' ផ្ទះ ' ពាក្យតែមួយម៉ាត់យ៉ាងសាមញ្ញតែវាបង្កប់អត្ថន័យជ្រាលជ្រៅជាងមហាសមុទ្រទៅទៀត។ ផ្ទះជាកន្លែងដ៏កក់ក្តៅមួយសម្រាប់អ្នកគ្រប់គ្នាជាពិសេសសម្រាប់យុវវ័យ ក្មេងៗជំទង់ដូចជារូបខ្ញុំ។ ប្លែកអីតែខ្ញុំដែលមិនបានយល់ឃើញថាផ្ទះជាកន្លែងដែលកក់ក្តៅ។ សម្រាប់ខ្ញុំផ្ទះគ្រាន់តែផ្តល់ជាកន្លែងស្នាក់បាំងខ្យល់បាំងភ្លៀងតែវាគ្មានទៅកក់ក្តៅស្អីនោះទេ។
" បុាំង!ប្រាវ! "
" មីហងឯងយកលុយទៅលេងល្បែងទៀតហើយមែនទេ? "
" អើ!ត្រង់អាឯងយកលុយទៅទិញស្រាផឹកទាំងកេះៗម៉េចក៏មិនគិតផង!! " ឈានជើងចូលផ្ទះមិនទាន់ស្រួលបួលផងក៏ឮសម្លេងកោកកាក បែកបររបស់ពេញហ្នឹង។ នេះជាដើមហេតុនៅពីក្រោយផ្នត់គំនិតផ្ទុយពីគេរបស់ខ្ញុំ ម្តាយជាស្រីខាតលក្ខណ៍ញៀននិងល្បែងឯឪពុកសោតក៏ជាមនុស្សប្រមឹកអួលប្រណួលមិនលួសថ្ងៃ គ្រួសារមានតែភាពរកាំរកូសសម្រែកស្រែកជេរត្រូវបានឮរាល់ម៉ោង ត្រចៀកខ្ញុំឈឺសឹងជ្រាបឈាមមកម្តងៗទៅហើយព្រោះមិនអាចទ្រាំទ្រនិងពាក្យគ្រោតគ្រាតអស់ទាំងនេះបាន។
បោះជំហានដើរចូលក្នុងផ្ទះខ្ញុំមិនទាំងងាកក្រោយមកមើលពួកគាត់វិញផង ខ្ញុំមិនចង់ឃើញរូបភាពដ៏សែនឈឺចុកចាប់អម្បាលមាណនេះទៀតទេ។ ដល់ក្នុងបន្ទប់ខ្ញុំទម្លាក់កាតាបចោលមុននិងចោលខ្លួនទាំងជំហរដេកលើកម្រាលស្តើងរហៀកក្រាលពីលើឥដ្ឋ ភ្នែកសន្សឹមបិទទន្ទឹមនិងទឹកថ្លាហូរធ្លាក់តាមកន្ទុយភ្នែក ពិតថាភ្នែកខ្ញុំសុាំនិងហេតុការណ៍ដែលកើតឡើងដដែលៗតែបេះដូងខ្ញុំមិនអាចនោះទេ។ មិនដឹងចាប់តាំងពីពេលណាដឹងត្រឹមថាដឹងក្តីមកខ្ញុំក៏រស់នៅត្រាំក្នុងភក់ទុក្ខមួយនេះបាត់ទៅហើយ ផ្លូវអារម្មណ៍របស់ខ្ញុំមិនដូចជាក្មេងឯទៀតនោះទេ ខ្ញុំចាប់ផ្តើមស្អប់មនុស្ស ស្អប់កន្លែងអ៊ូអរ ស្អប់សម្លេងរំខានបើទោះបីជាសម្លេងនោះតិចឬខ្លាំងក្តី និយាយរួមគឺខ្ញុំស្អប់គ្រប់យ៉ាងដែលនៅជុំវិញខ្លួនរបស់ខ្ញុំ ខ្ញុំគ្រាន់រស់នៅព្រោះខ្ញុំមិនអាចស្លាប់ ជីវិតមួយនេះខ្ញុំមិនធ្លាប់ចង់បានវានោះទេ...។
YOU ARE READING
សម្បកកាយ (Completed)
Historia Corta(ប្រភេទរឿងខ្នាតខ្លី) " ខ្ញុំគ្រាន់តែរស់នៅព្រោះខ្ញុំមិនអាចស្លាប់ ជីវិតមួយនេះខ្ញុំមិនធ្លាប់ចង់បាននោះទេ "....