"អាប់ប៉ាម៉ោល្មម នោះ" វីកេន៍ចង្អុលទៅកាន់របង ឃើញឡានខ្មៅមួយនឹងស្គាល់ដល់មុខម្ចាស់។
"ជាម្ចាស់បំណុលឬយ៉ាងម៉េចនៀក"
"ជាអាប់ប៉ាអូនតើស៎" ឮម៉ែសួរហើយ អាកេន៍ឆ្លើយភ្លាម ចម្លើយបែបជឿជាក់តែម្ដង។
"គេឲ្យលុយហ្អែងម៉ានបានជឿជាក់ម្លឹងៗ" មួយម៉ាត់ប៉ា ពីរម៉ាត់ប៉ា ត្រង់គេបង្រៀនឲ្យហៅប៉ា មិនដែលឮអាកេន៍ហៅទេក្រៅពីពាក្យម៉ាមី ឥលូវត្រូវប្រុសមិនស្គាល់មុខ បង្រៀនតែម្ដងហៅឡើងជាប់មាត់ សង្ស័យតែទឹកលុយដល់។
"ឲ្យឆើនហាស៎" ស្របនឹងសម្ដីក្មេង ម្ចាស់រាងសង្ហាដើរចូលមកទាំងគ្មានអ្នកណាអញ្ជើញ នៅក្នុងដៃមានថង់យួរមួយ ថេហ៍នឹកគិតថាទិញអ្វីទៅតែប៉ុន្នឹង ហើយខំស្កាត់មកដើម្បីអីតែដល់ពេលមើលពីខាងក្រោយ ឃើញខលរិចដើរចូលមកជាមួយនឹងថង់ជាច្រើន។
"ទុកទីនេះហើយ" ធ្វើតាមបញ្ជារចៅហ្វាយហើយ ខលរិចឱនគំនាបបន្តិចមុននឹងដើរចេញទៅវិញដោយមិនភ្លេចញញឹមដាក់ម្ចាស់ផ្ទះនិងក្មេងល្អិតជិតនេះដែរ។
"អ្នកណាហៅ" ម្ចាស់ផ្ទះសួរនាំបែបកំបុតៗ ចំពោះមនុស្សប្រុសម្នាក់នេះ មើលទៅគ្មានសុជីវធម៌ទាល់តែសោះ ចូលផ្ទះគេឯងតាមតែចិត្តចង់ ស៊យត្រង់ថេហ៍ភ្លេចចាក់សោររបងទៀត ព្រោះនឹកគិតថាមិនយូរបងស្រីក៏គង់តែមកវិញ។
"ចាំប្រពន្ធហៅប្រហែលគ្មានសង្ឃឹមទេ" គេមិនឆ្លើយ គ្រាន់តែដើរហួសទៅកាន់ផ្ទះបាយ ទុកថង់លើតុបានស្រួលបួលហើយ ដើរមកដោះអាវខ្វាហ្សេចេញទុកលើសាឡុងមួយឡែក សល់ត្រឹមអាវសឺមីពណ៌ស សឹមមូលដៃឡើងត្រឹមកែងដៃ។
"អ្នកណាប្រពន្ធលោក" មិនយល់ទេ ថាហេតុអីចាំបាច់មានអារម្មណ៍ចម្លែក ទឹកមុខក៏ក្រហមត្រឹមសម្ដីមនុស្សប្រុសទំនើងម្នាក់នឹង។
"ម៉ាក់អាកេន៍" មាត់ឆ្លើយតបសារ ឯនាយសង្ហាដើរមកជិតកូន រួចលាដៃត្រដាងឱបក្មេង នាយថើបសក់វីកេន៍មួយខ្សឺត។
"កូនញ៉ាំអីហើយឬនៅ?" របៀបដែលជុងហ្គុកសួរនាំ ហាក់ចង់បង្ហាញពីភាពជិតស្និតរវាងប៉ានិងកូន វាបីដូចជាថេហ្យុងបានទទួលយកនាយហើយយ៉ាងចឹង។