បឋមសិក្សាអូរគ្រៀង...
ថ្ងៃដំបូងរបស់ធីណាដែលចូលមកបង្រៀនសិស្សនៅទីនេះ ទទួលបានភាពកក់ក្តៅជាច្រើនពីសំណាក់គ្រូៗដទៃនិងសិស្សទាំងអស់ គ្រប់គ្នានិយាយថាធីណាជាមនុស្សស្លូតបូតរក្សាស្នាមញញិមនិងមិនកាចដួចគ្រូៗដទៃ។
ស្នាមញញិមទាំងអស់របស់ធីណាដែលបញ្ចេញចេញមកសុទ្ធតែជាស្នាមញញិមក្លែងក្លាយ ធាតុពិតចិត្តនាយហាក់មិនទទួលបានអារម្មណ៍រីករាយឬកក់ក្តៅសូម្បីបន្តិចព្រោះការណ៍ដែលនាយមកទីនេះគឺដើម្បីស្វែករកមនុស្សសំខាន់របស់គេតែប៉ុណ្ណោះ។
ឮថាយុកាមករស់នៅក្នុងស្រុកនេះ តែគ្មានឱកាសល្អសួរនាំអ្នកម្តុំៗនេះសោះថាគេស្គាល់យុកាដែរឬអត់។
អង្គុយភ្លឹកមួយសន្ទុះ អ្នកគ្រូចិន្តាក៏ដើរមកជិតរួចពោលពាក្យសួរ៖
"លោកគ្រូធីណា...កំពុងគិតអ្វីហ្នឹង?ខ្ញុំសុំអង្គុយផងបានទេ?"
ធីណារាងភ្ញាក់ខ្លួនបន្តិចរួចនិយាយ៖
"បាទ៎! តាមសម្រួល...ខ្ញុំគ្មានគិតអ្វីទេអ្នកគ្រូ"
"យ៉ាងម៉េចដែរបង្រៀនថ្ងៃដំបូង"អ្នកគ្រូចិន្តាសួរ។
"រាងហត់បន្តិចអ្នកគ្រូ..."
"ត្រូវហើយថ្ងៃដំបូងកាលខ្ញុំបង្រៀនសិស្សដំបូងៗចូលពេទ្យព្យួរសេរ៉ូមណា៎"អ្នកគ្រូចិន្តាតបទាំងក្រវីក្បាល។
"អ្នកគ្រូបង្រៀនថ្នាក់ទីប៉ុន្មាន?"ធីណាឆ្ងល់។
"ថ្នាក់ទី១ អ្ហឹម...រាងអត់ធ្មត់បន្តិចហើយ"ចិន្ដាដកដង្ហើមធំចេញ។
ធីណាងក់ក្បាលតប អ្នកទាំងពីក៏ស្ងប់ស្ងាត់រាងខ្លូន។ចិន្តាឃើញធីណាស្ងាត់ក៏សួរបន្ត៖
"ខ្ញុំមើលទៅលោកគ្រូដូចជាមានវិបត្តិផ្លូវចិត្ត មានរឿងអ្វីមែនទេ?"
ធីណាក្រវីក្បាលជំនួសការឆ្លើយតប។បំណាច់ថាអ្នកគ្រូចិន្តាសួរហើយ ធីណាក៏សួរមួយសំណួរទៅវិញ៖
"អ្នកគ្រូស្គាល់ផ្ទះយុកា? ឮថាអ្នកគ្រូជាអ្នកស្រុកប្រហែលស្គាល់"
"យុកា! ទេមិនស្គាល់ទេ"ចិន្តាក្រវីក្បាល។
"អ្ហឹម...ម្តាយគេឈ្មោះមីងអន ស្គាល់ទេ?"ធីណាសួរបន្ត។
"មីងអន ណាអ៊ីចេះ! អ្ហឹម...មិនច្បាស់ទេតែចាំមើលខ្ញុំសួរអ៊ំក្នុងភូមិឱ្យ លោកគ្រូមានការអ្វីជាមួយយុកានោះមែនទេ?"
