ភាគទី ០៣
"ផាច់..." មុខសង្ហាៗត្រូវបានងាកទៅម្ខាងដោយស្វ័យប្រវត្តិតាមដោយកម្លាំងបាតដៃតូចៗដែលទះទៅមុននោះ តែវាក៏សមល្មមអាចឱ្យគេស្ពឹកមុខមួយចំហៀងបាន។
"លោកនិយាយជ្រុលពេកហើយ..." ហាន់ណា លាក់ដៃញ័រទទ្រើកដែលប្រើទះគេមុននោះទៅក្រោយខ្នង នាងមិនបានតាំងចិត្តទះគេទេ តែពាក្យសម្ដីដែលគេនិយាយដាក់នាងវាជ្រុលហួសហេតុខ្លាំងពេករហូតធ្វើឱ្យនាងទ្រាំមិនបាន។
"គីមហាន់ណា..." ហេស៊ុង សង្គ្រឺតធ្មេញក្រតៗហៅឈ្មោះនាងតូចដោយសំឡេងគួរឱ្យខ្លាច គេងើបមុខមកវិញយឺតៗ ប្រើអណ្ដាតទល់ថ្ពាល់ដែលកំពុងបញ្ចេញកម្ដៅ ក្ដៅភាយៗនោះទាំងកំហឹងឆេះឆួល ខណៈដែលថ្ពាល់ក៏ចាប់ផ្ដើមឡើងក្រហមរងាលចេញជាស្នាមម្រាមដៃទាំងប្រាំឡើងមកយ៉ាងច្បាស់ក្រឡែត។
"ចេញទៅ..." ភាពឈឺចាប់វាយលុកពេញផ្លូវអារម្មណ៍ ពេលនេះ ហាន់ណា លែងខ្វល់ហើយថាពេលនេះគេខឹងនាងខ្លាំងប៉ុណ្ណា។ នាងតូចប្រើកម្លាំងដែលមានទាំងអស់ ច្រានរាងកាយអ្នកម្ខាងទៀតឱ្យចេញឆ្ងាយពីខ្លួន នាងនឹងចាកចេញពីទីនេះ នាងមិនស៊ូទ្រាំនៅបន្ដឱ្យគេនិយាយមើលងាយតាមតែចិត្តចង់ឡើយ។
"ចង់រត់?" គិតឬថាទះគេហើយ នាងអាចចេញទៅបានយ៉ាងងាយស្រួលមែនទេ? ហេស៊ុង ចាប់កញ្ឆក់ដើមដៃនាងតូច ទាញនាងត្រឡប់ក្រោយ បន្ទាប់មកគេក៏ច្រាននាងទៅបុកនិងជញ្ជាំងត្រង់កន្លែងដដែលនោះម្ដងទៀត។ គេខឹងខ្លាំងណាស់ ខឹងសឹងតែហ៊ុយផ្សែងចេញមកតាមត្រចៀកទៅហើយ នាងក្លាហានខ្លាំងណាស់ដែលហ៊ានលើកដៃទះគេដោយមិនខ្លាចញញើត ជាមួយភាពក្លាហានមួយនេះគេនឹងឱ្យនាងស្គាល់អ្វីទៅហៅថា ស្ដាយក្រោយ។
ហាន់ណា ដឹងថាខ្លួនបានត្រឡប់មកត្រង់កន្លែងដដែលវិញ នៅពេលដែលផែនខ្នងតូចៗរបស់នាងប៉ះទៅនិងភាពត្រជាក់ស្រេបនៃជញ្ជាំងក្រាស់ខ្មឹក ដែលមានសភាពគ្រាតគ្រើម។ នាងលេបទឹកមាត់ឮសូរក្លឹក ផ្សើមបំពងកដែលស្ងួតហួងហែង ភាពក្លាហានដែលមានមុននេះក៏បានរលាយបាត់អស់ ជំនួសមកនូវអារម្មណ៍ភ័យខ្លាចដែលកំពុងកើនឡើងយ៉ាងច្រើនលើសលប់ក្នុងសោតវិញ្ញាណរបស់នាង កាលបើអ្នកម្ខាងទៀតចាប់ផ្ដើមចូលមកជិតនាងកាន់តែកៀកទៅៗ ខណៈដែលនាងព្យាយាមថយគេចស្ទើរតែលេចខ្លួនចូលទៅក្នុងជញ្ជាំងទៅហើយ។
