អំណាចស្នេហ៍ម៉ាហ្វៀ
ភាគទទី១៥+១៦
[ម៉ាក់ចុង]
«រ៉ូម៉ា! រ៉ូម៉ានៅទេ? បងដេហ្វណា?» ដេហ្វ ឈប់ម៉ូតូទំនើបជាទីស្រលាញ់ខ្លួនហើយ ក៏ចូលទៅគោះទ្វារ ស្រែកហៅរក រ៉ូម៉ាខ្លាំងៗ។
«បងដេហ្វ!» រ៉ូម៉ា ដែលកំពុងតែញ៉ាំមី សម្រាប់ចំអែតក្រពះជំនួសរយៈពេលជាច្រើនថ្ងៃ ដែលមិនបានញ៉ាំអ្វីក្រៅ តែពីការបញ្ជុកបំប៉នរឿងលើគ្រែនោះ គ្រាន់តែឮសំឡេងរបស់ បុរសដែលឈ្មោះដេហ្វ នាងតូចក៏សប្បាយចិត្តឡើងភ្លាម។ នាងស្ទុះទៅបើកទ្វារយ៉ាងប្រញាប់ ទើបមិនបានគិតដល់ សភាពរបស់ខ្លួនឯងនៅពេលនេះ។
«រ៉ូម៉ា...» កាយមាំមុខមាត់ស្រស់សង្ហារគ្រាន់តែឃើញសភាពរបស់ នារីដែលខ្លួនតែងតែសរសើរ ថាស្រស់ស្អាត់មករហូតភ្លាម គេក៏ភ្ងាក់ផ្អើលជាខ្លាំងគេហៅបានត្រឹមតែ ឈ្មោះ របស់នាង ហើយក៏ជាប់គាំង។
«បងដេហ្វ បង...បងចូលមកក្នុងសិនមក» នាងតូចអញ្ជើញភ្ងៀវទាំងមិនហ៊ានសម្លឹងមុខចំ ព្រោះតែនាងគឺ បានដឹងហើយថាសភាពខ្លួនឯងធ្វើឲ្យគេភ្ងាក់ផ្អើល។
«រ៉ូម៉ា...អូន...»
«ខ្ញុំ...» រ៉ូម៉ាក្ដាប់ដៃជាប់ឈ្ងោកមុខចុះ ស្របពេលដែលដេហ្វក៏បានតែមើលទៅនាង ដោយក្រសែភ្នែកអាណិត អាសូរ នឹងមើលជុំវិញបរិវេណ ផ្ទះតូចរបស់នាងរកភាព ខុសប្រក្រតីប៉ុណ្ណោះ។
«កំពុងតែញ៉ាំមីមែនទេ?» ដេហ្វ មើលទៅចានធំមួយដែលមានមីសរសៃធំ នៅកន្លះនៃចានទាំងមូល។
«ចាស...»
«នេះ...ចានធំដល់ថ្នាក់នេះមែនទេ រ៉ូម៉ា?» នាយកំលោះ សួរ ទាំងសើច។ គេព្យាយាមធ្វើឫកពា ឲ្យធម្មតា។
«គឺថា ខ្ញុំឃ្លានទើប...»
«បងមិនបានថាអីទេ រ៉ូម៉ាញ៉ាំចុះណា...» ដោយឃើញថា រ៉ូម៉ាខុសប្លែកទាំងរាងកាយ ខុសប្លែកទាំងពាក្យសម្ដី ទើបដេហ្វ ដើរចូលទៅជិតនឹងលើកដៃ វែកសក់របស់នាងតូចថ្នមៗ។ កាយវិការរបស់គេមានតែភាពលួងលោម រហូតរ៉ូម៉ា ទទួលបានអារម្មណ៍កក់ក្ដៅពេញបេះដូង។
«បងដេហ្វ ខ្ញុំ...ខ្ញុំអឹក...» សំឡេងរបស់នាងតូច ប្រែកាន់តែរដិបរដុប កាន់តែញ័រខ្លាំង ពេលដែលភ្នែកបានប្រសព្វជាមួយនិងភ្នែករបស់ដេហ្វ។
«រ៉ូម៉ាកើតអី? រ៉ូម៉ាប្រាប់បងបានទេ?»
«ខ្ញុំ...» ទីបំផុតនាងក៏មិនអាចនិយាយចេញពិតមែន។ នាងមិនដឹងគួរនិយាយរឿងគ្រប់យ៉ាង ប្រាប់មនុស្សប្រុស ដែលនាងតែងគោរពនិងពឹងពាក់មករហូតបែបណានោះទេ។ ទើបដេហ្វ ដែលឈរនៅចំពោះមុខទាញ នាងមកឱបយ៉ាងណែនមុននឹងបញ្ឈប់ចិត្តដែលស្ទាក់ស្ទើររបស់នាងដោយសំណួរ។
«រ៉ូម៉ាបងចង់ដឹងថាបុរសទាំងអស់នោះគេជាអ្នកណា? មើលទៅគេមិនមែនមនុស្សធម្មតានោះទេ ហើយហេតុអ្វី គេមកផ្ទះរបស់អូន?»
