ព័ត៌មានបើកការចុះផ្សាយល្បីកក្រើកពេញទីក្រុងក្នុងសង្គមសារព័ត៌មានកូរ៉េឈានមុខជាលំដាប់គេហទំព័រល្បីៗជាច្រើនបាននាំយកមកនូវព័ត៌មានក្តៅគគុកទាំងអស់នេះមកចាក់ផ្សាយជាបន្តបន្ទាប់ហើយបានធ្វើឱ្យដំណឹងដ៏ភ្ញាក់ផ្អើលទាំងនេះបានរីករាលដាលទៅគ្រប់ទិសទីក្នុងប្រទេសកូរ៉េខាងត្បូងទាំងអស់។ ការបន្តចាក់ផ្សាយព័ត៌មាននេះបានផ្តល់សញ្ញាមិនល្អទៅដល់អ្នកប្រុសច្បង ដែលស្ថិតក្នុងរង្វង់គ្រួសារជាអ្នកមានស្តុកស្តម្ភកំពុងតែអង្គុយចលាចលតាមរយៈផ្ទៃមុខសស្លេកគ្មានដំណក់ឈាម អាការៈភិតភ័យមិនលស់ពេល បានធ្វើឱ្យប្រអប់ជើងស្រឡូនទាំងគូ ចាប់កន្ទ្រាក់ចលនាឡើង មិនបានប៉ុន្មានវិនាទីកែវភ្នែកខ្មៅរលេញរលោងស្រាប់តែបង្ហូរសំណើមតាមធម្មជាតិចុះមកច្រោកៗរលាក់ពេញផែនថ្ពាល់។
ថេយ៉ុង ស្ទុះក្រោកឈរវឹងទៅទាញតេឡេបញ្ជាមកចុចបើកមើលទូរទស្សន៍ប្តូរគ្រប់ប៉ុស្តិ៍ស្ថានីយ៍ទាំងអស់ ប៉ុន្តែគ្រប់ការចាក់ផ្សាយមានតែករណីប៉ូលិសបានចុះមកឃាត់ខ្លួនកូនប្រុសត្រកូល "ចន" តែប៉ុណ្ណោះ។
នៅពេលនេះគេឈរស្មិងស្មាព្រោះជ្រះអស់មន្ទិលសង្ស័យរួចហើយក៏ចាប់ឈរយំសស្រិកសស្រាក់ខណៈម៉ែដោះ ហារីន ស្រាប់តែបង្ហាញខ្លួនឡើងនៅនឹងចំពោះមុខខ្លួនជាថ្មីម្តងទៀត។
ព្រូស!!
«អ្នក..អ្នកប្រុស!!» ម៉ែដោះរត់យ៉ាងត្របាញ់ជើងស្ទុះស្ទារគ្រាហ៍រាងតូចដែលទន់ឆ្អឹងអស់ជើងដៃល្អូកដួលបោកខ្លួនទៅនឹងឥដ្ឋដោយមានដំណក់ទឹកភ្នែកផ្សើមជ្រាបហូរមិនដាច់ពីកែវភ្នែក នៅចំពោះមុខគាត់យ៉ាងរហេមរហាមដោយមិនបានដឹងអំពីមូលហេតុ។
«អ្នកប្រុសច្បងកើតអី? មិនស្រួលខ្លួនឬយ៉ាងម៉េច?» គាត់ភិតភ័យញ័រសព្វដើមទ្រូងជួយគ្រាហ៍រាងតូចឡើងដាក់ទៅខាងលើគ្រែ ហើយរន្ថាន់ទៅចាប់ទាញបានប្រអប់ថ្នាំសង្កូវរុករើឃើញប្រេងខ្យល់ប្រញាប់ដកចេញមកមូលគម្របបើកឡើងដាក់នឹងចុងច្រមុះ ថេយ៉ុង ដោយញ័រដៃតតាត់ ទិដ្ឋភាពទាំងអស់នេះវាយលុកស្មារតីគាត់ជាខ្លាំង សុខៗស្រាប់តែកើតរឿងបែបនេះគាត់ភ័យបាត់អស់ព្រលឹងព្រលះពីខ្លួន។
