ភាគទី ០៧

86 5 0
                                    


ប៉ាំង...
សៀវភៅកម្រាស់ក្រាស់ខ្មឹកត្រូវបានហោះទៅចំក្បាលរបស់ ហេស៊ុង ពេញទំហឹង មុននឹងធ្លាក់ទៅលើឥដ្ឋឮសូរផឹបតាមកម្រាស់ដ៏ធ្ងន់របស់វា។ ផ្នែកជ្រុងដ៏រឹងរបស់សៀវភៅត្រូវនិងថ្ងាស់របស់ ហេស៊ុង បង្កឱ្យដាច់រលាត់ស្បែក ក្លាយជាមុខរបួសនិងមានឈាមក្រហមឆ្អៅជ្រាបចេញមកភ្លាមៗ។ វាជាការស្វាគមន៍ដ៏អាក្រក់បំផុត។ ហេស៊ុង រក្សាទឹកមុខស្ងប់ស្ងាត់ មិនបង្ហាញអាការៈឈឺចាប់ ខឹងសម្បារណាមួយចេញមកឡើយ គេឱ្យរើសសៀវភៅមកកាន់នៅក្នុងដៃ រួចដើរសំដៅទៅកាន់តុធ្វើការឳពុករបស់គេ ដាក់សៀវភៅនោះទៅលើតុរបស់គាត់វិញដោយមិននិយាយអ្វីសូម្បីមួយម៉ាត់។
"មានដឹងថាឯងមានធ្វើស្អីខ្លះទេ? ចំជាគ្មានបានការមែន គិតតែពីបង្កបញ្ហា នាំរឿងមកឱ្យយើងឈឺក្បាល គ្មានរកប្រយោជន៍អ្វីមកឱ្យយើងទាល់តែសោះ" លោក ហេវ៉ន ស្រែកគំហកឱ្យកូនប្រុសយ៉ាងតឹងសរសៃក គាត់មិនបានខ្វល់ពីមុខរបួសរបួសដែលកំពុងហូរឈាមរបស់គេឡើយ ហើយគាត់ក៏មិនមានអារម្មណ៍ថាខុសចំពោះទង្វើដែលគាត់បានធ្វើទៅលើអម្បាញ់មិញនេះដូចគ្នា។ វាសាកសមណាស់សម្រាប់មនុស្សដែលចូលចិត្តបង្កបញ្ហាដូចជាគេ នាំរឿងមកឱ្យគាត់ដោះស្រាយរាល់តែលើក។
ហេស៊ុង គ្រាន់តែស្ដាប់ហើយស្ងាត់មិននិយាយអ្វីតបតទាំងអស់ គេក៏មិនបានចាប់អារម្មណ៍យល់ចិត្តទុកដាក់ ខ្វាយខ្វល់ជាមួយនិងសម្ដីគាត់ដូចគ្នា។
"បាត់ខ្លួនពីផ្ទះរាប់ខែ លេចមុខចេញមកភ្លាមក៏បង្កបញ្ហាឱ្យយើងឈឺក្បាលភ្លាម ឯងមានគិតថាចង់ធ្វើរឿងអ្វីឱ្យមានប្រយោជន៍ខ្លះទេ?" លោក ហេវ៉ន ខឹងនិងកូនប្រុសសឹងតែដាច់សរសៃឈាមស្លាប់ទៅហើយ តែគេគ្មានខ្វល់អ្វីទាល់តែសោះ មើលទៅទោះបីជាគាត់ខឹងដល់ដាច់ខ្យល់ស្លាប់នៅត្រង់នេះក៏គេមិនអូសខ្មោចគាត់ទៅធ្វើបុណ្យផង។
"ខ្ញុំមានបានសុំលោកប៉ាឱ្យទៅដោះស្រាយបញ្ហាឱ្យខ្ញុំដែរទេ?" ត្រូវហើយគេមិនបានហាមាត់សុំសូម្បីមួយម៉ាត់ គាត់ទៅវិញទេជាអ្នកលូកដៃចូលដោយខ្លួនឯង ដូច្នេះហើយ ហេតុអ្វីបានជាគាត់ត្រូវមកម៉ួម៉ៅក្ដៅក្រហាយជាមួយនិងគេដែរ?
