ផ្លូវទំនេរអីចឹងហើយ នៅផ្ដួលឡានបានទៀត...
ខ្ញុំបានលោតចុះពីលើឡានមុនវាដួល ហើយធ្លាក់មកលើតូបតូចមួយ បែកបាក់ខ្ទេចខ្ទីអស់។ ខ្ញុំងើបឡើង រត់ទៅរកឡានដែលដួលក្រឡាប់កាប់ផ្ងានោះ។ ផ្សែងហុយចេញយ៉ាងខ្មៅ ដែលបញ្ជាក់ថាឡាននេះត្រូវបានរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ។
ពួកវាមិនបាននាំគ្នាមកច្រើននោះទេ ប៉ុន្តែចំនួនបែបនេះក៏អាចធ្វើឱ្យនាងនោះស្លន់ស្លោរដែរ។ ខ្ញុំទាញកូនពូថៅដែលខ្ញុំសៀតជាប់ចង្កេះចេញមក ហើយគ្រវីត្រូវចំ ក តាចាស់ដែលនៅពីមុខខ្ញុំ។ ហក់ធាក់កាប់ផ្ដួលពួកវា ដែលនៅបាំងពីមុខខ្ញុំ។
ភឹងៗ ប្រាវ!
ផាវីនបំបែកកញ្ចក់ខាងមុខឡាន ហើយអូសខ្លួនរបស់នាងចេញមកក្រៅបានដោយខ្លួនឯង។
ផូងៗ!
នាងយកកាំភ្លើងហ្នឹងដៃ បាញ់ពួកណាដែលហ៊ានចូលមករកនាង និងដៃម្ខាងទៀត កាន់កាបូបស្ពាយតូចមួយ។ ខ្ញុំរត់ទៅជួយនាង ទាំងពីរអ្នកយើងបានចាកចេញពីផ្លូវ ហើយចូលទៅកាន់ច្រកតូចមួយ។
ពួកវាមកកាន់តែច្រើនទៅៗ ខ្លះនៅមានលក្ខណៈដូចទៅនឹងមនុស្ស ឯខ្លះទៀតមានស្បែកស រូបរាងគួរឱ្យខ្លាច។
ពួកយើងទាំងពីរនាំគ្នារត់ទៅចូលទៅកាន់ច្រកផ្លូវតូចមួយ។ ដៃម្ខាងរបស់ផាវីន ដែលមានកាន់កាំភ្លើង ឆ្លៀតកេះកៃបាញ់យ៉ាងគួរអយស្ងើចសរសើរ។ ពួកយើងរត់មកដល់ច្រកទាល់មួយ ដៃខ្ញុំមានកាន់កូនពូថៅមួយ ឯផាវីនវិញមានកូនកាំភ្លើងមួយ និងកាបូបតូចនៅនឹងស្មារបស់នាង...
ផូងៗ!
ផាវីនឈរក្រោយខ្ញុំកាន់កាំភ្លើងបាញ់ពួកវា ឯខ្ញុំដែលគ្មានប្រតិកម្មចំពោះបរាសិត នៅខាងមុខ កាន់ពូថៅវាយនឹងពួកវា។
ឈឹកៗ...
"អស់គ្រាប់ហើយ!" នាងស្រែកប្រាប់ខ្ញុំ !
"នៅពីក្រោយទៅ!" ខ្ញុំប្រាប់វិញ
ផូង!
