ភាគ៩

122 7 0
                                    

     ៤
     ក្តីស្រឡាញ់ពិតប្រាកដ
     ១ថ្ងៃប្រែជាខែ ១ខែប្រែជាឆ្នាំ ធីណានៅតែមិនទាន់ស្វែងរកយុកាឃើញដដែល ក្តីសង្ឃឹមមួយនេះវាមិនអាចបញ្ចប់បានដោយងាយៗបែបនេះបានទេទោះជាពេលនេះខ្លួនមានមនុស្សដែលតាមមើលថែរាល់ថ្ងៃក៏ដោយ។
     វិភូជាមនុស្សដែលគួរឱ្យធុញទ្រាន់ខ្លាំងណាស់ក្នុងកែវភ្នែកធីណា មនុស្សគួរឱ្យស្អប់ ចេះដឹងខុសរឿង ព្យាយាមឱ្យខ្លួនបំភ្លេចមនុស្សដែលខ្លួនស្រឡាញ់ បើខ្លួនបំភ្លេចបានស្មានតែខ្លួនមកតាមដល់ទីនេះមែនទេ?
     ល្ងាចម៉ោង៥ កំលោះសង្ហាវិភូកំពុងតែជម្រះស្មៅនិងជីកដីយកកូនដើមផ្កាមកដាំនៅក្បែរកាំជណ្តើរផ្ទះរបស់ធីណាតាមរបៀបមនុស្សស្រឡាញ់ផ្កាឃើញស្រឡះៗក៏មានចិត្តចង់យកមកដាំលម្អ។
     "នាយធ្វើអី?"សំឡេងធីណាដែលទើបនឹងវ៉ៃមកដល់ស្រែកសួរទាំងឆ្ងល់។
     "អ៎!គឺឃើញស្រឡោះពេកបងក៏យកផ្កាមកដាំលម្អទៅយ៉ាងម៉េចស្អាតទេ?"
     "អត់!...ហើយនរណាគេបង? "ធីណាតបទាំងមុខមាំ ទឹកមុខពេលនេះបញ្ជាក់ពីភាពធុញទ្រាន់។
     វិភូញញិមលែងសមកាលបើធីណានិយាយបែបនេះដាក់គេ នាយយើងងើបឈរអស់កម្ពស់សម្លឹងមុខធីណារួចយកដៃទៅស្ទាបថ្ងាស់គេហើយនិយាយ៖
     "ធីណាក្តៅខ្លួនមែនទេបានជានិយាយមិនពិរោះបែបនេះ?"
     "ហ៊ើយ! ខ្ញុំហត់ណាស់គ្មានពេលមកនិយាយជាមួយទេ"ធីណានិយាយប៉ុណ្ណឹងគេដើរជៀសវិភូឡើងទៅលើផ្ទះបាត់។
     វិភូទម្លាក់ទឹកមុខចុះព្រោះថាធីណាហាក់ដូចជាមិនប្រែចិត្តអីសូម្បីបន្តិច យុការបស់គេនៅតែសំខាន់មែនទេ?ខ្លួនចង់ឱ្យធីណាកាត់ចិត្តព្រោះវិធីនេះអាចកាត់បន្ថយការឈឺចាប់បានមួយកម្រិតតែអ្វីដែលខ្លូនខំប្រឹងវាគ្មានប្រយោជន៍ដដែល។
     ធីណាទម្លាក់ខ្លួនលើពូកទាំងគ្មានកម្លាំងក្នុងខ្លួន គេដឹងច្បាស់ថាវិភូព្យាមយាមគ្រប់យ៉ាងគឺដើម្បីយកចិត្តគេ ប៉ុន្តែគេក៏ចង់ប្រាប់ទៅវិភូវិញដែរថាគ្មានថ្ងៃដែលខ្ញុំទៅស្រឡាញ់ឯងនោះទេ។
     "យុ...ស្អែកបងកុំទៅបានទេ?"ធីណាយំឱបចង្កោះយុកាទាំងកំពុងជិះកង់។
     "មិនបានទេ...អ្ហឹម..."យុកាដកដង្ហើមធំ ស្របពេលក្នុងចិត្តគិតរឿងរយពាន់ ទំនាក់ទំនងមួយនេះខ្លួនដឹងច្បាស់ថាបើបន្តនៅក្បែរគ្នាទៀតមុខជាគ្មានក្តីសុខនោះទេ ដូច្នេះហើយខ្លួនសុខចិត្តទៅតាមគ្រួសារ។
     ម៉ោង៩យប់...