"ឯងចង់ប្រាប់ថាយើងចេះដឹងរឿងរបស់ឯងមែនទេ?"
"ត្រូវហើយ" ឆ្លើយខ្លីៗដោយមិនគិតច្រើន។
"លីហេស៊ុង អាកូនចង្រៃ..." លោក ហេវ៉ន ខឹងកាន់តែខ្លាំង គាត់ក្ដាប់ដៃយ៉ាងណែនរៀបនឹងវាយកូនប្រុសម្ដងទៀតដោយសារតែកំហឹងដែលវាកើនឡើងច្រើនលើសលប់ចំពោះគេ តែគាត់ក៏ត្រូវឈប់ព្រោះ ហាន់ណា ស្រាប់តែរត់ចូលមកពាំងពីមុខ ហេស៊ុង ការពារគេពីលោក ហេវ៉ន។ ការពិតទៅនាងបានលួចស្ដាប់ការសន្ទនារវាងអ្នកទាំងពីរនៅមុខបន្ទប់យូរណាស់មកហើយ មិនមែននាងចង់ដឹងឮរឿងឳពុកកូនគេនោះទេ ដែលនាងធ្វើបែបនេះក៏ដោយសារតែនាងខ្លាចថាលោក ហេវ៉ន ទប់កំហឹងមិនបាន ហើយក៏ជ្រុលដៃបញ្ចេញកំហឹងដាក់ ហេស៊ុង បែបនេះឯង នាងខ្លាចថាបើ ហេស៊ុង ខឹងហើយគេនឹងចាកចេញទៅម្ដងទៀត នាងលំបាកណាស់ទម្រាំតែរកគេឃើញ នាងមិនចង់ឱ្យគេចេញពីផ្ទះម្ដងទៀតទេ។
"ឯងកំពុងធ្វើអីនិង ហាន់ណា ឆាប់ថយចេញទៅ" លោក ហេវ៉ន ជ្រួញចិញ្ចើមចូលគ្នា មិនពេញចិត្តនិងទង្វើរបស់នាងតូចនៅពេលនេះ។ នាងមិនគួរចូលខ្លួនមកការពារមនុស្សដែលខុសនោះទេ។
"លោកអ៊ំទប់អារម្មណ៍សិនទៅ កុំធ្វើបាបគាត់អី" ហាន់ណា ពោលពាក្យទាំងទឹកមុខភ័យស្លេកស្លាំង។
"ឯងកំពុងតែថាអ៊ំធ្វើបានគេមែនទេ? ហាន់ណា ឯងក៏ដឹងថាថ្ងៃនេះគេបង្កបញ្ហាអ្វីឡើយ ហេតុអីឯងនៅតែការពារគេ" លោក ហេវ៉ន និយាយទាំងខឹង។
"ខ្ញុំដឹងលោកអ៊ំ តែរឿងដែលកើតឡើងនៅថ្ងៃនេះ ខ្ញុំក៏មានចំណែកខុសដែរ ហេស៊ុង គ្រាន់តែចង់ជួយខ្ញុំចេញពីការបំពានរបស់បុរសម្នាក់នោះ គាត់មិនបានខុសទេ គាត់គ្រាន់តែការពារខ្ញុំប៉ុណ្ណោះ សូមលោកអ៊ំកុំខឹងនិងគាត់អី បើលោកអ៊ំចង់ដាក់ទោសៗមកលើខ្ញុំមក" ហាន់ណា បកស្រាយហេតុផលយ៉ាងច្បាស់លាស់ សង្ឃឹមថាអាចរំងាប់កំហឹងរបស់លោក ហេវ៉ន បានខ្លះ យ៉ាងណាអ្វីដែលនាងនិយាយគឺសុទ្ធតែជាការពិតទាំងអស់ សង្ឈឹមថាគាត់ស្ដាប់ហើយនឹងបានយល់។
