ថ្ងៃបន្ទាប់
នៅឯស្ថាប័នការងារឯណោះវិញ ថេយ៉ុង នៅតែបន្តមកបម្រើការងាររៀងរាល់ថ្ងៃហើយក៏តែងតែមើលថែកូនតូចៗនឹងយកពួកគេទៅតាមខ្លួនជារឿយៗដែរ ទោះបីជាមមាញឹកខ្លាំងប៉ុណ្ណាក៏មិនដែលបំភ្លេចតួនាទីជាឪពុកផ្តល់ក្តីស្រលាញ់ដល់កូនៗដែរ។
«ថេយ៍ ថ្ងៃនេះយើងមានកម្មវិធីតម្រូវឱ្យទៅចូលរួម ថេយ៍ ត្រូវទៅទីនោះជាមួយនឹងលោក ជុង ណាព្រោះថាបើបានត្រសងគ្នាទៅជាគូអាចនឹងមានការចាប់អារម្មណ៍ច្រើន ម្យ៉ាងវិញទៀត ថេយ៍ ក៏កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងជាងមុនដោយសារតែពេលនេះ ព័ត៌មានគ្រប់ច្រកល្ហក់ចុះពី ថេយ៍ សឹងតែគ្មានការចុះផ្សាយអ្វីបន្តិចណានោះទេ!» សម្តីរបស់ ហ្វេចទ័រ ធ្វើឱ្យ ថេយ៉ុង ដឹងខ្លួនថាគេមិនសូវខ្វាយខ្វល់ឬរវីរវល់ពីការងារជាអ្នកសិល្បៈអស់រយៈពេលជាយូរគួរសមមកហើយ។ ទើបបានជាខ្លួនមិនសូវទទួលបានការចាប់អារម្មណ៍ ទោះបីជាគេអាចមកស្ថាប័នត្រឹមតែកន្លែងការងារញឹកញាប់ពិតមែន ប៉ុន្តែគេបានចូលរួមក្នុងកម្មវិធីជាអ្នកសិល្បៈបានតិចតួចខ្លាំងណាស់។
«មិនអីទេ ហ្វេចទ័រ ខ្ញុំច្បាស់ជាគិតគូររឿងការងារនេះវិញហើយ!»
«ខ្ញុំគ្រាន់តែចង់ប្រមែប្រមូលការងារមកឱ្យ ថេយ៍ ធ្វើឱ្យបានច្រើនព្រោះខ្ញុំចង់ឱ្យស្ថាប័នការងារមួយនេះឈរជើងបានយូរមិនមានបញ្ហាតទៅថ្ងៃមុខទៀត» ថេយ៉ុង ងាកមកសម្លឹងមើលផ្ទៃមុខ ហ្វេចទ័រ ដោយងក់ក្បាលសន្សឹមៗ តាមពិតកន្លងមក ហ្វេចទ័រ និង ជេស បានជួយជ្រោមជ្រែងការងាររបស់គេបានច្រើនណាស់។ មិនថាគេមានបញ្ហាធំឈានដល់ការរកាំរកូសខ្លាំងប៉ុណ្ណាក៏ ហ្វេចទ័រ នៅតែបន្តជួយគេឱ្យបានចប់ចុងចប់ដើមដែរ។
«អរគុណច្រើនណាស់ ដែលហ្វេចទ័របានជួយខ្ញុំ តទៅនេះខ្ញុំលែងធ្វើឱ្យហ្វេចទ័រពិបាកទៀតហើយ!»
«ថេយ៍..ថេយ៍មានបានធ្វើអ្វីឱ្យខ្ញុំពិបាកឯណា? នេះជាការងារ ខ្ញុំធ្វើការងារទៅតាមតួនាទីសព្វថ្ងៃនេះ ខ្ញុំអាចរកប្រាក់ចំណូលបានក៏ដោយសារតែស្ថាប័នរបស់ ថេយ៍ ដូចគ្នា..កុំនិយាយដូច្នេះអី» ហ្វេចទ័រ ប្រកែកយ៉ាងរហ័សមិនទទួលយកសម្តីដែល ថេយ៉ុង បានរៀបរាប់អម្បាញ់មិញនោះទេ ប្រសិនបើគ្មានការទទួលយកការស្នើសុំពាក្យចូលធ្វើការពី ថេយ៉ុង ទេមិនដឹងថា ហ្វេចទ័រ មិនដឹងអាចរត់ទៅពឹងពាក់ឬជ្រកកោនក្រោមដំបូលការងារមួយណាបានកក់ក្តៅដូចនៅទីនេះឡើយ។
«ប៉ុន្តែបើគ្មានហ្វេចទ័រទេ ខ្ញុំក៏មិនអាចមានថ្ងៃនេះដែរ ព្រោះ ហ្វេចទ័រ និង ជេស គឺជា Agency ដ៏ល្អរបស់ខ្ញុំណា..»
«ឃើញ ថេយ៍ នឿយហត់ណាស់កន្លងមក ពេលចាប់ផ្តើមមានតែរឿងរកាំរកូសមិនចេះចប់មិនចេះហើយ ទើបបានជាពួកខ្ញុំខ្នះខ្នែងធ្វើការឱ្យបានយ៉ាងល្អ ថេយ៍ កុំគិតច្រើនអី តោះ..ទៅរើសមើលឈុតត្រូវចូលរួមកម្មវិធី!»
«ហ្អឹម!»