ធីណាញញិមស្ងួតកាលបើស្តាប់អ្នកគ្រូនិយាយហើយ គេងក់ក្បាល់ឆ្លើយតប៖
"បាទ៎! មានការជាមួយគេចង់ចួបគេ ពេលនេះវេលានេះ..."
អ្នកគ្រូចិន្តាប្លែកក្នុងចិត្តបន្តិចពេលឃើញធីណានិយាយបែបនេះ។
"គេជា..."
ចិន្តារកនិយាយតែមានសិស្សមួយក្រុមរត់ចូលមកក្នុងថ្នាក់។សិស្សម្នាក់ស្រែកខ្លាំងៗ៖
"លោកគ្រូ! អ្នកគ្រូ! អារិទ្ធវ៉ៃអាផេងបែកក្បាល"
"ថាម៉េច?"អ្នកគ្រូចិន្តានិងធីណាស្រែកព្រមគ្នា រួចប្រញាប់ស្ទុះចេញទៅខាងក្រៅ។
"ហ៊ឺ...ហ៊ឺ...អ្ហែងចាំមើលអញប្រាប់ម៉ែអញ..."ផេងស្រែកយំទាំងយកដៃខ្ទប់ក្បាលព្រោះឈាមហូរមកឥតឈប់។
"ប្រាប់ទៅៗ"រិទ្ធសិស្សប្រុសបង្ករឿងស្រែកឌឺថែមទាំងបែរខ្នងទះគូទដាក់ថែមទៀត។
ធីណាជាគ្រូបន្ទុកថ្នាក់ដូច្នេះគេត្រូវតែរកយុត្តធម៌ឱ្យដែលរងរបួស។
គ្រូស្រីៗនាំផេងទៅលាងរបួសរួចនាំចូលទៅបន្ទប់ទីចាត់ការដើម្បីសួរនាំឱ្យដឹងរឿងហេតុ។ចំណែកឯរិទ្ធវិញអង្គុយច្រៀងឌឺធ្វើមិនដឹង ចាំមួយសន្ទុះទើបអាណាព្យាបាលសិស្សទាំងពីរចូលមកដល់។
ធីណាភ្ញាក់ខ្លួនព្រើតពេលឃើញ នាយម្ចាស់ផ្ទះជួយ វិភូប្រញាប់ប្រញាលដើរចូលមកក្នុងបន្ទប់ទីចាត់ការសម្តៅទៅរករិទ្ធ។
"ឯងទៅធ្វើស្អីគេអ្ហាស៎អារិទ្ធ?"វិភូទាញប្អូនមកសួរទាំងដកដង្ហើមធំៗមិនបាច់សួរនាំក៏អ្នកកំលោះដឹងដែរថារឿងនេះប្អូនកំហូតរបស់ខ្លួនជាអ្នកបង្កព្រោះអាល្អិតរិទ្ធនេះចរិតយ៉ាប់តាំងពីក្មេង។
"វាមកដណ្តើមរបស់ខ្ញុំលេង បងកុំកាន់ជើងវា"រិទ្ធតបវិញលះៗទាំងសម្លឹងមើលបងប្រុសដោយគ្មានខ្លាចញញើតសូម្បីបន្តិច។
"ទេ...ខ្ញុំគ្រាន់តែច្រឡំទេតើ ខ្ញុំលេងតែខ្ញុំ រិទ្ធខ្លួនឯងទេដែលបញ្ជាកូនឡានមកចូលលាយឡំរបស់ខ្ញុំ ពេលខ្ញុំលើកយកមកមើលគេក៏ស្ទុះមកញ្ឆក់ពីដៃខ្ញុំហើយវាយខ្ញុំមួយដុំថ្មថែមទៀតផង"ផេងបកស្រាយ។
ធីណាស្តាប់ហើយក៏នឹកហួសចិត្ត នេះប្អូនកាចប៉ុណ្ណឹងចុះទំរាំបងទផតកាចប៉ុនណា? វិភូស្តាប់យល់សេចក្តីក៏ងាកសម្លឹងប្អូនទាំងខឹងឡើងក្រហមមុខ៖
"បងបង្រៀនឯងថាម៉េចអ្ហាស៎? ឯងទៅមានអាចរិតឃោឃៅហ្នឹងពីណាមកប្រាប់ផងភ្លាម"
"ខ្ញុំមិនខុសទេកុំមកសម្លឹងខ្ញុំបែបនេះ"រិទ្ធនិយាយទាំងបើកភ្នែកធំៗដាក់បងភ្នែកគេឡើងក្រហមព្រោះទ្រាំទប់ទឹកភ្នែកមិនឱ្យហូរចុះ។
"បងនឹងវាយឯងឱ្យរាងម្តង..."
