«អ៊ំ? អ៊ំអាចប្រាប់ខ្ញុំបានទេ ហេតុអ្វីអ្នកប្រុសតូចស្អប់មនុស្សបែបនេះ!?»
ខ្ញុំបង្ហើបសំណួរសួរទៅអ៊ំខ្មោច ខណ:ដែលគាត់កំពុងតែបិទរបួសដោយមុតនឹងអំបែងកែវរបស់ខ្ញុំ។
គាត់គ្រាន់តែញញឹមស្ងួត ហើយដកដង្ហើមធំ... ខ្ញុំទើបតែចាប់អារម្មណ៍ពីទឹកមុខរបស់គាត់នៅពេលនេះ គាត់ហាក់ដូចជាកំពុងតែព្យាយាមលាក់បាំងរឿងអ្វីម្យ៉ាង... គាត់ដូចជាមិនរីករាយចេញពីចិត្តសោះនៅពេលនេះ។
«អ៊ំមិនប្រាប់ក៏បាន តែខ្ញុំខ្លាចថាអ្នកប្រុសតូចនឹងនៅតែចង់... »
«អ្នកប្រុសហ៊ុនកុំបារម្ភអី! អ្នកប្រុសតូចនឹងមិនមកធ្វើបាបអ្នកប្រុសម្តងទៀតទេ»
គាត់និយាយកាត់ខ្ញុំ ប៉ុន្តែទឹកមុខគាត់ពេលនេះ ខ្ញុំយល់ថាជាការអង្វរកច្រើនជាង.... គាត់ស្រាប់តែប្រែទៅជារលីងរលោងមួយរំពេច... ខ្ញុំរន្ធត់ចិត្តហួសស្មានកាលបើសុខៗគាត់ស្ទុះមកក្រសោបខ្លួនខ្ញុំទៅក្នុងរង្វង់ដៃរបស់គាត់.... ខ្ញុំគាំងទ្រឹង!! ភ្នែកខ្ញុំបើកក្រឡោត.... ខ្លួនគាត់ត្រជាក់ល្អូកដូចជាទឹកកក... ខ្មោច.... ខ្មោចអាចឱបមនុស្សបានឬ?.....
ខ្ញុំកាន់តែទទួលបានអារម្មណ៍ថា ហេងហាងថាមិនត្រូវ.... ឈាម.... ខ្ញុំឃើញឈាមតក់មកលើដៃខ្ញុំ... អ៊ំខ្មោចកំពុងយំ ទឹកភ្នែករបស់គាត់គឺជាឈាម... គាត់យំរឿងអ្វីទៅ? ខ្ញុំឃើញគាត់កំសត់បែបនេះ ក៏បានត្រឹមតែឡឹងឡង់មិនយល់ ។«អ្នកប្រុសហ៊ុន... ហ៉ឺ! ហ៉ឺ! អ្នកប្រុសហ៊ុនមិនស្អប់ខ្ពើមអ្នកប្រុសតូចទេមែនទេ?»
« ..... » ខ្ញុំឆ្លើយមិនចេញសោះចំពោះសំណួរមួយនេះ គេតាមសម្លាប់ខ្ញុំដល់ថ្នាក់នេះ ឲ្យខ្ញុំចូលចិត្តគេបានយ៉ាងម៉េចទៅ!!??
«អ៊ំ.... អ៊ំជិតដល់ពេលត្រូវទៅហើយ ហ៉ឺ!! ហ៉ឺ! តើអ្នកប្រុសអាចជួយអ៊ំរឿងមួយបានទេ! » គាត់និយាយមកខ្ញ់ដោយសម្លេងស្អកស្អាក.... ខ្ញុំជ្រួញចិញ្ជើមឆ្ងល់!
«អត់ទេអ៊ំ!! អ៊ំកុំនិយាយបែបនេះអី អ៊ំចង់ទៅណា!?» ខ្ញុំភ័យណាស់ ភ័យមែនទែន! ខ្ញុំខ្លាចអត់ពីអ៊ំទៅ តើបានអ្នកណានៅចាំការពារខ្ញុំទៀត...«អ៊ំអស់កម្មហើយ អ៊ំគ្មានជាប់ជំពាក់នឹងអ្វីទៀតទេ... តែអ៊ំនៅតែបារម្ភអ្នកប្រុសតូច! គេនៅក្មេងនៅឡើយ គេមានគុំនំច្រើណាស់ជាមួយមនុស្ស... អ៊ំចង់ឲ្យអ្នកប្រុសជួយមើលថែគេជំនួសអ៊ំផងបានទេ?»