ខ្ញុំបើកទ្វាឡានចុះ រួចហុចប្រាក់ឲ្យតាក់ស៉ី។ ខ្ញុំដកដង្ហើមយ៉ាងវែងដើម្បីបន្ធូរអារម្មណ៍ភ័យខ្លាច។ បន្ទាប់ពីឈរអស់ចិត្ត ខ្ញុំក៏ស៊កដៃចូលទៅក្នុងហ៊ោប៉ៅអាវ... យកនាមប័ណ្ណមកមើលម្តងទៀត។ ខ្ញុំលើកនាមប័ណ្ណព្រមជាមួយនឹងអាស័យដ្ឋាននៅក្នុងនោះមកផ្ទៀងជាមួយនឹង... លេខផ្ទះដែលស្ថិតនៅចំពោះមុខខ្ញុំ។«មិនខុសទេ! ផ្ទះនេះហើយ.. »
ខ្ញុំនៅតែមិនអស់ចិត្ត ព្រោះមិនទាន់ហ៊ានប្រកដថាគេនឹងគិតបែបណាចំពោះវត្តមានខ្ញុំ។ ខ្ញុំបន្ធូរខ្យល់បណ្តេញភាពភ័យខ្លាចម្តងទៀត... ទើបសម្រេចចុចកណ្តឹងផ្ទះ។
ក្រាក!! ទ្វាររបងរបើកឡើង ដោយបុរសចំណាស់ម្នាក់។
«លោកមករកអ្នកណាដែរ!?»
ឮគាត់សួរ ខ្ញុំភ័យបុកពោះតិចៗ តែក៏ព្យាយាមសម្រួលអារម្មណ៍មកវិញ!!
«តើនេះជាផ្ទះរបស់លោក ស៉ីម ជេយ៉ុន មែនទេ!?»
«មែនហើយ! អ្នកកម្លោះមករកកូនយ៉ុនមានការអ្វីឬ!?»
«បាទអ៊ំ! ខ្ញុំ...»
«ប៉ា!? អ្នកណាមករកអី?»
បំរុងនឹងនិយាយ ក៏ស្រាប់តែមានសម្លេងមួយស្រែកមកពីខាងក្នុងធ្វើឲ្យខ្ញុំត្រូវអាក់ខានវិញ។ ភ្លាមៗ ស៉ីម ជេយ៉ុន ក៏ដើរចូលមករកខ្ញុំនិងលោកអ៊ំដែលគេហៅថា... ប៉ា!«អ្នកណាមករកអីទាំងព្រលឹមប៉ា!?»
«នេះ! អ្នកកម្លោះនេះថាគេមករកឯង! នៅនិយាយគ្នាទៅ ប៉ាទៅហើយ»
គាត់និយាយទៅកូនគាត់ រួចមើលមុខខ្ញុំបន្តិចហើយក៏ដើរចេញទៅបាត់ទៅ។ ខ្ញុំគាំង... ព្រោះកំពុងតែញ័រជើង!! តែគេ... គ្រាន់តែឃើញថាជាខ្ញុំ! បែរប្រែទៅជាត្រេកអរញញឹមយ៉ាងសប្បាយចិត្ត។«លោក ផាក សុងហ៊ុន!? រីករាយណាស់ដែលបានជួបលោកម្តងទៀត.. លោកដឹងទេ កូនហ៉ីជុងចង់ជួបលោកខ្លាំងណាស់...»
ឃើញគេរំភើប ភាពភ័យខ្លាចរបស់ខ្ញុំក៏រសាយបាត់អស់ដែរ។ តាមពិតខ្ញុំដឹងថា... ហ៉ីជុងមិនបានចង់ជួបខ្ញុំ... តែគេចង់ជួបអ្នកប្រុសជុងវ៉ុន!! ប៉ុន្តែបើខ្ញុំប្រាប់ទៅ ជេយ៉ុន.. គេអាចនឹងជឿឬក៏មិនជឿក៏ថាបាន!!
«បើលោកមិនប្រកាន់ទេ... អញ្ជើញលោកចូលខាងក្នុងសិនមក»
ខ្ញុំគ្រាន់តែញញឹមងក់ក្បាលបន្តិច ហើយក៏ដើរចូលទៅខាងក្នុងជាមួយគេ។ ទៅដល់ខាងក្នុង គេឲ្យខ្ញុំអង្គុយនៅបន្ទប់ទទួលភ្ញៀវ... កំឡុងពេលនៅតែម្នាក់ឯង ខ្ញុំនៅមិនស្ងៀមក៏ចេះតែមើលនេះមើលនោះ តាមរបៀបមនុស្សប្លែកភ្នែក។