«អ្នកប្រុសច្បង បានធូរស្រាលហើយខ្លះទេ?» គាត់លូកដៃស្ទាបមុខស្ទាបមាត់កំលោះតូច ដែលដេកដកដង្ហើមប្រផាត់ប្រផើយវេទនាក្នុងទ្រូងអនេក។
«ហ៊ឹកៗៗម៉ែដោះ!» ទំនួញសម្រែកបន្លឺឡើងដោយទឹកភ្នែកថ្លាយ៉ង់បានស្រក់ចុះមកជោជន់ថ្ពាល់សារជាថ្មីម្តងទៀត។ ថេយ៉ុង ចាប់ដៃម៉ែដោះមកក្រសោបកាន់ទាំងញញីញញ័រហើយយំគគ្រូកខ្លាំងឡើងៗហាក់ដូចជាបានតឹងដើមទ្រូងណាស់ រកពោលពាក្យអ្វីនិយាយមិនចេញទេ មើលទៅគេពិបាកខ្លាំងពេក គាត់ក៏បាននិយាយលោមចិត្ត រួចប្រាប់កុំឱ្យគេគិតច្រើនបន្ត។
«ធ្វើចិត្តឱ្យត្រជាក់ៗណាអ្នកប្រុសបន្ទាប់មកក៏សម្រាកឱ្យបានច្រើនៗណា!»
«ហ៊ឹកៗខ្ញុំចង់ជួបលោកប៉ា..ហ៊ឹកៗម៉ែដោះ!!»
«លោកប្រុសធំអញ្ជើញទៅចូលរួមអង្គប្រជុំបាត់ទៅហើយល្ងាចបន្តិចទើបត្រលប់មកវិញណាអ្នកប្រុសកុំទាន់អាលបង្ខំពេកអី សម្រាកសិនទៅណា!» ថេយ៉ុង ស្តាប់តាមប្រសាសន៍គាត់និយាយហើយក៏ធ្មេចភ្នែកសំងំគេងរម្ងាប់អារម្មណ៍ដែលកំពុងតែចលាចលពេញក្នុងទ្រូងឯណោះទៀត ម៉ែដោះយកកន្សែងជក់ទឹក មកជូតដៃនិងផ្ទៃមុខស្រឡូនប្រឡាក់ស្រមកដោយសំណើមទឹកភ្នែកសើរៗ ហើយក៏គ្រវីក្បាលនិងមានអារម្មណ៍ងឿងឆ្ងល់មិនដាច់ចិត្តសោះ តាមគំនិតគាត់គិត ប្រហែលជានឹកដល់ម្តាយពេកទើបយំរកឪពុក ប៉ុន្តែការពិតវាមិនមែនដូចជាការគិត គេជួបបញ្ហាធំដល់ថ្នាក់មិនអាចប្រកាន់ជំហរជាប់បាន មិនដឹងថាពេលនេះ ថ្មើរនេះស្វាមីរបស់ខ្លួនកំពុងទ្រោមខ្លួនយ៉ាងណាឡើយ។
ល្ងាចទៅហើយ
លោក ដុកហ្យុន ទើបតែត្រលប់មកផ្ទះវិញ ខណៈវត្តមានម៉ែដោះ ហារីន ស្រាប់តែបានបង្ហាញខ្លួននៅចំពោះមុខគាត់ដោយកែវភ្នែកក្រហមមិនយល់រឿងហេតុ។
«លោកប្រុសធំ..លោកប្រុសធំ!» គាត់ហៅបុរសចំណាស់ផ្ទួនៗពីរដង ដោយសំឡេងញ័ររដឹកជាប់គ្នាដល់ទៅពីលើក។
«មានការអីអ្ហេសរីន?» គាត់ជាអ្នកសួរមុន ហើយសម្លឹងផ្ទៃមុខស្រីចំណាស់ដែលឈរឈមនិងខ្លួនគាត់។
«អ្នកប្រុសច្បង យល់ព្រមភ័យទោសឱ្យលោកអភិបាលក្រុងហើយ ពេលនេះកំពុងតែសម្រាកព្យាបាលថែទាំសុខភាព នៅឯខាងក្នុងបន្ទប់គេងឯណោះទាន!» ម៉ែដោះ ហារីន រៀបរាប់ក្បោះក្បាយតែបានធ្វើឱ្យលោក ដុកហ្យុន សប្បាយចិត្តពន់ពេកដល់ថ្នាក់រលេញរលោងទឹកភ្នែកសារជាថ្មី។