"បងភូ..."
"ណ្ហើយៗ! បានហើយៗកុំខឹងប្អូនអីណាភូ ខ្ញុំគិតថាឱ្យក្មេងៗសុំទោសគ្នាវិញទៅ ហើយណាមួយធ្វើបែបនេះក៏ជាគំរូល្អដល់គេដូចគ្នាណា៎"ធីណាឃើញទាំងបងទាំងប្អូនតឹងសរសៃកដាក់គ្នាពេកក៏លូកមាត់ឱ្យយោបល់។
"អត់ខ្ញុំមិនខុស!"រិទ្ធស្រែកមួយទំហឹងដាក់ធីណាធ្វើឱ្យគ្រប់គ្នាបើកភ្នែកធំៗ។
ផាច់!
វិភូអ្នកជាបងប្រុសខឹងខ្លាំងពេកក៏លើកដៃទះមាត់ប្អូនមួយដៃទាំងកម្រោល។ធីណាភ្ញាក់ផ្អើលក៏ស្ទុះមកអង្អែលថ្ពាល់រិទ្ធ។
"បងជាបងឯង បើប្រដៅឯងមិនបានឈប់ហៅវិភូថាបងទៀត!"វិភូនិយាយទាំងញ័រដៃ។
"បាទពូ!"រិទ្ធហូរទឹកភ្នែកព្រមទាំងលើកដៃស្ទាបត្រង់កន្លែងបងប្រុសវ៉ៃ គេឆ្លើយឌឺទៅបងប្រុសវិញទាំងគ្មានខ្លាចរអារួចស្ទុះចេញទៅក្រៅទាំងយំ។
"ត្រជាក់ចិត្តសិនទៅណា៎...ខ្ញុំទៅតាមគេសិន"ធីណាងាកមកនិយាយដាក់ភូរួចប្រញាប់ស្ទុះទៅតាមរិទ្ធ។
រិទ្ធក្មេងចិត្តធំរត់មកអង្គុយយំក្រោយសាលា ពេលឃើញធីណាដើរមកតាមគេក៏ជូតទឹកភ្នែកខ្លួនឯងវិញ។
"លោកគ្រូដឹងថាប្អូនមិនបានតាំងចិត្តទេណា៎ ប្រហែលជាបងភូគាត់ខឹងខ្លាំងហើយបានជាជ្រុលដៃបែបនេះ"ធីណានិយាយលួងលោមក្មេងតូចដៃម្ខាងអង្អែលក្បាលដៃម្ខាងជួយជូតទឹកភ្នែកឱ្យ។
"តែបងភូគាត់មិនដែលស្តាប់ខ្ញុំទេ លោកគ្រូក៏ដូចគ្នា...គ្រប់គ្នាគិតថាខ្ញុំខុស នេះមកតាមឱ្យខ្ញុំទៅសុំទោសគេមែនទេ?ខ្ញុំមិនសុំទោសដាច់ខាត"រិទ្ធនិយាយទាំងមិនខ្ចីមើលមុខធីណា។
ធីណាស្ងាត់មួយសន្ទុះទើបនាយបន្លឺឡើង៖
"រិទ្ធឃើញមេគោកំពុងបំបៅកូននោះទេ?"ធីណាចង្អុលទៅវាលស្រែក្រៅរបងសាលាមានគោមួយហ្វូងកំពុងស៊ីស្មៅនិងមានមេគោមួយកំពុងបំបៅដោះកូន"
"ឃើញឱ្យខ្ញុំមើលធ្វើសត្វគោធ្វើអី?"រិទ្ធឆ្ងល់។
ធីណាញញិមរួចពន្យល់៖
"រិទ្ធឃើញទេសត្វទាំងអស់នោះទោះបីជារស់នៅជាហ្វូងៗក៏ដោយក៏វាមិនដែលដណ្តើមស្មៅគ្នាស៊ីដែរ គឺវាចេះស្វែងរកស៊ីទៅតាមសមត្ថភាពរបស់ខ្លួន ចំណែកឯមេគោកំពុងបំបៅដោះកូននោះប្អូនសង្កេតមើលចុះសូម្បីតែសត្វនៅវាមានមនោសញ្ចេតនាចំពោះកូនស្រឡាញ់កូន ដូចជាទៅនឹងទង្វើរដែលបងវិភូធ្វើដាក់ប្អូនអម្បាញ់នេះអ៊ីចឹង គាត់ធ្វើបែបនេះគឺដោយសារតែគាត់បារម្ភពីប្អូនមិនចង់ឱ្យប្អូនក្លាយជាក្មេងរឹងទទឹង ឱ្យចេះស្តាប់បង្គាប់យល់ទេ?"