     "បើបងទៅខ្ញុំទៅដែរ"ធីណានិយាយទាំងឆ្លេឆ្លាឆ្កាដៃឆ្កាជើងនៅចំពីមុខផ្ទះយុកា ស្របពេលយុកាកំពុងរវល់ជញ្ជូនអីវ៉ានចូលឡាន។
     "ធីណាកុំធ្វើដល់ថ្នាក់ហ្នឹងអី បងប្រាប់ហើយថាយើងនៅតែទាក់ទងគ្នាដដែលទោះជាបងទៅឆ្ងាយយ៉ាងណាក៏ដោយ"យុកានិយាយតែទាំងរវល់ដើរចុះឡើងមិនឈប់ហាក់ដូចជាពេញចិត្តក្នុងការចាកចេញមួយនេះអ៊ីចឹង។
     ធីណាតឹងទ្រូងស្ទើរបែកតែនិយាយអ្វីមិនចេញ គេបានត្រឹមដើរតាមពីក្រោយយុកាដែលកំពុងរើអីវ៉ាន់ត្រុកៗទោះជាងចង់និយាយអ្វីក៏គ្មាននរណាយល់ឡើយ។
     "ខ្ញុំនឹកបងស្លាប់ហើយ"ធីណាបន្លឺឡើងទាំងអួលៗដើមកបញ្ចេញសំឡេងដូចក្មេងដែលត្រូវការក្តីស្រឡាញ់ គេនោះម៉េចក៏ចិត្តដាច់សម្បើមម៉្លេះ?
     "ជៀសផ្លូវបង"យុកានិយាយព្រោះសង្សារឈរទើសផ្លូវ ពេលនេះហើយទោះចិត្តមិនដាច់ក៏ត្រូវតែដាច់ដែរ។
     "..."ធីណាមិនមាត់គេដើរចេញទៅឈរកៀនរបងមើលសកម្មភាពមមាញឹករបស់យុកទាំងទឹកភ្នែកស្រក់មកឥតឈប់ ហេតុអ្វីទៅ?ខ្លួនគិតថាយុកាច្បាស់ជាមានហេតុផលអ្វីម៉្យាងទើបគេចាកចេញទៅដូច្នេះ ម្សិលមិញថ្ងៃនេះ គឺខុសគ្នាដាច់អ្វីទៅដែលធ្វើឱ្យយុកាផ្លាស់ប្តូរលឿនយ៉ាងនេះ?
     ធីណាស្ទុះមកនិយាយពេលយុកាដើរមកក្បែរឡាន៖
     "បងមានថ្មីមែនទេ? ប្រាប់ខ្ញុំមកឱ្យលឿន!"
     យុកាសម្លឹងមុខធីណា រួចនិយាយ៖
     "ធីណាស្តាប់បង គ្មានថ្ងៃមានរឿងនេះកើតឡើងទេ ការចាកចេញរបស់បងគ្រាន់តែបញ្ចប់រឿងរ៉ាវទំនាស់រវាងគ្រួសារយើងទាំងពីរប៉ុណ្ណោះ មិនយូរទេបងនឹងវិលត្រលប់មកចួបអូនវិញ"
     ធីណាបានត្រឹមស្តាប់នឹងងក់ក្បាលតាមអ្វីដែលយុកាបានប្រាប់ តែខ្លួនមិនសប្បាយចិត្តដដែលព្រោះបន្តិចទៀតមនុស្សជាទីស្រឡាញ់នឹងចាកចេញទៅហើយ។
     "អ្ហែម៎! ចូលផ្ទះ!"មីងម៉ៃដើរចេញពីផ្ទះមកស្រែកប្រាប់ធីណាទាំងញញិមបែបឌឺ គាត់សប្បាយចិត្តព្រោះយុកាព្រមផ្លាស់ចេញតាមសំណើរគ្រួសារ។
     "ខ្ញុំមិនចូល! ម៉ែសប្បាយចិត្តណាស់មែនទេ? ម៉ែចង់ឃើញខ្ញុំស្លាប់នៅចំពោះមុខម៉ែមែនទេ?"ធីណាហាក់ក្លាហានហ៊ានស្រែកឌឺម្តាយទៅវិញទាំងក្តាប់ដៃណែន។
     យុកាមិននិយាយអ្វី គេបន្តរៀបចំអីវ៉ាន់។ធីណាអាចនឹងសម្លឹងមើលមកខ្លួនថាជាមនុស្សចិត្តដាច់តែក្នុងចិត្តខ្លួនពេលនេះវាប្រេះស្រាំអស់ទៅហើយ គ្រប់យ៉ាងក៏ព្រោះតែស្រឡាញ់ដូច្នេះ ហ៊ានលះបង់ ហ៊ានចាកចេញព្រោះមិនចង់ឃើញមនុស្សដែលខ្លួនស្រឡាញ់ត្រូវឈឺចាប់ត្រូវទទួលរងសម្ពាត កាលដែលទ្រាំបន្តឈរមើលមនុស្សដែលខ្លួនស្រឡាញ់ទទួលរងនូវការឈឺចាប់គឺជាទង្វើដ៏អត្មានិយមបំផុត។បើបន្តទៅទាំងបែបនេះដូច្នេះជម្រើសដ៏ល្អគឺការចាកចេញ។
