ចំណែកឯរឿងមានផ្ទៃពោះកាលដើមឡើយ ពេលដែលជ្រុលជ្រួសជាមួយនឹង ជុងហ្គុក រួច ណាណា ខំព្យាយាមកុហកគ្រប់គ្នាថានាងមានផ្ទៃពោះ ព្រោះតែចង់ចាប់ ជុងហ្គុក ឱ្យជាប់។ យ៉ាងណាក៏សម្លឹងមើលឃើញថាគេជាកូនអ្នកមានមុខមាត់ហើយសង្ហាទៀត បើនាងអាចចាប់គេជាប់ក្នុងកណ្តាប់ដៃបានយកកូនចងជើងនាយបាននោះជីវិតនាងប្រាកដជាអាចរស់ស្រួលបានហើយ។ ភ្លាមៗពេកនាងមិនអាចពិនិត្យមើលដឹងថាខ្លួនឯងអាចមានកូននោះទេ ប៉ុន្តែពេលដែលនាងបានមករស់នៅទីនេះអស់រយៈពេលជាងជិតមួយសប្តាហ៍មក។ អាការៈចាញ់កូនតែងតែផ្តល់ភាពវិបាកឱ្យនាងក្នុងការរស់នៅប្រចាំថ្ងៃ។ ទើបនាងដាច់ចិត្តពិនិត្យមើលម្តងទៀតក៏ឃើញថានាងមានកូនជាមួយគេបានសម្រេចពិតមែន។ តែកាលដែលនាងចាប់ផ្តើមមានអារម្មណ៍ មានកូនជាលើកដំបូង អារម្មណ៍ក្លាយទៅជាម្តាយគេ ទើបនាងយល់ថាអាណិតស្រលាញ់កូន ហើយក៏មិនចង់ឱ្យកូនកើតមកកំព្រាឪពុក បើទោះបីគេស្រលាញ់ឬមិនស្រលាញ់នាងក៏ដោយសូមឱ្យតែកូនបានស្គាល់មុខឪពុកខ្លះក៏យល់ថានាងមិនមែនជាម្តាយដែលមានចិត្តខ្មៅអប្រិយចំពោះកូនដែរ។
«មិនកើតទេបងប្រញាប់ទៅពេទ្យនឹងអាលបានព្យាបាល បើបងមិនគិតខ្ញុំ បងគិតដល់កូនបងក៏បានគេត្រូវការបង ចង់ឃើញមុខឪពុកខ្លាំងណាស់ បងកុំរុញរាបន្តបែបនេះអី ខ្ញុំសូមអង្វរបងផងទៅចុះណា!» ណាណា ក្រសោបចាប់អង្រួនដើមដៃ ជុងហ្គុក ដែលដេកស្តូកស្តឹង មិនព្រមមាត់.កចូលនាងវិញទេ។ រឹតតែធ្វើឱ្យនាងភ័យស្លន់ស្លោរលើសដើមទើបប្រញាប់ប្រញាល់រត់ចូលទៅបើកទូរថ្នាំ វែករកមើលកំប៉ុងថ្នាំដែលគេតែងឧស្សាហ៍លេបជាប្រចាំថ្ងៃនោះតែចៃដន្យវាក៏បានអស់ថ្នាំគ្រាប់គ្មានសល់ទៅហើយ។
«ចង្រៃយ៍!» ណាណា ឆ្លេឆ្លាស្រវេស្រវាទាញទូរស័ព្ទមកចុចរាវរកលេខ ស្ទេវីន នៅពេលដែលរកឃើញហើយទើបនាងប្រញាប់ប្រញាល់ខលទៅភ្លាមៗ។
«ហេឡូ! ស្ទេវីន..លោកជួយមកនាំយក ជុងហ្គុក ទៅកាន់មន្ទីពេទ្យបន្តិចទៅ គាត់មានអាការៈធ្ងន់ធ្ងរខ្លាំងណាស់នៅថ្ងៃនេះ!»
(បា-បាទ)
«ឱ្យឆាប់ឡើងណា!»