"ចង់រត់ទៅណា ក្រែងនាងក្លាហានណាស់មិនអ៊ីចឹង?" ហាន់ណា ងាកខ្លួនបម្រុងនឹងរត់គេចម្ដងទៀត តែមិនបានសម្រេច ព្រោះ ហេស៊ុង តាមទាន់គំនិត ទើបរហ័សលើកដៃដែលពោរពេញទៅដោយសាច់ដុំហាន់ណែនរបស់គេ ច្រត់ទៅលើជញ្ជាំងឃាំងរាងកាយនាងជាប់មិនឱ្យមានផ្លូវរត់គេចចេញទៅណាបាន។
"ចង់ធ្វើអី... ចេញឱ្យឆ្ងាយទៅ" ហាន់ណា មិនទម្លាក់ក្នុងការនៅកៀកជិតនិងនរណាម្នាក់ខ្លាំងដល់ថ្នាក់នេះឡើយ អារម្មណ៍ភ័យខ្លាចរួមផ្សំនិងភាពអៀនខ្មាស់ធ្វើឱ្យថ្ពាល់និងស្បែកម៉ត់រលោងរបស់នាងឡើងក្រហមរងាល ទោះស្ថិតក្នុងទីងងឹតក៏អាចឱ្យអ្នកម្ខាងទៀតមើលឃើញពីសភាពរបស់វាបានយ៉ាងច្បាស់ ហើយគេក៏ញោចចុងមាត់សើចចំអកចំពោះនាង។
"ហេតុអីខ្ញុំត្រូវចេញទាំងដែលនេះជាសិទ្ធរបស់ខ្ញុំ? ត្រង់អាម្នាក់នោះសម្បត្តិត្រឹមជាប្រុសកំណាន់ថោកទាបម្នាក់របស់នាង នាងអនុញ្ញាតឱ្យវាឱបថើបបានតាមតែអំពើចិត្ត មិនស្រែកតវ៉ាសូម្បីមួយម៉ាត់ ចំណែកខ្ញុំជាគូរដណ្ដឹងពេញច្បាប់ ត្រឹមឈរក្បែរនាងចម្ងាយប៉ុននេះ នាងក៏ធ្វើជាកំណាញ់ខ្លួន វាយឫក ធ្វើដូចខ្លួនឯងជាមនុស្សស្រីដែលស្អាតស្អំ មិនដឹងអ្វីសោះ ទាំងដែលការពិតនាងគ្រាន់តែចង់ទាក់ទាញចំណាប់អារម្មណ៍ មាត់ស្រែកដេញខ្ញុំឱ្យចេញ ទាំងដែលក្នុងចិត្តកំពុងគិតស្រមៃដល់ពេលស្រាតខោអាវបាត់ទៅហើយ"
"លីហេស៊ុង...ផាច់ៗ" ម្ដងនេះមិនមែនមួយកំភ្លៀង តែនាងទះគេពីរកំភ្លៀងផ្ទួនគ្នា ធ្វើឱ្យមុខរបស់គេត្រូវងាកទៅម្ខាងសារជាថ្មី ស្នាមចាស់មិនទាន់រលប់នាងក៏បន្ថែមស្នាមថ្មីឱ្យគេ ហើយម្ដងនេះវាកាន់តែច្បាស់ខ្លាំងជាងលើកមុន។