«ប្រពន្ធកូនរបស់ខ្ញុំ បានបាត់ខ្លួនទៅអស់រយៈពេលជាង ២៥ ឆ្នាំ ទម្រាំបានដឹងដំណឹងខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់!» ដុកហ្យុន គាត់ថាទាំងស្នាមញញិមលាយឡំទុក្ខសោកក្រៀមក្រំ ហើយសំដែងឫកពាឈឺចាប់ទ្វេដងឡើងមកមិនព្រមលើកលែងទោសឱ្យខ្លួនឯងឡើយ ព្រោះតែគាត់មើលស្រាលការស្រលាញ់ ក្តីអាណិត និងគ្មានទំនួលខុស ត្រូវទើបបានបណ្តាលឱ្យជីវិតម្តាយកូនទាំងពីរ ទៅរង់ទុក្ខវេទនានៅឯខាងក្រៅការឃុំគ្រងរបស់គាត់។
«ប៉ុន្តែលោកប្រុសធំកាលពីព្រឹកមិញនេះ អ្នកប្រុសច្បង យំខ្លាំងសម្បើមណាស់ ប្រាប់ថាចង់ជួបលោកប្រុសហើយយំដល់ថ្នាក់ទន់ដៃជើងដួលទៅទៀត!»
«ម៉េចអ៊ីចឹងរីន?» គាត់ចងចិញ្ចើមឡើងឆ្ងល់និងសម្តីម៉ែដោះ។
«ខ្ញុំមិនជ្រាបដែរ ទាល់តែលោកប្រុសធំទៅសួរនាំដោយផ្ទាល់ខ្លួនឯង!» កាលបើស្តាប់ឮសម្តីម៉ែដោះពោលពាក្យដូច្នោះរួចហើយ លោកដុកហ្យុនក៏មិនបាននៅអលឯកយូរទៀតដែរ គាត់ដើរស្ទុះវឹងឡើងទៅខាងលើបន្ទប់កូនប្រុសច្បងតាមរយៈកាយវិការសរសន់ព្រោះតែក្តីបារម្ភក្នុងចិត្ត។
ក្រាក!!
សូរទ្វាររបើកបានបន្លឺឡើងលាន់សូររណ្តំដាស់ញាណអ្នកដែលអង្គុយបែរខ្នងលើគ្រែដោយភាពស្ងប់ស្ងាត់ជ្រងំ។ សម្រិបប្រអប់ជើងដ៏ចំណាស់ទាំងគូ បានឈានចូលទៅរកកាយតូចកំពុងតែប្រញាប់ប្រញាល់ស្រវាលើកខ្នងដៃមកជូតដំណក់ទឹកភ្នែកចេញជាបន្ទាន់មិនឱ្យខានតែបាន។
«ថេយ៍..កើតអីឬអត់កូន?» ម្ចាស់ប្រយោគដ៏ក្រអួនវាចាទាំងទឹកមុខបារម្ភហើយព្យាយាមឈរមួយកន្លែងដោយរង់ចាំការស្តាប់ចម្លើយចេញពីមាត់របស់កូនប្រុស។
«ខ្ញុំមានរឿងចង់និយាយជាមួយលោកដោយការចាំបាច់» ថេយ៉ុង ក្រោកឈរបែរមុខងាកមករកឪពុកហើយសម្លឹងផ្ទៃមុខគាត់ ខណៈកែវភ្នែកខ្លួនចាប់មានសភាពរលេញរលីងរលោងមកជាថ្មីម្តងទៀត។