(ខ្ញុំនឹងប្រញាប់ទៅភ្លាម!)
«តោះបង..ទៅកាន់មន្ទីពេទ្យ!» ណាណា ជួយចាប់គ្រាហ៍រាងកាយ ជុងហ្គុក ឡើង ខួរក្បាលគេឈឺស្ពឹកឡើងសូម្បីតែត្រចៀកក៏ស្តាប់មិនសូវឮដែរ។ នាងបណ្តើរគេដើរចេញទៅខាងក្រៅភ្លាមៗ មុខមាត់របស់គេស្លេកស្លាំងប្លែកយកតែមែនទេន តែដោយសារតែគ្រប់គ្នាកំពុងតែរវល់ សឹងតែគ្មាននរណាម្នាក់ យកខ្សែភ្នែកតាមសម្លឹងមើលអើពើអំពីអាការៈរបស់គេនោះឡើយណាមួយយប់ព្រលប់ខ្លាំងទៀតផង។
«សុំទឹកដោះគោស្រស់មួយកែវមកអ៊ំ!» ស៊ូហ្គា បែរទៅនិយាយនឹងស្ត្រីចំណាស់ក្នុងផ្ទះបាយ រួចបែរក្រឡេកទៅសម្លឹងមើលឃើញ ណាណា ឱបគ្រាហ៍ ជុងហ្គុក ដើរចេញទៅរកឡាន នឹកស្មានថាពួកគេល្អូកល្អឺន ស្រលាញ់គ្នាណាស់ណា ព្រោះឃើញតែឱបក្រសោបគ្នាស្អិតណែនខ្វិត មិនដឹងថា ជុងហ្គុក ធ្វើទុក្ខមានបញ្ហាជំងឺខ្លាំងយ៉ាងណានោះទេ។ ប៉ុន្តែកែវភ្នែករបស់គេបែរជាសម្លឹងរកមើលប្រទះឃើញថាវត្តមាន ស្ទេវីន ឆ្លេឆ្លាសម្បើមណាស់ចេញមកបើកទ្វារឡានហើយជួយគ្រាហ៍ ជុងហ្គុក ឱ្យឡើងទៅអង្គុយខាងក្នុងឡានទៀត។
«ស្អីវា?» នាយចងចិញ្ចើមឡើងបែបងឿងឆ្ងល់។
«អ្នកប្រុសទឹកដោះគោស្រស់បានហើយចាស!»
«បាទ-អរគុណអ៊ំ!» ស៊ូហ្គា ងាកមកចាប់យកកែវទឹកដោះគោរួចក្រឡេកទៅសម្លឹងមើលរថយន្តទំនើបមួយគ្រឿងដែលទើបនឹងចាប់បរចេញទៅលឿនស្លេវ។
«ទៅណាយប់ព្រលប់ហើយ?» នាយកាន់តែសង្ស័យ តែគំនិតមួយទៀតបែរជាលោតផុសឡើងក្នុងខួរក្បាលគេ។
«មិននៅការបងទេដឹង?» នាយនិយាយតិចៗ។
«អ៊ំគិតថាគាត់ប្រហែលជានាំអ្នកនាង ណាណា ទៅពិនិត្យមើលសុខភាព ព្រោះឮថាគាត់ឧស្សាហ៍ក្អួតចង្អោរអាការៈចាញ់កូនធ្វើទុក្ខបុកម្នេញខ្លាំងពេក!» ស៊ូហ្គា ស្តាប់ប្រសាសន៍ស្ត្រីចំណាស់ចប់ក៏ងក់ក្បាលយល់ស្របនឹងគំនិតរបស់គាត់ដែរ ម្យ៉ាងវិញទៀតភ្លេចគិតថា ណាណា កំពុងតែមានផ្ទៃពោះ មិនបានគិតថា ជុងហ្គុក ឈឺធ្ងន់ធ្ងរអីទេ ព្រោះខាននិយាយជាមួយគ្នាយូរថ្ងៃមកហើយ ពេលខ្លះដើរចួបមុខគ្នាសឹងតែមិនមើលមុខគ្នាទៀតផង។