«បងជួបគេមែនទេ?» រ៉ូម៉ា សួរទាំងភ្ងាក់ផ្អើលនាងមិនចង់ឲ្យដេហ្វ បានជួបជាមួយនិង អាន់ដឺសាន់ នោះឡើយ។
«បងមិនបានឃើញពួកគេច្បាស់ទេ ពួកគេចូលឡានផុត បងឃើញត្រឹមពីចម្ងាយ និងឃើញបុរសឈុតខ្មៅ ដែលមើលទៅ ជាអង្គរក្សរបស់បុរស ដែលពាក់អាវស៊ីមីពណ៍ស ចូលឡានមុនតែប៉ុណ្ណោះ» ដេហ្វរៀបរាប់អ្វីដែលខ្លួនបានឃើញ ទើបរ៉ូម៉ានាងមានអារម្មណ៍ថាធូរទ្រូង។ យ៉ាងណាពួកគេក៏មិនបានប្រឈមមុខគ្នា។
«ល្អហើយ...បងកុំចង់ស្គាល់គេអី»
«តែអូនស្គាល់គេ! បងក៏ចង់ស្គាល់គេដែរ?» ដេហ្វនិយាយយ៉ាងដាច់ខាត ធ្វើឲ្យរ៉ូម៉ាភាំងបន្តិច។ នាងដកខ្លួនឆ្ងាយពីគេ ដើម្បីរក្សាគម្លាត ព្រោះសម្ដីដែលដេហ្វ ប្រើជាមួយនាង វាហាក់ខុសប្លែកពីមុន។
«បងចង់ស្គាល់គេដើម្បីអ្វី? គេមិនមែនមនុស្សល្អទេ ខ្ញុំមិនចង់ឲ្យបងបានស្គាល់គេឡើយ» នាងក៏តបវិញ ដាច់ខាតដូចគ្នារួមផ្សំទាំងការ ចង់រក្សាអាថ៌កំបាំង នាងក៏មិនចង់ឲ្យដេហ្វ បានស្គាល់មនុស្សអាក្រក់ដូច អាន់ដឺសាន់ ដែរព្រោះគេជាម៉ាហ្វៀ។
«គេមិនមែនមនុស្សល្អ! គេធ្វើអ្វីលើអូនមែនទេរ៉ូម៉ា? ឬស្នាមនៅលើក. របស់អូន ជាស្នាដៃរបស់គេដែរ?» ដេហ្វ បន្លឺប្រយោគបង្ហាញនូវភាពអស់សង្ឃឹម និងអារម្មណ៍ដែលខឹងសម្បារ បង្ហាញចេញមក ច្បាស់ៗចំពោះមុខរបស់រ៉ូម៉ា។
«ហេតុអ្វីមិនឆ្លើយ? ឬអូននិងគេបានធ្វើអ្វីផ្ដេសមែនទេ? អូនព្រមជាមួយវាមែនទេ ទើបមានសភាពមើលមិនយល់បែបនេះ?»
ផាច់!!!
ស្របសម្ដីដែលដេហ្វនិយាយចប់ រ៉ូម៉ាលើកដៃ ទះលើថ្ពាល់របស់ដេហ្វ មួយទំហឹងភ្លាម។ ព្រោះនាងឆ្អែតនិងសម្ដី របស់ដេហ្វខ្លាំងណាស់។
«ហេតុអ្វីបងនិយាយបែបនេះ?» នាងកំពុងខូចចិត្ត អារម្មណ៍នាង បេះដូងនាង កំពុងប្រេះបែកខ្ទីចខ្ទី ស្រាប់ទៅហើយ ហេតុអ្វីមកបន្ថែមឲ្យនាង កាន់តែគិតថាខ្លួនឯងគួរឲ្យសង្វែគបែបនេះទៀតទៅវិញ? មនុស្សប្រុសដែលស្រលាញ់ ចាំលើកទឹកចិត្តរបស់នាងរហូតមកនោះតើគេបាត់ទៅណាហើយ?
