នៅក្នុងគ្រួសាររបស់ខ្ញុំ ម៉ែខ្ញុំជាអ្នកទទួលបន្ទុកក្នុងចង្រ្កានបាយ ហើយអ្វីដែលសំខាន់នោះ ម៉ែរបស់ខ្ញុំតែងតែធ្វើម្ហូបឆ្ងាញ់ៗសម្រាប់ពួកយើង។ មានថ្ងៃមួយ អាហារល្ងាចរបស់យើងជានំផាយដែលគាត់បានចម្អិនដុតធ្វើវាឡើង ប៉ុន្ដែអ្វីដែលធ្វើឱ្យពួកយើងតក់ស្លត់នោះ នំផាយដែលគាត់បានដាក់នៅលើតុអាហារនៅមុខយើងពេលនេះ គឺចម្អិនឆេះឡើងខ្លោច ខ្មៅដូចធ្យូងតែម្ដង។
ឃើញបែបនេះ ក្នុងចិត្តរបស់ខ្ញុំ មានការងឿងឆ្ងល់យ៉ាងខ្លាំង ហើយរង់ចាំមើលសភាពប្រតិកម្មរបស់ឪពុកខ្ញុំយ៉ាងណាវិញ ពេលឃើញអាហារល្ងាចពេលនេះ គឺមានសភាពបែបនេះ...
តែអ្វីដែលខ្ញុំនឹកស្មានមិនដល់នោះ ឪពុករបស់ខ្ញុំ លើកស្លាបព្រាឡើង ដួសយកនំផាយដែលខ្លោចនោះមកញុំាឡើង រួចសម្លឹងទៅកាន់ម៉ែខ្ញុំទាំងញញឹម សួរទៅគាត់ថា៖ "អូហ៍...នំផាយ ពិតជាមានឱជារសឆ្ងាញ់មែន! នេះអូន ថ្ងៃហ្នឹងមានរឿងអ្វីមែនទេ?"
ឮសំនួរបស់ឪពុកខ្ញុំ សួរទៅកាន់គាត់បែបនេះ ម៉ែខ្ញុំក្រហមភ្នែក រួចមកឱបប្ដីរបស់គាត់ ខ្សឹបៗក្បែរត្រចៀកថា៖ "អូនសូមទោសសម្រាប់អាហារល្ងាចមួយពេលនេះ"។ និយាយរួច គាត់ក៏ដើរចូលទៅបន្ទប់របស់គាត់បាត់ទៅ ទុកតែខ្ញុំនិងឪពុកខ្ញុំ អង្គុយញុំានៅក្នុងតុបាយ។
មួយស្របក់ ខ្ញុំសម្លឹងទៅកាន់គាត់ រួចសួរគាត់ថា៖ "លោកឪពុក នំផាយពិតជាឆ្ងាញ់មែនឬ?" គាត់ញញឹមមកខ្ញុំ រួចតបខ្លី៖ "ហេតុអ្វីកូនមិនសាកភ្លក្សទៅ? ម៉ែកូន គាត់ខំព្យាយាមធ្វើវាហើយ បើមិនញុំាទេ គាត់នឹងខូចចិត្ត..."
"តែនេះ...នំខ្លោចហ្នឹងពុក?"
គាត់យកដៃទះលើស្មាខ្ញុំ ហើយនិយាយថា៖ "មនុស្សគ្រប់គ្នា មិនមែនមានថ្ងៃសុទ្ធតែល្អទេ...ម៉ែកូន ក៏ត្រូវមានថ្ងៃអាក្រក់ដែរ! កូនមិនគិតទេ ថាគាត់មានថ្ងៃអាក្រក់ហើយ ប៉ុន្ដែគាត់ត្រូវមកទ្រាំធ្វើវាទាំងបែបនេះទៀត...គាត់មិនរឹតតែហត់នឿយចិត្តពេកទេឬ? កូន...នំផាយដែលខ្លោចខ្មៅមួយដុំនេះ វាមិនឆ្ងាញ់ក៏ពិតមែន ប៉ុន្ដែឱជារសពិតរបស់វាគឺ តម្លៃក្ដីស្រលាញ់របស់គាត់ដែលមានចំពោះយើង...កូនយល់ទេ?" ។
ខ្ញុំងក់ក្បាល ឆ្លើយទៅវិញថា "កូនយល់ហើយ"
នំផាយ វាពិបាកលេបពិតមែន ប៉ុន្ដែក្ដីស្រលាញ់ដែលគាត់ប្រគល់ឱ្យយើង ធ្វើឱ្យរសជាតិ ពិតជាផ្អែមឆ្ងាញ់ជាងនំផាយដែលខ្ញុំធ្លាប់បានញុំពីមុនមក។ អរគុណម៉ែ៕