«ហ្អឹម!» គាត់មិនសួរនាំទេ ហើយផ្ទេរសិទ្ធបោះឱកាសទៅឱ្យកូនជាអ្នកស្នើសំណើរចូលមកដោយខ្លួនឯង។ សូរដង្ហើមធំៗដកញាប់រដឹកគ្នាតៗគ្នាក្នុងទ្រូងតូចស្តើង រាងកាយដែលស្គមកំព្រឹងសឹងតែគ្មានកម្លាំងកំហែងស្រាប់តែឈានប្រអប់ជើងដើរចូលមកឈរចំពោះមុខគាត់សន្សឹមៗ។
«បើលោកជាឪពុករបស់ខ្ញុំ លោកត្រូវតែធ្វើរឿងមួយនេះដើម្បីខ្ញុំ!» ថេយ៉ុង និយាយនិងគាត់រួចបង្ហាញពីទឹកមុខមាំស្មើធេងសំដែងឫកពាបីដូចជាចង់បានទាមទាររឿងមួយយ៉ាងផ្តាច់ការពីគាត់។
«កូនថាមកចុះ!» ដុកហ្យុន បន្ធូរខ្យល់ដង្ហើមដែលកំពុងតែរួមរឹតក្នុងទ្រូងគាត់ហើយញែកឱកាសមួយចំនួនធំទៅឱ្យ ថេយ៉ុង ជាអ្នកគ្រប់គ្រង ភាពចង់បានរបស់គេដោយស្រួលចិត្ត។
«ដណ្តើមយកកូនប្រុសរបស់ខ្ញុំ ចន ចាងហ្វា ពីគ្រួសារត្រកូល ចន មកឱ្យខ្ញុំវិញ មិនថាក្នុងកាលៈទេសៈបែបណា ត្រូវតែប្តឹងផ្តល់រឿងនេះឱ្យដល់ទីបញ្ចប់!» រឿងដែលគេបានស្នើសុំជាលើកដំបូងគឺរឿងដណ្តើមយកសិទ្ធចិញ្ចឹមកូនពីគ្រួសារត្រកូលចន ព្រោះគេមិនចង់ឱ្យកូនប្រុសរបស់គេរស់នៅក្បែរជួបមុខស្រីអបល័ក្ខណ៍ដែលថោកទាបគ្មានចិត្តជាមនុស្សអាក្រក់អប្រិយគួរឱ្យស្អប់ វាគួរតែដល់ពេលហើយដែលគេត្រូវការភាពជាម្តាយពេញលេញសម្រាប់កូននោះ។
«មិនអីទេកូន!» គាត់ឆ្លើយថាមិនអីស្មើនឹងការយល់ព្រម ខណៈរាងតូចក៏ធ្វើជាលើកដៃជូតទឹកភ្នែកសម្លឹងទៅមើលរូបថតម្តាយដែលដាក់តាងលើខ្នងតុប្រណីតមុននឹងបែរខ្នងឡើងទៅរកគ្រែដេកដោយសភាពល្វើយអស់កម្លាំងខ្លាំងណាស់។
ពន្ធធានាគារ
គុកអប្រិយសម្បូរទៅដោយមនុស្សកខ្វក់ច្រើនត្រូវបានគេដាក់គុកច្រវ៉ាក់មិនខុសពីសត្វធាតុ តែជាតិជាមនុស្សខ្លះអាចអាក្រក់ជាងសត្វតរិច្ឆានទៅទៀត កុំថាឡើយបទល្មើសត្រឹមលួចឆក់ប្លន់ រឿងក្តីក្តាំកាប់សម្លាប់ បាញ់ប្រហារអស់ទាំងនេះ សុទ្ធតែជាសញ្ញាគ្រោះថ្នាក់បំផុត។ ម៉ោងបាយដែលត្រូវបានមន្ត្រីខាងពន្ធធាគារ រៀបចំឱ្យអ្នកទោសទាំងអស់ទៅទទួលយកអាហាររៀបចំដោយដាក់ក្នុងចានទាប ច្រើនមានជាប្រភេទបាយសនិងម្ហូបមានរសជាតិសាបឈឹង ពុំសូវផ្គាប់ផ្គួរយកចិត្តទុកដាក់ហើយរៀបចំឱ្យមានអនាម័យនោះទេហូបបានហូប ហូបមិនបានក៏ចាក់ចោលតែប៉ុណ្ណឹង។