"កំពុងនិយាយស្អី អ្នកណាការពារនាង? នាងដូចជាយល់ច្រឡំខុសហើយ គីមហាន់ណា ខ្ញុំគ្មានគំនិតដូចដែលនាងបាននិយាយសូម្បីតែបន្ដិច កុំស្រម៉ៃខ្ពស់ពេក" ហេស៊ុង រុញនាងតូចឱ្យថយចេញពីមុខគេ ព្រមទាំងនិយាយចំអកឱ្យនាងទៀតផង។ គេមិនព្រមទទួលស្គាល់ថាគេបានជួយនាងឡើយ ព្រោះគេពិតជាមិនបានគិតបែបនោះពិតមែន ដែលគេធ្វើនេះគឺគ្រាន់តែមិនចង់ឱ្យអាម្នាក់នោះប៉ះពាល់របស់ដែលជាកម្មសិទ្ធរបស់គេ បើទោះបីជារបស់មួយនោះគេមិនបានស្រឡាញ់ពេញចិត្តក៏ដោយ ក៏គេនៅតែហួសហែងវា ហើយក៏គ្មានថ្ងៃចែករំលែកឱ្យអ្នកណាដែរ។
"បើខ្ញុំនិយាយមិនមែនជាការពិត ចុះលោកទៅវាយប្រុសម្នាក់នោះធ្វើអី?" ហាន់ណា សួរបកឱ្យគេវិញ នាងមិនជឿថាគេពិតជាមិនមានគំនិតការពារនាងដូចដែលគេបានបដិសេធនោះទេ។
"ខ្ញុំមិនចាំបាច់បកស្រាយគ្រប់យ៉ាងឱ្យនាងស្ដាប់នោះទេ" គេនៅតែមាត់រឹងមិនព្រមទទួលស្គាល់ ចប់សម្ដីគេក៏ចេញទៅភ្លាមៗទាំងមុខមិនរីក ហើយគេក៏មិនបានខ្វល់ថាឳពុករបស់គេអនុញ្ញាតឱ្យចេញទៅឬនៅឡើយ។
"ឯងឃើញថាគេឈ្លើយប៉ុណ្ណាទេ?" លោក ហេវ៉ន និយាយដាក់នាងតូចទាំងម៉ួម៉ៅក្ដៅក្រហាយនិងទង្វើពាលៗរបស់កូនប្រុស។ គាត់មិនដឹងថាធ្វើយ៉ាងណាទើបពត់គេបាននោះទេ។
"កុំខឹងនិងគាត់អីលោកអ៊ំ គាត់ទើបតែត្រឡប់មកផ្ទះវិញ ដូច្នេះហើយកុំឱ្យគាត់មានអារម្មណ៍មិនល្អជាងនេះទៀតអី" ហាន់ណា និយាយលួងលោងបុរសចំណាស់ដែលជាអនាគតឳពុកក្មេកហើយក៏និយាយយកល្អឱ្យអ្នកដែលជាគូរដណ្ដឹងផងដែរ។
"ឯងល្អនិងគេយ៉ាងនេះ តែអ៊ំមិនដែលឃើញអាកូនចង្រៃនោះគេល្អនិងឯងវិញបែបនេះសោះ អ៊ំពិតជារអៀសចិត្តខ្លាំងណាស់" លោក ហេវ៉ន ដកដង្ហើមធំអាណិតនាងតូច។ មិនមែនគាត់មិនបានដឹងថាកូនប្រុសរបស់កាត់បានធ្វើរឿងមិនល្អអ្វីខ្លះដាក់នាងនោះទេ គាត់គ្រាន់តែមិនចង់និយាយអ្វី សុខចិត្តធ្វើជាមនុស្សចាស់ដែលអាត្មានិយម ហេតុផលក៏ព្រោះតែគាត់ចង់រក្សាក្មេងស្រីដ៏ស្លូតត្រង់ម្នាក់នេះនៅទីនេះបន្ដ ហើយគាត់ជឿជាក់ថាមានតែនាងប៉ុណ្ណោះដែលអាចមើលថែកូនប្រុសដ៏ទំនើងរបស់គាត់បាន។
"គាត់មិនមែនមិនធ្លាប់ល្អដាក់ខ្ញុំនោះទេលោកអ៊ំ" ហាន់ណា និយាយដោយសំឡេងទាប ទឹកមុខរបស់នាងចាប់ផ្ដើមស្រពោនបន្ដិចម្ដងៗ។
"បានហើយ ឆាប់ទៅគេងទៅ នេះមេឃភ្លឺឥឡូវហើយ" លោក ហេវ៉ន បានឃើញពីទឹកមុខមិនល្អរបស់នាងតូច ទើបគាត់និយាយបង្វែរសាច់រឿងភ្លាម។