រិទ្ធហាក់ដូចជាយល់ ក្មេងតូចងក់ក្បាលតិចៗរួចបន្លឺឡើងទាំងទម្លាក់ទឹកមុខ៖
"អ៊ីចឹងមានន័យថា ខ្ញុំធ្វើនេះខុសមែនទេ?"
"អ្ហឹម!ពិតហើយគឺខុសតែមិនចាំបាច់អន់ចិត្តអ្វីទេ ព្រោះប្អូននៅក្មេងនៅមានឱកាសកែប្រែបានណា៎"ធីណាញញិម។
"តើខ្ញុំគួរធ្វើយ៉ាងណាទៅ?បើឱ្យសុំទោសគេនោះដាច់ខាតខ្ញុំមិមសុំទោសទេ"
ធីណាញញិមតបវិញ ទោះជាក្មេងនៅបដិសេដមិមសុំទោសក៏ដោយក៏ពេលនេះគេបានយល់ខ្លះៗអំពីក្តីស្រឡាញ់រវាងបងប្អុនដែរ។
...
មួយសន្ទុះធំទើបធីណា នាំរិទ្ធមកឱ្យវិភូវិញ។វិភូរាងភ្ញាក់ផ្អើលបន្តិចព្រោះថាពេលនេះទឹកមុខរបស់ប្អូនប្រែជាធម្មតាវិញមិនដឹងថាធីណាមានយុទ្ធសាស្រ្តអ្វីនិយាយជាមួយរិទ្ធទេបានគេជាផ្លាស់ប្តូរលឿនយ៉ាងនេះ។
រិទ្ធមិនខ្ចីនិយាយជាមួយបងប្រុស គេស្ទុះទៅអង្គុយក្នុងឡានដឹងបន្លែរបស់វិភូបាត់ទុកឱ្យវិភូឈរអេះក្បាលម្នាក់ឯង។
"នាយកុំសូចសម្តីខ្លាំងដាក់ប្អូនពេកអី ធម៌ក្តីមិនសូវជាមានប្រសិទ្ធភាពចំពោះក្មេងក្បាលរឹងទេ"ធីណានិយាយទាំតសម្លឹងមើលមុខវិភូ។
វិភូអេះអុញព្រោះមិនដែលមាននរណាមកស្តីប្រដៅខ្លួនដូច្នេះទេ នាយតបវិញ៖
"អរគុណលោកគ្រូច្រើនហើយណា៎ខ្ញុំរាងជ្រុលដៃបន្តិចអម្បាញ់មិញតែថា លោកគ្រូនិយាយយ៉ាងម៉េចបានជាអាល្អិននេះចិត្តទន់បាន?"
"ខ្ញុំណែនាំគេធម្មតាទេ នាយជាបងយ៉ាងម៉េចបានជាមិនយល់ចិត្តប្អូនសោះអ៊ីចឹង?"ធីណានិយាយទាំងសើចគ្រវីក្បាលតិចៗ។
វិភូញញិមតបតែក្នុងចិត្តប្រែក្នាញ់សម្តីគ្រូធីណានេះគេកំពុងឌឺខ្លួនហ៎?