«យកបាយទៅស៊ីទៅពួកអាអ្នកទោស!» ជំនិតប្រធានការិយាល័យពន្ធធានាគារនិយាយស្តីមិនសូវជាពិរោះគួរឱ្យស្តាប់ទេជាមួយនឹងអ្នកទោសអស់ទាំងនេះអ្វីប៉ុន្មាន។ កំឡុងពេលទទួលយកអាហារសម្រាប់ហូបថ្ងៃត្រង់រួច ពួកគេក៏ត្រលប់ទៅសម្រាក នៅឯកន្លែងឃុំឃាំង មានចម្រឹងដែកព័ទ្ធជុំវិញនិងមានស្ថានភាពដែលងងឹងស្លប់ៗ ហើយអាចបញ្ចេញតែពន្លឺតូចៗនៅតាមចន្លោះប្រហោងដែលគេបានធ្វើសម្រាប់តែផ្តល់ឱ្យនូវពន្លឺតិចតួចតែប៉ុណ្ណោះ។
«អ្នកណាឈ្មោះ ចន ជុងហ្គុក?» សំឡេងធ្ងន់ៗបន្លឺច្បាស់ៗដែលបានញ៉ាំងឱ្យនាយកំលោះកំពុងតែអង្គុយឈ្ងោកមុខចុះហាក់ភ្ញាក់ស្មារតីឡើងដោយទឹកមុខស្ងួតក្រៀមនិងស្លេកស្លាំង បបូរមាត់ប្រេះស្រកា កែវភ្នែកស្លក់ខ្មៅជាំស្នាមគួរឱ្យបារម្ភ។
«គឺខ្ញុំ!» ជុងហ្គុក ក្រោកឈរអស់កម្ពស់ដើរសំដៅចូលទៅរកនាយប៉ូលិស។
«មានសាច់ញាតិមកសួរទុក្ខ ដែលរយៈពេលវេលាកំណត់ឱ្យត្រឹមតែពេល ១៥ នាទីតែប៉ុណ្ណោះ!» នាយស្រាប់តែអរផើតពោះ រួចរន្ថាន់ដើរចេញទៅរកបន្ទប់សួរសុខទុក្ខជាបន្ទាន់។
នៅពេលបានមកដល់បន្ទប់សួរសុខទុក្ខភ្លាមកែវភ្នែករបស់គេហាក់ទទួលបានភាពឈឺផ្សារក្រហាយមួយរំពេច អារម្មណ៍ក្តុកក្តួលបានបបួលឱ្យទឹកភ្នែកអ្នកម្ខាងទៀត ហូរស្រក់ជ្រាបរហាមដោយមិនបានត្រៀមទុក។
«ថេយ៍!» ជុងហ្គុក ហៅរាងតូចខ្សឹបៗសឹមដាក់បង្គុយចុះរួចលូកដៃចូលទៅចាប់ប្រអប់ដៃស្រឡូនដែលមានសភាពកក់ក្តៅគគុកញ័រតតាត់។
«រឿងធំដល់ថ្នាក់នេះទៅហើយហេតុអីបងមិនប្រាប់អូន?»
«ព្រោះបងមិនចង់ឱ្យអូនពិបាកចិត្ត បងខ្លាចអូនគិតច្រើន!»
«ហ៊ឹកៗ..បងខ្លាចអូនគិតច្រើន ចុះបងមិនខ្លាចថាអូនអាចនិងឈឺចាប់យ៉ាងណាប្រសិនបើអូនដឹងថាបងជាប់ឃុំនៅកន្លែងបែបនេះ?» ថេយ៉ុង តូចចិត្តណាស់ហើយក៏ឈឺចិត្តណាស់ដែរ ដែលមកឃើញពីស្ថានភាពរបស់ស្វាមី ធ្លាក់ខ្លួនដល់ចំណុចដុនដាបយ៉ាងនេះ។
«បងមិនអីទេ បងគ្រាន់តែអាចដកដង្ហើមបាន ទោះបីជាវាពិបាកប៉ុណ្ណាក៏បងជឿថា បងអាចទ្រាំទ្រនិងវាទៅមុខរួច!»
