ភាគទី៨៖ ផឹកតែប្រល័យលោក

135 3 0
                                    


ហេតុការណ៍វាយប្រហារដ៏នឹកស្មានមិនដល់របស់ ឡត វីលសុន ធ្វើឲ្យបរិយាកាសក្នុងបនមានតែភាពតានតឹង។ក្រោយដឹងរឿងនេះភ្លាម ម៉ាដាម លីលៀន ចាត់ការប្ដឹងប៉ូលិសនិងបញ្ជូន ឡត វីលសុន ទៅព្យាបាលនៅមន្ទីរពេទ្យ។តាមផ្លូវគេស្រែកថ្ងូរខ្លាំងៗរហូតរទេះសេះដឹកទៅបាត់ស្របពេលបុគ្គលិកសន្តិសុខនៅក្នុងនាំគ្នាដើរល្បាតជិតៗបន្ទប់កើតហេតុនោះទម្រាំប៉ូលិសមកដល់។
អេស្ទ៊ែល ក្នុងនាម ម៉ាធីលដា ឯណេះវិញនៅតក់ស្លុតមិនទាន់បាត់ព្រោះមិននឹកស្មានថាមានរឿងបែបនេះកើតឡើង។នាងភ័យញ័រខ្លួន បានតែអង្គុុយក្ដោបស្មា ខណៈទឹកភ្នែកថ្លាៗនៅតែស្រក់។ក្នុងនេះគ្មានអ្នកណាខ្វល់ខ្វាយពីនាងទេ ពួកគេទាំងអស់សុទ្ធតែបារម្ភពីរបួសរបស់ ឡត វីលសុន ខណៈដែលនាងបានត្រឹមជារបស់ដែលត្រូវគេមើលរំលងប៉ុណ្ណោះ។
ស្រីក្រមុំយកអាវក្រៅមកដណ្ដប់ស្របពេលនៅតែអង្គុយលើពូកមិនទៅណា នាងព្យាយាមគិតថាបើសិនគ្មានហេតុការណ៍វាយប្រហារនោះកើតឡើង ថ្មើនេះប្រហែលបានក្លាយជាស្រីកំដរអារម្មណ៍មនុស្សប្រុសពេញលេញទៅហើយ...
នាងខ្លាចណាស់ នាងមិនចង់នៅទីនេះទេ...
រំពេចនោះ អេស្ទ៊ែល ដកភ្នែកមើលទៅក្រៅបង្អួចឃើញចុងឈើនៅក្បែរនោះស្រាប់តែរេទើបស្ទុះងើបរត់ទៅមើលភ្លាម ឃើញស្រមោលស្លុងៗរបស់មនុស្សបន្លឹបខ្លួនបាត់ស្រមោលនៅត្រង់របង។
មានមនុស្ស!
នាងចំហរមាត់ធ្លុងភ្លេចរឿងសោកសៅអម្បាញ់មិញអស់រលីង តែក៏នឹកអរគុណម្នាក់នោះក្នុងចិត្តដែលជួយសង្គ្រោះនាងទាន់ពេល។
“ម៉ាយ៍ឡេឌី ម៉ាដាម លីលៀន ឲ្យកោះហៅម៉ាយ៍ឡេឌីទៅជួបគាត់ជាបន្ទាន់”កំលុងពេលស្រីស្រស់នៅឈរមើលមាត់បង្អួច ហ្វីនិក ប្រញាប់ចូលមករាយការណ៍ភ្លែត។អេស្ទ៊ែល ងាកទៅរកនិងឆ្លើយខ្សាវៗ។
“ខ្ញុំដឹងហើយ”
នាងក្រឡេកមើលទៅចុងឈើនោះម្ដងទៀត មុននឹងដើរកាត់តំណក់ឈាមលើពូកដែលកើតចេញពីរបួសរបស់ឡត វីលសុន ខណៈភាវនាឲ្យគ្រប់គ្នាមិនទម្លាក់កំហុសថានាងជាអ្នកធ្វើបាប ឡត វីលសុន ទៅចុះ។

បន្ទប់ធ្វើការក្នុងវិមាន ប៊្លែកណាយ៍ (Black Knight)

