបូងគឺម៉ាយ៍ឡេឌីមិនត្រូវទទួលភ្ញៀវទេ គឺត្រូវហ្វឹកហាត់រៀនសូត្រឲ្យថ្នឹកសិន...”អ្នកបម្រើនិយាយមួយៗ ហ្វីនិក ជាមនុស្សស្ងៀមស្ងាត់ណាស់ នាងមិនសូវញញឹមទេ ហើយក៏មិនសូវនិយាយច្រើនដែរធ្វើឲ្យ អេស្ទ៊ែល រាងទើសទាល់បន្តិចតែពេលឮថា រៀនសូត្រ ស្រីក្រមុំក៏ជ្រួញចិញ្ចើម។
“រៀនសូត្រ?”
បែបមិនមែនរៀនអក្សរធម្មតាទេដឹង!
“ចាស ខ្ញុំនឹងនាំម៉ាយ៍ឡេឌី ទៅរក ឡេឌី សេនឌី ”ហ្វីនិក យកខ្សែបូមកចងត្រង់ចង្កេះរ៉ូបដើម្បីរឹបឲ្យឃើញរាងកាន់តែស្អាតស្របពេល អេស្ទ៊ែល ឈរមើលខ្លួនឯងក្នុងកញ្ចក់ភ្លឹះៗ។
“ឡេឌី សេនឌី ជាអ្នកណា?”នាងសួរយ៉ាងចង់ដឹងចង់ឮ។
“ជាកុលាបថ្នាក់ខ្ពស់ជាងគេក្នុងបននេះ ឡេឌី សេនឌី ទទួលតែភ្ញៀវមានឋានៈលំដាប់រដ្ឋមន្ត្រីឬខ្សែរាជវង្សតែប៉ុណ្ណោះ...”
“អូ... ”
ស្រីស្រស់តបតិចៗ មានន័យថាឡេឌី សេនឌី ជាស្រីលេខ១នៅទីនេះនិងជាអ្នកបង្ហាត់បង្រៀនមាន់ថ្មីដូចជានាង។
ហ្វីនិក ប្រើពេលតែមួយសន្ទុះក៏ស្លៀកពាក់ឲ្យនាងរួចរាល់។
“រួចរាល់ហើយ ម៉ាយ៍ឡេឌី”
“អរគុណច្រើន ហ្វីនិក”
នាងងាកមកញញឹមដាក់តែ ហ្វីនិក គ្រាន់តែឱនក្បាលបន្តិចទើប អេស្ទ៊ែល អត់មិនបាននឹងឆ្លុះកញ្ចក់មួយជំហរខ្លួនពិនិត្យរូបរាងខ្លួនឯង។នាងពាក់រ៉ូបប៉ោងៗ ធ្វើសក់បួងឡើងលើទម្លាក់សរសៃសក់ខាងមុខរុយៗ និងផាត់ម្សៅគូសចិញ្ចើមលាបក្រែមមើលទៅប្លែកភ្នែកដូចមិនមែនខ្លួនឯង។
“ដូចមិនមែនខ្ញុំ...”នាងរង៉ូរង៉ូវតែក៏ព្រមទទួលយកសភាពខ្លួនឯងព្រោះចាំបាច់ត្រូវធ្វើតាមបញ្ជារបស់ ឡត ម៉ាធីអូ។
នឹកដល់ ឡត ភ្លាម អេស្ទ៊ែល ក៏សង្ស័យថាមនុស្សរបស់គេដែលចាំឃ្លាំមើលនាងក្នុងបននេះជាអ្នកណាឲ្យប្រាកដ។

សំបុត្ររបស់ព្រីសស៊ីលឡា (Priscila's Letter: A Victorian Love Tale)Where stories live. Discover now