ស្អីម៉្យាងបានផ្ទុះធ្វើឱ្យអគារតូចៗ និងផ្ទះនៅខាងមុខដួលចុះមក សង្កត់ពួកវា និងការពារពួកយើង។
"តោងខ្សែឡើងមក!" សំឡេងមនុស្សប្រុសម្នាក់និយាយមក នៅពេលដែលខ្សែពួរមួយបានសម្រូតខ្លួនចុះពីលើអគារនៅជិតពួកយើង។
ខ្ញុំតោងខ្សែពួរឡើងទៅមុន រួចឆែកមើលក្រែងលើដំបូលនេះមានគ្រោះថ្នាក់។ នៅខាងលើដំបូលនេះមានរុក្ខជាតិតូចៗនៅក្នុងផើងដែលគេបានទុកចោលអស់ជាយូរមកហៅ ក្រៅពីនេះមានតែច្រកទ្វារចុះក្រោមដែលបិទជិត និងរបស់របរតូចៗផ្សេងទៀត។
ផាវីនឡើងមកដល់ មានទឹកមុខសោកសៅ។
ខ្ញុំសួរដោយសោះកក្រោះ "...ថី?"។
"មានឃើញអាកូនឆ្កែទេ?" នាងពិបាកទប់ ទឹកភ្នែកមិនបាន។
ខ្ញុំដើរទៅរកនាង ហើយអង្អែលក្បាលនាងឱ្យបាត់យំ "ទៅៗ ឈប់យំទៅ អាក្អូននឹងវាទៅល្អហើយ"។ ខ្ញុំនិយាយលួងនាងតាមដែលខ្ញុំអាចធ្វើបាន ព្រោះខ្ញុំមិនចេះលួងមនុស្សទេ ហើយម្យ៉ាងទៀត ជីវិតយើងគឺសំខាន់ជាង។
"វាទៅបានសុខហើយ" ខ្ញុំលួងនាងម្តងទៀត តែលើកនេះ ខ្ញុំអោបនាងម្តង។ "ឈប់យំទៅ ឮអត់? វាផុតកម្មផុតពារអស់ហើយ!" ខ្ញុំខំប្រឹងនិយាយយ៉ាងវេទនា។
នាងងើយមកសម្លឹងមុខខ្ញុំ "ហិៗ ម៉េចយំអីចឹង?"។ ខ្ញុំបិទភ្នែកដោយអៀនខ្មាស មិនចង់ឃើញមុខរបស់នាងនិយាយចំអកខ្ញុំទេ។
នាងយកដៃមកជូតទឹកភ្នែករបស់ខ្ញុំ ហើយយកដៃទាំងគូនោះមកក្តោបថ្ពាល់របស់ខ្ញុំ "កាត់ចិត្តទៅ" នាងនិយាយជាសំឡេងតូចៗដូចកណ្តុរនោះ ធ្វើឱ្យខ្ញុំញញឹមបន្តិច។
ពួកយើងកំពុងតែឈរលួងលោមគ្នាទៅវិញទៅមក ស្រាប់តែមានសំឡេងបុរសម្នាក់បន្លឺឡើងពីក្រោយខ្នងខ្ញុំ រួមទាំងសំឡេងឆ្កែព្រុសផងដែរ។
វ៉ូសៗ!
"អាមួយនេះរបស់នាងមែនទេ?" ខ្ញុំឮសំឡេងបុរសចម្លែកនោះម្តងទៀត។
ផាវីនស្ទុះចេញពីដៃរបស់ខ្ញុំយ៉ាងលឿន ហើយរត់ទៅទទួលយក Io ខ្លួនប្រឡាក់ទៅដោយធូលីដី!
ខ្ញុំមើលនាងញញឹម ហើយដើរទៅកាន់បុរសដែលស្លៀកសំលៀកបំពាក់ក្រាស់ៗ និងឃ្លុំមុខជាមួយកន្សែង។
"អរគុណ" ខ្ញុំនិយាយនៅពីមុខបុរសនោះ។
"មិនអីទេ គ្នាឯង" គេបក់ដៃចេញ។
"ខ្ញុំខេអស" ខ្ញុំណែនាំខ្លួនទៅកាន់បុរសចម្លែកនេះ!
គេដោះកន្សែងឃ្លុំមុខនោះចេញ បង្ហាញមុខរបស់គេដែលមានសរសៃពណ៌ស្វាយរត់ចេញមកពីដើមករបស់គេ មកថ្ពាល់ខាងស្តាំរបស់គេយ៉ាងច្បាស់។
"ខ្ញុំឈ្មោះ វាសនា"។
YOU ARE READING
បរ1សិត
General FictionJune. 2019 #1 in Khmer April. 2020 #1 in sciencefiction ; បរាសិត គឹសំដៅលើភាវៈរស់ដែលពឹងផ្អែកលើគេ ព្រមទាំងផ្តក់ផលប៉ះពាល់ឱ្យគេបន្ថែម។ កម្រងរឿងបរាសិត គឺជាអក្សរសីល្ប៍បែបវិទ្យាសាស្រ្តប្រឌិត ដែលរៀបរាប់អំពីជីវភាពរស់នៅរបស់តួអង្គនីមួយៗ មុននិងក្រោយការដួលរលំរប...