«បងកុំនិយាយបែបហ្នឹងអី មុខមាត់របស់បងស្លេកស្លាំងខ្លាំងណាស់ អូនមិនអាចធ្វើចិត្តទទួលយកបានទេ ទោះមានពេលខ្លះអូនយំ អូនពិបាកចិត្តតែងតែមានបងនៅក្បែរអូនជានិច្ច មិនថាការឈឺចាប់ទាំងនោះវាពិបាកដល់កម្រិតណាក៏អាចមានចំណែកវត្តមានបងចាំជួយលើកចិត្តអូន សម្តីតូចធំគ្រោតគ្រាតយ៉ាងណា បងនៅតែមិនបោះបង់អូនចោល ហ៊ឹកៗ..បងធ្វើដើម្បីអូនមកច្រើនណាស់ ជុងហ្គុក អូននិងព្យាយាមរកដំណោះស្រាយធ្វើយ៉ាងណាដើម្បីយកបងចេញពីទីនេះឱ្យបានណាប្តីសំឡាញ់!» ចាប់តាំងពីម្តាយរបស់ខ្លួនបានស្លាប់ទៅបុរសដែលអាចនៅក្បែរគេគ្រប់ពេលគឺប្រុសម្នាក់នេះ មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ ជុងហ្គុក ពុំដែលគិតចង់ឈានជើងដើរចេញពីជីវិត ថេយ៉ុង ម្តងណាឡើយ ដ្បិតតែគេសម្តីអាក្រក់ និយាយផុយៗមិនសូវចេះគិត តែសម្តីរបស់គេមួយម៉ាត់ៗ សុទ្ធតែបង្កប់អត្ថន័យជ្រាលជ្រៅល្អៗ និងព្យាយាមចង់ឱ្យ ថេយ៉ុង ចាប់ផ្តើមរឹងមាំបន្តិចម្តងៗ រហូតដល់អាចរ៉ឹងប៉ឹងក្រោកឈរដោយខ្លួនឯងបានគ្រប់ស្ថានការណ៍ដែរ។
«វាពិបាកណាស់អូន ទោសរបស់បងធ្ងន់ធ្ងរខ្លាំងណាស់!»
«មិនថាវាពិបាកខ្លាំងប៉ុណ្ណាអូននិងពុះពារឱ្យដល់បញ្ចប់ ព្រោះរឿងទាំងអស់នេះ មនុស្សដែលបានស្លាប់ទាំងអស់នោះ ក៏បានសាងទោសកំហុសចំពោះម្តាយអូនដូចគ្នា អូនមិនព្រមលើកលែងទោសឱ្យពួកវាទេ សូមបងកុំបារម្ភអី!» ជុងហ្គុក មិននិយាយអ្វីបានត្រឹមតែសម្លឹងមើលដំណក់ទឹកភ្នែក ថេយ៉ុង មកទល់នឹងពេលនេះទៅហើយរាងតូចនៅតែបន្តយំខ្លាំងៗទៀតចាប់តាំងពីគេបានសេពគប់ជាមួយគ្នាមក ពេលសប្បាយ ពេលមានស្នាមញញិមគេមើលឃើញបានតិចតួចណាស់នៅលើផ្ទៃមុខ ថេយ៉ុង នោះ។
«អូនឈប់យំទៀតទៅ មកទល់និងពេលនេះហើយអូនបន្តយំធ្វើអ្វីទៀត?»
«អូនមិនចង់ឃើញបងពិបាកបន្តទៅទៀតទេ ស្អែកនេះប៉ានិងចាត់ចែងរឿងក្តីឱ្យអូន ហើយអូននិងការពារកេរ្តិ៍ឈ្មោះរបស់បងឱ្យដល់បញ្ចប់ណា ជុងហ្គុក!»
«ថេយ៍!»
