កប៉ាល់ទេសចរណ៍ដ៏ធំមួយដែលត្រូវបានគេចំណាយលុយយ៉ាងក្រាស់ក្រែលដើម្បីជួល ។ ខណៈនេះគ្រឿងចក្រដែលស្ថិតនៅកណ្ដាលសមុទ្រកំពុងតែបើកបោះពួយតម្រង់ទៅខាងមុខ ចាកឆ្ងាយពីកំពង់ផែរហូតដាច់កន្ទុយភ្នែករកកោះនិងត្រើយលែងឃើញ ។
«យ៉ាងម៉េចហើយ ពួកវាមានសកម្មភាពអ្វីឬអត់»ស្រ្ដីវ័យកណ្ដាលចោទជាសំណួរឡើងទៅកាន់កូនចៅដែលចាំទទួលបញ្ជាពីខ្លួន កំឡុងពេលដែលភ្នែកក៏មើលទៅផ្ទៃទឹកដែលស្ងប់ស្ងាត់ ហាក់មានសន្តិភាពជាមួយនឹងធម្មជាតិដែលផ្ដល់ឱ្យវាខ្លាំងណាស់ ខុសឆ្ងាយពីមនុស្សដែលមានចិត្តដូចជាភ្លើង ឆាបឆេះមិនចេះរលត់ ។
«អត់ទេ!! កូនចៅខ្ញុំរាយការណ៍មកថាពួកគេនៅដំណើរការកម្មវិធីធម្មតា មិនមានការជ្រួលច្របល់អ្វីឡើយ»
«បន្តឃ្លាំមើលពួកវា បើមានការអ្វីមិនស្រួលឆាប់ចាត់ការទៅ»Haneul ស្រដីចប់ក៏ដើរចូលទៅខាងក្នុងវិញ ឆ្ពោះទៅកាន់បន្ទប់ដែលមានផ្ទុកមនុស្សសំខាន់ដែលនាងត្រូវសំឡេះចោលបន្តិចទៀតនេះ ។ មិនអាចពន្យារពេលបានទេ ត្បិតខណៈនេះពួកគេមិនទាន់ដឹង ប៉ុន្តែបន្តិចទៀតច្បាស់ជាមានរឿងល្អមើលមិនខាន ម្យ៉ាងនាងក៏មិនអាចហាមចិត្តដែលពុះកញ្ជ្រោលចង់ទៅរកបងប្រុសសម្អប់បានដូចគ្នា ។
ក្រាក~ Haneul បើកទ្វារបង្ហាញឡើងអោយឃើញនូវកាយតូចដែលត្រូវបានចាប់ចងជាស្លាបសេកបត់ទៅក្រោយជាប់នឹងក្បាលគ្រែឯមាត់ក៏ត្រូវបានចងជាប់ដោយក្រណាត់រកស្រែកមិនបាន ណាមួយរបួសដែលត្រូវពួកគេវាយក៏ចាប់ផ្ដើមឈឺខ្ទោកៗថែមទៀត។
«ហឹស...សមចិត្តណាស់!!»Haneul ញញឹមចុងមាត់ អោបដៃមើលទៅមនុស្សប្រុសដែលធ្លាប់មាននាមជាបង តែក៏ប្ដូរមកជាសត្រូវព្រោះតែពាក្យថាលោភលន់ ។
«ហឹម...»Tae ព្យាយាមបញ្ចេញសម្លេងដើម្បីតបតទៅនាង ។ គេកាន់តែមិនយល់ ហេតុអ្វីនាងចាំបាច់ធ្វើដល់ថ្នាក់នេះ តាំងពីដើមមកម្ដាយកូននាងតែងតែធ្វើបាបគេ ប៉ុន្តែ Tae ក៏ព្រមស្ងាត់ដើម្បីបានសុខរៀងខ្លួន បែរជាពួកនាងមិនបញ្ចប់តាមចងពៀរឥតល្ហែទៅវិញ ។
«ឃើញសភាពរបស់ឯងហើយគួរអោយសង្វេគខ្លាំងណាស់...ហឹស.បងប្រុសម្ដេចក៏ធ្លាក់ខ្លួនដល់ថ្នាក់នេះ? ជារាជបុត្ររបស់គ្រប់គ្នាឬ? ហាសហាស៎...ឯងសមជាកញ្ជះរបស់យើងច្រើនជាង»នាងច្រណែនដែលមិនអាចទទួលបានអ្វីៗដូចជា Taehyung សូម្បីតែឈ្មោះក្នុងបញ្ជីគ្រួសារខ្ពង់ខ្ពស់មួយនោះ ក៏នាងត្រូវបាត់បង់ដែរ ។