"ចាស៎... លោកអ៊ំក៏ឆាប់ចូលសម្រាកដែរទៅ នៅយូរទៀតមិនល្អសម្រាប់សុខភាពឡើយ" លោក ហេវ៉ន ញញឹមងក់ក្បាលដាក់នាងតូច។ បញ្ចប់ការសន្ទនា ហាន់ណា ក៏ចាកចេញទៅ។ លោក ហេវ៉ន តាមមើលនាងរហូតដល់នាងចេញទៅផុតពីក្រសែភ្នែករបស់គាត់ គាត់ដកដង្ហើមធំជាច្រើនលើក អាណិតនាងតូចជាខ្លាំងហើយក៏ខឹងនិងកូនប្រុសរបស់គាត់ដូចគ្នាដែលតែងតែធ្វើទង្វើមិនល្អចំពោះនាង។
បន្ទាប់ពីចាកចេញពីបន្ទប់ធ្វើការរបស់ឳពុក ហេស៊ុង បានត្រឡប់មកបន្ទប់របស់គេទាំងទឹកមុខអាក្រក់បំផុត។ ហេស៊ុង ដោះអាវក្រៅចេញ គប់ចោលទៅលើគ្រែដែលមានសភាពស្អាតរៀបរយ គេពិតជាតប់ប្រមល់ ធុញថប់ក្នុងអារម្មណ៍ខ្លាំងណាស់ គិតថានឹហចូលទៅងូតទឹកឱ្យបានស្រឡះមុខស្រឡះមាត់ចេញ បម្រុងនិងចូលទៅបន្ទប់ទឹកទៅហើយ រំពេចនោះស្រាប់តែមានសំឡេងគោះទ្វារបន្លឺឡើង ដែលពិតជាធ្វើឱ្យគេធុញបំផុតហើយ។
ហេស៊ុង ព្រួសខ្យល់ដង្ហើមចេញខ្លាំងៗយ៉ាងម៉ួម៉ៅ ញីសក់ក្បាលខ្លួនឯងរហូតដល់រញ៉ែរញ៉ៃអស់ ទើបសម្រេចចិត្តដើរទៅបើកទ្វារទាំងចិត្តមិនចង់។
ក្រាក...
ទ្វារត្រូវបានបើកបង្ហាញឱ្យឃើញនាងតូចដែលកំពុងឈរ រងចាំនៅមុខបន្ទប់ដោយនៅក្នុងដៃមានកាន់ប្រអប់ថ្នាំមកជាមួយ។ ហេស៊ុង សំឡឹងនាងដូចដោយទឹកមុខសោះកក្រោះ គ្មានអារម្មណ៍ទៅតាមទម្លាប់របស់គេ រួចក៏សួរនាង។
"មកធ្វើអី?"
"គឺ...ខ្ញុំមកលាងរបួសឱ្យលោក" ត្រូវហើយគេមានរបួស បើនាងមោនប្រាប់គេប្រហែលជាភ្លេចបាត់ទៅហើយ។ ហេស៊ុង ស្ងាត់បន្ដិច គេមើលនាងតូចពីលើចុះក្រោម ពីក្រោមឡើងលើដោយក្រសែភ្នែកពោរពេញដោយការសង្កេត គេស្រាប់តែញញឹមចុងមាត់ហាក់ដូចជាមានគំនិតអ្វីម្យ៉ាងដែលកំពុងផុសឡើងក្នុងគំនិតរបស់គេ ខណៈនោះគេក៏បើកផ្លូវ យល់ព្រមឱ្យនាងតូចចូលទៅក្នុងបន្ទប់របស់គេយ៉ាងងាយស្រួល មិនដូចជារាល់លើកទាល់តែសោះ ដែលតែងតែបដិសេធ ហើយទាញទ្វារបិទខ្លាំងៗដាក់នាង។
ហាន់ណា មានអារម្មណ៍ថាចម្លែកចិត្តបន្ដិចដែរ តែនាងក៏លុបចោលគំនិតមិនល្អទាំងអស់ចោលទៅវិញ ហើយដើរចូលទៅខាងក្នុងដោយមិនគិតអ្វីច្រើន។

Sabrinawriter_

ហាមស្រលាញ់អ្នកណាក្រៅពីបងWhere stories live. Discover now