«អូនធានាដោះលែងបងចេញពីគុក ពេលចេញទៅហើយ កុំបាច់ស៊ីញ្ញេលែងលះនិងនាងម៉ូយ៉ុង!» ថេយ៉ុង ឧទានទឹកមុខរបស់គេស្រាប់តែផ្លាស់ប្តូរភ្លាមៗ។
«អូនថាយ៉ាងម៉េច?» នាយឆ្ងល់ជាខ្លាំង។
«នាងជាអ្នកហុចផលអាក្រក់មកឱ្យអូនជាអ្នកចាត់ចែង បងចាំតែមើលចុះ!»
«អស់ពេលហើយ!» សម្តីប៉ូលិសបានបន្លឺកាត់ផ្តាច់ចង្វាក់ការសន្ទនារវាងពួកគេទាំងពីរនាក់។
ថេយ៉ុង ក្រោកដើរចេញទៅដោយខំសម្លឹងមើលមុខ ជុងហ្គុក ទាំងមិនដាច់អាល័យទាល់តែសោះ ដល់ពេលហើយដែលគេត្រូវដើរចេញពីបន្ទប់សួរសុខទុក្ខ ដើម្បីទៅបំពេញភារកិច្ចបន្តក្នុងការជួយស្វាមីឱ្យចេញពីទីកន្លែងនេះឱ្យអស់ពីលទ្ធភាព។
ភូមិគ្រឹះ"គីម"
មេធាវីជំនាញកំពុងតែរៀបចំរត់ការឯកសារជាបន្ទាន់ ដែលកាតព្វកិច្ចទាំងនេះលោក ដុកហ្យុន បានផ្តល់ពេលវេលាឱ្យមេធាវីផ្ទាល់ខ្លួនរបស់គាត់ត្រឹមតែរយៈពេលមួយសប្តាហ៍តែប៉ុណ្ណោះ។
ឆយ ជុងអ៊ុន ជាមេធាវីច្បាស់ការម្នាក់ដែលតែងតែស្វែងរកយុត្តិធម៌ដ៏ត្រឹមត្រូវបំផុតសម្រាប់ដោះស្រាយរឿងប្តឹងផ្តល់និងពាក្យចោទប្រកាន់នានាឱ្យលោក ដុកហ្យុន បានយ៉ាងល្អ។ ដ្បិតករណីលើកនេះអាចជារឿងក្តីដ៏ស្មុគស្មាញពិបាកដោះស្រាយយ៉ាងណាក្តី ប៉ុន្តែគេនិងខិតខំព្យាយាមធ្វើវាឱ្យបានល្អបំផុត។
«កូនថេយ៍!» បុរសចំណាស់ស្រដីទៅកាន់កូនប្រុសច្បងដែលទើបនឹងបង្ហាញខ្លួនឡើងមក ដូចជាមនុស្សអស់កម្លាំងខ្លាំងណាស់កែវភ្នែករបស់គេមានពណ៌ក្រហមងាំងគួរឱ្យបារម្ភ។
«យ៉ាងណាទៅហើយលោកប៉ា?» ថេយ៉ុង សួរទៅកាន់គាត់ក្នុងទឹកមុខចាប់អស់សង្ឃឹម ហើយគាត់ក៏អាចមើលដឹងភ្លាមថាកូនចង់បានអ្វីខ្លាំងប៉ុណ្ណាដែរ។
«គ្មានបញ្ហាអ្វីទេកូន រីន មកជូនអ្នកប្រុសទៅសម្រាកទៅ!»
«ខ្ញុំមិនអីទេ ខ្ញុំត្រូវការជួបមុខកូនប្រុសរបស់ខ្ញុំ!» ថេយ៉ុង ប្រកែកមិនព្រមសម្រាកហើយក៏តែងតែតឿនចង់ជួបមុខកូនដោយចិត្តអន្ទៈសារដដែល។
«ល្ងាចនេះមានមនុស្សទៅទទួល ចាងហ្វា ហើយកូនគង់តែបានជួបគេទេ ពេលនេះទៅសម្រាកសន្សំកម្លាំងទុកគឺជារឿងត្រឹមត្រូវបំផុតណាកូន!» គាត់និយាយត្រូវណាស់ ចំណែកឯគេក៏បានត្រឹមតែដកដង្ហើមធំៗ មុននឹងដើរឡើងទៅខាងលើបន្ទប់ស្ងាត់បាត់មាត់ច្រៀប។