វិមាស ប៊្លែក ណាយ៍ ជាបណ្ដុំអគារជាច្រើនដែលសាងសង់ឡើងសម្រាប់សម្រួលដល់កិច្ចការងាររបស់ លោកសេនាប្រមុខ ម៉ាធីអូ ដែលមានទាំងអគារសម្រាប់ទាហានស្នាក់នៅ អគារសម្រាប់គេស្នាក់នៅនិងហូបចុក ឬសូម្បីអគារធ្វើការដែលអគារទាំងអស់មានពណ៌សលាយខ្មៅ វេញគ្នាជាកញ្ចុំព័ទ្ធជុំវិញទីលានហ្វឹកហាត់របស់ទាហានរាជអង្គរក្ស។ម៉ាធីអូ ហៅវាថាជាពិភពផ្ទាល់ខ្លួនរបស់គេព្រោះគេស្នាក់នៅទីនេះញឹកជាងស្នាក់នៅផ្ទះរបស់គេទៅទៀត។នៅម៉ោងប្រមាណ៩យប់ ស្រមោលរាងខ្ពស់របស់គេនៅតែស្ថិតក្នុងឈុតឧត្តមសេនីយ៍ពណ៌ខ្មៅស្រស់សង្ហា ដើរកាត់សួនច្បារធំទូលាយដែលមានទឹកបាញ់ បន្ទាប់ពីចុះពីរទេះសេះធ្វើឲ្យចូណាស់ ដែលដើរស្ងាបហ៊មៗព្រោះមានរឿងបន្ទាន់ឲ្យធ្វើបើកភ្នែកធំឋៗយ៉ាងចម្លែកចិត្ត។
“គោរព ឡត ទើបមកពីណាទាន?”គេភ្លេចខ្លួនសួរពេលដើរជួបគ្នា តាមធម្មតាថ្មើនេះឡត ម៉ាធីអូ នឹងសម្រាកយកកម្លាំងក្នុងបន្ទប់។
“មកពីផ្ទះខ្ញុំ”ម៉ាធីអូ តបសំឡេងស្មើ។ចូណាស់ ឮហើយទៅជាស្លើ ភ្លេចខ្លួននិយាយខ្សឹបៗ។
“អូ...តាមធម្មតាឡត មិនដែលទៅផ្ទះ”
“ឯងរអ៊ូអី ចូណាស់”អ្នកជាចៅហ្វាយជ្រិមភ្នែកសម្លក់។
“អ...អត់ទេទាន ហេះៗ”ចូណាស់ ត្រង់ខ្លួនភ្លឹងសើចបន្លប់ហេះៗតែក៏នៅមើលអ្នកកំលោះដោយខ្សែភ្នែកចង់ដឹងចង់ឮ។ម៉ាធីអូ ជ្រួញចិញ្ចើមធ្វើមុខកាច។
“ហើយថ្មើនេះហើយឯងទៅណា?”គេសួរព្រោះឃើញវាស្លៀកពាក់ឯកសណ្ឋានផ្លូវការ។
“អូ៎ ខ្ញុំវិះនឹងភ្លេចរាយការណ៍ គឺមានរឿងបន្ទាន់ទាន”ចូណាស់ រហ័សរាយការណ៍។
“?”
“គឺ មុននេះបន្តិចមានជនអនាមិកបាញ់ព្រួញត្រូវឡត វីលសុន ឡាហ្គូស៍ ដែលជាកូនប្រុសរបស់ ឌូក ឡាហ្គូស៍ ក្នុងបន រ៉េន ផារ៉ាដាយ៍”
“អ្ហ៎ អ៊ីចឹងទេឬ”ឮដូច្នេះ ម៉ាធីអូ លាន់មាត់ដូចមិនបានភ្ញាក់ផ្អើលអីធ្វើឲ្យអ្នកជាកូនចៅអត់មិនបាននឹងឆ្ងល់។
“បាទទាន ម៉ាយ៍ឡត ទៅជាមួយពួកយើងទេ?”
“មិនបាច់ទៅទេ”គេនិយាយមួយៗតែ ចូណាស់ ភ្ញាក់ព្រើត។
“បាទ?”
ឡតថាមិនបាច់ទៅទេ?នេះគេស្តាប់ច្រឡំឬអត់?
“យើងប្រាប់ថាមិនបាច់ទៅទេ រឿងប៉ុណ្ណឹងតូចតាច”
“ម៉...ម៉េចក៏តូចតាចទាន?រឿងនេះកើតឡើងនៅបនដែលស្រីរកស៊ីផ្លូវភេទត្រូវសម្លាប់ណាទាន”
ចូណាស់ បើកភ្នែកធំៗ រាល់ដងសូម្បីកន្លាតមួយក៏ឡតមិនឲ្យរំលងដែរ ចុះហេតុអីសុខៗគាត់ស្រាប់តែមិនយកចិត្តទុកដាក់?
“ប្រាប់ថាមិនបាច់គឺមិនបាច់ហើយ ហៅមនុស្សរបស់យើងមកវិញមក”គេចេញបញ្ជាម៉ាត់ៗ។
“ប...បាទទាន”ចូណាស់បានតែឱនគំនាប់ មិនហ៊ានតវ៉ាអី គ្រាន់តែប្លែកចិត្តខ្លាំង។
ម៉ាធីអូ បម្រុងនឹងដើរទៅមុខបន្តទៀតតែកូនចៅស្ទាក់។
“អូ៎!ម៉ាយ៍ឡត ខ្ញុំភ្លេចរាយការណ៍រឿងមួយទៀត”ចូណាស់ ធ្វើមុខមិនសូវល្អ។
“រឿងអី?”
“ព្រះអង្គម្ចាស់ អេដវើដ មករកទ្រង់”
“អ្ហឺម ទៅធ្វើការរបស់ឯងទៅ”ម៉ាធីអូ នៅតែរក្សាទឹកមុខដដែលមុននឹងដើរទៅកាន់អគារពណ៌សដែលរាងធំនិងអលង្ការជាងគេដែលជាទីស្នាក់អាស្រ័យរបស់គេ។

សំបុត្ររបស់ព្រីសស៊ីលឡា (Priscila's Letter: A Victorian Love Tale)Where stories live. Discover now