ភាគទី ២: លោកប៉ាស្លាប់ហើយ!

177 3 0
                                    

"លោកប៉ា!" ប្រអប់ដៃស្រឡូនរហ័ស អង្រួនរាងកាយចំណាស់តិចៗ ទឹកភ្នែកចាប់ផ្តើមហូរចុះមក ដូចទឹកបាក់ទំនប់។ ខ្លួនរបស់នាងប្រែជាញ័រទទ្រើក ដោយម្រាមដៃបន្លា ក្រូចរហ័សរំកិល ចុងម្រាមដៃរបស់ខ្លួន ឲ្យទៅកៀកនឹងច្រមុះរបស់ បុរសចំណាស់ដែលកំពុងតែ គេងបិទភ្នែកនៅលើគ្រែ ស្ងៀមមិនកម្រើកខ្លួន សូម្បីតែបន្តិច។
"ហឹក លោកប៉ា ហឹកៗ" គ្រាន់តែម្រាមដៃតូចប៉ះទៅនឹកចុងច្រមុះរបស់ប្រមុខ ហ្វីសតុន ឃើញថារាងចំណាស់ បានផុតដង្ហើមបាត់ទៅហើយនោះ យូតា ស្រាប់តែយំយកៗ លែងខ្មាសអ្នកណាទៀត រាងកាយស្តើងចូលទៅឱបឪពុកធម៌ ជាប់ទាំងទឹកភ្នែកហូរមករហាម។ ម៉ាដាម ហ្វីសតុន យកដៃខ្ទប់ទ្រូងរបស់នាងពេលនេះ ដែលកំពុងតែមានអារម្មណ៍ថាថប់ៗ ដង្ហក់ៗ ព្រោះតែយំខ្លាំងពេក។
"ម៉ាក់!" យូតា រហ័សចូលទៅជួយទប់ រាងកាយខ្សោះឥតកម្លាំងរបស់ស្ត្រីចំណាស់ ជាប់មុននឹងនាំនាងទៅអង្គុយនៅលើសាឡុង ក្បែរគ្រែគេងដ៏ធំនោះ។ កែវភ្នែកតូច ចេះតែចោលទៅសម្លឹង រាងចំណាស់ដែលដាច់ខ្យល់ស្លាប់មុននេះ ទាំងអារម្មណ៍ឈឺពេញក្នុងទ្រូង។ វាលឿនពេកហើយសម្រាប់នាង និងគ្រប់គ្នា នាងទទួលយកមិនបាននោះទេ។
"យូតា ឆាប់ខលហៅប្រុសធំ និងស្រីពៅ ឲ្យត្រលប់មកផ្ទះវិញមក" ម៉ាដាម ហ្វីសតុន ទាញប្រេងខ្យល់យកមកដាក់ក្បែរចុងច្រមុះរបស់នាង មុននឹងស្រូបក្លិនប្រេងខ្យល់នោះ ឲ្យចូលពេញសួតរបស់នាង ទាំងទឹកភ្នែកហូរមកមិនទាន់បាត់នៅឡើយ ស្របពេលដែលនាងតូច យោងខ្លួនឯងឲ្យងើបឈរ មុននឹងដើរទៅយកទូរស័ព្ទចុចខលទៅ លេរ៉ា មុនគេ។
[អាឡូ! មានការស្អី?] សម្លេងស្រួយនិយាយស្តីកំបុតៗរបស់អ្នកម្ខាងទៀត ហាក់ដូចជាកំពុងតែមិនពេញចិត្តនូវការតេទៅរបស់នាង។ យូតា ស៊ាំនឹងចរិតរបស់ លេរ៉ា តាំងពីដើមមកទៅហើយ ព្រោះនៅក្នុងផ្ទះនេះ មានមនុស្សពីរនាក់ដែល តែងតែមិនពេញចិត្ត នូវវត្តមានរបស់នាងគឺ លេរ៉ា ប្អូនស្រីចិញ្ចឹមរបស់នាង និងជាប្អូនស្រីបង្កើតរបស់ ឡូហ្កេន។ អ្នកទីពីរដែល មិនពេញចិត្តនឹងវត្តមានរបស់នាងតូចនោះ គឺគ្មានអ្នកណាក្រៅពី ឡូហ្កេន ហ្វីសតុន នោះទេ។
"លោកប៉ាស្លាប់ហើយ" សម្តីញ័រញាក់របស់ យូតា ធ្វើឲ្យអ្នកម្ខាងទៀតស្តាប់ លឺហើយស្ទើរតែទន់ជង្គង់ដួលទៅលើដី។ ទូរស័ព្ទតម្លៃថ្លៃរាប់ពាន់ បានជ្រុះខ្ពាកទៅលើដី ដោយពេលនេះម្ចាស់របស់វា មិនមានកម្លាំងគ្រប់គ្រាន់ ក្នុងការកាន់អ្វីទៀតឡើយ។ ទឹកភ្នែកចាប់ផ្តើមហូរមកច្រោកៗ ទោះជាពេលនេះ នាងកំពុងតែជប់លៀង ដើរលេងចាយលុយជាមួយនឹងមិត្តរបស់នាង ដើម្បីកម្ចាយអារម្មណ៍នឿយណាយទាំងប៉ុន្មាន ឲ្យបានធូរស្រាលជាងមុនក៏ដោយ តែអ្វីៗគ្រប់យ៉ាងប្រែជាងងឹតសូន្យឈឹង បន្ទាប់ពីបានលឺដំណឹង មកថាឪពុកតែមួយរបស់នាងបានលាចាកលោកទៅ ធ្វើឲ្យមនុស្សស្រីហាយសូរ ស៊ីវីល័យ ដូចជា លេរ៉ា ទទួលយកហេតុការណ៍ភ្លាមៗបែបនេះមិនបាន។
"លោកប៉ា...ហឹកៗ" ស្រីស្រស់ស្រាប់តែសម្រូតខ្លួនចុះ នៅកណ្តាលផ្សារទំនើបទាំងទឹកភ្នែកហូរមករហាម ក្នុងទ្រូងឈឺពើតផ្សារ។ ពេលនេះនាងបន្ទោសខ្លួនឯងមិនឈប់ ដែលមិនបានទៅទាន់ដង្ហើមប៉ារបស់នាង បែរជាកូនស្រីក្រៅសាច់ឈាមដូចជា យូតា នេះបាននៅក្បែរប៉ា របស់នាងគ្រប់ពេលទៅវិញ។
"លេរ៉ា ចាំយើងជូនឯងត្រលប់ទៅវិញ" មិត្តភក្តិរបស់ លេរ៉ា គឺ ជេស បានជួយគ្រានាងតូច ដែលមិនមានកម្លាំងកំហែងនៅក្នុងខ្លួន ឲ្យដល់ចំណតឡាន មុននឹងបើកឡាននាំស្រីតូចត្រលប់ទៅផ្ទះវិញ។

កូនក្រមុំក្នុងបណ្តាំមរតកWhere stories live. Discover now