"ប្រុសម្នាក់នោះមិនមែនជាប្រុសកំណាន់របស់ខ្ញុំ ហើយខ្ញុំក៏មិនបានអនុញ្ញាតឱ្យគេធ្វើអ្វីមកលើខ្ញុំតាមតែចិត្តដូចជាពាក្យដែលលោកចោតប្រកាន់ដែរ..." ទោះនាងមិនចង់យំនៅចំពោះមុខមនុស្សប្រុសគ្មានចិត្តថ្លើមម្នាក់នេះ តែអារម្មណ៍ដែលអួលណែន តែនតាប់ ថប់ក្នុងទ្រូងបាននាំយកទឹកភ្នែករបស់នាងឱ្យស្រក់ចុះមកយ៉ាងងាយ។ ហាន់ណា យល់ថានាងមិនគួរហត់ចំណាយពេលបកស្រាយវែងឆ្ងាយយ៉ាងនេះឱ្យគេស្ដាប់ឡើយ ព្រោះដឹងស្រាប់ហើយថាគេគ្មានថ្ងៃជឿសម្ដីរបស់នាង តែនាងចាំបាច់ត្រូវតែនិយាយឱ្យគេដឹងខ្លះ ក្រែងគេអាចគិតឃើញ ហើយមានអារម្មណ៍ថាខុសចំពោះនាងបន្ដិចបន្ដួចក៏នាងអស់ចិត្ត។ ហាន់ណា ប្រើខ្នងដៃជូតទឹកភ្នែកចេញពីថ្ពាល់ខ្លាំងៗរហូតដល់ស្ងួតអស់ នាងព្យាយាមទប់សំឡេងកុំឱ្យញ័រខ្លាំងពេកមុននឹងនិយាយបន្ដ "...ហើយខ្ញុំក៏មិនបានមានគំនិត គិតអ្វីដូចដែលលោកបានចោទប្រកាន់ដែរ ដូច្នេះហើយសូមកុំមានអំនួតលើខ្លួនឯងខ្លាំងពេក លីហេស៊ុង"
"ពិតមែនហ្អេ៎?" ហេស៊ុង ត្រូវនាងតូចទះឡើងឈាមមាត់ គេប្រើមេដៃវាសឈាមដែលជ្រាបចេញមករឹមៗត្រង់មុខរបួសនៅលើគែមមាត់របស់គេចេញ។ គេចំអកឱ្យសម្ដីរបស់នាងតូច បន្ទាប់មកក៏យកឈាមដែលប្រលាក់ជាប់នៅលើដៃរបស់គេនោះទៅជូតលើបបូរមាត់របស់នាងតូច។ ក្លិនឆ្អាបឈាមសាយភាយចូលច្រមុះរបស់ ហាន់ណា ពេលនោះហើយដែលនាងបានដឹងថាសំណើមដែលជាប់ដៃ ហេស៊ុង ហើយកំពុងប្រឡាក់លើមាត់នាងគឺជាឈាម។ ហាន់ណា លើកដៃបម្រុងនឹងជូតឈាមដែលប្រឡាក់នៅលើបបូរមាត់ចេញតែ ហេស៊ុង ចាប់ដៃនាងជាប់ មិនឱ្យជូតវាចេញឡើយ ខណៈនោះគេក៏ចាប់ផ្អោបដៃនាងទាំងទ្វេ លើកឡើងខ្ពស់ រុញផ្ទប់ទៅនិងជញ្ជាំងផុតក្បាលរបស់នាងដោយប្រើត្រឹមដៃម្ខាងរបស់គេប៉ុណ្ណោះ។ ហាន់ណា ជ្រួញចិញ្ចើមមិនយល់ពីទង្វើរបស់គេ ឥរិយាបទរបស់គេពេលនេះធ្វើឱ្យនាងភ័យខ្លាំងណាស់ ជើងរបស់នាងញ័រស្ទើតែអស់លំនឹងទៅហើយ។Sabrinawriter_