កញ្ញា ជាឈ្មោះនារីម្នាក់ដែលមានសង្សារឈ្មោះ មេសា។ សង្សារនាង ជាមនុស្សសុភាព មិនសូវមាត់ក ឬបង្ហាញប្រាប់អារម្មណ៍ខ្លួនឯងទៅកាន់នាងឡើយ រហូតពេលខ្លះ កញ្ញា យល់ថាគេជាមនុស្សទុយមុយ សោះអង្គើយ មិនយកចិត្តទុកដាក់ គាប់ចិត្តដូចសង្សារគេដទៃទៀតសោះ...អាកប្បកិរិយារបស់មេសា ធ្វើដាក់នាងបែបនេះយូរៗទៅ នាងមានគំនិតចង់បែកគ្នាជាមួយនិងមេសា។
រហូតថ្ងៃមួយមេសា បបួលនាងធ្វើដំណើរកម្សាន្តទៅលេងកំពង់សោម ដោយជិះម៉ូតូរបស់ខ្លួន។ វេលានោះ កញ្ញា ក៏រំភើបចិត្តណាស់ ហើយក៏ភិតភ័យបុកពោះក្នុងខ្លួនផងដែរ ព្រោះនាងសម្រេចចិត្តរួចហើយ ថានឹងនិយាយពាក្យបែកទៅកាន់មេសានៅថ្ងៃនោះផងដែរ...នាងចង់រក្សាអនុស្សាវរីយ៍ល្អៗជាមួយគេឱ្យបានច្រើន ជាជាងគិតរឿងអាក្រក់ដែលមាននៅថ្ងៃខាងមុខ។
ពួកគេមកដល់ឆ្នេរសមុទ្រ រាងថ្ងៃជ្រេទៅហើយ តែម្នាក់ៗសប្បាយចិត្តពេលបានឃើញសមុទ្រពណ៌ខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ជាមួយខ្យល់បក់ផាត់កាយដ៏ត្រជាក់...ភាពនឿយហត់ទាំងប៉ុន្មានដែលមានក្នុងខ្លួនក៏បាត់អស់។ ពួកគេទាំងពីរនាំគ្នាលេងទឹកសមុទ្រ រហូតដល់ល្ងាចបន្តិច អ្នកទាំងពីរអង្គុយមាត់ឆ្នេរ រង់ចាំមើលថ្ងៃលិច...មួយសន្ទុះស្រាប់តែ មេសា សម្លឹងមើលភ័ក្ររបស់កញ្ញា រួចវាចាឡើងថា...
"អូន បើមានថ្ងៃមួយបងនឹងលែងនៅក្បែរអូនជារៀងរហូត តើអូននឹងធ្វើយ៉ាងណា?"
កញ្ញា ឮមេសាសួរបែបនេះ នាងគិតវាគ្រាន់តែជាសំនួរលេងសើចដូចជាគេដទៃ នាងឆ្លើយដោយមិនសូវខ្វល់ថា...
"អូននឹងយកសង្សារថ្មី ដែលសង្ហារជាងបង ឡូយជាងបង និងល្អជាងបងគ្រប់បែបយ៉ាង...អូនមិនធ្វើជាក្រមុំសៅកែ រង់ចាំអ្នកដែលមិនវិលវិញនោះទេ...ហាហា...បងខឹងនឹងអូនទេ?"
ឮចម្លើយរបស់នាងបែបនេះ មេសា ញញឹមចេញធ្មេញមក រួចតបទៅវិញថា...
"មិនខឹងទេ...សង្សារបងទាំងស្អាតនិងឆ្លាតបែបនេះ ពិតណាស់មិនខ្វះអ្នកមកស្រលាញ់ឡើយ"
ឮពាក្យសម្ដីតបរបស់មេសាបែបនេះ កញ្ញារំជួលចិត្ត មិនគិតថាគេក៏ជាអ្នកមានសម្ដីផ្អែមបែបនេះដរ នាងគិតមួយសន្ទុះ សួរទៅកាន់មេសាវិញ