     "អញឱ្យចូលផ្ទះ"មីងម៉ៃស្រែកសម្លុតបន្ត។
     "អត់..."ធីណាស្រែកតបវិញ។
     មីងផ្តើមក្តៅស្លឹកត្រចៀក គាត់ស្ទុះចូលក្នុងផ្ទះវឹងទាញយកខោអាវទាំងប៉ុន្មានដែល ធីណាបត់ទុកក្នុងប្រអប់ក្រដាស់ពណ៌ផ្កាឈូក ទាញទាំងប្រអប់យកមកទម្លាក់ចោលមុខផ្ទះ។
     "ម៉ែចង់ធ្វើអី?"ធីណាស្រែកឃាត់ ព្រោះខោអាវទាំងនេះជារបស់យុកាដែលទិញឱ្យគេ។
     "អញនឹងដុតវាចោលឱ្យខ្ទេច"មីងម៉ៃទាញដបសាំងមកចាក់ស្រោចពីលើរួចកេះឈើគូសទម្លាក់ចុះ។
     "ទេម៉ែ!...ហ៊ឺ...ហេតុអីម៉ែចិត្តអាក្រក់ដល់ថ្នាក់នេះ?"ធីណាស្ទុះមកស្រែកយំក្បែរភ្លើងដែលកំពុងឆេះសន្ធោសន្ធៅ។
     មីងម៉ៃស្ទុះមកចាប់ធីណាឱ្យចូលផ្ទះតែធីណាមិនព្រមចូល គេដេកស្រែកយំនៅនឹងដីទាំងឈឺចាប់។មីងម៉ៃគ្មានអាណិតកូនសូម្បីបន្តិច ទោះនេះជាយប់ចុងក្រោយដែលយុកាត្រូវចាកចេញទៅក៏ដោយក៏គាត់មិនព្រមឱ្យធីណាមកចួបយុកាបានដែរ។
     ព្រូស!
     មីងម៉ៃអូសធីណាចូលមកដល់ក្នុងបន្ទប់ រួចប្រញាប់បិទទ្វាចាក់សោរពីខាងក្រៅមិនឱ្យធីណាចេញទៅលាគ្នាបាន។
     "ស្រឡាញ់វាណាស់ឯងងាប់ទៅតាមវាទៅ ស្អែកចាំអញធ្វើបុណ្យឱ្យ"និយាយប៉ុណ្ណឹងមីងម៉ៃក៏ដើរចូលបន្ទប់របស់គាត់បាត់។
     "ហ៊ឺ...អ្ហឺ...!"ធីណាគ្មានកម្លាំងនឹងស្រែកបន្ត សភាពគេពេលម្តាយអូសមកយ៉ាងម៉េចគឺនៅយ៉ាងហ្នឹងដដែល សភាពពេលនេះមិនខុសអ្វីពីកូនឆ្កែមួយក្បាលដែលត្រូវថ្នាំពុលដេកស្រែកដូច្នុះដែរ។
     ដេកយំមួយសន្ទុះធំទើបឮសំឡេងបញ្ឆេះឡានចេញ ធីណាស្ទុះវឹងឆ្លេឆ្លារកមើលបង្អួចដើម្បីបើកមើលយុកាដែលកំពុងតែចេញដំណើរទៅ តែបន្ទប់នេះគ្មានបង្អួចឡើយគឺមានតែប្រហោងក្តារប៉ុនៗកូនដៃដែលអាចឱ្យធីណាអាចមើលឃើញឡានកំពុងបើកចេញទៅ។
     ធីណាសម្លឹងមើលតាមប្រឡោះក្តាររហូតដល់ឡានបើកទៅឆ្ងាយផុតបាំងដោយដើមឈើទើបនាយជំទង់ រមួលខ្លួនដួលព្រូសផ្អែកខ្លួននឹងជញ្ជាំងក្តាប់ដៃវ៉ៃទ្រូងយំទាំងឈឺចាប់។
     "បងទៅហើយ...គ្មានសូម្បីពាក្យថាលា...អ្ហឹក៎...អូយ៎! ឈឺណាស់...ខ្ញុំឈឺណាស់...ហ៊ឺ...បងអាចចោលខ្ញុំបានតែខ្ញុំគ្មានថ្ងៃចោលបងបានទេ"

រឿង បើយើងស្រឡាញ់គ្នា (BLខ្មែរ)Where stories live. Discover now