«រ៉ូម៉ាបងសុំទោស... បងគ្មានបំណង និយាយដាក់អូនបែបនោះទេ?» ដេហ្វ បែរជាមានអារម្មណ៍ ថាអួលណែនពេញបំពង់កភ្លាមពេលដឹងថាខ្លួនឯង ធ្លោយបញ្ចេញ នូវពាក្យសម្ដីមិនសមរម្យដាក់ រ៉ូម៉ា ធ្វើឲ្យនាងខឹង។
«បងទៅវិញចុះ»
«ម៉ាបងសុំទោស បងពិតជាបារម្ភពីអូនមែន»
«ខ្ញុំមិនអីទេ» រ៉ូម៉ាទប់ទឹកភ្នែក ដេញមនុស្សដែលនាងគោរពស្រលាញ់ទាំងឈឺចាប់។ នាងពិតជាមិនអាចទទួលយក ពាក្យសម្ដីរបស់ ដេហ្វ បានឡើយនៅពេលនេះ។
«បងនឹងមករកអូនម្ដងទៀត» ដេហ្វក្ដៅងំនៅក្នុងទ្រូង នាយកំលោះបោះសម្ដីទុកចោល មុននឹងចេញទៅឡើងម៉ូតូធំ របស់ខ្លួនបើកចេញទៅ ក្នុងល្បឿនលឿនបំផុត។ ខណៈដែល នាងតូចនៅក្នុងផ្ទះក៏បានតែលើកដៃឱបទ្រូងអង្គុយយំម្នាក់ឯង។
២ថ្ងៃកន្លងផុតទៅ...
ធ្វើដំណើរមកដល់អេស្ប៉ាញភ្លាម អាន់ដឺសាន់ ក៏បានចូលទៅរស់នៅភូមិគ្រឹះធំតែម្ដង ដោយបំណងគឺ គេមិនទៅណាឆ្ងាយ ក្រៅពីមកប្រឈមមុខជាមួយលោកប៉ា ហើយនិងអ្នកម៉ាក់ចុង នោះឡើយ។
«អ្នកប្រុសចាស ខ្ញុំសប្បាយចិត្តណាស់ ដែលអ្នកប្រុសបានត្រឡប់មកនៅភូមិគ្រឹះនេះវិញ» ស្រ្តីចំណាស់ ដែលមានងារជាអ្នកបម្រើបន្លឺឡើង ទើបមនុស្សដែលមុខមាំមកជាប់ពីរថ្ងៃមកហើយនោះ បែរទៅញញឹមស្ងួតដាក់គាត់បន្តិច។
«ខ្ញុំគ្រាន់តែ មិនចង់ទុកក្រុមហ៊ុនចោលតែប៉ុណ្ណោះ ព្រោះថាយ៉ាងហោចណាស់ វាក៏មានចំណែករបស់អ្នកម៉ាក់ដែរ ខ្ញុំគ្មានថ្ងៃឲ្យវាក្លាយជារបស់អ្នកណាផ្សងដាច់ខាត» ចុងប្រយោគ អាន់ដឺសាន់ និយាយដោយសំឡេងកាច ទើបអ្នកបម្រើទាំងអស់ បានដឹងថាមកលើកនេះ អ្នកប្រុសរបស់ខ្លួនមិនមែនមកល្អឡើយ តែវាជាការមកអុកឡុកលោកម្ចាស់ធំទៅវិញទេ។
«អ្នកប្រុស...» កំពុងសន្ទនាគ្នា ជាមួយស្រ្តីចំណាស់សុខៗហេតធឺរ៍ ក៏ចូលមកដល់ទើប អាន់ដឺសាន់ងក់ក្បាលជាមួយនិងកូនចៅបន្តិច មុននឹងដើរឡើងទៅជាន់ខាងលើ ដែលមាន ហេតធឺរ៍ដើរតាមពីក្រោយ។
«យ៉ាងម៉េចហើយ?»
«បាទចៅហ្វាយ នេះជារូបភាពទាំងអស់ក្នុងរយៈពេលពីរថ្ងៃរបស់នាង» ព្រោះតែមិនទាន់ចូលដល់ក្នុងបន្ទប់ ចៅហ្វាយក៏សួរឡើង ទើបហេតធឺរ៍ ត្រូវហុចរូបថតជាច្រើនសន្លឹកឲ្យទៅ ចៅហ្វាយភ្លាមៗនៅតាមផ្លូវ។
«ទៅវិញចុះ»
«តែចៅហ្វាយ» ហេតធឺរ៍ ហាក់មិនយល់ពីចៅហ្វាយឡើយមិនទាំងបានចូលដល់បន្ទប់ផង ក៏ដេញគេ ឲ្យត្រឡប់ទៅវិញទៅ
ហើយ។
«ឯងចូលមកធ្វើស្អី?» អាន់ដឺសាន់ បែរទៅតបកូនចៅវិញទាំងសំឡេងកាច តែខណៈនោះ ក៏បែរជាត្រូវងក់ក្បាលយល់ព្រមជំនួសវិញភ្លាមៗ ពេលកូនចៅនិយាយឡើង។
«គឺដើម្បី ប្រាប់ពីរូបភាពទាំងអស់នោះណាបាទ...ចៅហ្វាយមើលហើយនឹងមិនឆ្ងល់ថា...»
