កម្មវិធីរាត្រីមនោរម្យ
"សួស្ដី ប្រិយមិត្តអ្នកស្ដាប់ជាទីរាប់អាន! ថ្ងៃនេះ មេឃពិតជាស្រអាប់ងងឹត ខ្យល់ក៏បក់មកកាន់តែខ្លាំងផងដែរ! សង្ឃឹមថាប្រិយមិត្ត មិត្ដអ្នកស្ដាប់ទាំងអស់គ្នា ធ្វើការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរនៅយប់នេះ! ពិតណាស់ ក្នុងកម្មវិធីរាត្រីមនោរម្យរបស់យើង តែងតែនៅកំដរលោកអ្នកជាមួយសារ លិខិតប្រិយមិត្តរបស់យើង ដែលមានពាក្យចង់បង្ហាញប្រាប់អ្នកម្ខាងទៀត តែមិនហ៊ាននិយាយដោយផ្ទាល់ ឬគ្មានឱកាសប្រាប់គេទៅត្រង់ៗតែម្ដង!"
ឌីជេក្នុងវិទ្យុរៀបរាប់យ៉ាងក្បោះក្បាយ ជាមួយសំឡេងដ៏ស្រទន់ អង្រួនចិត្តដល់អ្នកស្ដាប់ មួយសន្ទុះសំឡេងតន្ដ្រីដ៏អន្លង់អន្លោចចូលខ្លួនមកកំដរបរិយាកាស ជំនួសពីភាពស្ងប់ស្ងាត់មួយនេះ។ មួយសន្ទុះសំឡេងឌីជេ ក៏បានបន្លឺឡើងបន្ដទៀតថា
"ប្រិយមិត្ត អ្នកស្ដាប់ប្រហែលជាកំពុងរង់ចាំស្ដាប់ថាយប់នេះ ក្នុងកម្មវិធីយើងនឹងលើករឿងអ្វីមកអានឱ្យប្រិយមិត្តស្ដាប់នោះ? ចាស៎! យប់នេះ ក្នុងកម្មវិធីរបស់យើង បានទទួលលិខិតមួយពីប្រិយមិត្តម្នាក់ ឈ្មោះថា«គល់ឈើ»! គល់ឈើ មានរឿងមួយចង់និយាយប្រាប់ទៅកាន់បុរសម្នាក់...តោះៗ កុំនៅរង់ចាំយូរ យើងមកស្ដាប់រឿងគល់ឈើ ទាំងអស់គ្នា ថានាងចង់និយាយពីរឿងអ្វីនោះ!"
សំឡេងតន្ត្រីចាក់នៅខាងក្រោយ ជាមួយសូរស័ព្ទនៃការអានលិខិតចេញពីសំឡេងដ៏អង្រួនរបស់ឌីជេ បានធ្វើឱ្យអ្នកកំពុងស្ដាប់ ក៏មានអារម្មណ៍អណ្ដែកអណ្ដូងជាមួយអត្ថន័យនៃលិខិតមួយនោះផងដែរ...អត្ថន័យរបស់គល់ឈើនោះគឺ៖
ជូនទៅបុរសម្នាក់...
តើអ្នកចាំបានទេថា កាលយើងស្រលាញ់គ្នាបាន៣ខែ អ្នកប្រាប់ខ្ញុំថាឲ្យចាំបន្តិច ចាំបន្តិចទៀតអ្នកនឹងប្រាប់ប៉ាម៉ាក់របស់អ្នកឱ្យចូលមកដល់ផ្ទះរបស់ខ្ញុំដើម្បីសុំស្តីដណ្តឹងខ្ញុំនោះ? ១ឆ្នាំកន្លងទៅហើយ តែខ្ញុំមិនឃើញអ្នកមកចូលស្តីដណ្តឹងខ្ញុំឡើយ តើអ្នកដឹងទេថាពេលប៉ាម៉ាក់របស់ខ្ញុំ គាត់សួរខ្ញុំពីរឿងនេះ ខ្ញុំមានអារម្មណ៍បែបណានោះ? តែខ្ញុំជឿទុកចិត្តណាស់ តែងប្រាប់ខ្លួនឯងថាប្រហែលអ្នកមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាងគ្រួសារនៅឡើយ!
តើអ្នកចាំទេថាពេលមួយខ្ញុំឃើញអ្នកនៅជាមួយស្រីផ្សេង ប៉ុន្តែខ្ញុំត្រូវខំប្រឹងញញឹម ពេលអ្នកប្រាប់ថា«អ្នកនឹងគេគឺគ្រាន់តែជាមិត្តភក្តិ ក្នុងចិត្តអ្នកមានតែខ្ញុំ»។ តែប្លែកណាស់ ហេតុអ្វីខ្ញុំដឹងថាសម្តីរបស់អ្នកគឺជាការកុហកនោះ? តើអ្នកដឹងទេថាក្នុងចិត្តរបស់ខ្ញុំឈឺចាប់ខ្លាំងប៉ុណ្ណានោះ? ខ្ញុំល្ងង់ណាស់មែនទេ?
តើអ្នកចាំទេថាអ្នកធ្លាប់ប្រាប់ខ្ញុំថាខ្ញុំដូចជាគល់ឈើ ហើយអ្នកជាដីដែលខ្ញុំចាក់ឬសនៅ? ពេលនេះទើបខ្ញុំដឹងថាដីមួយដុំដែលធ្លាប់មានតែដើមឈើមួយដើមនេះនៅ បានចែករំលែកឱ្យដើមឈើដទៃទៀតហើយ ពេលវេលានៃសេចក្តីសុខដែលអ្នកផ្តល់ឲ្យខ្ញុំ មិនមែនមានតែខ្ញុំតែម្នាក់ឯងឡើយ ព្រោះពេលនេះសេចក្តីស្នេហារវាងខ្ញុំនិងអ្នក ត្រូវបែងចែកទៅឲ្យអតីតសង្សារចាស់របស់អ្នកទៅហើយ។ អ្នកក្បត់ស្នេហ៍មួយនេះហើយ។
ពីស្រីល្ងង់គល់ឈើម្នាក់។
"អឹម...បន្ទាប់ពីអានចប់លិខិតមួយនេះហើយ ប្រិយមិត្តយល់យ៉ាងណាដែរ? បើសិនជាប្រិយមិត្តណា មានយោបល់ឬមតិអ្វី សូមធ្វើការទម្លាក់សារបញ្ចេញមតិរបស់ខ្លួន នៅលើផេកដែលកំពុងឡាយមួយនេះ! ឥលូវយើងមកផ្លាស់ប្ដូរបរិយាកាសជាមួយចម្រៀង «លើលោកនេះ មានប្រុសស្មោះទេ?»"
នៅមានត...