«បានហើយចូលមកធ្វើតួនាទីរបស់ឯងមក!»
«បាទ...» ហេតធឺរ៍ ក៏ចូលទៅក្នុងបន្ទប់តាមចៅហ្វាយ ដើម្បីបកស្រាយពីរូបភាពនីមួយៗ របស់មនុស្សស្រី ដែលនៅក្នុងរូបថត។ អាន់ដឺសាន់ មើលរូបថតជាច្រើនសន្លឹក របស់រ៉ូម៉ាយ៉ាងស្ងៀមស្ងាត់ ស្របពេលដែលត្រចៀកក៏ចាំស្ដាប់ ការរាយការណ៍របស់កូនចៅគ្រប់យ៉ាង។
«ចៅហ្វាយ ហើយរូបនេះជារូបចុងក្រោយ នៅព្រឹកម៉ោង៩នេះទេ... នាងបានទៅសាលាមតេយ្យមួយកន្លែង ជាមួយនិងបុរសម្នាក់នេះ គេមានឈ្មោះថា ដេហ្វហ្វេរេន កូនរបស់អ្នកជំនួញម្នាក់នៅក្នុងរុស្ស៊ី ទំនាក់ទំនងល្អលើសមិត្តតែថាមិនមែនសង្សាដែរទាន»
«លើសពីមិត្តមែនទេ?»
«បាទ...គេតែងតែតាមយកចិត្តនាងរហូត ដូចជាការជូនទៅណា មកណា! ពិសេសគឺមកយកទៅសាលារៀនទាន» ហេតធឺរ៍ប្រាប់គ្រប់យ៉ាងលំអិតដល់ចៅហ្វាយ ទាំងមានអារម្មណ៍ថាភ័យខ្លាចចៅហ្វាយនឹងស្រែកឡូឡា តែអ្វីដែលគេទទួលបាន គឺមានតែភាពស្ងប់ស្ងាត់ទៅវិញប៉ុណ្ណោះ។
«មើលទៅនាងមានក្ដីសុខគួរសម» គេចាប់យករូបថត ដែលកំលោះក្រមុំឈរទល់មុខគ្នា ហើយដេហ្វ ជាអ្នកដោះមួកសុវត្ថិភាពឲ្យនាង ដែលមើលទៅពួកគេហាក់រីករាយណាស់ ពិសេសនាងញញឹមស្រស់ដាក់ ដេហ្វ តែម្ដង។
«បាទចៅហ្វាយ មិនមែនបែបនោះទេ នាងហាក់ដូចជាមានបញ្ហាសតិអារម្មណ៍... ទៅសាលាមតេយ្យ ព្រោះប្រហែលជាចង់រំសាយអារម្មណ៍ ដោយការចង់ធ្វើអ្វីដែលខ្លួនឯងចូលចិត្ត ព្រោះនាងស្រលាញ់ក្មេង” នាយជំនិត ក៏រហ័សបកស្រាយភ្លាម គេមិនចង់ឲ្យចៅហ្វាយ យល់ខុសលើនាងនោះឡើយ។ អ្នកនៅទីនោះរាយការណ៍គ្រប់យ៉ាង ពួកគេក៏បានប្រាប់ដែរថា រ៉ូម៉ាហាក់កាន់តែ
ខុសប្រក្រតីកាន់តែខ្លាំង។
«តែយើង មើលមិនឃើញដូចឯងនិយាយទេ! មនុស្សមានបញ្ហា មិនមែនមានទឹកមុខបែបនេះទេ... យើងថាឯងត្រូវតែសិក្សាជំនាញមើលមនុស្សបន្ថែមហើយ»
«ចៅហ្វាយតែ...»
«បានហើយចេញទៅវិញចុះ! ហើយយករូបអាក្មេងនោះដុតចោលផង» គេនិយាយកាត់ មិនឲ្យហេតធឺរ៍ បាននិយាយចប់ឡើយ នឹងមិនភ្លេចបញ្ជាឲ្យកូនចៅ យករូបថតគូរវាង រ៉ូម៉ា ហើយនិងដេហ្វ ទៅដុតចោល។
ហេតធឺរ៍ ធ្វើតាមបញ្ជាគ្រប់យ៉ាង ព្រោះគេមិនបានឆ្ងល់អ្វីច្រើនឡើយ ហេតុផលនោះគឺ ចៅហ្វាយមានការមិនពេញចិត្ត ដែលដេហ្វទៅរវល់ជាមួយនិងរ៉ូម៉ា នោះហើយ។
